ក្រសួង​មហាផ្ទៃ បើក​ការ​ស៊ើប​អង្កេត​ស្នងការ​រង​ខេត្ត​តាកែវ រឿង​ជំរិត​ទារ​ប្រាក់ និង​ដក​ហូត​គ្រឿង​អលង្ការ​របស់​ពលរដ្ឋ

ដោយ ឡេង ម៉ាលី
2021-01-26
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រសួង​មហាផ្ទៃ បើក​ការ​ស៊ើប​អង្កេត​ស្នងការ​រង​ខេត្ត​តាកែវ រឿង​ជំរិត​ទារ​ប្រាក់ និង​ដក​ហូត​គ្រឿង​អលង្ការ​របស់​ពលរដ្ឋ

ស្លាកសម្គាល់នៃខ្លោងទ្វារ​ក្រសួងមហាផ្ទៃ រូប៖ ពលរដ្ឋ


ក្រសួង​មហាផ្ទៃ សម្រេច​បើក​ការ​ស៊ើប​អង្កេត​​ករណី​ស្នងការ​រង​ខេត្ត​តាកែវ​ម្នាក់ ពី​បទ​ជំរិត​ទារ​ប្រាក់​ និង​ ដក​ហូត​គ្រឿង​អលង្ការ​របស់​ពលរដ្ឋ។ ​សង្គម​ស៊ីវិល​ គាំទ្រ​ឲ្យ​មាន​ការ​ដាក់​ទោស​ទណ្ឌ​តាម​ច្បាប់ ក្រោយ​ការ​ស៊ើប​អង្កេត​​ដឹង​លទ្ធផល​ច្បាស់​លាស់។

អគ្គាធិការ​រង និង​ជា​អ្នក​នាំ​ពាក្យ​អគ្គាធិការដ្ឋាន នៃ​ក្រសួង​មហាផ្ទៃ លោក ឯម វិចិត្រ ប្រាប់​អាស៊ី​សេរី​ថា ក្រសួង​ចាត់​ក្រុម​ការងារ​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ ករណី​ស្នងការ​រង​ខេត្ត​តាកែវ លោក ហ៊ិន សុខ​ខេង ហើយ ដោយ​សារ​មាន​បណ្ដឹង​ពី​ពលរដ្ឋ៖ «យើង​កំពុង​តែ​ធ្វើការ យើង​កំពុង​សុំ​ទៅលើ។ មាន​ពាក្យ​បណ្ដឹង​ យើង​ត្រូវ​ចុះ​ព្រោះ​ការ​អនុវត្ត»។

អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន លោក អ៊ីវ លាង បាន​ចេញ​លិខិត​បង្គាប់​ការ​មួយ​ ឲ្យ​មន្ត្រី​ក្រសួង​មហាផ្ទៃ ចំនួន​៦នាក់ ចុះ​ទៅ​ស៊ើប​អង្កេត​ និង​ស្រាវជ្រាវ​បណ្ដឹង​ ដែល​ចោទ​ប្រកាន់​ស្នងការ​រង​ខេត្ត​តាកែវ ទទួល​ផែន​ព្រហ្មទណ្ឌ លោក ហ៊ិន សុខខេង និង​ មន្ត្រី​ប៉ូលិស​មួយ​ចំនួន​ទៀត នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ ពាក់ព័ន្ធ​ករណី ជំរិត​យក​ប្រាក់​រាប់​សែន​​​​ដុល្លារ ពី​ជនរងគ្រោះ។

លិខិត​របស់​អគ្គាធិការដ្ឋាន ដែល​បាន​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចុះ​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០២០ បង្ហាញ​ថា​ ចាប់​តាំង​ពី​ថ្ងៃ​ចូល​កាន់​តំណែង នៅ​ឆ្នាំ២០១៩ មក ស្នងការ​រង លោក​ ហ៊ិន សុខខេង ពុំ​មាន​ស្នាដៃ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ទេ គឺ​បាន​តែ​អួតអាង​ បង្កើត​បក្ខពួក គំរាម​កំហែង​ថ្នាក់​ក្រោម និង​បំភិត​បំភ័យ​ពលរដ្ឋ។ លិខិត​ដដែល​បន្ត​ថា ក្នុង​ឆ្នាំ២០១៩ លោក ហ៊ិន សុខខេង និង​បក្ខ​ពួក បាន​ចាប់​បង្ខាំង​​​ជន​រងគ្រោះ ដើម្បី​ជំរិត​យក​ប្រាក់​ចំនួន​ពីរ​សែន​ដុល្លារ។

បន្ទាប់​មក នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ២០១៩ លោក ហ៊ិន សុខខេង និង​បក្ខ​ពួក​ បាន​ធ្វើ​សកម្មភាព​ចាប់​បង្ខាំង​ជនរងគ្រោះ ជា​ជន​បរទេស ចំនួន ៣នាក់ និង​ជនជាតិ​ខ្មែរ ២នាក់ ជំរិត​យក​ប្រាក់​ចំនួន​មួយ​សែន​ដុល្លារ និង​ដក​ហូត​យក​ខ្សែដៃ​ ខ្សែក ​ចិញ្ចៀន​ពេជ្រ ពី​ជន​រង​គ្រោះ។ សកម្មភាព​ពេល​នោះ មាន​មន្ត្រី​ប៉ូលិស​ម្នាក់ ឈ្មោះ រស់ សេន ដែល​មាន​តួនាទី​ជា​នាយ​រង​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​ខេត្ត ធ្វើ​ជា​អ្នក​បក​ប្រែ។

ក្រោយ​មក​ទៀត នៅ​ដើម​ឆ្នាំ២០២០ តំណាង​របស់​ជន​រង​គ្រោះ​ចំនួន ២នាក់ បាន​ប្ដឹង​តវ៉ា​ដល់​ស្នងការដ្ឋាន​ខេត្ត​តាកែវ ដើម្បី​ទាមទារ​ឲ្យ​ដាក់​ទោស​ទណ្ឌ​ស្នង​ការ​រង លោក ហ៊ិន សុខខេង និង​បក្ខ​ពួក​ និង​ទាម​ទារ​យក​សម្ភារ ដែល​សមត្ថកិច្ច​ដក​ហូត​មក​វិញ។ បន្ទាប់ពី​ទទួល​បណ្ដឹង​នោះ មន្ត្រី​ប៉ូលិស​ម្នាក់​ នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​យក​សម្ភារ​ទៅ​ប្រគល់​ជូន​ជនរងគ្រោះ​វិញ​ ដល់​រាជធានី​ភ្នំពេញ។

លិខិត​របស់​អគ្គាធិការដ្ឋាន​អះអាង​ថា មន្ត្រី​នគរបាល និង​ពលរដ្ឋ នៅ​ខេត្ត​តាកែវ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ផ្ញើ​លិខិត​មក​ប្ដឹង​ថា ស្នងការ​រង លោក ហ៊ិន សុខខេង បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​​មិន​ទុក​ចិត្ត ភ័យខ្លាច និង​បាន​ប្រព្រឹត្ត​បទ​ល្មើស​មួយ​ចំនួន ដោយ​ផ្ទាល់។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ ពី​ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ លោក ហ៊ិន សុខខេង ដែល​រង​ការ​ចោទ​ប្រកាន់​នេះ​ទេ ដោយសារ លោក​ចុច​ផ្ដាច់ ក្រោយ​ពេល​អ្នក​យក​ព័ត៌មាន​ណែនាំ​ខ្លួន​រួច។ តែ​យ៉ាង​ណា លោក ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​យ៉ាង​ខ្លី​ថា ​នេះ​ជា​ករណី​មិន​ពិត។

នាយក​រង​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អង្គការ​លីកាដូ លោក អំ សំអាត គាំទ្រ​ចំពោះ​ចំណាត់​ការ​ស៊ើប​អង្កេត​របស់​ក្រសួង​មហាផ្ទៃ។ លោក​សង្កេត​ឃើញ​ថា កន្លង​មក ចំណាត់​ការ​របស់​ក្រសួង​មហាផ្ទៃ លើ​មន្ត្រី​នគរបាល​ខ្លះ ដែល​ប្រើ​តួនាទី​គាប​សង្កត់​ពលរដ្ឋ គឺ​មាន​ប្រសិទ្ធភាព។ សង្គម​ស៊ីវិល​រូប​នេះ សង្ឃឹម​ថា អាជ្ញាធរ នឹង​ផ្ដន្ទាទោស​តាម​ច្បាប់​ និង​ពិន័យ​តាម​ផ្លូវ​រដ្ឋបាល ប្រសិន​បើ​រក​ឃើញ​ថា មន្ត្រី​នគរបាល​រូប​នោះ បាន​ប្រព្រឹត្តិ​​ខុស​ពី​តួនាទី​ពិត​មែន៖ «វា​ជា​ការ​ត្រឹម​ត្រូវ​មាន​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ ហើយ​ក្រសួង​មហាផ្ទៃ​លោក​ត្រូវ​តែ​បើក​ការ​ស៊ើប​អង្កេត​រឿង​ហ្នឹង ដោយ​បង្កើត​គណៈកម្មការ​មួយ​ដែល​ឯករាជ្យ ហើយ​ធ្វើ​ការ​មួយ​ការ​ត្រឹមត្រូវ យុត្តិធម៌។ បើ​រក​ទៅ​ឃើញ​ថា​មាន​ការ​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ហ្នឹង ត្រូវ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់ រដ្ឋប្បវេណី​ ឬ​រឿង​ព្រហ្មទណ្ឌ​ និង​ត្រូវ​ពិន័យ​តាម​រដ្ឋបាល»។

សំណុំ​រឿង​នេះ មន្ត្រី​ក្រសួង​មហាផ្ទៃ ចំនួន​៦​នាក់ នឹង​​ប្រើ​ពេល ​៥​ថ្ងៃ ដើម្បី​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​ករណី​​ស្នង​ការ​រង​​ខេត្ត​តាកែវ លោក ហ៊ិន សុខខេង​ ដោយ​ចាប់​ផ្ដើម នៅ​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៩​មករា។

កាល​ពី​ឆ្នាំ២០១៨ មន្ត្រី​ក្រសួង​មហាផ្ទៃ ធ្លាប់​ចុះ ​ទៅ​ស្រាវជ្រាវ​ រក​ឃើញ​ករណី​អតីត​ស្នងការ​រង​ខេត្ត​តាកែវ​ម្នាក់ លោក ឡាយ ណារិទ្ធិ និង​ប្អូនប្រុស​បង្កើត​របស់​លោក ដែល​ជា​អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ពាក់ព័ន្ធ​នឹង​ករណី​ចោទ​ថា រួម​គំនិត​គ្នា​សម្លាប់​ស្រី​ស្នេហ៍ ឈ្មោះ ចេវ សុវឌ្ឍនា ហើយ​នាំ​គ្នា​បិទ​បាំង​សំណុំ​រឿង​នេះ​ថា ជា​រឿង​អត្តឃាត។ តុលាការ​ក្រុង​ភ្នំពេញ​ បាន​សម្រេច ផ្ដន្ទាទោស​លោក ឡាយ ណារិទ្ធិ និង​លោក ឡាយ វណ្ណៈ ឱ្យ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ ក្រោម​បទ​ចោទ​ឃាតកម្ម​ដូច​គ្នា៕

What Next?

Recent Articles