ដោយ ម៉ៅ សុធានី
2020-12-05
RFA
ន្ត្រីស្ថានទូតខ្មែរ សហការជាមួយអាជ្ញាធរចិន បានទៅសង្គ្រោះស្ត្រីខ្មែរម្នាក់ ចេញពីផ្ទះប្តីរបស់នាងដែលជាជនជាតិចិន កាលពីថ្ងៃទី២ ខែធ្នូ ក្រោយពីស្ត្រីរងគ្រោះនេះ អំពាវនាវសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ បញ្ជូនមកកម្ពុជាវិញ។ បច្ចុប្បន្នស្ត្រីរងគ្រោះ កំពុងស្ថិតក្នុងស្ថានទូតកម្ពុជាប្រចាំប្រទេសចិន ដើម្បីរៀបចំឯកសារផ្លូវច្បាប់ បញ្ជូនមកកម្ពុជាវិញ។
ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តក្រចេះ អ្នកស្រី នៅ រតនា ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ស្ត្រីរងគ្រោះរូបនេះឈ្មោះ ធូក សុភី អាយុ ២០ឆ្នាំ បានចេញពីកម្ពុជានៅឆ្នាំ២០១៨ ដើម្បីទៅរៀបការជាមួយប្តីជនជាតិចិន។ អ្នកស្រីបន្តថា ស្ត្រីរងគ្រោះ កាលពីពេលថ្មីៗនេះ បានបង្ហោះសារពីប្រទេសចិននៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយអះអាងថា ប្តីនាងបានប្រើអំពើហិង្សាលើរាងកាយ និងផ្លូវភេទ ហើយស្ត្រីរងគ្រោះមិនអាចទ្រាំទ្របានតទៅទៀតឡើយ។ ស្ត្រីរងគ្រោះរូបនេះ មានស្រុកកំណើត នៅភូមិឃ្សឹមក្រៅ ស្រុកស្នួល ខេត្តក្រចេះ។
សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ឱ្យដឹងថា មូលហេតុនាំឱ្យស្ត្រីខ្មែរចាញ់បោកមេខ្យល់ទៅក្រៅប្រទេសនោះគឺដោយសារស្ថានភាពក្រីក្រ គ្មានប្រាក់សម្រាប់ការព្យាបាលរបស់សមាជិកក្រុមគ្រួសារឈឺ និងពិបាករកការងារធ្វើនៅក្នុងស្រុក។ សមាគមបន្តថា ករណីស្ត្រីខ្មែរទៅរៀបការនៅប្រទេសចិននេះ ទទួលលបានជោគជ័យនិងសុភមង្គលតិចតួចណាស់ ហើយថាស្ត្រីចំណាកស្រុក បង្ខំរៀបការទៅប្រទេសចិនមាន ៣៩ ករណីដែលសមាគមបានជួយសង្គ្រោះ រយៈពេល១១ ខែ ក្នុងអំឡុងឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។