សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដាក់​ក្ដី​សង្ឃឹម​ខ្លាំង​លើ​ការ​នាំ​អង្ករ​ទៅ​កាន់​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្ពស់

ដោយ ខែ សុណង
2021-01-24
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដាក់​ក្ដី​សង្ឃឹម​ខ្លាំង​លើ​ការ​នាំ​អង្ករ​ទៅ​កាន់​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្ពស់

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patric Murphy) (រូប​ពាក់​ម៉ាស់​ពណ៌​ខ្មៅ) ទៅ​ទស្សនកិច្ច​រោង​ម៉ាស៊ីនកិនស្រូវ​របស់​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក្នុង​ខេត្ត​បាត់ដំបង​ កាលពី​ថ្ងៃ​ទី​១៩ មករា ​២០២១។ Photo Amru Rice Facebook


សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ដាក់​ក្ដី​សង្ឃឹម​ខ្លាំង​លើ​ការ​នាំ​អង្ករ​កម្ពុជា​កាន់តែ​ច្រើន​ទៅ​កាន់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ខ្ពស់​នៅ​លើ​ពិភពលោក។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថា សាខា​ក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice) ប្រចាំ​ខេត្ត​បាត់ដំបង​គឺជា​រោង​ម៉ាស៊ីនកិនស្រូវ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​ទទួល​បាន​នូវ​ប្រព័ន្ធ​ស្តុក​ស្រូវ​អង្ករ (Silo) ស្តង់ដារ​បច្ចេកវិទ្យា​របស់​សហរដ្ឋអាមេរិក ដែល​អាច​មាន​លទ្ធភាព​ស្តុក​ស្រូវ​បាន​ម្ដង​ចំនួន ៣​ពាន់​តោន។

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន អេមរុរ៉ាយស៍ Amru Rice (Cambodia) លោក សុង សារ៉ន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក ប្រព័ន្ធ​ស្តុក​ស្រូវ​អង្ករ​នេះ ជា​ផលិតផល​លក្ខណៈ​ពិសេស​របស់​សហរដ្ឋអាមេរិក ជា​ការ​ធានា​នូវ​ស្តង់ដារ​គុណភាព និង​ពង្រីក​នូវ​សមត្ថភាព​ក្នុង​ការ​ទុក​ដាក់​ប្រកបដោយ​គុណភាព​និង​ការប្រកួតប្រជែង​។ លោក​បន្ត​ថា សារៈសំខាន់​នៃ​ការ​ផ្តល់​ឥណទាន​និង​ការ​គាំទ្រ​ជា​មូលនិធិ​ផ្សេងៗ ដែល​អាច​គាំទ្រ​ក្នុង​ចង្វាក់​ផលិតកម្ម​ស្រូវ ដែល​អាច​លក់​និង​នាំចេញ​បាន ដែល​រួមមាន បច្ចេកទេស​ក្រោយពេល​ច្រូតកាត់ ការ​ស្តុក​ទុកដាក់ (​តាមរយៈ Silo) និង​ការ​ជំរុញ​ឱ្យ​ទីផ្សារ​សហរដ្ឋអាមេរិក មាន​ភាព​ទូលំទូលាយ​តាមរយៈ​ការ​ជួយជ្រោមជ្រែង​របស់​រដ្ឋាភិបាល និង​តាមរយៈ​ការ​បង្ហាញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​នៅ​ក្នុង​ពិព័រណ៍​ផ្សេងៗ។ លោក​សង្ឃឹម​ថា ប្រជា​ពលរដ្ឋ​អាមេរិក​នឹង​បាន​ស្គាល់​កាន់តែ​ទូលំទូលាយ​នូវ​គុណភាព​អង្ករ​កម្ពុជា។

កាលពី​ថ្ងៃ​ទី​១៩ មករា ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patric Murphy) បាន​ទៅ​ទស្សនកិច្ច​រោង​ម៉ាស៊ីនកិនស្រូវ​របស់​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក្នុង​ខេត្ត​បាត់ដំបង​។​

នេះ​គឺជា​គម្រោង​ទី​មួយ​ដែល​ប្រើប្រាស់​ហិរញ្ញប្បទាន​របស់​ធនាគារ​នាំចេញ និង​នាំចូល​របស់​សហរដ្ឋអាមេរិក (USA-EXIM BANK) នៅ​កម្ពុជា​សម្រាប់​វិស័យ​ស្រូវ​អង្ករ ដែល​ទទួល​បាន​ការ​ជ្រោមជ្រែង​តាមរយៈ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles