ពលរដ្ឋ ៥ភូមិ​ខេត្ត​ស្ទឹង​ត្រែង ស្នើ​ឱ្យ​អាជ្ញាធរ​ការពារ​ដើម​ច្បោះ​ជ័រទឹក​កំពុង​ប្រឈម​បាត់បង់​ក្នុង​ព្រៃ​ឡង់

ដោយ សន ចាន់រដ្ឋា
2021-01-20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ ៥ភូមិ​ខេត្ត​ស្ទឹង​ត្រែង ស្នើ​ឱ្យ​អាជ្ញាធរ​ការពារ​ដើម​ច្បោះ​ជ័រទឹក​កំពុង​ប្រឈម​បាត់បង់​ក្នុង​ព្រៃ​ឡង់

អ្នកភូមិ​កំពុងដង​ជ័រទឹកពីរណ្ដៅ​ដើមច្បោះជ័រ នៅ​តំបន់​ព្រៃឡង់ ក្នុង​ខេត្ត​ស្ទឹងត្រែង កាល​ពី​ចុង​ខែធ្នូ ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ


ពលរដ្ឋ​ចំនួន​ ​៥​ភូមិ​រស់នៅ​ខេត្ត​ស្ទឹង​ត្រែង​ដែល​តែងតែ​ពឹង​លើ​របរ​ដង​ជ័រទឹក​លក់​ប្រចាំថ្ងៃ​ ​អំពាវនាវ​​ដល់​អាជ្ញាធរ​ខេត្ត​នេះ​ ឱ្យ​​រក​មធ្យោបាយ​ការពារ​ ​សុវត្ថិភាព​ដើមឈើ​ផលិត​ជ័រទឹក​ក្នុង​តំបន់​ព្រៃ​ឡង់​។​ ​ការ​លើកឡើង​នេះ​ ​ក្រោយ​ពី​មាន​សកម្មភាព​កាប់​បំផ្លាញ​ដើម​ច្បោះ​ជ័រ​ ​របស់​អ្នកភូមិ​អស់​ជាង​ ​៦​ពាន់​ដើម​ជា​ថ្មីទៀត។

ពលរដ្ឋ​រាប់​រយ​គ្រួសារ​ ​រស់នៅ​ភូមិ​ចំនួន​ ​៥​ ​ជាប់​ព្រៃ​ឡង់​ខេត្ត​ស្ទឹង​ត្រែង​ ​នៃ​ឃុំ​កាំ​ង​ចាម​ ​ស្រុក​ថា​ឡាប​រិ​វ៉ាត់​  ​នៅតែ​ស្វែងរក​ការ​ជួយជ្រោមជ្រែង​ពី​មន្ត្រី​សង្គម​ស៊ីវិល​ ​និង​ ​អាជ្ញាធរ​មានសមត្ថកិច្ច​ ឱ្យ​ជួយការ​ពារ​រណ្តៅ​ជ័រទឹក​ដែល​ជា​ឆ្នាំងបាយ​របស់​អ្នកភូមិ​ ​ក្នុង​តំបន់​ព្រៃ​ឡង់។​ ​អ្នកភូមិ​ថា​ ​ដើម​ច្បោះ​ជ័រ​ទឹក​របស់​​​ពួក​គេ ​នៅ​​ចំណុច​ ​វាល​បែក​សៀម​ត្រូវ​គេ​កាប់​ធ្វើអាជីវកម្ម​អស់​ ​៦​.០០០​ដើម​ ​នៅ​រយៈពេល​ ​៦ខែ​ចុងក្រោយ​នេះ។

​សមាជិក​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹង​ត្រែង​  ​លោក​ ​គង់​ ​រី​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១​៩​ ​មករា​ថា​ ​ដើមឈើ​ផលិត​ជ័រទឹក​ក្នុង​តំបន់​ព្រៃ​ឡង់​ ​ឋិតនៅ​ចំណុច​អូរ​ឈ្លី​ច​ ​ចំណុច​ហុង​មៀង​ ​និង​ចំណុច​ហុង​ចំ​ប៉ក់​ ​កំពុង​ទទួលរង​ការ​កាប់​ផ្តួល​យក​ឈើ​លក់​យ៉ាង​ពេញទំហឹង​។​ ​ទន្ទឹម​នឹង​នេះ​ ​ពួក​លោក​បាន​ចុះ​ដល់​ទីតាំង​នោះ​ ​ប្រទះឃើញ​ ​ក្រុម​កម្មករ​ជាច្រើន​ក្រុម​ ​កាន់​រណា​យន្ត​ ​ចូលព្រៃ​អារ​ឈើ​លក់​ដោយ​គ្មាន​ការ​ទប់​ស្កាត់​។​ ​លោក​ថា​ ​ព្រៃ​ច្បោះ​នៅ​ទីនោះ​ ​ត្រូវ​គេ​កាប់​រំលំ​អស់​ជាច្រើន​ពាន់​ដើម​ ​នៅ​រយៈពេល​ ​៣ខែ​ចុង​ក្រោយ​​នេះ​៖​ «រាប់​ម៉ឺន​ដើម​ ​មិនមែន​មួយពាន់​ទៅ​ពីរ​ដើម​ទេ​ ​ព្រោះ​គ្រាន់តែ​គោយន្ត​ហ្នឹង​ ​វា​រាប់ពាន់​គ្រឿង​ហើយ​ ​ប៉ុន្មាន​ភូមិ​ហ្នឹង​ ​ពុំមែន​តែ​ស្ទឹង​ត្រែង​ថា​ ​ខេត្ត​ក្រចេះ​ ​ព្រោះ​វិហារ​ ​និង​ខេត្ត​កំពង់ធំ​ ផ្តៀ​ត​ដើម​ដំ​បោរ​ដែរ​ ​ក្រៅពីហ្នឹង​កកោះ​អស់​អា​លីង​ហើយ​ ​ផែ​ក្ដារ​អស់​ហើយ»

បុរស​ដដែល​បន្ថែម​ថា​ ​កាលពី​ស​ប្តាហ៍​មុន​ ​ពួក​លោក​បាន​ទៅដល់​ការិយាល័យ​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹង​ត្រែង​ ​២​ដង​ហើយ​ ​ដើម្បី​ស្នើសុំ​ឱ្យ​ស្ថាប័ន​ជំនាញ​មួយ​នេះ​ ​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​ ​ក៏ប៉ុន្តែ​គ្មាន​លទ្ធផល​។​ ​លោក​ថា​ ​មន្ត្រី​បរិស្ថាន​ខេត្ត​ស្ទឹង​ត្រែង​ភាគច្រើន​ ​គ្មាន​ភាព​ស្មោះត្រង់​ការពារ​ព្រៃ​នោះ​ទេ​ ​ហើយ​ពួកគេ​តែងតែ​ទទួល​លុយ​ពី​អ្នក​ដឹក​ឈើ​ខុសច្បាប់​ ​ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់៖ «ពលរដ្ឋ​នៅ​ឃុំ​កាំ​ង​ចាម​នេះ​ប៉ះពាល់​ច្រើន​ណាស់​ ​ក៏ប៉ុន្តែ​គ្នា  (ពលរដ្ឋក៏​មិន​ដឹង​ធ្វើ​ម៉េច​ហ៊ាន​និយាយ​ ​គេ​ក៏​គំរាមកំហែង​ដល់​យើង​ ​ហើយ​បរិស្ថាន​អង្គុយ​ចាំ​ចាប់​យក​តែ​លុយ​ហ្នឹង​ ​មាន​ធ្វើ​អី​។​ ​មួយ​គោយន្ត​មួយ​ ​១​លាន​ ​ទៅ​ ​២​លាន​ក៏មាន​ដែរ​ ​ដឹក​គ្រឿងផ្ទះ​ក៏​ចាប់​យក​លុយ​គ្នា​ដែរ​ ​ធ្វើ​ច្បាប់​ហើយ​ ​ក៏​នៅតែ​ចាប់​ដែរ»

​ពលរដ្ឋ​រស់នៅ​ឃុំ​កាំ​ង​ចាម​ ​លោក​ ​អេង​ ​វៃ​ ​សង្កេតឃើញ​ថា​ ​អ្នកភូមិ​ខ្លះ​បាន​បោះបង់​មុខ​របប​ដង​ជ័រទឹក​ ​ដោយសារតែ​ដើម​ផលិត​ជ័រទឹក​របស់​ពួកគេ​ ​ត្រូវ​គេ​កាប់​លក់​អស់។ លោក​ថា​ ​ថ្មីៗ ​នេះ​ ​អ្នកភូមិ​កំពង់​ប៉ាង​ ​៦​គ្រួសារ​ទៀត​ ​បាន​ប្តឹង​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ ​ករណី​ក្រុម​ឈ្មួញ​បាន​កាប់​ដើម​ច្បោះ​របស់​ពួកគេ​អស់​ជាច្រើន​រយ​ដើម​ ​តែ​គ្មាន​ដំណោះស្រាយ៖ «បើ​គេ​កាប់​អស់ហើយ​ ​វា​បាត់បង់​អស់ហើយ​ ​ខ្លះ​គេ​កាប់​ចម្ការ​ ​ខ្លះ​កាប់​ផែ​ឈើ​ ​ព្រោះ​អាជ្ញាធរ​ហ្នឹង​គេ​គិតថា​ ​ព្រៃ​ខ្លះ​បៀត​ៗ​ ទៅ​ ​ខ្លះ​ផែ​ឈើ​បន្តិចបន្តួច»

​អាស៊ី​សេរី​មិនទាន់​សុំ​ការ​ឆ្លើយតប​ ​ពី​ប្រធានមន្ទីរ​បរិស្ថាន​ ​ខេត្ត​ស្ទឹង​ត្រែង​ ​លោក​ ​អេង​ ​ភី​រ៉ុ​ង​ ​និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ ​លោក​ ​នេត្រ​ ​ភ​ក្ត្រា ​ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​ ​បាន​នៅឡើយ​ទេ​ ​នៅ​ថ្ងៃ​ទី១៩​ ​មករា។

​ចំណែក​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹង​ត្រែង​ ​លោក​ ​ម៉ែន​ គុ​ង​ ​វិញ​ ​លោក​ ​បកស្រាយ​ថា​ ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ ​បាន​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ ​អនុវត្ត​គម្រោង​ការពារ​តំបន់​ព្រៃ​ឡង់​ស្របតាម​បទបញ្ជា​របស់​រដ្ឋាភិបាល។ ចំពោះ​សំណួរ​ថា​ ​អ្នកភូមិ​ស្នើសុំ​​អាជ្ញាធរ​ឱ្យ​​ជួយការ​រ​ពារ​ដើម​ច្បោះ​ជ័រ ​ដែល​នៅសល់​ចុងក្រោយ​ ​អ្នកនាំពាក្យ​រូប​នេះ​​ឆ្លើយ​យ៉ាង​ខ្លី​ថា មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ​និង​ប្រជា​សហគមន៍​កំពុង​សហការ​គ្នា​ ​ការពារ​ព្រៃ​ឡង់ និង​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ៖ «ខេត្ត​មាន​យន្ត​ការ​អនុវត្ត​តាម​ស​រាច​រ​ណែនាំ​លេខ០៥ របស់​រដ្ឋាភិបាល​គឺ យើង​ប្រើប្រាស់​គណៈ​បញ្ជាការ​ឯកភាព​ ​និង​ផ្នែក​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន​។​ ​ទាំង​អស់ហ្នឹង​យើង​មានដៃ​គូ​មួយ​ចំនួន​ ​ដែល​គាំទ្រ​គម្រោង​ការពារ​ ​តំបន់​ព្រៃ​ឡង់»

ជាមួយគ្នា​នេះ​ ​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹង​ត្រែង​ ​លោក​ ​ប៊ី​ ​វ៉ាន់​នី​ ​យល់​ថា ការ​បណ្តោយ​ឱ្យ​មាន​បទល្មើស​កើតឡើង​ច្រើន គឺជា​ការទទួលខុសត្រូវ​យ៉ាងសំខាន់​ ​របស់​មន្ត្រី​បរិស្ថាន​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ស្ទឹង​ត្រែង។ លោក​សង្កេតឃើញ​ថា​ ​មន្ត្រី​បរិស្ថាន​តែងតែ​ច្រានចោល​ ​ពាក្យបណ្តឹង​របស់​ពលរដ្ឋ​ ​ដែល​ពឹង​ឱ្យ​ជួយ​រក​យុត្តិធម៌​ ​ករណី​ដើម​ច្បោះ​ជ័រទឹក​ ​របស់​អ្នកស្រុក​ត្រូវ​គេ​កាប់​បំផ្លាញ​អស់​ជាច្រើន​រយ​ដើម។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បារម្ភ​ថា​ ​ពលរដ្ឋ​ធ្លាក់ចុះ​ប្រាក់ចំណូល​ធ្ងន់ធ្ងរ​ ​ដោយសារ​បាត់បង់​រណ្តៅ​ជ័រទឹក​ ​ហើយ​មន្ត្រី​ជំនាញ​តែង​ឆ្លើយ​ដោះសា​រយ​ក​រួចខ្លួន​ដដែល​ៗ​ ​គេច​ពី​ការទទួលខុសត្រូវ។

កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០២០​ ​ក្រុម​ពលរដ្ឋ​ជាង​ ​១​រយ​នាក់​ (១១០) ​រស់នៅ​ឃុំ​កាំ​ង​ចាម​ ​បាន​ផ្តិតមេដៃ​ដាក់​ញត្តិ​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹង​ត្រែង​ ​រដ្ឋសភា​ ​និង​ព្រឹទ្ធសភា​ ​ដើម្បី​ពឹង​ឱ្យ​ស្ថាប័ន​ទាំងនេះ​ ​ជួយការ​ពារ​ដើម​ច្បោះ​ជ័រ​ ​ដែល​នៅសល់​ក្នុង​តំបន់​ព្រៃ​ឡង់​។​ ​ក៏ប៉ុន្តែ​ ​ពលរដ្ឋ​ ​អះអាង​ថា​ ​មកទល់​ពេលនេះ​ ​ពុំ​មាន​ស្ថាប័ន​ណាមួយ​ ​ដោះស្រាយ​ញាត្តិ​របស់​ពួកគាត់​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles