សាច់​ញាតិ​​មិន​​ជឿ​​ថា​ តំណាង​​សហ​គមន៍​​ដីធ្លី​​ជាំ​ក្រវៀន​​បង្ក​​ភាព​​វឹកវរ​​ដល់​​សន្តិ​សុខ​​សង្គម​​ដូច​​ការ​ចោទ​ប្រកាន់​

បទយកការណ៍
លោក ញឹម សុខន |២៥ មករា ២០២១ |ម៉ោង ១១:៥២
VOD

អ្នកស្រី ចម ចន្ទ្រា ដែល​ជា​ភរិយា​របស់​លោក ផុន សុផល ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​ពាក់ព័ន្ធ​នឹង​ស្ថានភាព​គ្រួសារ​ក្រោយពី​ស្វាមី​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំខ្លួន​ក្រោម​បទ​ចោទ​ញុះញង់។ (ហ៊ី ឆាយ​)

អ្នកស្រី ចម ចន្ទ្រា ដែល​ជា​ភរិយា​របស់​លោក ផុន សុផល ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​ពាក់ព័ន្ធ​នឹង​ស្ថានភាព​គ្រួសារ​ក្រោយពី​ស្វាមី​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំខ្លួន​ក្រោម​បទ​ចោទ​ញុះញង់។ (ហ៊ី ឆាយ​)


ស្រុក​មេមត់​ ខេត្តត្បូងឃ្មុំ៖ នៅមុន​ចុងខែ​មករា​ឆ្នាំមុន អ្នកស្រី ចម ចន្ទ្រា អាយុ២៩ឆ្នាំ រស់នៅ​ជាមួយ​ប្ដី​នៅក្នុង​ផ្ទះ​តូច​មួយ​នៅ​លើ​ដីចម្ការ​មួយ​កន្លែង ស្ថិតនៅ​ដាច់​ឆ្ងាយ​ពី​ភូមិ​ក្រវៀន​ជើង​ ​ឃុំ​ជាំក្រវៀន ហើយ​ប្រកបរបរ​ដាំស្រូវ ដំឡូងមី និង​ចិញ្ចឹមសត្វ ដែល​អាច​ឱ្យ​ពួក​គាត់​រកចំណូល​បាន​សម្រាប់​សងបំណុល​យ៉ាងតិច១លាន​រៀល​ប្រចាំខែ​ទៅ​ស្ថាប័ន​ផ្ដល់​កម្ចី​មួយ។

ប៉ុន្តែក្រោយពី​ស្វាមី​របស់​គាត់ឈ្មោះ​ ផុន សុផល ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ចុងឆ្នាំ២០២០មក អ្នកស្រី ចម ចន្ទ្រា បាន​ចាកចេញ​ពី​ផ្ទះនៅ​ដាច់ស្រយាល មក​រស់នៅ​ជាមួយ​បងប្អូន​ខាងប្ដី​នៅក្នុង​ភូមិ​ក្រវៀន​ជើង​វិញ ហើយ​កំពុង​ប្រឈម​នឹង​បញ្ហាជីវភាព​ប្រចាំថ្ងៃ និង​បំណុល​ដែល​ជំពាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ។

អ្នកស្រី ចម ចន្ទ្រា និយាយ​ថា៖ «ថ្ងៃ​ហ្នឹង ខ្ញុំ​ប្រឈមមុខ​ជាមួយ​អង្គការ។ ខ្ញុំ​យក ​[ខ្ចី​លុយ​] គេ ៧ពាន់​ដុល្លារ សង​គេ​វិញ​មួយ​ខែ​ជិត១លាន​រៀល។ ខ្ញុំ​អត់​បាន​បង់​គេមួយខែ​ហើយ​ គិត​ត្រឹម​ថ្ងៃ​ហ្នឹង​ជិតពីរខែ។ រាល់ថ្ងៃ​បាន​ហូបហ្នឹង​ ប្អូន! ព្រឹកមិញ​ប្អូន​គេ​ឱ្យ៥ពាន់ គ្រាន់​ឱ្យ​កូន​ទៅ​សាលា​គ្រាន់​ទិញ​នំ ឥលូវអស់ហើយ ស្អែក​មិនដឹង​បាន​អី​ទេ​»។

លោក ផុន សុផល អាយុ៣០ឆ្នាំ ដែល​ជា​តំណាង​សហគមន៍​ជាំក្រវៀន ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពី​គាត់​បាន​ចូលរួម​កិច្ចប្រជុំ​ឆ្លុះបញ្ចាំង​សកម្មភាព​ការងារ​ប្រចាំឆ្នាំ២០២០ ជាមួយ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ដែល​រៀបចំ​នៅ​សហគមន៍​ថ្ម​ធំ​ព្រែក​ត្របែក ភូមិ​អណ្តូង​ត្របែក ឃុំ​រៀម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

បើ​តាម​ដីកាបង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ លោក សុផល ត្រូវ​បាន​ចោទ​ពី​បទ ​«សមគំនិត​ក្នុង​អំពើ​ញុះញង់​ឱ្យ​ប្រព្រឹត្ត បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​តាម​បណ្តាញ​សង្គម​នៅ​ខេត្ត​ត្បូងឃ្មុំ» អាច​ប្រឈម​នឹង​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី៦ខែ​ទៅ២ឆ្នាំ​តាម​មាត្រា៤៩៤ និង៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។

សមាជិក​ក្រុម​គ្រួសារ​របស់​លោក ផុន សុផល អះអាង​ថា លោក សុផល មិនបាន​ប្រព្រឹត្ត​អ្វី​ខុស​ដូច​ការចោទប្រកាន់​ទេ ខណៈ​មន្ត្រី​មូលដ្ឋាន​ដែល​ស្គាល់​លោក ផុន សុផល អះអាង​ថា លោក សុផល បាន​ជួយការ​ពារ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​មូលដ្ឋានដែល​ប្រឈមមុខនឹង​ការ​ដណ្ដើមយក​ពី​ក្រុមហ៊ុន​ឯកជន​មួយ។

ឪពុក​លោក សុផល គឺ​លោក លាភ ផុន បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្រវៀន​ជើង ឃុំ​ជាំក្រវៀន ប្រាប់​ថា លោក ផុន សុផល និង​ប្រពន្ធ​ដែល​មានកូន​ប្រុស​អាយុ៦ឆ្នាំ​ម្នាក់ និង​ម្នាក់ទៀត​នៅក្នុង​ផ្ទៃ​នៅឡើយ​នោះ មិនទាន់​មានផ្ទះ​ផ្ទាល់ខ្លួន​សាងសង់​នៅក្នុង​ភូមិ​នេះ​នៅឡើយ​ទេ តែ​ប្តី​ប្រពន្ធ​មួយគូ​នេះបាន​សង់​ខ្ទម​តូច​មួយ​ស្នាក់នៅ​ឯដីចម្ការ ដែល​ត្រូវ​ធ្វើ​ដំណើរ​ច្រើន​គីឡូម៉ែត្រ​ពី​ភូមិ​នេះ ឆ្លងកាត់​ទឹកនិង​ស្ទឹង មុននឹង​ទៅដល់​ដីចម្ការ​នោះ។

ដើម្បី​ទៅដល់​ភូមិ​ក្រវៀន គេ​ត្រូវ​ធ្វើដំណើរ​ចម្ងាយ​ជិត៣០គីឡូ​ម៉ែ​តចេញពី​ទីរួមស្រុក​មេមត់ ឆ្លងកាត់​ផ្លូវ​កៅស៊ូ ផ្លូវ​ក្រួសក្រហម និង​ផ្លូវលំ ហើយ​ភូមិ​នេះ​សល់​តែ៦ទៅ៧គីឡូ​ទៀត​ប៉ុណ្ណោះដល់​ព្រំដែន​វៀតណាម។

ពលរដ្ឋ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​នៅ​ពីមុខ​សាលាស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ (ហ៊ី ឆាយ​)

តែ​ពេលនេះ អ្នកស្រី ចម ចន្ទ្រា ឈប់​ស្នាក់នៅ​ខ្ទម​នៅ​ឯចម្ការ​នោះ​ទៀតហើយ ដោយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន។ នាង​និយាយ​រៀបរាប់​ទៀត​ថា ប្តី​គាត់​មិនមែន​ជា​អ្នកនយោបាយ​ទេ ប៉ុន្តែថា ជិត៩ឆ្នាំ​មកនេះ បាន​ចូលរួម​ជាមួយ​អ្នកភូមិ​ផ្សេងទៀត​ក្នុង​សហគមន៍ សកម្មការពារ​ដីធ្លីដែល​បាន​កាប់ឆ្ការនិង​អាស្រ័យផល​ជិត២០ឆ្នាំ​មកនេះ។

អ្នកស្រី ចន្ទ្រា រៀបរាប់​ថា៖ «សហគមន៍​ដែល​មាន​ដី​ហ្នឹង​ច្រើន និយាយទៅ​ បួន​ទៅ​ប្រាំ​រយ​គ្រួសារ​ដែរ ដែលគេ​មិនព្រម​ឱ្យ​ដី​ទៅ​ក្រុមហ៊ុន ហើយ​ឱ្យ​ប្តី​ខ្ញុំ​ជួយ​គេ ជួយ​ធ្វើជា​តំណាង»។

នៅពេល​សួរ​ថា ហេតុអ្វី​បានលោក ផុន សុផល ដែល​ជា​ប្ដីនៅតែ​បន្ត​ចេញ​តវ៉ា បើ​ទោះបី​មានការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន យុវជន​មួយចំនួន រួម​ទាំង​សកម្មជន​នយោបាយ​ប្រឆាំង​ផង​នោះ ស្ត្រី​រូប​នេះ៖

«គាត់​ថា ខ្លាច​ចេះតែ​ខ្លាច​ហើយ ប៉ុន្តែបើ​យើង​អត់​ដី យើង​រស់​ទាំង​លំបាក»។

ប្អូនស្រី​បង្កើត​របស់​លោក ផុន សុផល គឺ​អ្នកស្រី ផុន ផល្លា និយាយ​ដែរ​ថា គាត់​មិន​ជឿ​ថា សុផល ដែល​ជា​បងប្រុស​គាត់​ជាប់ពាក់ព័ន្ធ​រឿង​នយោបាយដូច​ការចោទប្រកាន់​ទេ ដោយ​ថា មេឃុំ​បច្ចុប្បន្ន​ត្រូវជា​បងប្អូន​សាច់​ខាង​ឪពុក។

អ្នកស្រី ផុន ផល្លា និយាយ​ថា៖ «ពីដើម​ឡើយ​ ឮតែ​ពី​រឿង​ដី​ហ្នឹង ​[សុផល ធ្វើ​សកម្មភាព​ដីធ្លី​] គេ​ស្នើ​ឱ្យ​ជួយ គេ​មក​អង្វរ បើ​អ្នកស្រុក​អ្នកភូមិ​គេ​ស្គាល់​ហ្នឹង គាត់​ទៅ​មាន​លុយ​មាន​កាក់​ឯណា​ទៅ​ធ្វើនយោបាយ គាត់​មិនដែល​ធ្វើ​ទេ ព្រោះ​ម៉ែ​ឪហាម​តែម្តង​ មិន​ឱ្យទៅ​លូក​ទេ ព្រោះ​មេឃុំ​បងប្អូន​ទេ»។

​លោក លាភ ផុន ដែលជាឪពុក និយាយ​ដែរ​ថា គាត់​ភ្ញាក់ផ្អើល​នៅពេល​ទទួល​ដំ​ណឹង​តៗ​គ្នា​មក​ថា កូន​គាត់​ត្រូវ​បាន​ចាប់ខ្លួន​ក្រោម​ការចោទប្រកាន់​ពី​បទ​ញុះញង់។

លោក​ថា កូនប្រុស​គាត់​ធ្លាប់តែ​ជួយ​យកអាសា​អ្នកភូមិ​រឿង​ដីធ្លី មិនដែល​បង្កជម្លោះឬធ្វើសកម្មភាព​នយោបាយ​ប្រឆាំង​នឹង​អាជ្ញាធរ​ទេ ដោយសារតែ​ជីតា​របស់​ខ្លួន​ធ្វើមេ​ឃុំ​ស្រាប់​ទៅ​ហើយ​នោះ។

លោក លាភ ផុន និយាយ​បន្ត​ថា៖ «ហ្នឹង​ត្រូវជា​ជីតា មេឃុំ​ហ្នឹង​នោះ! ហើយ​ត្រូវជា​ពូ​ខ្ញុំ​បង្កើត។ កូន​ខ្ញុំ​វា​ធ្លាប់ធ្វើ​តែ​ខាង​ដីធ្លី អា​រឿង​នយោបាយ​មិនដែល​ទេ ហើយ​ខ្ញុំ​ផ្តែផ្តាំ​រហូត​ហ្នឹង​ថា ទៅ​ធ្វើ​ស្អី​ខាង​ប្រឆាំង​ហ្នឹង បើ​ពូ​ធ្វើមេ​ឃុំ​ទៅ​ហើយ​ហ្នឹង»។

ប៉ុន្តែបុរស​វ័យ៦០ឆ្នាំ​រូប​នេះនិយាយ​ថា គាត់​ធ្លាប់​លើកទឹកចិត្ត​ឱ្យ សុផល ក្លាហាន​ក្នុង​ការចេះ​ការពារ​ដី ដោយ​ថា កសិករ​បើ​អស់​ដី​ មិនដឹង​រស់​យ៉ាងម៉េច។

លោក លាភ ផុន និយាយ​ថា៖ «ខ្ញុំ​ធ្លាប់​ផ្តាំ រឿង​ដីធ្លី​ ត្រូវ​ប្រឹង មិន​ប្រឹង​មិនបានទេ ពីព្រោះ​ក្រុមហ៊ុន ដូចដឹងស្រាប់ គេអ្នក​មាន គេ​ចេះ​ឈូស​យក យើង​អត់​ចេះ​ទាមទារ​ ចប់! អាហ្នឹង​ខ្ញុំ​ផ្តាំ​ប៉ុណ្ណឹង ព្រោះ​យើង​រស់​នឹង​ដី ហើយ​បើ​អស់​ដី មនុស្ស​ទៅ​រស់​ឯណា​?»

មេភូមិ​ក្រវៀន​ជើង លោក ឈន ហឹស ដែល​នៅ​ទល់មុខ​នឹង​ផ្ទះ​ឪពុក​លោក សុផល និយាយ​ថា លោកមិនដឹង​ពី​មូលហេតុ​ចាប់ខ្លួន​លោក សុផល ទេ ប៉ុន្តែ​ថា លោក​ចង់​ឃើញ​ការ​ដោះស្រាយ​មួយ​ដែល​មិន​ត្រូវ​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​បាត់បង់​ដី​នោះ​ទេ។

លោក ឈន ហឹស និយាយ​ថា៖ «ជា​ធម្មតា ក្នុងនាម​ខ្ញុំ​ជា​អាជ្ញាធរ​ភូមិ ​តែងតែ​ចង់​ឃើញ​ប្រជាពលរដ្ឋ​របស់​ខ្លួន​មាន​សេរីភាព ជួបជុំគ្នា នេះ​ជាគោល​បំណង​របស់ខ្ញុំ។ តែបើ​ពលរដ្ឋ​បាត់បង់​ដីធ្លី​មែន វា​នឹង​ប្រឈម​នឹង​ការ​ធ្វើស្រែ​ធ្វើចម្ការ ដូចជា​ ដាំ​ស្វាយ ដាំដំណាំ​ និងស្វាយចន្ទី​អី​ជាដើម»។

មេឃុំ​ជាំក្រវៀន លោក អ៊ួច យឿង អះអាង​ថា មិនដឹង​ពី​មូលហេតុ​ចាប់ខ្លួន​លោក ផុន សុផល ទេ តែ​គ្រាន់តែ​ដឹង​ថា សុផល មុន​ចាប់ខ្លួន​ ជា​តំណាង​សហគមន៍​ដីធ្លី។

សាលាឃុំជាំក្រវៀន ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ (ហ៊ី ឆាយ)

លោក អ៊ួច យឿង ប្រាប់​ថា៖ «អា​រឿង​ដីធ្លី​ហ្នឹង វា ​[ផុន សុផល​] នៅ​ខាង​ហ្នឹង​តើ!»

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ លោក ផេង ជាង មិន​អាច​បញ្ជាក់​ថា សំណុំរឿង​ចោទប្រកាន់​លោក ផុន សុផល មក​ពី​ការ​ធ្វើសកម្មភាព​ដីធ្លីឬធ្វើស​កម្ម​ភាពនយោបាយ​នៅឡើយ​ទេ ដោយ​ថា តុលាការ​កំពុង​បើក​ការស៊ើបអង្កេត​នៅឡើយ។

លោក ផេង ជាង ប្រាប់​ថា៖ «ដោយសារ​បច្ចុប្បន្ន​នេះ សំណុំរឿង​ព្រហ្មទណ្ឌ​នេះ ចៅក្រម​ស៊ើបសួរ​កំពុង​ដំណើរការ​នីតិវិធី​នៅឡើយ»។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា និង​ជា​អ្នក​ផ្តល់​មេធាវី​ការពារ​ជន​ត្រូវ​ចោទ​ផង​នោះ ហៅ​វិធានការ​ចាប់ខ្លួន​នេះ​ថា ជា​ការ​គំរាមកំហែង​សេរីភាព​បញ្ចេញមតិ រំលោភសិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ដោយ​ថា លោក ផុន សុផល ជាសកម្ម​ជន​ដីធ្លី​ដ៏​លេចធ្លោ​មួយ​រូប​មានការ​គាំទ្រ​ច្រើន​ពី​ប្រជា​សហគមន៍​ដែល​មាន​ជម្លោះដីធ្លី។

លោក ស៊ឹង សែន​ករុណា និយាយ​ថា៖ «ដើម្បី​ឱ្យ​ស្ថានភាព​ធូ​រស្រាល គួរតែ​មានការ​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់ ហើយ​ដោះលែង​ពួក​គាត់​មាន​សេរីភាព​ទៅ ដើម្បី​ឱ្យ​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​ផ្នែក​នយោបាយ ហើយនិង​ការគោរព​សិទ្ធិមនុស្ស​ ដែល​កំពុង​មានការ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ហ្នឹង»។

តាម​វីដេអូ​មួយ​ដែល​ផ្តល់​ឱ្យ​ដោយ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ផុន សុផល និយាយ​ថា កត្តា​ចម្បង​ដែល​ជំរុញ​ទឹកចិត្ត​ឱ្យ​គាត់​ចេញ​តស៊ូ​មតិ​បង្កើត​ជា​សហគមន៍​ដីធ្លី​នេះ គឺ​បារម្ភ​ពី​ការបាត់បង់​ដី ខណៈ​មាន​វត្តមាន​ក្រុមហ៊ុន​ឯកជន​ចូល​មកដល់។

លោក សុផល និយាយ​ថា៖ «ដោយសារតែ​ពេលនោះ ក្រុមហ៊ុន ម៉ែ​ន សា​រុន នៅពេល​នោះ ​គេ​ចុះ​ល្បាតឱ្យ​ពលរដ្ឋ​ជួល​ដី​ផង ទាហាន ប៉ូលិ​ស ដឹក​គគ្រឹកគគ្រេង​ចុះ​ឡើង​ៗ ហើយ​ខ្ញុំ​ប្រឈមមុខថា ​ពេលនោះបើសិនជា​គេ​ចាប់​យើងឬគេ​ធ្វើ​អី​មក​លើ​យើង​ យើងមិនដឹងជា​ពឹង​អី​ទេ»។

ក្រុម​សាច់ញាតិបាន​ទទូច​ឱ្យ​តុលាការ​ដោះលែងលោក ផុន សុផល ឱ្យ​មាន​សេរីភាព​វិញ ដោយ​ថា បុរស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​រូប​នេះមិនបាន​ធ្វើអ្វី​ខុស​ដូច​ការចោទប្រកាន់​ទេ។

អ្នកស្រី ចម ចន្ទ្រា និយាយ​ថា៖ «និយាយចំ គាត់​ទាមទារ​តែ​រឿង​ដី​ហ្នឹង​យូរឆ្នាំហើយ តាំងពី​កាប់ឆ្ការ អាស្រ័យផល ដាំដំឡូង​ ដាំ​អីអញ្ចឹង។ ស្រាប់តែ​ក្រុមហ៊ុន​គេ​ចុះទៅ​កាយ ​ដល់​អញ្ចឹងទៅ​គាត់​តវ៉ា​រហូត គាត់​អត់​ព្រមឱ្យ ជួយ​ឱ្យគាត់​ចេញ​ផង។ គាត់​ពិបាក​ណាស់​ ហើយ​ជាប់បំណុល​អង្គការ​វ័ណ្ឌក រក​អី​បាន​? ពោះធំ​ផង! រកតែ​បាយ​មិនបាន​ហូប​ផង»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles