ដោយ មាន ឫទ្ធិ
2021-01-20
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (ឆ្វេង) និងលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និង RFA
គណៈកម្មការអឺរ៉ុប សម្ដែងក្តីព្រួយបារម្ភចំពោះការបន្តរឹតត្បិតសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរប្រព្រឹត្តិដោយអាជ្ញាធរកម្ពុជា មកលើសំឡេងរិះគន់។ ជាថ្មីម្ដងទៀត គណៈកម្មការអឺរ៉ុប នៅតែបន្តអំពាវនាវឲ្យភាគីរដ្ឋាភិបាលកម្ពុជា ផ្ដួចផ្ដើមឲ្យមាននូវដំណើរការផ្សះផ្សាជាតិឡើងវិញដើម្បីធានានូវការគោរពសិទ្ធិចូលរួមក្នុងឆាកនយោបាយ។ មន្ត្រីនាំពាក្យគណបក្សកាន់អំណាច អះអាងដាច់ណាត់ថា គណបក្សនេះ នឹងមិនចរចាជាមួយគណបក្សប្រឆាំង «ខុសច្បាប់» ឡើយ។
ការជំរុញឲ្យភាគីរដ្ឋាភិបាលកម្ពុជា ផ្ដួចផ្ដើមឲ្យមាននូវដំណើរការផ្សះផ្សាជាតិឡើងវិញនេះ ធ្វើឡើងនៅក្នុងសារអេឡិចត្រូនិកឆ្លើយតបនឹងសំណួររបស់ អាស៊ីសេរី កាលពីថ្ងៃទី១៥ មករា។ ការជំរុញនេះ ក៏កើតមានឡើងស្របពេលដែលតុលាការកម្ពុជា កំពុងដំណើរការកាត់ក្ដីលើសំណុំរឿងប្រឆាំងមន្ត្រី និងសកម្មជនគណបក្សប្រឆាំង សរុបមិនតិចជាង ១០០នាក់ ដែលមកទល់ពេលនេះ នៅមិនទាន់បិទបញ្ចប់នៅឡើយ។
ប្រភពពីគណៈកម្មការអឺរ៉ុប គូសបញ្ជាក់ថា ការបន្តរឹតត្បិតសិទ្ធិសេរីភាពនៅកម្ពុជា ជាពិសេសការរឹតត្បិតយ៉ាងធ្ងន់ធ្ងរលើសេរីភាពនៃការបញ្ចេញ និងសម្ដែងមតិ សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនោះ កំពុងបង្កឲ្យមានការព្រួយបារម្ភជាខ្លាំង។ សហភាពអឺរ៉ុប កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះដំណើរការកាត់ក្ដីមនុស្សក្នុងទ្រង់ទ្រាយធំសម្បើមក្នុងពេលតែមួយរបស់តុលាការកម្ពុជា ប្រឆាំងនឹងសមាជិក សកម្មជន និងក្រុមអ្នកគាំទ្រគណបក្សប្រឆាំង ព្រមទាំងក្រុមអ្នកការពារសិទ្ធិមនុស្ស។ គណៈកម្មការអឺរ៉ុបថា ខ្លួនមានកង្វល់អំពីអ្វីមួយដែលទំនងដូចជាការខ្វះនូវមូលដ្ឋានច្បាប់សម្រាប់ការកាត់ក្ដីទាំងនេះ និងការរំលោភសិទ្ធិក្នុងការទទួលបានការកាត់ក្ដីដោយយុត្តិធម៌ ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ស្ដីពីសិទ្ធិមនុស្សអន្តរជាតិ។ ប្រភពដដែលបន្តថា តាមរយៈយន្តការពិគ្រោះយោបល់ជាមួយកម្ពុជាជុំវិញរឿងប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA សហភាពអឺរ៉ុប នៅតែបន្តអំពាវនាវឲ្យអាជ្ញាធរកម្ពុជា ផ្ដួចផ្ដើមឲ្យមាននូវដំណើរការផ្សះផ្សាជាតិតាមរយៈកិច្ចសន្ទនានយោបាយពិតប្រាកដ និងដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថា មានការគោរពនូវសិទ្ធិចូលរួមក្នុងឆាកនយោបាយ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ហៅការជំរុញរបស់គណៈកម្មការអឺរ៉ុបនេះ ថាជា «សម្ពាធ» របស់ក្រុមប្រទេសលោកសេរី។ លោកថា នេះគឺជាការជំរុញឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ងាកមកគោរពច្បាប់ និងលទ្ធិប្រជាធិបតេយ្យ ដែលមានការចូលរួមពីគ្រប់គណបក្សនយោបាយ ជាពិសេស គឺមិនអាចជៀសផុតពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនោះបានឡើយ៖ «អ្វីដែលខ្ញុំកំពុងតែនិយាយគឺសម្ពាធមកលើ ហ៊ុន សែន កាន់តែខ្លាំង។ សម្ពាធសេដ្ឋកិច្ចដែលខ្ញុំកំពុងតែនិយាយអម្បាញ់មិញដែរនោះ គឺដោយសារតែវិបត្តិសេដ្ឋកិច្ច ហ៊ុន សែន ឆ្លេឆ្លាត្រូវការជំនួយលោកសេរី ប៉ុន្តែ ទៅធ្វើរណបចិន។ ដល់ធ្វើរណបចិនៗ អត់ជួយ។ ចិនអត់មានមធ្យោបាយជួយ ត្រូវបែរមកលោកសេរីវិញ។ ឥឡូវបែរមកលោកសេរីវិញៗ ដាក់លក្ខខណ្ឌ។ លោកសេរីដែលគេនិយាយអម្បាញ់មិញថា ត្រូវតែផ្សះផ្សាជាតិ ត្រូវឲ្យគណបក្សនយោបាយទាំងអស់ចូលរួមជជែកគ្នា អាហ្នុងគេដាក់លក្ខខណ្ឌហើយ ថាបើចង់បានជំនួយពីគេ ត្រូវតែទទួលស្គាល់គណបក្សសង្គ្រោះជាតិ ឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ បោះឆ្នោតឡើងវិញ»។
សម្ពាធពីសហគមន៍អន្តរជាតិដែលលោក សម រង្ស៊ី តែងសង្ឃឹមនេះ មិនត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បន្ទន់ជំហរឡើយ។ លោក សុខ ឥសាន បញ្ជាក់ប្រាប់ អាស៊ីសេរី កាលពីយប់ថ្ងៃទី១៩ មករា នូវជំហរដាច់ណាត់របស់គណបក្សកាន់អំណាចថា គណបក្សនេះនឹងមិនចរចាជាមួយនឹងអ្វីមួយដែលលោកហៅថាជាគណបក្ស «ខុសច្បាប់» ឬ «ក្រុមឧទ្ទាមក្រៅច្បាប់» នោះឡើយ៖ «គណបក្សប្រជាជន អត់មានចង្អៀតចង្អល់ចំពោះការពិភាក្សានយោបាយ សម្របសម្រួលនយោបាយជាមួយគណបក្សដែលស្របច្បាប់នោះទេ។ តែចំពោះគណបក្សដែលអត់ស្របច្បាប់ទេ អាហ្នុងមិនអាចធ្វើការជាមួយអ្នកដែលអត់ស្របច្បាប់បានទេ។ ដូចបញ្ហាសំខាន់ដែលប្អូនលើកឡើងអំពីបញ្ហាអតីតបក្សសង្គ្រោះជាតិហ្នុង មិនមែនជាបក្សសង្គ្រោះជាតិទៀតទេ វាជាក្រុមឧទ្ទាមក្រៅច្បាប់រួចទៅហើយ។ អ៊ីចឹងទេ មិនអាចរាជរដ្ឋាភិបាលស្របច្បាប់មួយនៅក្នុងប្រទេសដែលឯករាជ្យ មានអធិបតេយ្យភាព មានបូរណភាពទឹកដី មានប្រជាជន ១៦លាននាក់ទូទាំងប្រទេសគាំទ្រ មិនអាចទៅចរចាជាមួយក្រុមឧទ្ទាមក្រៅច្បាប់ដែលកំពុងរត់គេចខ្លួននៅបរទេស ហើយធ្វើសកម្មភាពវិច្ឆេទកម្មគ្រប់បែបយ៉ាងដើម្បីបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋកម្ពុជាបានជាដាច់ខាត»។
សហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានចាប់ផ្ដើមអនុវត្តជាផ្លូវការការគិតពន្ធពីកម្ពុជា ក្រោយគណៈកម្មការអឺរ៉ុប បានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ដោយសាររកឃើញថា មានការរំលោភធ្ងន់ធ្ងរជាប្រព័ន្ធទៅលើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ ការដកប្រព័ន្ធអនុគ្រោះពន្ធនេះ កើតមានឡើងស្របពេលសេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងហានិភ័យផ្ទួនៗ។ ជាក់ស្ដែង ការធ្លាក់ចុះសេដ្ឋកិច្ចមិនធ្លាប់មានពីមុនមកដោយសារការរាតត្បាតជាសាកលនូវជំងឺកូវីដ-១៩ និងការដាក់ឈ្មោះកម្ពុជាចូលក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសលាងលុយកខ្វក់ដោយសហភាពអឺរ៉ុប។ ទន្ទឹមនឹងនេះ កាលពីដំណាច់ឆ្នាំ២០២០ ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក ដែលអាចឲ្យកម្ពុជាចំណេញជិត ២០០លានដុល្លារក្នុងមួយឆ្នាំពីការមិនគិតពន្ធ ក៏ត្រូវផុតសុពលភាព ខណៈការបន្តផ្តល់សុពលភាពនូវប្រព័ន្ធនេះឲ្យដល់កម្ពុជា កំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយក្រោមរដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី ចូហ៍ បៃឌិន (Joe Baiden)។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក សៀង ថៃ ពន្យល់ប្រាប់អាស៊ីសេរី តាមប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម (Telegram) ថា ក្រសួងពាណិជ្ជកម្ម នៅមិនទាន់អាចវាយតម្លៃអំពីទំហំប្រាក់ពន្ធសរុបក្នុងរយៈពេល៥ខែចុងក្រោយដែលកម្ពុជាត្រូវបង់ទៅឲ្យសហភាពអឺរ៉ុប ក្រោយការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% នេះ បាននៅឡើយទេ។ លោកថា លោកកំពុងសុំឲ្យអ្នកជំនាញរកតួលេខផ្លូវការមកពិនិត្យ ព្រោះក្រសួងពាណិជ្ជកម្មមិនមែនជាអ្នកកត់ត្រាតួលេខនាំចេញ-នាំចូលនោះទេ។
អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ បណ្ឌិត សេង សារី ហៅការរឹងទទឹងមិនព្រមចរចាត្រូវរ៉ូវគ្នារវាងអ្នកនយោបាយខ្មែរ រហូតដល់ត្រូវគណៈកម្មការអឺរ៉ុប ជំរុញម្ដងហើយម្ដងទៀតនេះថា គឺជារឿង «អាម៉ាស់» មួយសម្រាប់កម្ពុជា៖ «វាជារឿងមួយដែលគួរឲ្យអាម៉ាស់មែនទែនសម្រាប់កម្ពុជា ដែលផ្ទៃក្នុងគ្រួសារខ្លួនឯងសោះ ធ្វើឲ្យអ្នកដទៃស្នើសុំឲ្យឈប់ឈ្លោះគ្នានោះ។ វាមិនមែនជាលើកទីមួយទេ។ កន្លងមក យើងឃើញថា ក្នុងឆ្នាំ១៩៩១ ក៏ជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់សហគមន៍អឺរ៉ុបដើម្បីឲ្យមានការផ្សះផ្សា ដើម្បីឲ្យមានការបញ្ចប់សង្គ្រាម និងធ្វើឲ្យមានសន្តិភាពនៅកម្ពុជាដែរ។ ម្តងនេះទៀត យើងឃើញថា អឺរ៉ុប ក៏ប្រឹងប្រែងប្រើប្រាស់តាំងពីវិធីការទូត រហូតដល់ប្រើប្រាស់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដើម្បីក្នុងគោលបំណងតែមួយ ដូចកាលពីឆ្នាំ១៩៩១ ដែរ ដើម្បីឲ្យកម្ពុជាត្រឡប់មកមានការចរចាផ្នែកនយោបាយឡើងវិញ»។
បណ្ឌិត សេង សារី ព្រមានថា ការធ្វើនយោបាយរបស់អ្នកនយោបាយខ្មែរបច្ចុប្បន្ននេះ នឹងក្លាយជាគម្រូអាក្រក់មួយសម្រាប់អនាគតអ្នកនយោបាយជំនាន់ថ្មី ស្របពេលដែលការបែកបាក់ជាតិក៏កាន់តែកើតមានឡើងកាន់តែធ្ងន់ធ្ងរ៖ «សម្រាប់អ្នកដឹកនាំជំនាន់ថ្មី គឺអាចក្លាយទៅជាគំរូដែលធ្វើឲ្យអ្នកដឹកនាំជំនាន់ថ្មី គាត់មើលឃើញពីរបៀបរបបធ្វើនយោបាយ ដែលមិនចេះចូលតុចរចានិយាយគ្នា។ ស្ថានភាពកម្ពុជា បើសិនជាមានអ្នកនយោបាយជំនាន់ថ្មីទទួលឥទ្ធិពលពីរបៀបធ្វើនយោបាយបច្ចុប្បន្ននេះ វាធ្វើឲ្យស្ថានភាពកម្ពុជា វាមុជមិនជ្រៅទៅមិនឆ្ងាយ…។ បើសិនជាស្ថានភាពនយោបាយមានស្ថានភាពមិនទៅមុខដូច្នេះ ក៏ស្ថានភាពសេដ្ឋកិច្ច ហើយនឹងវិស័យផ្សេងៗក៏ទៅដោយពិបាកដែរ ដោយសារតែយើងដឹងថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា មិនមែនជាសេដ្ឋកិច្ចដែលមានភាពឯករាជ្យទេ។ វាជាសេដ្ឋកិច្ចដែលពឹងទៅលើដង្ហើមសេដ្ឋកិច្ចរបស់អ្នកដទៃ»។
ជុំវិញការបរាជ័យរបស់អ្នកនយោបាយខ្មែរក្នុងការផ្សះផ្សាជាតិខ្លួនឯងនេះ គណៈកម្មការអឺរ៉ុប គូសបញ្ជាក់ថា វាជាការឆាប់រហ័សពេកក្នុងការនិយាយអំពីផលប៉ះពាល់នៃការដកប្រព័ន្ធ EBA ២០% នេះ និងថាតើគណៈកម្មការអឺរ៉ុប អាចនឹងឈានទៅពិចារណាដកប្រព័ន្ធអនុគ្រោះពន្ធ ដែលនៅសេសសល់ ៨០% ទៀតឬយ៉ាងណានោះ។ សហភាពអឺរ៉ុប ថា ខ្លួននឹងនៅតែបន្តឲ្យមានកិច្ចពិគ្រោះយោបល់យ៉ាងដិតដល់ជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យមាននូវដំណើរវិវឌ្ឍន៍ចាំបាច់នានា។ យ៉ាងណា គណៈកម្មការអឺរ៉ុប សង្កត់ធ្ងន់ថា ការទទួលខុសត្រូវក្នុងការទទួលបានមកវិញនូវប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង និងការធានាឲ្យបាននូវការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា គឺអាស្រ័យលើភាគីរដ្ឋាភិបាលកម្ពុជាតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
a dead sentencing for HUN NAL call HUN SEN next name CHHOUPSAMLAP
សមរង្ស៊ី ចង់ធ្វេីអ្វីដែលមិនអាចធ្វេីបាន
Sam rainsy vouloir prendre la lune avec les dents, c ‘est vouloir
faire une chose impossible
***
ជាការពិតណាស់ ពេលនេះចំណង់ចង់ចាប់ព្រះច័ន្ទនៅលេី
មេឃយកមកទ្រាប់គូថអង្គុយនៅលេីដីរបស់សមរង្សុី នៅពេលនេះ
បានបញ្ចប់ហេីយ តាមរយះឆាកល្ខោនយកតួរង
មួរ សុខហួរ មកផ្គងប្តូរឲ្យធ្វេីជាតួឯកជំនួសសមរង្សុីខ្លួនឯង
ដេីម្បីបំរេីឲ្យឧបាយកលខ្មៅងងឹតមួយដេីម្បីទំលាក់កំហុស។
ការពិតនៃសាច់រឿងសម្រាប់ឆាកល្ខោនដែលរៀបចំឡេីងដោយ
សមរង្ស៊ី អេង ឆៃអ៊ាង និងហូ វ៉ាន់ តួអង្គដែលត្រូវស្លាប់ក្នុងសាច់រឿងនេះ
គឺមួរ សុខហួរ បន្ទាប់ពី ជា វិជ្ជា ហេីយនឹង
កែមឡី ។
នយោបាយស្វាលួចសុីបាយ ហេីយយកមកលាបមាត់ពពែ
ដេីម្បីទម្លាក់ដាក់កំហុស គឺត្រូវបានឧក្រឹដ្ឋជនសម រង្ស៊ី
យកមកប្រេីប្រាសតាំងពីសម័យកាលបំផ្ទុះគ្រាប់បែកនៅមុខ
រដ្ឋសភា អម្លុងពេលដែលដែលសមរង្សុីដឹកនាំបាតុកម្ម
រដ្ឋាភិបាលមកម្លេះ ។
តែថាឆាកល្ខោនដែលយកជិវិតមនុស្សមកធ្វេីដេីមទុនរបស់
សមរង្ស៊ី មិនអាចបំផ្លាញសុច្ចរឹតភាពរបស់រដ្ឋាភិបាលបានឡេីយ។
ព្រោះប្រសិនបេីរដ្ឋាភិបាលកម្ពុជាចង់សម្លាប់
សមរង្ស៊ីមែននោះ សមរង្ស៊ីមិនអាចមានជីវិតរស់នៅ
មកដល់ពេលនេះ រហូតដល់មានការបង្កេីតនូវវប្បធម៍សន្ទនា
រវាងហ៊ុនសែន សមរង្ស៊ី កឹមសុខា ដេីម្បីការឯកភាព ស្រុះស្រួលជាតិនោះទេ ។
មានសារជាតិជាឧក្រឹដ្ឋជនក្រោមការបណ្តុះបណ្តាលផ្ទាល់
ពីជនបរទេស ពួកគេមិនអាចកែប្រែបានសារជាតិជា
ឧក្រឹដ្ឋជន របស់ពួកគេបានឡេីយ ទោះបីក្រោយវប្បធម៍
សន្ទនា ពួកគេមានតួនាទីខ្ពស់ដឹកនាំក្នុងស្ថាប័ននិតិបញ្ញត្តិ
ក្តី ។
ឧក្រឹដ្ឋកម្មសម្លាប់ទម្លាក់កំហុស ជាមួយសកម្មភាពបដិវត្តន៍
ពណ៍ គឺជាយុទ្ធសាស្ត្រអាទិភាពក្នុងនយោបាយដេីម្បីផ្តួល
រំលំរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោតតាម
លក្ខណះប្រជាធិបតេយ្យរបស់ពួកគេ ។
(នៅមានត )