លោក សម រង្ស៊ី ព្រមាន​ថា បើ​លោក ហ៊ុន សែន ហ៊ាន​ផ្ទេរ​អំណាច​ឱ្យ​កូន​ប្រុស​របស់​លោក​នឹង​ត្រូវ​បាត់បង់​អំណាច​ភ្លាម

ដោយ មួង ណារ៉េត
2021-01-24
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី ព្រមាន​ថា បើ​លោក ហ៊ុន សែន ហ៊ាន​ផ្ទេរ​អំណាច​ឱ្យ​កូន​ប្រុស​របស់​លោក​នឹង​ត្រូវ​បាត់បង់​អំណាច​ភ្លាម

(ឆ្វេង) លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ (កណ្ដាល) លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​កង​យោធពល​ខេមរភូមិន្ទ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រូប៖ RFA និង​ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត និង​ ហ៊ុន សែន


ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ព្រមាន​ថា ប្រសិន​បើ​លោក ហ៊ុន សែន ហ៊ាន​ផ្ទេរ​អំណាច​ឱ្យ​កូន​ប្រុស​របស់​លោក នឹង​ត្រូវ​បាត់បង់​អំណាច​ភ្លាម។ អ្នក​វិភាគ​សង្កេតឃើញ​ថា លោក ហ៊ុន សែន នៅតែ​ព្យាយាម​ចិញ្ចឹម​ចិត្ត​ផ្ទេរ​អំណាច​ទៅ​កូន ទោះ​ស្ថិត​ក្នុង​ស្ថានការណ៍​ណា​ក៏​ដោយ ហើយ​ការផ្ទេរ​ឆាប់ ឬ​លឿន គឺ​អាស្រ័យ​លើ​សុខភាព​លោក ហ៊ុន សែន។

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ហៅ​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ​ជា​ស្ថានការណ៍​ក្ដៅ ព្រោះ​វិបត្តិ​នយោបាយ​មិន​ទាន់​ដោះ​ស្រាយ ដូច្នេះ​ប្រសិន​បើ​លោក ហ៊ុន សែន ហ៊ាន​ផ្ទេរ​អំណាច​ទៅ​កូន​របស់​លោក​នឹង​ធ្វើ​ឱ្យ​មាន​លោក ហ៊ុន សែន បាត់បង់​អំណាច​ភ្លាម​ដោយសារ​ជម្លោះ​ផ្ទៃក្នុង​គណបក្ស​កាន់​អំណាច​ខ្លួន​ឯង។ លោក សម រង្ស៊ី លើក​ឡើង​ថា បើ​ក្នុង​ស្ថាន​នយោបាយ​ត្រជាក់​ដែល​ជា​ពេល​មាន​ដំណោះស្រាយ​នយោបាយ និង​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ឡើង​វិញ គឺ​លោក ហ៊ុន សែន នៅ​តែ​គ្មាន​ឱកាស​ផ្ទេរ​អំណាច​ទៅ​ឲ្យ​កូន​ប្រុស​ដដែល ព្រោះ​លោក ហ៊ុន សែន នឹង​ត្រូវ​ចាញ់​ឆ្នោត​គណបក្សប្រឆាំង៖«គេ​មិនដែល​ផ្ទេរ​អំណាច​ពេល​ដែល​ក្ដី​ណឹង អ៊ីចឹង​ដើម្បី​ផ្ទេរ​អំណាច​គាត់​ធ្វើ​ម៉េច​ត្រូវតែ​ឱ្យ​ត្រជាក់​ពេល​មាន​សង្គ្រោះ​ជាតិ​ឡើង​វិញ។ ប៉ុន្តែ​ពេល​ណឹង ហ៊ុន សែន បាត់បង់​អ៊ីចឹង​បាន ហ៊ុន សែន ទាល់ច្រក​ផ្ទៃក្នុង»

លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​លើក​ឡើង​ថា មេដឹកនាំ​ថ្មី​របស់​សហរដ្ឋ​អាមេរិក​នឹង​មិន​បណ្ដែត​បណ្ដោយ​ឱ្យ​លោក ហ៊ុន សែន ធ្វើ​តាម​ចិត្ត​ទៀត​ទេ។ លោក​រំពឹង​ថា សហរដ្ឋ​អាមេរិក និង​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​រួម​ទាំង​សហភាព​អឺរ៉ុប នឹង​មាន​វិធានការ​បន្ថែម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ជុំវិញ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី នេះ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ​លោក​ ​សុខ​ ​ឥ​សាន យល់​ថា នេះ​ជា​ចេតនា​ចង់​បំបែក​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​លោក​ថា ផែនការ​នេះ តែងតែ​បរាជ័យ។ អ្នក​នាំ​ពាក្យ​រូប​នេះ​អះអាង​ថា ពេលនេះ​មិនទាន់​មាន​បេក្ខភាព​នាយក​រដ្ឋ​មន្រ្តី​ណា​មួយ​មក​ជំនួស​លោក ហ៊ុន សែន នៅ​ឡើយ​ទេ។ លោក សុខ ឥសាន បញ្ជាក់​ថា អ្នក​ដែល​មាន​សិទ្ធិ​ជ្រើសរើស​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​គឺ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​កណ្ដាល​គណបក្ស​ជា​អ្នក​បោះ​ឆ្នោត​ជ្រើសរើស៖ «ពីព្រោះ​បេក្ខភាព​នាយករដ្ឋមន្ត្រី​គណបក្សប្រជាជន​កម្ពុជា​គឺ​អាស្រ័យ​លើ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​កណ្ដាល​គណបក្ស​ជា​អ្នក​ឧទ្ទេសនាម​ហើយ​ឧទ្ទេសនាម​មាន​ច្រើន​គ្នា ហើយ​គេ​លើក​មុខសញ្ញា​អាស្រ័យ​លើ​លក្ខណៈ​សម្បត្តិ​ពី​ខ្ពស់​មក​ទា​ប់​បន្តបន្ទាប់​ហើយ​ដាក់​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ជា​ទូទៅ និង​ដោយ​សម្ងាត់​នៅ​ក្នុង​មហាសន្និបាត​ទូទាំង​ប្រទេស​របស់​គណបក្ស​ដូច្នេះ​គ្មាន​អ្នកណា​និយាយ​កើត​ទេ ព្រោះ​ជា​ឆន្ទៈ​របស់​មហាសន្និបាត​សម្រេច»

ទោះ​មានការ​អះអាង​បែប​នេះ​ក្ដី​នៅ​រយៈពេល​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន ព្យាយាម​ផ្ដល់​អំណាច​ទៅ​កូនប្រុស​ច្បង​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត ទាំង​ក្នុង​ជួរ​យោធា អំណាច​ក្នុង​ជួរ​បក្ស​ចុះ​ជួប​ពលរដ្ឋ និង​ទំនាក់ទំនង​នយោបាយ​ក្រៅ​ប្រទេស ជាពិសេស​គឺ​ប្រទេស​ចិន។ លើស​ពី​នេះ លោក​ធ្លាប់​បន្លុយ​ថា លោក​កំពុង​ជួយ​ជ្រោមជ្រែង​កូន​ប្រុស​ច្បង​រូប​នេះ​ឱ្យ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី៖ «នៅ​ក្នុង​គណបក្ស​ប្រជាជន​មាន​បេក្ខជន​ច្រើន​ណាស់ ក៏​ប៉ុន្តែ​ក្នុង​ឋានៈ​ជា​ឪពុក យ៉ាង​ណា​ក៏​ខ្ញុំ​គាំទ្រ​កូន ខ្ញុំ​អប់រំ​កូន​ខ្ញុំ​ឱ្យ​វា​មាន​សមត្ថភាព។ បើ​វា​មិនបាន​ប៉ុន​ឪ​វា ក៏​បាន ៨០ឬ ៩០របស់​ឪ​វា​ទៅ​ចុះ។

រីឯ​អ្នកវិភាគ​នយោបាយ​លោក គឹម សុខ វិញ លោក​យល់​ថា ទោះ​ស្ថិត​ក្នុង​ស្ថានការណ៍​នយោបាយ​បែប​ណា​ក៏​លោក ហ៊ុន សែន មិន​បោះបង់​មហិច្ឆតា​ក្នុង​ការផ្ទេរ​អំណាច​ទៅ​ឱ្យ​លោក ហ៊ុន ម៉ា​ណែ​ត​នោះ​ទេ ព្រោះ​ជា​ផ្លូវ​តែ​គត់​ដែល​លោក ហ៊ុន សែន ត្រូវ​ធ្វើ។ លោក​សង្កេត​ឃើញ​ថា លោក ហ៊ុន សែន កំពុង​ពង្រាយ​ឥទ្ធិពល​កូនៗ របស់​លោកតា​ម​ផ្នែក​សំខាន់ៗ ដូចជា លោក ហ៊ុន ម៉ាណែត គ្រប់គ្រង​កម្លាំង​យោធា និង​កាន់អំណាច​សំខាន់​នៅ​ក្នុង​គណបក្ស ចំណែក​លោក ហ៊ុន ម៉ានី គ្រប់គ្រង​ក្រុម​យុវជន ហើយ​កូន​ស្រី​លោក ហ៊ុន សែន អ្នកស្រី ហ៊ុន ម៉ាណា គ្រប់គ្រង​ផ្នែក​សេដ្ឋកិច្ច​និង​មុខ​ជំនួញ​ស្ទើរ​ទូទាំង​ប្រទេស។ លោក គឹម សុខ ថា ផែន​ការផ្ទេរ​អំណាច​គឺ​អាស្រ័យ​លើ​សុខភាព​លោក ហ៊ុន សែន បើ​លោក ហ៊ុន សែន មាន​សុខភាព​ល្អ​លោក​នៅ​តែ​កាន់​អំណាច​ដដែល ប៉ុន្តែ​បើ​សុខភាព​លោក​ទន់​ខ្សោយ គឺ​លោក ហ៊ុន សែន និង​រៀបចំ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត ភ្លាម៖ «គោលការណ៍​លោក ហ៊ុន សែន ទោះ​បី​លោក​យល់​ថា រង​ហានិភ័យ​ប៉ុណ្ណា ក៏​គាត់​ត្រូវ​តែ​ធ្វើ​ដែរ។ ខ្ញុំ​យល់​ថា លោក ហ៊ុន សែន នៅ​រង់ចាំ​ការ​វិបត្តន៍​នយោបាយ​ពី​ពេល​នេះ​រហូត​ដល់​ការ​បោះ​ឆ្នោត ឆ្នាំ២០២៣»

​កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត អាយុ ៤៣ឆ្នាំ កំពុង​កាន់​តំណែង​សំខាន់ៗ ដូចជា ឧត្ដមសេនីយ៍​ផ្កាយ៣ មាន​តួនាទី​ជា​អគ្គ​មេបញ្ជាការ​រង​កងយោពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងទ័ព​ជើង​គោក ជា​មេបញ្ជាការ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការ​រង​កង​អង្គរក្ស​លោក ហ៊ុន សែន។ ចំណែក​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ លោក​គឺ​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​ស្ថិត​ក្នុងចំណោម​មនុស្ស ៣៤នាក់ ដែល​ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​របស់​គណបក្ស ហើយ​លោក​ក៏​ជា​ប្រធាន​ចលនា​យុវជន​គណបក្ស ដែល​ជា​អ្នក​ដឹក​នាំ​សមាជិក​ជំនាន់​ក្រោយដែល​ភាគច្រើន​ជា​កូនចៅ​របស់​មន្ត្រី​ជំនាន់​មុន​នៃ​គណបក្សប្រជាជន​កម្ពុជា។ កាល​ពី​ថ្ងៃ​ទី២៣ ខែធ្នូ ឆ្នាំ២០២០ គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​អនុប្រធាន​គណៈ​ចលនា​មហាជន ដែល​ជា​អង្គ​ការ​ចាត់​តាំង​មួយ​មាន​ការទទួលខុសត្រូវ​សំខាន់​ក្នុង​ការ​ឃោសនា​ផ្សព្វផ្សាយ​អំពី​គោល​នយោបាយ​ធ្វើ​យ៉ាង​ណា​ឱ្យ​មហាជន​យល់​ដឹង ជឿជាក់ និង​ដើរ​តាម​ការ​​​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក គឹម សុខ យល់​ថា ដើម្បី​រាំង​ខ្ទប់​ផែន​ការ​ផ្ទេរ​អំណាច​លោក ហ៊ុន ម៉ាណែត ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​មាន​កម្លាំង​រួម ជា​ពិសេស​គឺ កម្លាំង​ដឹក​មុខ​នៅ​ក្នុង​ប្រទេស​បើ​មិន​ដូច្នេះ​ទេ​ផែន​ការផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន នឹង​ដំណើរ​ការ​បាន​សម្រេច​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "លោក សម រង្ស៊ី ព្រមាន​ថា បើ​លោក ហ៊ុន សែន ហ៊ាន​ផ្ទេរ​អំណាច​ឱ្យ​កូន​ប្រុស​របស់​លោក​នឹង​ត្រូវ​បាត់បង់​អំណាច​ភ្លាម"

  1. so socheath says:

    ហាស ! ហាស
    អាពូជឆ្កែសមរង្សុី គឹតតែពីអំបែងកាលអ្ហែងវិញទៅល្អជាង !
    វាគ្មានអត់អ្នកណាធ្វើការ ទាល់តែដើរមិនកើត អង្គុយមិនកើតទេ អាឡប់ !
    អ្ហែងចាំឲ្យច្បាស់ CPP រឹងមាំណាស់ មិនចេះប្រជែងដណ្តើមអំណាចគ្នាទេ ។
    គេធ្វើការតាមរចនាសម្ព័ន្ធ តាមមុខងារកំណត់ឲ្យទទួលខុសត្រូវ ។ ដូចនេះ
    ចង់អ្នកនាបន្តដំណែងពីសម្តេចនាយកក៏អត់បញ្ហា CPP នៅតែខ្លាំងរហូត
    អ្ហែងកុំរៀនភ្លើពេក ។
    អ្ហែងកុំសង្ឃឹមមកបំបែកបំបាក់CPPបានឲ្យសោះ អាល្ងង់ !
    ជនដែលមានការងាករេ ពីនយោបាយបក្ស មិនមានសំណាងរស់នៅ
    ធ្វើការជាមួយCPP បានទេ ។
    អ្ហែងដឹងរឿងហ្នឹង កន្លងមកហើយតើ !
    CPP មានសារជាតិជាតិជាមនុស្ស ។
    មិនមានសារជាតិដណ្តើមអាចម៍គ្នាសុី ដូចពួកអាពូជឆ្កែអ្ហែងហ្នឹងទេ !

  2. Anonymous says:

    remembers there is no another north KOREA …OK