ពលរដ្ឋ​​នៅ​​ខណ្ឌ​​ច្បារ​អំពៅ​ តវ៉ា​​ដក​​បង្គោល​​ដែល​​អាជ្ញាធរ​​បោះ​​លើ​​ដី​​កោះ​​កំពុង​​មាន​​ជម្លោះ

បញ្ហា​វិវាទដីធ្លី | ព័ត៌មានជាតិ
លោក ម៉ិច ដារ៉ា | ២៥ មករា ២០២១ |ម៉ោង ១៧:១២
VOD

បង្គោល​ថ្ម​មួយចំនួន​ដែល​អាជ្ញាធរ​បាន​ដាក់​ហ៊ុមព័ទ្ធ​ដី ដែល​ត្រូវ​បាន​ពលរដ្ឋ​អះអាង​ថា​ជា​ដី​កម្មសិទ្ធិ​របស់​ខ្លួន នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ (ម៉ិច ដារ៉ា​)

បង្គោល​ថ្ម​មួយចំនួន​ដែល​អាជ្ញាធរ​បាន​ដាក់​ហ៊ុមព័ទ្ធ​ដី ដែល​ត្រូវ​បាន​ពលរដ្ឋ​អះអាង​ថា​ជា​ដី​កម្មសិទ្ធិ​របស់​ខ្លួន នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ (ម៉ិច ដារ៉ា​)


​ប្រជាពលរដ្ឋ​ជិត២០នាក់ នៅ​សង្កាត់​ក្បាលកោះ រាជធានី​ភ្នំពេញ បាន​នាំគ្នា​បន្ត​ការ​តវ៉ា​ដោយ​ដក​បង្គោល​ថ្ម ដែល​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅបាន​ដាំ​ហ៊ុមព័ទ្ធ​បិទផ្លូវ​ចេញចូល​ទៅកាន់​ដី​ដែល​ពួក​គាត់​ធ្លាប់​អាស្រ័យផល។

លោក ឈឹម រី អាយុ៧៣ឆ្នាំ ជា​ពលរដ្ឋ​រស់នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ បាន​ប្រាប់ វី​អូ​ឌី នៅកន្លែង​តវ៉ា​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការសម្រេច​ដក​បង្គោល​ថ្ម​ចំនួន៥ដើម​នេះ ធ្វើឡើង​ដោយសារ​តែ​អាជ្ញាធរ​ខណ្ឌបាន​យក​គ្រឿងចក្រ​ដាំ​បង្គោល​ថ្មហ៊ុម​ព័ទ្ធ​បិទផ្លូវ​ធ្វើដំណើរ​ទៅកាន់​ដីស្រែ​របស់​ពួក​គាត់ ហើយ​បែរ​ជាចោទ​ពលរដ្ឋ​ថា​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់​ទៅវិញ។

លោក​ថា៖ «ធម្មតា​យើង[ជា]​ថ្នាក់ដឹកនាំ​ ជា​ម៉ែ​ជា​ឪ គួរតែ​ដោះស្រាយ​ជូន​ប្រជាជន។ ប្រជាជន​បាន​រស់​ប៉ុណ្ណឹង​ហើយ ហេតុ​អី​ត្រូវ​បិទ? ហើយ​ត្រូវ​រឹបអូស​របស់​គាត់? អាជ្ញាធរ​ជា​ម៉ែឪគួរ​ប្រាប់​ថា ឯង​នៅត្រង់​ហ្នឹងអត់​កើត​ទេ»។ 

ប្រជាពលរដ្ឋ​ម្នាក់ទៀត អ្នកស្រី ផា សុ​លី​តា អាយុ៥៤ឆ្នាំ បាន​រៀបរាប់​ថា រយៈពេល​ជិត១សប្តាហ៍​មកនេះ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ និង​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​នី​យក​ម្ម និង​សំណង់​រាជធានី​ភ្នំពេញ បាន​ដាក់​កម្លាំង​យាមកាម និង​ចុះ​ប្រាប់​ប្រជាពលរដ្ឋ​ជាង១៥០គ្រួសារមិន​ឱ្យធ្វើ​កសិកម្ម​លើ​ដី​ទំហំ​ជាង៣០ហិ​កតាដែល​ពួក​គាត់​បាន​និង​កំពុង​អាស្រ័យផល​នោះ​ទេ។ 

អ្នកស្រី​បន្ត​ថា ក្រៅពីនោះ អាជ្ញាធរ​ក៏បាន​យក​គ្រឿងចក្រទៅ​បោះបង្គោល​ហ៊ុមព័ទ្ធជុំវិញ​ដី​នោះ​ទៀតផង ដោយ​ថា ​ដី​នោះ​ជា​ដី​របស់​រដ្ឋ​ទៅវិញ។

ពលរដ្ឋ​រូប​នេះបាន​ទទួលស្គាល់​ថា ដី​កំពុង​មាន​ជម្លោះ​នោះជា​ដី​កោះ​របស់​រដ្ឋ​មែន ប៉ុន្តែ​ពួក​គេ​កាន់កាប់​និង​អាស្រ័យផល ដូចជា ដាំស្រូវ ពោត សណ្តែក លើ​ដី​នោះ​ចាប់ពី​ឆ្នាំ២០០៨រហូតមកដល់​ឆ្នាំ២០២០ ពោល​ជាង១០ឆ្នាំដោយ​មិន​មានការ​រា​រំាំង​ឬជំទាស់​ពី​អាជ្ញាធរ​នោះ​ទេ។

លោ​ក ឆន ដា​វីត អាយុ៣៣ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជ្រោយ​អំពិល បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ដក​បង្គោល​ទាំងនោះ​ចេញ​វិញ និង​ត្រូវ​សម្របសម្រួល​រក​ដំណោះស្រាយឬផ្តល់​សំណង​សមរម្យ​ដល់​ប្រជាពលរដ្ឋ មុននឹង​យក​ដី​នោះ​ទៅ​ធ្វើការ​អភិវឌ្ឍ។

លោក​បាន​បញ្ជាក់​ថា៖ «សំណូមពរ​ឱ្យ​ដកប​ង្គោល​ហ្នឹង​ចេញ។ បើ​មិន​រក​ដំណោះស្រាយ​ឱ្យ​ប្រជាជន ប្រជាជន​មិនព្រម​នោះ​ទេ»។

អភិបាលរង​ខណ្ឌ​ច្បារអំពៅ លោក ណុប ផា បាន​បដិសេធ​អត្ថា​ធិប្បាយ​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​ប្រាប់​ថា លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​ជុំវិញ​ដី​ជម្លោះ​នេះ​នៅឡើយ។

ចៅសង្កាត់​រង​ទី២ សង្កាត់​ក្បាលកោះ លោក ឃី សុង បាន​ច្រានចោល​ការ​អះអាង​របស់​ប្រជាពលរដ្ឋ ដោយ​លោក​បញ្ជាក់​ថា ដី​នៅ​តំបន់​នោះ​ជា​ដី​សាធារណៈ​របស់​រដ្ឋ និង​ជា​ដី​ដែល​ទើបនឹង​ដុះ​ថ្មី​ៗ មិន​មានការ​ធ្វើស្រែ​ចម្ការ​ណាមួយ​ឡើយ។

លោក​ថា៖ «ដី​ដុះ​ថ្មី​ៗ ជា​ដី​សា​ធា​រណៈ​របស់​រដ្ឋ អត់​ដែល​មាន​ទៅ​ធ្វើស្រែ​អី​ទេ។ សួរ​គាត់​មើល មាន​ឯកសារ​សិទ្ធិកាន់កាប់​អីដែរ​អត់​? អាហ្នឹង​មែន ​ឆ្នាំ២០០៨ទេ ដី​ហ្នឹង​ទើប​ដុះ​ថ្មី​ក្នុងរង្វង់​ពី៤ទៅ៥ឆ្នាំ​ហ្នឹង​! វា​ប្រហាក់​ប្រហែល​ហ្នឹង»។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដូ លោក អំ សំអាត មានប្រសាសន៍​ថា អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​រក​វិធី​ដោះស្រាយឬផ្តល់​សំណង​សមរម្យ​ជូន​ពលរដ្ឋ​នៅ​តំបន់​នោះ ដោយ​មិន​ត្រូវ​ចោទ​ពលរដ្ឋ​ថា​ទន្ទ្រានឬកាន់កាប់​ដី​របស់​រដ្ឋ​ខុសច្បាប់​នោះ​ទេ ពីព្រោះ​រយៈពេល​ដែល​កាន់កាប់​ជាង១០ឆ្នាំ មិន​មាន​អាជ្ញាធរ​រូប​ណា​ចេញទៅ​រា​រំាំងឬហាមឃាត់​ពួក​គេ​នោះ​ទេ។

លោក​មានប្រសាសន៍​ថា៖ «រដ្ឋ​គួរតែ​រក​ដំណោះស្រាយ ចរចា ឬក៏​ផ្តល់​សំណង​សមស្រប​ដែល​អាច​ទទួលយក​បាន​ទាំងអស់គ្នា ដើម្បី​ចៀសវាង​នូវ​បាតុភាព​ផ្សេង ព្រោះ​កន្លងមក ​ការ​ដោះស្រាយ​មិនបាន​សមស្រប នាំ​ឱ្យ​មាន​បា​តុ​ភាព​ផ្សេង​ៗកើតមាន យើង​មានបទពិសោធន៍​រួចហើយ»។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នោះបន្ត​ថា បើសិន​អាជ្ញាធរ​មិនព្រម​រក​វិធី​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​ទេ ពលរដ្ឋ​អាច​នឹង​ធ្វើការ​តវ៉ា​ជាបន្តបន្ទាប់​នៅ​ថ្ងៃខាងមុខ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles