កូវីដ-១៩ | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ២៦ កុម្ភៈ ២០២១ |ម៉ោង ១៥:៥១
VOD

កាស៊ីណូនិងសណ្ឋាគារ ជីនប៉ី នៅខេត្តព្រះសីហនុ។ រូបភាព៖ វណ្ណ វិចារ
អាជ្ញាធរខេត្តព្រះសីហនុ រកឃើញមនុស្សជាង១ ៥០០នាក់ដែលសង្ស័យពាក់ព័ន្ធនឹងកូវីដ១៩ នៅទីតាំងចំនួន៦កន្លែង។
ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា មន្ទីរសុខាភិបាលខេត្ត បានយកសំណាកមនុស្សចំនួន១ ៥៦២នាក់ទៅធ្វើតេស្ត ក្រោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩។
រដ្ឋបាលខេត្តបន្តថា អ្នកទាំងនោះធ្វើការនៅក្នុងសណ្ឋាគារចំនួន៦កន្លែង ក្នុងនោះ សណ្ឋាគារជីនប៉ី ៣សាខា, អគារស្នាក់នៅរួម វ៉ាន់ឃឹឆឹង របស់ក្រុមហ៊ុន ជីនប៉ី, សណ្ឋាគារ ហ័ងហ្គ័នជាយី និងសណ្ឋាគារស្នាក់នៅរួម វីន ភ្យួឈ័រ ខុនដូ-អាជីវកម្ម។
អាជ្ញាធរខេត្តនេះបញ្ជាក់ថា បច្ចុប្បន្ន អ្នកទាំងនោះត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគាររបស់ពួកគេធ្វើការនិងស្នាក់នៅតែម្ដង។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានម្ចាស់សណ្ឋាគារចំនួន១០កន្លែង និងកាស៊ីណូ៦កន្លែង រមណីយដ្ឋាន១កន្លែង ភោជនីយដ្ឋាន១កន្លែង និងទីតាំងគុជអាស៊ី បានសម្រេចចិត្តផ្អាកដំណើរការអាជីវកម្មរបស់ខ្លួន និងរៀបចំធ្វើចត្តាឡីស័កទៅតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល បន្ទាប់ពីសណ្ឋាគារនិងទីតាំងទាំងនោះមានជាប់ពាក់ព័ន្ធនឹងករណីឆ្លងកូវីដ១៩។
អាជ្ញាធរខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តនេះកុំឱ្យធ្វើដំណើរចល័តពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ ឬទៅតាមបណ្ដាខេត្តផ្សេងៗទៀត ឬក្រុងនិងស្រុកនានាក្នុងខេត្តនេះ ដោយត្រូវស្នាក់នៅតែក្នុងផ្ទះ និងកន្លែងធ្វើការបានហើយ បើមិនមានការចាំបាច់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។