ពលរដ្ឋ​ត្អូញត្អែរ​ជួប​ការ​លំបាក​ក្រោយ​ផ្ទុះ​ការ​រីក​រាលដាល​ជំងឺ​កូវីដ​១៩ ក្នុង​សហគមន៍​ជាថ្មី

ដោយ ទីន ហ្សាការីយ៉ា
2021-02-27
RFA

ពលរដ្ឋ​ត្អូញត្អែរ​ជួប​ការ​លំបាក​ក្រោយ​ផ្ទុះ​ការ​រីក​រាលដាល​ជំងឺ​កូវីដ​១៩ ក្នុង​សហគមន៍​ជាថ្មី

អាជីវករ​លក់​ដូរ​តាម​ផ្សារ​នៅ​រាជធាន​ី​ភ្នំពេញ។ រូប​ពី​ហ្វេសប៊ុក


ពលរដ្ឋ​មួយ​ចំនួន​ត្អូញត្អែរ​ពី​ភាព​លំបាក ក្រោយ​បាត់បង់​ប្រាក់ចំណូល ដោយសារ​ជំងឺ​កូ​វីដ​-១៩ ផ្ទុះ​រាតត្បាត​ក្នុង​សហគមន៍​ជា​លើក​ទី​បី ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​លើក​មុនៗ​។ មន្ត្រី​សិទ្ធិមនុស្ស យល់​ថា រដ្ឋាភិបាល​គួរ​មាន​វិធានការ​ក្នុង​ការ​ជួយ​ដល់​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​វិបត្តិ​នៃ​ជំងឺ​នេះ។

ជំងឺ​កូវីដ​១៩ ដែល​ឆ្លង​ចូល​សហគមន៍​ជា​លើក​ទី​៣ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាត់បង់​ចំណូល​ស្ទើរតែ​ទាំងស្រុង​។ ពួកគាត់​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​ជំងឺ​នេះ​បានទេ នោះ​ពួកគាត់​នឹង​ធ្លាក់ខ្លួន​ក្រីក្រ​ជាង​មុន ដោយសារ​បាត់​បង់​ការងារ និង​មុខរបរ​ចិញ្ចឹមជីវិត។

អ្នកលក់​ផ្កា​នៅ​រាជធានី​ភ្នំពេញ លោកស្រី ចាន់នី សុខា រៀបរាប់​ថា ទីក្រុង​ដែល​ធ្លាប់​តែ​មាន​មនុស្ស​អ៊ូរអរ​ប្រែ​ស្ងាត់ជ្រងំ ដោយ​ពុំ​មាន​មនុស្ស​ចេញចូល​ទិញ​ផ្កា​លោកស្រី​ដូច​ពេល​មុន​ទេ។ លោកស្រី​ត្អូញត្អែរ​ថា លោកស្រី​ជំពាក់​បំណុល​គេ និង​ពុំ​មាន​ថវិកា​គ្រប់គ្រាន់ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ និង​ទូទាត់​សង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ​ឡើយ ប្រសិនបើ​ជំងឺ​កូវីដ​១៩​នេះ នៅតែ​បន្ត​អូស​បន្លាយ​។ លោកស្រី​ថា វិបត្តិ​ជំងឺ​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​គ្រួសារ​លោកស្រី រហូត​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក។ «»

ពលរដ្ឋ​មួយ​រូប​ទៀត លោកស្រី សុខុន លើកឡើង​ស្រដៀង​គ្នា​ថា រដ្ឋាភិបាល​គួរ​រឹត​បន្តឹង​នៅ​តាម​ច្រក​ព្រំដែន និង​មណ្ឌល​ចត្តាឡីស័ក​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​។ លោកស្រី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ណែនាំ ឬ​ជំរុញ​ទៅ​ធនាគារ​ឱ្យ​ពន្យារ​ពេល​ក្នុង​ការ​សងបំណុល ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​នេះ ដោយ​រង់ចាំ​រហូត​ជំងឺ​នេះ​ស្រាកស្រាន្ត​ទៅវិញ សឹម​ទូទាត់​បំណុល​ជាថ្មី។ «»

ប្រជាពលរដ្ឋ​ត្អូញត្អែរ​ពី​ការ​លំបាក​ផ្នែក​ជីវភាព​បែបនេះ ក្រោយពេល​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ កើន​ឡើងជា​គំហុក ដែល​ផ្ដើម​ចេញពី​ព្រឹត្តិការណ៍​ចម្លង​ក្នុង​សហគមន៍​២០ កុម្ភៈ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សាកសួរ​អំពី​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការ​ខ្វះខាត​នេះ​បានទេ នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នកទទួល។

ក្រសួង​សុខាភិបាល រក​ឃើញ​អ្នក​កើត​ជំងឺ​កូវីដ​១៩ ចំនួន​៤៤​ករណី​បន្ថែម​ទៀត នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ក្នុង​នោះ​៤០ នាក់ ជា​ករណី​ចម្លង​ក្នុង​សហគមន៍។

ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​៤៤ នាក់​នេះ ជនជាតិ​ចិន​មាន​ចំនួន​៣១ នាក់​។ គិត​ត្រឹម​ថ្ងៃ​ទី​២៦ កុម្ភៈ ចំនួន​សរុប​នៃ​ករណី​ឆ្លង​ក្នុង​សហគមន៍ បាន​កើន​ដល់​ជាង ២​រយ (២៣៤)​នាក់ ក្នុង​រយៈពេល​៧​ថ្ងៃ​ជាប់​គ្នា និង​អ្នក​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​រាប់ពាន់​នាក់​ទៀត។

ក្រសួងសុខាភិបាល សម្រេច​បង្កើត​អនុគណៈកម្មការ​គ្រប់គ្រង​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​នៅតាម​គោលដៅ និង​តំបន់​ច​ត្តា​ឡី​ស័ក ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដោយមាន កូនប្រុស​ច្បង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ លោក លោក ហ៊ុន ម៉ា​ណែ​ត ជា​ប្រធាន​នៃ​អនុគណៈកម្មការ​នេះ​។

ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល ដាក់​ចេញ​វិធានការ​តឹងរ៉ឹង ចំពោះ​បុគ្គល​ដែល​មិន​អនុវត្ត​តាម​វិធាន​របស់​សុខាភិបាល ចំពោះ​ការ​ធ្វើ​ចត្តាឡីស័ក បុគ្គល​គេចវេះ​មិន​ព្រម​ចូល​ព្យាបាល ឬ​មិន​សហការ​ផ្ដល់​ការ​សម្ភាសន៍ និង​ទីតាំង​មួយ​ចំនួន​ដែល​មិន​សហការ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​នៃ​ការស្រាវជ្រាវ​។ វិធានការ​ទាំងនោះ​រួមមាន ចំពោះ​ជនបរទេស ត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា និង​ហាម​ចូល​ប្រទេស​សាជាថ្មី ចំពោះ​ពលរដ្ឋ​ខ្មែរ ត្រូវ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ ហើយ​ចំពោះ​ទីតាំង​អាជីវកម្ម​វិញ ត្រូវ​ដកហូត​អាជ្ញាប័ណ្ណ និង​បិទ​ទីតាំង​អាជីវកម្ម​នោះ។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​សម្រេច​ផ្អាក​ទីតាំង​ចំនួន​៦​កន្លែង ក្រោយ​រក​ឃើញ​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ជិត ១​ពាន់ ៦​រយ (១.៥៦២)​នាក់ កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​លោក យង់ គិមអេង មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​ទប់ស្កាត់​ជំងឺ​នេះ ឱ្យ​បាន​ល្អ​ប្រសើរ​ជាពិសេស ចាត់វិធានការ​លើ​មន្ត្រី​មួយ​ចំនួន ដែល​ប្រព្រឹត្តិ​អំពើពុករលួយ​នៅ​តាម​ច្រក​ព្រំដែន និង​មណ្ឌល​ចត្តាឡីស័ក ដែល​បង្ក​ហានិភ័យ​ដល់​ពលរដ្ឋ​ទូទាំង​ប្រទេស​។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​ជំរុញ​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ឱ្យ​ជួយ​ពន្យារ​ពេល​ដល់​ពលរដ្ឋ​ក្នុង​ការ​ទូទាត់​សងបំណុល ដើម្បី​រួមចំណែក​ជួយ​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក។ «»

ក្រោយ​ព្រឹត្តិការណ៍​២០ កុម្ភៈ រដ្ឋាភិបាល បានសម្រេច​បិទ​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ជា​បណ្ដោះអាសន្ន រួមមាន រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​ព្រះវិហារ និង​ខេត្ត​ព្រះសីហនុ ព្រមទាំង​ទីតាំង​ជាច្រើន​កន្លែង​ទៀត ដូចជា ក្លឹប​កម្សាន្ត ហាង​ម៉ាស្សា ខារ៉ាអូខេ សណ្ឋាគារ និង​អគារ​ស្នាក់នៅ​មួយ​ចំនួន។

គិត​ត្រឹម​ថ្ងៃ​ទី​២៦ កុម្ភៈ កម្ពុជា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ៧៤១នាក់ ក្នុង​នោះ ព្យាបាល​ជាសះស្បើយ ៤៧៧​នាក់ និង​កំពុង​សម្រាក​ព្យាបាល ២៦២នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles