មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០​នាក់​គ្រោង​ប្ដឹង​សុំ​នៅ​ក្រៅ​ឃុំ

ដោយ មាន ឫទ្ធិ
2021-02-27
RFA

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០​នាក់​គ្រោង​ប្ដឹង​សុំ​នៅ​ក្រៅ​ឃុំ

លោក​មេធាវី សំ សុគង់ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA


មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ១០​នាក់​ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​គ្រោង​ស្នើ​ទៅ​តុលាការ​ឱ្យ​ពួកគេ​អាច​នៅ​ក្រៅ​ឃុំ។ មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា រឿង​នេះ​ជា​រឿង​នយោបាយ​និង​ចង់​ឃើញ​អាជ្ញាធរ ឬ​តុលា​ការ​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​អ្នក​ទាំង​នោះ​វិញ។

លោក​មេធាវី សំ សុគង់ កំពុង​សិក្សា​ផ្លូវច្បាប់ និង​រក​ច្រកចេញ​ដើម្បី​ស្នើសុំ​តុលាការ​ឱ្យ​កូនក្ដី​របស់​លោក ដែល​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​មាតុភូមិនិវត្តន៍​លើក​ទី​២ អាច​នៅ​ក្រៅ​ឃុំ​បាន​។ លោក​ថា កូនក្ដី​របស់​លោក​គឺជា​ជន​បង្គោល​ក្នុង​គ្រួសារ ដូច្នេះ​បើ​តុលាការ​ឲ្យ​ពួកគេ​នៅ​ក្រៅ​ឃុំ ពួកគេ​មិន​រត់​គេច​ខ្លួន​ទៅ​ណា​ទេ​។ លោក​មេធាវី​ឱ្យ​ដឹង​ទៀត​ថា ទោះ​តុលាការ​លើក​ពេល​សវនាការ​ព្រោះ​មាន​ការ​រីក​រាលដាល​ជំងឺ​កូវីដ​១៩ ​ក្ដី ប៉ុន្តែ​សំណុំរឿង​កូនក្ដី​របស់​លោក​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត​នៅឡើយ​ទេ ដូច្នេះ​លោក​អាច​ស្នើ​សុំ​ឱ្យ​កូនក្ដី​លោក​នៅ​ក្រៅ​ឃុំ​បាន៖ «ពួកគាត់​មួយ​ចំនួន​ធំ​ហ្នឹង​ការស៊ើបអង្កេត​បាន​បិទ​បញ្ចប់​ហើយ​អ៊ីចឹង​ការ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ មិន​ព្រួយបារម្ភ​ថា មានការ​ត្រូវរ៉ូវ​ជាមួយ​ជនជាប់ចោទ​ដទៃ ឬ​ប៉ះពាល់​ដល់​ការ​ស៊ើបអង្កេត​ទេ»។

លោក សំ សុគង់ ឱ្យ​ដឹង​ទៀត​ថា ក្នុងចំណោម​កូនក្ដី​ជាង ​១០​នាក់ ភាគច្រើន​កំពុង​ជាប់ឃុំ​នៅ​ភ្នំពេញ ​(៩​នាក់) ក្រៅពីនេះ​ក៏​កំពុង​ជាប់ឃុំ​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ឧត្តរមានជ័យ​។ អ្នក​ទាំងនោះ​ជាប់​ចោទ​ពី​បទ​ចោទ​ញុះញង់​និង​រួមគំនិត​ក្បត់​។ លោក​គ្រោង​ស្នើសុំ​ទៅ​តុលាការ​នៅ​សប្ដាហ៍​ក្រោយ​ដើម្បី​ឱ្យ​កូនក្ដី​លោក​អាច​ព្យាបាល​ជំងឺ និង​រកស៊ី​ចិញ្ចឹម​គ្រួសារ។

មន្ត្រី​សិទ្ធិមនុស្ស​ថា ការ​ចាប់ខ្លួន និង​ការចោទប្រកាន់​នេះ​មាន​ចរិត​នយោបាយ​ជាង​ការ​អនុវត្ត​ច្បាប់​។​

​ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេត​ឃើញ​ថា រឿង​នេះ​ជា​រឿង​នយោបាយ ហើយ​រដ្ឋាភិបាល​ខ្លួនឯង​ក៏​ប្រកាស​ថា ជា​រឿង​នយោបាយ​ដែរ​។ លោក​បង្ហាញ​កង្វល់​ថា បើ​អាជ្ញាធរ​នៅតែ​មិន​កែប្រែ​វិធានការ​នេះ​ទេ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​កើត​ជំងឺ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ និង​បង្ក​ជា​វិបត្តិ​សង្គម៖ «បញ្ហា​ជំងឺ​ផ្លូវចិត្ត​ជា​ជំងឺឆ្លង​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​ឧទាហរណ៍​ថា បុគ្គល​ «ខ​»មិនបាន​ធ្វើ​អី​ទេ​តែ​គេ​ចាប់​បុគ្គល​ «ក​» ដោយ​អយុត្តិធម៌ ឬ​ប្រកាស​ណាមួយ​អ៊ីចឹង​សេចក្ដី​ឈឺចាប់​វា​ឆ្លង​គ្នា»។

លោក រស់ សុដ្ឋា ព្រួយបារម្ភ​ថា ការ​ចាប់​ចង​និង​ចោទប្រកាន់​ពលរដ្ឋ នឹង​កើត​ឡើងជា​បន្ត​ទៀត បើ​គ្មាន​ដំណោះស្រាយ​នយោបាយ​។ លោក​ថា បញ្ហា​នេះ​គឺជា​ការ​បង្កើត​ជា​សោកនាដកម្ម​លើ​ពលរដ្ឋ​។​

​ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា វិធានការ​ផ្លូវច្បាប់​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​ជា​ការ​អនុវត្ត​ច្បាប់ មិនមែន​ជា​ការរំលោភ​សិទ្ធិមនុស្ស​ឡើយ​។ លោក​ថា សកម្មជន​ទាំង​នោះ​ត្រូវ​ចាប់ខ្លួន​ព្រោះ​ពួកគេ​បម្រើ​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ​ចោល៖ «ឥឡូវ​បញ្ជាក់​ថែម​ណា អតីត​បក្ស​ប្រឆាំង​ត្រូវ​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​អញ្ចឹង​អតីត​បក្ស​ប្រឆាំង​ជា​ក្រុម​ខុសច្បាប់​ដែល​ហៅថា ឧទ្ទាម​ក្រៅច្បាប់ អ៊ីចឹង​ទេ អ្នក​ដែល​គាំទ្រ និង​ធ្វើ​សកម្មភាព​បម្រើ​ឱ្យ​ឧបាយកល​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​សុទ្ធតែ​អ្នក​ខុសច្បាប់​ហើយ អត់​និយាយ​អ្នក​ក្នុង​ប្រទេស ឬ​ក្រៅ​ប្រទេស​ទេ សុទ្ធតែ​អ្នក​ខុសច្បាប់»។

អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះជាតិ​យ៉ាងហោចណាស់​១១​នាក់​កាលពី​ចុង​ខែ​ធ្នូ ស្រប​ពេល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដឹកនាំ​ដោយ​អ្នកស្រី មូរ សុខហួរ គ្រោង​វិល​ចូល​ស្រុក​វិញ​កាលពី​ថ្ងៃ​ទី​៤ មករា​។ បើ​គិត​រួម​ទាំង​ការ​ចាប់ខ្លួន​តាំងពី​ចុង​ឆ្នាំ​២០១៩​ មក សកម្មជន​បក្ស​ប្រឆាំង​ជាង ៧០​នាក់​ហើយ ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​អ្នក​ទាំងនោះ​ពី​បទ​ញុះញង់ និង​រួមគំនិត​ក្បត់។

អ្នកឃ្លាំមើល​សង្គម​លើក​ឡើង​ថា បើ​រដ្ឋាភិបាល​មិន​ព្រម​កែ​លម្អ​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើងវិញ​ទេ​កម្ពុជា​អាច​ប្រឈម​ដាក់ទណ្ឌកម្ម​បន្ត​ទៀត​ពី​សហគមន៍​អន្តរជាតិ ខណៈ​ការរំលោភ​សិទ្ធិមនុស្ស​នេះឯង បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ពី​អឺរ៉ុប​អស់​ ២០​ភាគរយ ហើយ​សហរដ្ឋអាមេរិក​ ក៏​មិនទាន់​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ GSP ​វិញ​នៅ​ឡើយ​​ដែរ ក្នុង​​ឆ្នាំ​២០២១​ នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles