ដោយ ខែ សុណង
2021-01-24
RFA

រូបភាពបាក់ស្ពានបេតុង នៅខេត្តណាខនរាជស៊ីមា (Nakhon Ratchasima) នៅភូមិភាគខាងកើតនៃប្រទេសថៃ នៅរសៀលថ្ងៃទី២៣ មករា ២០២១។ Photo Provided
ពលករខ្មែរចំនួន៧នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍បាក់ស្ពានបេតុង នៅខេត្តណាខនរាជស៊ីមា (Nakhon Ratchasima) នៅភូមិភាគខាងកើតនៃប្រទេសថៃ នៅរសៀលថ្ងៃទី២៣ មករា។
អ្នកបកប្រែ និងធ្វើការងារផ្នែកការពារសិទ្ធិពលករខ្មែរនៅប្រទេសថៃ លោក ប្រាក់ ភត្រា ឱ្យដឹងថា ករណីបាក់ស្ពានកំពុងសាងសង់សង្កត់លើកម្មករនោះ មានពលករខ្មែរ ៧នាក់ និងកម្មករជនជាតិមីយ៉ាន់ម៉ា ឬភូមាម្នាក់ (Myanmar) និង (Thai) ម្នាក់ដែរ ប៉ុន្តែលោកថា ចំនួនអ្នករបួសអាចមានច្រើនជាងនេះ៖ «ស្ពានទើបសាងសង់ស្ពានធ្វើដើម្បីវៀងចេញទៅក្រៅខេត្តដើម្បីឆ្លងទៅខេត្តមួយទៀតកុំឱ្យស្ទះឡាន។ កំពុងសាងសង់វាស្រុតដែកដែលគេចាក់បេតុងវាស្រុតទៅកម្មករយើងកំពុងតែធ្វើការចាក់ស៊ីម៉ង់វាស្រុតទៅវាសង្កត់ធ្លាក់មកលើពលករដែលកំពុងធ្វើការនៅហ្នឹងរងរបួស»។
លោក ប្រាក់ ភត្រា ឱ្យដឹងទៀតថា កម្មករដែលរបួសធ្ងន់ស្រាលទាំងនេះ ភាគច្រើនបាក់ដៃបាក់ជើង ត្រូវបានគេជួយសង្គ្រោះនៅមន្ទីរពេទ្យចំនួន៣នៅក្នុងខេត្តនេះ។
លោកបន្តថា អាជ្ញាធរថៃកំពុងធ្វើការស្រាវជ្រាវរកមូលហេតុដែលបណ្ដាលឱ្យបាក់ស្ពានបេតុងនេះ ថាតើបណ្ដាលមកពីសំណង់មិនរឹងមាំ ឬជាកំហុសរបស់វិស្វករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។