រដ្ឋាភិបាល​ថា កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ពី​ចិន​នៅ​ខែ​ក្រោយ

ដោយ មួង ណារ៉េត
2021-01-19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋាភិបាល​ថា កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ពី​ចិន​នៅ​ខែ​ក្រោយ

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ (Covid-19) រូប៖ ហ្វេសប៊ុក​លោក ទៀ បាញ់ និង AP


មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា កម្ពុជា ​នឹង​ទទួល​បាន​វ៉ាក់សាំង​កូវីដ-១៩ពី​ប្រទេស​ចិន​នៅ​ក្នុង​អំឡុង​ខែ​កុម្ភៈ​ខាង​មុខ។ អ្នក​ជំនាញ និង​អ្នក​វិភាគ​រិះគន់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​យក​អាយុ​ជីវិត​ពលរដ្ឋ​ទៅ​លេង​សើច ដើម្បី​ផល​ប្រយោជន៍​នយោបាយ​របស់​ខ្លួន​ជា​មួយ​ចិន។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ប្រកាស​ថា ដំណាក់​កាល​ទី១ ប្រទេស​ចិន នឹង​ផ្ដល់​វ៉ាក់សាំង​កូវីដ-១៩ ចំនួន ៣០ម៉ឺន​ដូស​មក​កម្ពុជា នៅ​ក្នុង​ខែ​កុម្ភៈ​ខាង​មុខ ហើយ​ចិន​នឹង​បន្ត​ផ្តល់​ឲ្យ​កម្ពុជា​ជា​បន្ត​បន្ទាប់​ទៀត រហូត​គ្រប់​ចំនួន ១លាន​ដូស សម្រាប់​ចាក់​ការពារ​ប្រជា​ពលរដ្ឋ​កម្ពុជា។ លោក​ចាត់​ទុក​ជំនួយ​វ៉ាក់សាំង​របស់​ចិន​នេះ​ថា គឺ​កើត​ចេញ​ពី​ទំនាក់ទំនង​ល្អ​រវាង​មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ។ លោក​បន្ត​ថា រដ្ឋាភិបាល​ក៏​កំពុង​ស្នើសុំ​វ៉ាក់សាំង​ពី​ប្រទេស​ឥណ្ឌា និង​ប្រទេស​រុស្ស៊ី​ដែរ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​នេះ មិន​ទាន់​ឆ្លើយ​តប​បែប​ណា​នៅ​ឡើយ​ទេ។ លោក ទៀ បាញ់ អះអាង​បែប​នេះ នៅ​ក្នុង​ពិធី​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ២០២០ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​កីឡា​អាស៊ី អាគ្នេយ៍ កាល​ពី​ថ្ងៃ​ទី១៨ ខែ​មករា នៅ​សណ្ឋាគារ ហ្គាឌិន ស៊ីធី​ ក្រុង​ភ្នំពេញ៖ «ខែ​ក្រោយ​ហ្នឹង​គឺ​បាន​មក ៣សែន​ដូស បាន​ន័យ​ថា ៣០ម៉ឺន​ដូស​នេះ គឺ​ក៏​វា​គួរ​សម​ដែរ»។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ដើម្បី​បញ្ជាក់​រឿង​នេះ​បន្ថែម​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី១៩ មករា។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នកស្រី ឱ វណ្ណឌីន ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា វ៉ាក់សាំង​កូវីដ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​របស់​ចិន ឈ្មោះ​ស៊ីណូហ្វាម (Sinopharm) ពិតជា​នឹង​មក​ដល់​កម្ពុជា ក្នុង​អំឡុង​ខែ​កុម្ភៈ។ អ្នកស្រី ​អះអាង​ថា វ៉ាក់សាំង​នេះ មាន​ប្រសិទ្ធភាព​កម្រិត ៧៩,៣៤ភាគ​រយ ហើយ​ក្រុមហ៊ុន​មួយ​នេះ ក៏​បាន​ដាក់​ជូន​ទៅ​អង្គការ​សុខ​ភាព​ពិភពលោក (WHO) ដើម្បី​ពិនិត្យ​វាយ​តម្លៃ​រួច​ហើយ ប៉ុន្តែ​មក​ទល់​ពេល​នេះ ​អង្គ​ការ​សុខភាព​ពិភព​លោក​នៅ​មិន​ទាន់​ប្រកាស​ទទួល​ស្គាល់ និង​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ស្ថានភាព​បន្ទាន់​នៅ​ឡើយ​ទេ។

ទាក់ទង​ករណី​នេះ ឱសថការី លីម សួរ ដែល​កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី មាន​ប្រសាសន៍​ថា ការ​ផលិត​វ៉ាក់សាំង​របស់​ចិន​នេះ ​ហាក់​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ដល់​ពិភពលោក​អំពី​ដំណើរ​ការ​ផលិត ដូច​ជា រូបមន្ត និង​ការ​ធ្វើ​តេស្ត​សាកល្បង​បែប​ណា​ខ្លះ​នោះ​ទេ។ លោក​យល់​ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​បង្កើត​គណៈកម្មការ​ជំនាញ ត្រួតពិនិត្យ​គុណភាព​វ៉ាក់សាំង​ឲ្យបាន​ច្បាស់លាស់ ឬ​គួរ​តែ​រង់ចាំ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​លោក​ជា​មុន​សិន ដោយ​មិន​គួរ​ឆាប់​ជឿ​ទៅ​លើ​ការ​អះអាង​របស់​ចិន​ទាំង​ស្រុង​នោះ​ទេ៖ «ដូច​ជា ហ្វៃហ្ស៊ើរ (Pfizer) វា ដេវ៉ែលឡូប (develop) វា​ស្ដាត (start) ពី​ឆ្នាំ​ពី​ពេល​ណា ហើយ​ចាប់​ផ្ដើម​សាក​ទៅ​លើ​អ្វី​មក​ទល់​សព្វថ្ងៃ​នេះ​យ៉ាង​ម៉េច ត្រូវ​ការ​ទុក​ក្នុង​កំដៅ​យ៉ាង​ម៉េច​ច្បាស់លាស់ ហើយ​ពួក​អាស្រ្តាហ្សេនេកា (AstraZeneca) ក៏​អ៊ីចឹង ម៉ូដឺណា (Moderna) ក៏​អ៊ីចឹង​ដែរ ខ្ញុំ​ដឹង​ច្បាស់លាស់។ ប៉ុន្តែ​ចិន​អត់​ដែល​ឃើញ​ជា​លាយ​លក្ខណ៍​អក្សរ។ ចំពោះ​ខ្ញុំ​អត់​ដែល​បាន​ឃើញ​សោះ។ ចំពោះ​ទស្សនៈ​ខ្ញុំ​ផ្ទាល់​ បើ​ឲ្យ​ខ្ញុំ​ចាក់​វិញ ខ្ញុំ​ក៏​មិន​ហ៊ាន​ដែរ ព្រោះ​ខ្ញុំ​អត់​បាន​ដឹង​អំពី​ការ​ស្រាវជ្រាវ​របៀប​ម៉េច ការ​ផ្សំ​វ៉ាក់សាំង​ហ្នឹង​របៀប​ម៉េច និង​ការ​សាក​ល្បង​របៀប​ម៉េច​រហូត​មក​ដល់​ពេល​នេះ»

កន្លង​មក ​អង្គការ​សុខភាព​ពិភពលោក បាន​ទទួល​ស្គាល់​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​ហ្វាយហ្សឺ និង​បាយអូអេនថិក (Pfizer/BioNTech) របស់​សហរដ្ឋអាមេរិក ​និង​អាល្លឺម៉ង់។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ​មើល​ឃើញ​ថា មូលហេតុ​ដែល​លោក ​ហ៊ុន​ សែន ពន្លឿន​ទទួល​យក​វ៉ាក់សាំង​ពី​ចិន​នេះ មិន​មែន​ដើម្បី​ការពារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ នោះ​ទេ ព្រោះ​ស្ថានភាព​កូវីដ​នៅ​កម្ពុជា មិន​ទាន់​ដល់​ដំណាក់​កាល​អាសន្ន រហូត​មិន​អាច​រង់ចាំ​វ៉ាក់សាំង​ដែល​មាន​ការ​ទទួល​ស្គាល់ ដោយ​អង្គការ​សុខភាព​ពិភពលោក​នោះ​ទេ។ លោក​ជឿ​ថា ពលរដ្ឋ​ភាគ​ច្រើន ក៏​មិន​ហ៊ាន​ចាក់​វ៉ាក់សាំង​របស់​ចិន​ដែរ៖ «ទី​មួយ លោក ហ៊ុន សែន សាកល្បង​ស្ទង់មតិ​របស់​ប្រជាពលរដ្ឋ។ បើ​ពលរដ្ឋ​ព្រម​ទទួល​វ៉ាក់សាំង​ហ្នឹង​ច្រើន គាត់​អាច​យក​ទៅ​ឃោសនា​ថា ពលរដ្ឋ​ទុកចិត្ត​លើ​ទំនាក់ទំនង ហ៊ុន សែន ចិន។ ទីពីរ គឺ​ជា​ការ​ប្រឹងប្រែង​ផ្សាយ​អំពី​សមត្ថភាព​វេជ្ជសាស្រ្ត​របស់​ចិន ទល់​នឹង​សហរដ្ឋអាមេរិក និង​អឺរ៉ុប នៅ​ពេល​ដែល​អាមេរិក និង​អឺរ៉ុប​រក​ឃើញ​វ៉ាក់សាំង​ដែល​ពិភព​លោក​អាច​ទុក​ចិត្ត​បាន។ ទី​បី គឺ​លោក ហ៊ុន សែន ប្រុង​បំប៉ោង​ព័ត៌មាន​កាន់​តែ​ធំ​ឡើង ក្នុង​ការណ៍​ដែល​គាត់​អាច​បិទ​បាំង​នូវ​រឿង​មួយ​ចំនួន ដែល​គាត់​កំពុង​តែ​ជួយ​យួន និង​ល្បែង​ការពារ​អំណាច​របស់​គាត់ ក្នុង​នយោបាយ​សេដ្ឋកិច្ច​លាង​លុយ​កខ្វក់​ជុំវិញ​គ្រួសារ​គាត់​ជា​ដើម»។

កន្លងទៅ ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​និង​មន្ត្រី​របស់​លោក​តែង​ប្រកាស​ក្តែងៗ​ថា កម្ពុជា​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួយ​យក​ប្រជាពលរដ្ឋ​ខ្លួន​ធ្វើជា​ធុង​សំរាម​ពិសោធន៍ ឬ​ជា​សត្វ​កណ្ដុរ​សម្រាប់​ពិសោធន៍​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​កូវីដ-១៩ នេះ​ឡើយ ហើយ​ថា ​កម្ពុជា​សុខចិត្ត​រង់ចាំ​ទទួលយក ឬ​ទិញ​វ៉ាក់សាំង​ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក។

ក៏​ប៉ុន្តែ​មេ​ដឹក​នាំ​ដែល​មាន​រហស្ស​នាម​ថា បុរស​សង្ហារ​ដើរ​បញ្ច្រាស​ទិស​រូប​នេះ បាន​ផ្លាស់ប្ដូរ​ចិត្ត​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​មិន​ដល់ ១ខែ​ផង ដោយ​លោក​បាន​ដើរ​សុំ​ជំនួយ​វ៉ាក់សាំង​ពី​ប្រទេស​មួយ​ចំនួន ដែល​មិន​ទាន់​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក​ទៅ​វិញ។ ម្យ៉ាង​វិញ​ទៀត លោក ហ៊ុន សែន នៅ​មិន​ទាន់​បញ្ជាក់​ថា នឹង​ប្រើ​ថវិកា​ដែល​ប្រមូល​បាន​ពី​សប្បុរសជន​កន្លង​ទៅ​នោះ ទៅ​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ណា​នៅ​ឡើយ​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles