ដោយ សេក បណ្ឌិត
2021-01-20
RFA

លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មានវិទ្យា និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងខាងស្ដាំក្រោម បណ្ដាទំព័រព័ត៌មានមួយចំនួន ដែលត្រូវបានគេចាត់ទុកថា ជាព័ត៌មានក្លែងក្លាយ។ រូប៖ ហ្វេសប៊ុកក្រសួងព័ត៌មាន និង Anti-Fake-News
ក្រសួងព័ត៌មានបង្ហាញថា នៅឆ្នាំ២០២០ ហ្វេសប៊ុក (facebook) ប្រមាណ ២០០ បានបង្ហោះព័ត៌មានក្លែងក្លាយ ញុះញង់ និងជេរប្រមាថ ហើយក្រសួងបានផ្ញើរបាយការណ៍ទាំងនេះ ទៅនគរបាល ក្រុមហ៊ុនហ្វេសប៊ុក និងក្រសួងប្រៃសណីយ៍ ដើម្បីឲ្យចាត់វិធានការ។ សង្គមស៊ីវិល និងសកម្មជនបក្សប្រឆាំងព្រួយបារម្ភថា ការប្រើវិធានការនេះ អាចប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិផ្នែកនយោបាយ។
អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មានវិទ្យា និងសោតទស្សន៍លោក ផុស សុវណ្ណ ប្រាប់អាស៊ីសេរីថា ក្រសួងព័ត៌មានរកឃើញថា ពេញមួយឆ្នាំ២០២០ មានគណនី (Account) និងទំព័រ (Page) ហ្វេសប៊ុក ប្រមាណ ២០០ បានបង្ហោះព័ត៌មានក្លែងក្លាយដដែលៗ និងខ្លះទៀត បានបង្ហោះព័ត៌មានញុះញង់ ជេរប្រមាថរដ្ឋាភិបាលពេញមួយឆ្នាំ សរុបមាន ១.៣៤៣ករណី។
មន្ត្រីដដែលឲ្យដឹងទៀតថា ម្ចាស់ហ្វេសប៊ុកដែលបង្ហោះព័ត៌មានក្លែងក្លាយ និងញុះញង់ មានខ្លះ ស្នាក់នៅក្រៅប្រទេស។ លោក ផុស សុវណ្ណ បញ្ជាក់ថា អាជ្ញាធរនឹងចាត់វិធានការតាមការជាក់ស្ដែង ចំពោះអ្នកបង្ហោះព័ត៌មានក្លែងក្លាយ និងញុះញង់ ហើយចំពោះអ្នកនៅក្រៅប្រទេស អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៖ «វាមានករណីខ្លះ ជាករណីក្នុងស្រុកអ៊ីចឹងទៅ ត្រូវបានខាងក្រសួងមហាផ្ទៃ អគ្គស្នងការ គាត់អញ្ជើញមកកែប្រែ កែសម្រួលអ្វីអ៊ីចឹងទៅ ហើយបើម្ចាស់ Page ម្ចាស់គណនីអ្វី គាត់នៅក្រៅ (ប្រទេស) អ៊ីចឹងទេ គាត់ (នគរបាល) កសាងសំណុំរឿងអ្វីទៅតាមនីតិវិធីរបស់គាត់ទៅ។ យើងអត់ទាន់ឃើញគាត់ឆ្លើយតបដែរ។ ទោះបីយើងមានការផ្ញើទៅគាត់ ក៏គាត់មិនទាន់បានផ្ញើមកយើងវិញដែរ។ គាត់ផ្ញើឲ្យយើងវិញ តែករណីបានចោទអ្វីអ៊ីចឹងទៅ ហើយក្រសួងក៏ធ្លាប់ធ្វើ Direct ផ្ទាល់ជាមួយការិយាល័យហ្វេសប៊ុក ប្រចាំនៅកម្ពុជា និងឡាវ ដែរ។ ប៉ុន្តែចំណាត់ការ យើងបានតិចតួចណាស់ តែ ២ ឬ ៣ករណីទេ»។
លោកបន្តថា ក្រសួងព័ត៌មានបានបញ្ជូនព័ត៌មានគណនី និងទំព័រហ្វេសប៊ុក ដែលបានញុះញង់ និងជេរប្រមាថ មួយចំនួនបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងផ្ញើខ្លះ ទៅបុគ្គលិកក្រុមហ៊ុនហ្វេសប៊ុក ប្រចាំការិយាល័យប្រទេសកម្ពុជា និងឡាវ ព្រមទាំងស្នើសុំឲ្យក្រសួងប្រៃសណីយ៍ រាំងខ្ទប់ ទំព័រ ឬវែបសាយ (Website) ព័ត៌មានមួយចំនួន ដែលមិនបានចុះបញ្ជីនៅក្រសួងព័ត៌មានជាដើម។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នៅកម្ពុជា ហៅកាត់ថា អាដហុក លោក ស៊ឹង សែនករុណា ស្វាគមន៍វិធានការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ញុះញង់ និងការជេរប្រមាថផ្សេងៗ ប៉ុន្តែ លោក ក៏ព្រួយបារម្ភពីការរំលោភសិទ្ធិ សេរីភាពបញ្ចេញមតិ ដោយសារអាជ្ញាធរចាត់វិធានការតឹងរ៉ឹង ចំពោះអ្នកបញ្ចេញមតិ ផ្នែកនយោបាយ និងអ្នកមិនសូវចេះប្រើបណ្ដាញសង្គមជាដើម។ លោក ស៊ឹង សែនករុណា សង្កេតឃើញថា ការសម្ដែងមតិ និងការរិះគន់តាមហ្វេសប៊ុកខ្លះ ស្របតាមច្បាប់ ក៏រងវិធានការផ្លូវច្បាប់ដែរ។ លោកយល់ថា អាជ្ញាធរគួរតែប្រើវិធានការណែនាំ ជាជាងការចាប់ឃុំខ្លួន លើអ្នកសម្ដែងមតិទាំងនោះ៖ «ហើយយើងយល់ថា ការប្រើវិធានការក្នុងការហៅមកអប់រំ ឬណែនាំហ្នឹង គឺជាវិធានការល្អហើយ។ យើងមិនចង់ឃើញវិធានការផ្លូវច្បាប់ទេ»។
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្ត និងជាហិរញ្ញិកគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបាត់ដំបង លោក ឌឹម សារឿន សង្កេតឃើញថា ការសម្ដែងមតិផ្នែកនយោបាយ តាមហ្វេសប៊ុក នៅមួយរយៈចុងក្រោយនេះ មានការធ្លាក់ចុះខ្លាំង។ លោក បន្តថា អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន មិនសូវចេះប្រើ និងមិនសូវយល់ដឹងផ្នែកច្បាប់ទេ ពិសេសគឺក្រុមមនុស្សចាស់ៗ៖ «អាហ្នឹង គួរតែអនុគ្រោះ បើមានករណីហ្នឹង (មនុស្សចាស់) គួរតែមានការអនុគ្រោះឲ្យគាត់ ព្រោះវ័យគាត់មិនតិចដែរទេ ជិត៨០ អ្នកខ្លះ ប៉ែតជាងទៅហើយ។ គួរអនុគ្រោះក្នុងការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ ប្រព័ន្ធហ្វេសប៊ុកអ្វីហ្នឹង ព្រោះថា វ័យគាត់ប៉ុណ្ណឹង មិនពូកែប្រើទេ។ អ៊ីចឹង វាមានផលខុសឆ្គងដែរ»។
នគរបាលធ្លាប់ចាប់ខ្លួនមនុស្សច្រើននាក់មកហើយ ភាគច្រើនជាយុវជន និងសកម្មជនគណបក្សសង្គ្រោះជាតិ ដោយចោទប្រកាន់ថា បានបង្ហោះសារប្រមាថព្រះមហាក្សត្រ ជេរថ្នាក់ដឹកនាំរដ្ឋាភិបាល បង្កើតព័ត៌មានក្លែងក្លាយពាក់ព័ន្ធជំងឺកូវីដ១៩ ញុះញង់ ការប្រើសារឌឺដងអាជ្ញាធរ និងការបង្ហាញជំហរគាំទ្រសារនយោបាយមេដឹកនាំបក្សប្រឆាំងជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។