ព័ត៌មានជាតិ | សុខភាព
កញ្ញា ខាន់ លក្ខិណា | ២៥ មករា ២០២១ |ម៉ោង ១៨:១៤
VOD

ស្រ្តីម្នាក់ដើរកាត់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៩ មករា ២០២០ (រូបភាព៖ បញ្ញា ឆព័ណ្ណ)
មន្ត្រីសុខាភិបាលខេត្តព្រះវិហារ ឱ្យដឹងថា បុរសម្នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ក្រោយពីពួកគាត់បានទទួលទានដង្កូវដួង។
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក គួង ឡូ ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅភូមិសែនគង់ ឃុំចម្រើន ស្រុកសង្គមថ្មី។
លោកបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់បានប្រមូលយកដង្កូវដួងចេញពីក្នុងដើមត្នោតមួយដើម បានប្រហែល១គីឡូក្រាម រួចយកទៅបំពងខ្លាញ់ដើម្បីហូបជាមួយបាយ។
លោក គួង ឡូ បន្តទៀតថា សត្វដង្កូវដួង១គីឡូក្រាមនេះ ជនរងគ្រោះបានយកចែកគ្នា៤នាក់ ក្នុងនោះជនរងគ្រោះដែលស្លាប់ ឈ្មោះ ម៉ៅ លាន បានទទួលទានសត្វដង្កូវដួងនោះចំនួនកន្លះគីឡូតែម្នាក់ឯង។
ប្រធានមន្ទីររូបនេះ បានគូសបញ្ជាក់ថា៖ «គាត់ [ជនរងគ្រោះដែលស្លាប់] អាចគ្រោះថ្នាក់ដោយសារគាត់បាត់បង់ជាតិទឹក ដោយសារគាត់មានអាការក្អួតខ្លាំង ធ្វើឱ្យបាត់បង់ជាតិទឹកខ្លាំងទៅ ពេលយប់អត់មានបងប្អូនណាដឹង រហូតដល់ជិតភ្លឺបានម្ដាយដឹង។ ដល់អ៊ីចឹងវាអាចគ្រោះថ្នាក់។ ចំណែកពួកគាត់៣នាក់ទៀតបានហូបទឹក អ៊ីចឹងគាត់រាកមែន គាត់បានហូបទឹកទៅ វាដូចជាជួយបំពេញជាតិទឹកមកវិញ»។
បើតាមលោក គួង ឡូ ជនរងគ្រោះ៣នាក់ទៀត រួមមានឈ្មោះ ប៉ុយ វីន ឈ្មោះ ឌឹម សុភា និងឈ្មោះ ប្រាជ្ញ ពិសី ត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីពួកគាត់បានធូរស្បើយ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
please help Cambodian is staving right now they eat any thing that moving