ដោយ ជី វិតា
2021-01-25
RFA

រូបភាពមន្ត្រីនគរបាលស្រុកស្អាង យកដីកាកោះហៅលោក លឿង សារុន មេឃុំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ នៅផ្ទះរបស់លោក នៅឃុំទឹកវិល ស្រុកស្អាង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ រូបថតពីហ្វេសប៊ុកលោក លឿង សារុន
មេឃុំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិម្នាក់ ត្រូវបានតុលាការខេត្តកណ្ដាល ចេញដីកាកោះឲ្យ ចូលរួមសវនាការលើអង្គសេចក្ដីពាក់ព័ន្ធនឹងបទចោទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៅដើមខែក្រោយ ខណៈលោក មិនដែលបានដឹងអំពីការចោទប្រកាន់កាលពីមុនមកនោះទេ។ មន្ត្រីសិទ្ធិមនុស្ស មើលឃើញថា ការចេញដីកាកោះហៅសមាជិកបក្សប្រឆាំងរូបនេះ គឺជារឿងនយោបាយដូចករណីកន្លងមក។
មេឃុំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ នៅឃុំទឹកវិល ស្រុកស្អាង លោក លឿង សារុន ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៤ មករាថា តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល លោក ឯក ស៊ុនរស្មី បាន ចេញដីកាកោះលោក ឲ្យចូលរួមសវនាការ នៅថ្ងៃទី៩ ខែកុម្ភៈខាងមុខ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ លោក លឿន សារុន បន្តថា លោកភ្ញាក់ផ្អើលនៅពេលដែលសុខៗ ស្រាប់តែប៉ូលិសពីរនាក់ជិះម៉ូតូយកដីកាកោះហៅនេះឲ្យលោកដល់ផ្ទះ ទាំងដែលមិនបានធ្វើអ្វីខុសច្បាប់ទាល់តែសោះ។ លោកបញ្ជាក់ថា ចាប់តាំងពីគណបក្សសង្គ្រោះជាតិរំលាយមក លោកមិនដែលបានធ្វើសកម្មភាពនយោបាយអ្វីទេ ហើយក៏មិនដែលបានដឹងថា លោកជាប់ចោទពីបទញុះញង់នេះតាំងពីមុនដែរ ព្រោះប៉ូលិស និងមន្ត្រីតុលាការ មិនដែលហៅលោកទៅសាកសួរឬបង្ហាញភស្តុតាងម្ដងណាឡើយ៖ «ស្ងាត់ៗ ទៅជាអ៊ីចឹង ខ្ញុំមិនយល់សាច់រឿងដែរ។ ឧទាហរណ៍ថា បើខ្លួនឯង កន្លងមក បានធ្វើសកម្មភាពអីផ្សេងៗ បានចុះទៅតាមផ្ទះប្រជាពលរដ្ឋកៀរគរប្រមូលផ្ដុំ ថាអ៊ីចេះ ថាអ៊ីចុះអី អាហ្នឹងវាសកម្មភាពរបស់យើង យើងដឹងខ្លួនឯង ប៉ុន្តែដោយឡែក៣ឆ្នាំជាងមកនេះ ពេលដែលគេរំលាយបក្ស ហើយកៅអីរបស់ខ្ញុំត្រូវគេយកបាត់ទៅ ហើយខ្ញុំទៅជាពលរដ្ឋធម្មតាមិន ដែលធ្វើសកម្មភាពអីសោះ ហើយស្ងាត់ៗ ស្រាប់តែមានដីកាកោះហៅអ៊ីចឹង ឆ្ងល់ដែរ។ ខ្ញុំមិនយល់»។
មេឃុំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ វ័យ៥៣ឆ្នាំ រូបនេះ ឲ្យដឹងថា លោកកំពុងពិចារណាពឹងពាក់មេធាវីជួយការពារក្ដីក្នុងថ្ងៃឡើងសវនាការនោះ៖ «ជាមាសទឹកដប់ដូចខ្ញុំអ៊ីចឹង ខ្ញុំមិនខ្លាចភ្លើងទេ ប៉ុន្តែខ្លាចគេមិនធ្វើទៅតាមនីតិវិធី ពាក់ព័ន្ធច្បាប់ ដូចជាចៅក្រមស៊ើបអីនេះ មិនដឹងថា ខ្ញុំ ជានរណាពិតប្រាកដផង ហើយខ្ញុំធ្វើអីខ្លះផង ហើយចេះតែចោទអ៊ីចឹង ខ្ញុំគួរឲ្យបារម្ភដែរ អាហ្នឹង»។
អាស៊ីសេរី មិនអាចទាក់ទងតំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល លោក ឯក ស៊ុនរស្មី និងស្នងការនគរបាលខេត្តកណ្ដាល លោក ឈឿន សុចិត្ត ដើម្បីសុំបំភ្លឺករណីនេះបានទេ ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។
នាយករងទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ប្រសិនបើដូចការលើកឡើងរបស់សមាជិកបក្សប្រឆាំងនេះមែន គឺតុលាការ កំពុងរំលោភលើនីតិវិធីច្បាប់ ព្រោះគាត់ត្រូវមានសិទ្ធិឆ្លើយតប និងបង្ហាញភស្តុតាងគ្រប់ដំណាក់កាលរាប់ចាប់តាំងដំណាក់កាលស៊ើបសួរ និងដំណាក់កាលកសាងសំណុំរឿងពីសំណាក់នគរបាលយុត្តិធម៌ ព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ និងដំណាក់កាលចុងក្រោយ គឺសវនាការជំនុំជម្រះតទល់គ្នានៅក្នុងតុលាការ។ ទោះយ៉ាងណា លោកពិនិត្យឃើញថា ករណីនេះ គឺជារឿងនយោបាយដែលធ្វើឡើងជាប្រព័ន្ធតែម្តង៖ «មតិជាតិ និងអន្តរជាតិមួយចំនួន គេគិតថា សវនាការ ឬការកោះហៅអតីតគណបក្សប្រឆាំងនេះ វាហាក់បីដូចជាស៊េរី ឬជាប្រព័ន្ធ ហាក់ដូចជាមិនបង្ហាញការស្វែងរកយុត្តិធម៌ ព្រោះយើងឃើញថា ការកោះហៅចូលរួមសវនាការនេះ តាមសាលាដំបូងរាជធានីខេត្តផ្សេងៗ កោះហៅបន្តបន្ទាប់គ្នានេះ»។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) និងនាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍វ៉ច្ឆ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៊ើតសុន (Phil Robertson) មើលឃើញថា មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងនេះ កំពុងត្រូវបានយាយីដោយប្រព័ន្ធយុត្តិធម៌ ព្រោះដំណើរការកាត់ក្ដីទាំងនេះ គ្មានភាពជឿទុកចិត្តបានទាល់តែសោះ ដោយសារតែផ្អែកលើបទចោទបែបប្រឌិតបង្កើតឡើងក្នុងគោលដៅនយោបាយ ដើម្បីកម្ចាត់ចោលទាំងស្រុងនូវអ្វីដែលនៅសេសសល់ចុងក្រោយនៃគណបក្សសង្គ្រោះជាតិនៅក្នុងប្រទេស។ លោក ហ្វ៊ីល រ៉ូប៊ើតសុន អំពាវនាវដល់រដ្ឋាភិបាលបរទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមប្រទេសម្ចាស់ជំនួយ ទាមទារឱ្យលោក ហ៊ុន សែន បញ្ឈប់ការបង្ក្រាបឥតឈប់ឈរមកលើក្រុមអ្នករិះគន់ និងទម្លាក់ចោលរាល់បទចោទទាំងអស់ប្រឆាំងនឹងជនជាប់ចោទទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
the killing field is still hunting this poor people call Cambodian . during killing field any one in higher position can be every thing like >> king, judge , the top leader, or the killer they can order any one at the bottom class to punishing people without mercy