ដោយ ឡេង ម៉ាលី
2021-01-20
RFA

ពលរដ្ឋនៅភូមិសន្សំកុសល ២ និងសន្សំកុសល ៦ នាំគ្នាតវ៉ា ចំពោះក្រុមហ៊ុន ភ្នំពេញ ព្រីខាស ផ្លេន (Phnom Penh Precast Plan) នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ដែលចាក់ដីបំពេញបឹងទំពុនដើម្បីអភិវឌ្ឍន៍ រំលោភលើដីប្រជាពលរដ្ឋ ដោយមិនបានផ្ដល់សំណង។ រូប៖ ហ្វេសប៊ុក
ពលរដ្ឋ ២០នាក់ តំណាងឱ្យពលរដ្ឋ ៣៨គ្រួសាររស់នៅបឹងទំពុន នាំគ្នាដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងដែនដី ក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយ ដែលបានចាក់បំពេញដីរំលោភលើដីប្រជាពលរដ្ឋ ដោយគ្មានផ្ដល់សំណង។ មន្ត្រីផ្នែកសិទ្ធិមនុស្ស និងសិទ្ធិដីធ្លី លើកឡើងថា បើអាជ្ញាធររដ្ឋចង់បានទីតាំងដីដែលពលរដ្ឋរស់នៅ យកទៅឲ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍន៍អ្វីមួយ អាជ្ញាធរគួរគិតពីផលប៉ះពាល់ និងផ្ដល់សំណងសមរម្យជូនពលរដ្ឋជាមុនសិន។
ប្រជាពលរដ្ឋ រស់នៅសង្កាត់បឹងទំពុន១ លោក គីម ជីវ៉ា ថ្លែងថា ការដាក់ញត្តិនៅក្រសួងដែនដី នៅថ្ងៃទី២០ មករា គឺដើម្បីរកកិច្ចអន្តរាគមន៍ក្នុងរឿងដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយ បន្ទាប់ពីពួកគាត់ព្យាយាមស្វែងរកដំណោះស្រាយពីសាលាសង្កាត់ សាលាខណ្ឌ រហូតដល់សាលារាជធានីភ្នំពេញ អស់រយៈពេល ១សប្ដាហ៍មកហើយ តែមិនទាន់ទទួលបានដំណោះស្រាយពីខាងអាជ្ញាធរទាំងនោះនៅឡើយ។
លោកឲ្យដឹងថា ពលរដ្ឋផ្ទុះការតវ៉ា ចាប់តាំងពីថ្ងៃទី១៤ ខែមករា នៅពេលឃើញក្រុមហ៊ុនឯកជនមួយឈ្មោះ ភ្នំពេញ ព្រីខាស ផ្លេន (Phnom Penh Precast Plan) ចាក់ដីបំពេញបឹងទំពុនដើម្បីអភិវឌ្ឍន៍ ដោយរំលោភលើដីប្រជាពលរដ្ឋ ដោយមិនបានផ្ដល់សំណងតាមតម្លៃទីផ្សារ។
លោក លើកឡើងថា ពលរដ្ឋទាំង ៣៨គ្រួសារ បានមករស់នៅក្នុងភូមិសន្សំកុសល២ និងសន្សំកុសល៦ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ដោយបានធ្វើស្រែនិងដាំត្រកួននៅទីកន្លែងនេះ ចាប់ពីឆ្នាំ១៩៨០ មក ហើយគ្រួសារនីមួយៗ មានប័ណ្ណសម្គាល់ក្បាលដីចេញដោយអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។
ប៉ុន្តែលោកបន្តថា នៅដើមខែធ្នូ ឆ្នាំ២០១៩ ស្រាប់តែមានក្រុមការងាររដ្ឋបាលសង្កាត់បឹងទំពុន១ និងរដ្ឋបាលខណ្ឌមានជ័យ ចុះវាស់វែងបោះបង្គោលលើដីធ្លីពលរដ្ឋ ដោយចោទពលរដ្ឋថា ចូលទន្ទ្រានកាន់កាប់យកផ្ទៃបឹងទំពុនដោយខុសច្បាប់ទៅវិញ។ លោកថា ក្រុមអាជ្ញាធរ ផ្អែកលើលិខិតជូនដំណឹងរបស់គណៈរដ្ឋមន្ត្រីចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។ លោកយល់ថា នេះជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានទេ។
ពលរដ្ឋរូបនេះ ស្នើសុំក្រសួងដែនដី និងអាជ្ញាធរពាក់ព័ន្ធ សហការគ្នាដោះស្រាយបញ្ហានេះ ដោយរក្សាទុកដីឲ្យពលរដ្ឋនៅដដែល ឬអាចទិញពីពលរដ្ឋទៅតាមតម្លៃទីផ្សារ៖ «ប្រជាពលរដ្ឋយើងទាំងអស់គ្នាហ្នឹង មិនរារាំងក្នុងការអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ ដែលគាត់ចង់អភិវឌ្ឍន៍ក្នុងដីប្រជាពលរដ្ឋយូរឆ្នាំកន្លងមកនេះ សុំជាសំណង ដើម្បីយើងដោះស្រាយគោលនយោបាយ ទិញកន្លែងផ្សេងដើម្បីរស់នៅ។ ឪពុកម្ដាយមាមីងខ្ញុំខ្លះ គាត់ត្រូវការលក់ចែកចាយកូនចៅ អ៊ីចឹងទៅ។ តែបើអាជ្ញាធរមិនប៉ះពាល់ដីពួកយើងទេ គឺគាត់ទុកចែកកូនចៅដើម្បីសងផ្ទះមួយជ្រកម្នាក់ដើម្បីរស់នៅ»។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះពី អ្នកនាំពាក្យក្រសួងដែនដី លោក សេង ឡូត បានទេ នៅថ្ងៃទី២០ មករា ដោយលោកមិនអ្នកទទួលទូរស័ព្ទ។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ទីស្ដីការគណៈរដ្ឋមន្ត្រី ចេញសេចក្ដីជូនដំណឹងមួយ សម្រេចកាត់ដីបឹងទំពុនទំហំ ៣៥ហិកតារ ទៅឱ្យក្រុមហ៊ុនភ្នំពេញ ព្រីខាស ផ្លេន (Phnom Penh Precast Plan) ដើម្បីធ្វើអាងស្តុកទឹកបឹងទំពុនតូច និងបឹងទំពុនធំ ដោយរក្សាទុកបឹងសម្រាប់បម្រើប្រយោជន៍សាធារណៈ។ ទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញ រក្សាផ្ទៃបឹងទំពុនតូច ដែលមានទំហំជិត ១៣ហិកតារ (១២,៩) ដែលនៅសល់ ដោយស្ដារបឹង និងរៀបចំបុកជញ្ជាំងជុំវិញ ដើម្បីការពារកុំឱ្យមានការរំលោភបំពាន និងរក្សាទុកជាអាងស្តុកទឹកសម្រាប់ថ្ងៃអនាគត។
លិខិតដដែលនេះ ក៏បានបញ្ជាក់ថា ចំពោះផ្ទៃបឹងទំពុនទាំងពីរ ដែលទទួលរងការរំលោភបំពានពីប្រជាពលរដ្ឋ និងឈានដល់ការសាងសង់ជាសំណង់រឹងមាំយូរឆ្នាំហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើប្រទានកម្មជូនពលរដ្ឋតាមស្ថានភាពជាក់ស្ដែង ហើយក្រុមហ៊ុនត្រូវដោះស្រាយជាគោលនយោបាយជូនពលរដ្ឋ ដែលបានកាន់កាប់ផ្ទៃអាងខុសច្បាប់តាមស្ថានភាពជាក់ស្ដែង ដោយក្នុងតម្លៃ ២០ដុល្លារទៅ ៦០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ទោះជាយ៉ាងណា ៧ខែក្រោយមក រដ្ឋាភិបាលបែរជាចេញអនុក្រឹត្យមួយថ្មីទៀត ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ដីពីការកំណត់ផ្ទៃអាងស្តុកទឹកបឹងទំពុនជិត ១៣ហិកតារ (១២,៩) ហិកតារ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ធ្វើអនុប្បយោគផ្ទៃបឹងទំហំ ៣៥ហិកតារ ទៅឲ្យក្រុមហ៊ុន ភ្នំពេញ ព្រីខាស ផ្លេន (Phnom Penh Precast Plan) ធ្វើការអភិវឌ្ឍ ជាតំបន់ពាណិជ្ជកម្ម តំបន់លំនៅឋាន និងសួនបៃតង។ អនុក្រឹត្យនេះបញ្ជាក់ថា រាល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់ និងឯកសារទិញលក់កន្លងមក ត្រូវទុកជាមោឃៈ។
អាស៊ីសេរីមិនអាចសុំការបំភ្លឺរឿងនេះ ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី ដោយលោកទាំងពីរមិនទទួលទូរស័ព្ទ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត ថ្លែងថា នៅពេលអាជ្ញាធរចង់បានទីកន្លែងណាមួយ ដើម្បីធ្វើការអភិវឌ្ឍន៍ អាជ្ញាធរតែងតែចោទប្រកាន់ប្រជាពលរដ្ឋថារស់នៅខុសច្បាប់ ទោះបីជាពួកគាត់រស់នៅទីតាំងនោះ អស់ ២០ឆ្នាំ ឬ៣០ឆ្នាំក៏ដោយ។
លោកយល់ថា ករណីវិវាទដីធ្លីនៅបឹងទំពុននេះ ក្រសួងដែនដី និងអាជ្ញាធរពាក់ព័ន្ធ គួរកោះហៅពលរដ្ឋទាំងអស់ ដែលរងផលប៉ះពាល់ពីគម្រងអភិវឌ្ឍន៍ ទៅពិភាក្សាគ្នា ហើយរកដំណោះស្រាយសមរម្យណាមួយដែលអាចទទួលយកបានជូនពលរដ្ឋ៖ «និយាយទៅ បើសិនជាខាងក្រសួងមិនដោះស្រាយទេ ប្រជាពលរដ្ឋមានតែទឹកភ្នែក ហើយមានកន្លែងមួយទៀត ដូចជាខុទ្ទកាល័យសម្ដេចនាយកអ៊ីចឹង។ យើងដឹងស្រាប់ហើយរឿងដីធ្លីកើតឡើង ខ្លះមានមួយទសវត្ស ខ្លះ ១០ឆ្នាំ ខ្លះជាង ១៥ឆ្នាំហើយ។ រដ្ឋធម្មនុញ្ញរបស់យើងមានមាត្រាមួយបានចែងយ៉ាងច្បាស់ថា អង្គការរដ្ឋគឺត្រូវទទួលដោះស្រាយជូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់។ អ៊ីចឹង! គាត់មានសិទ្ធិដាក់ពាក្យទៅគ្រប់ស្ថាប័នទាំងអស់ដើម្បីយកចិត្តទុកដាក់»។
ប្រជាពលរដ្ឋរស់នៅបឹងទំពុនជិត ៤០គ្រួសារប្រកាន់ជំហរថា ពួកគាត់នឹងបន្តស្វែងរកដំណោះស្រាយពីស្ថាប័នរដ្ឋផ្សេងទៀត ប្រសិនបើមិនមានដំណោះស្រាយសមស្របណាមួយពីក្រសួងដែនដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។