ដោយ ឡេង ម៉ាលី
2021-02-27
RFA

ផលិតកម្មព្រះអាទិត្យរះ ដែលផ្សព្វផ្សាយពីការតែងនិពន្ធសិល្បះចម្រៀង របស់សកម្មជនសង្គ្រោះជាតិលោក ទុំ ប៊ុនផង។ Screenshot
សកម្មជនគណបក្សសង្គ្រោះជាតិ ដែលមានជំនាញផ្នែកសិល្បៈ បានរួមគ្នាតែងនិពន្ធចម្រៀង និងច្រៀងរៀបរាប់ពីបញ្ហានយោបាយ សង្គម និងបរិស្ថាន បង្ហោះតាមបណ្ដាញសង្គម។ ក្រុមអ្នកភៀសខ្លួននយោបាយទាំងនោះបានយកសិល្បៈចម្រៀងធ្វើជាផ្នែកមួយនៃការតស៊ូមតិ និងរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន។
ការផលិតចម្រៀងក្នុងយុគសម័យបច្ចេកវិទ្យានេះ មិនចាំបាច់ទាល់តែមានធនធានច្រើន បន្ទប់ស្ទូឌីយ៉ូស្តង់ដារ ឬឧបករណ៍សម្ភារៈច្រើនពេកនោះទេ ពោលគឺមានត្រឹមតែកុំព្យូរទ័រមួយគ្រឿង និងទូរស័ព្ទមួយគ្រឿង ក៏អាចធ្វើបានដែរ។ នេះជាការអះអាងរបស់ក្រុមសកម្មជនគណបក្សសង្គ្រោះជាតិដែលភៀសខ្លួននៅប្រទេសថៃ។ ពួកគេបានផលិតចម្រៀងរៀបរាប់ពីបញ្ហាសង្គម និងនយោបាយ ជាច្រើនបទជូនប្រជាពលរដ្ឋបានស្ដាប់ ដោយប្រើត្រឹមតែកុំព្យូទ័រ និងទូរស័ព្ទដៃមួយគ្រឿងប៉ុណ្ណោះ។
បទនេះមានចំណងជើងថា “ ទទាយំឆ្លង “ ច្រៀងដោយជនភៀសខ្លួននយោបាយនៅប្រទេសថៃ លោក ទុំ ប៊ុនថន។ បទនេះត្រូវបានបង្ហោះក្នុងទំព័រហ្វេសប៊ុក។ បទនេះជាការឆ្លងឆ្លើយប្រាប់ទៅលោក ហ៊ុន សែន បើកទ្វារឱ្យពួកគេអាចចូលប្រទេសកម្ពុជា ដើម្បីតតាំងក្ដីនៅតុលាការ។
ក្នុងបន្ទប់តូចមួយនៅជាយក្រុងបាងកក សកម្មជនសង្គ្រោះជាតិលោក ទុំ ប៊ុនផង កំពុងហាត់សមបទចម្រៀងជាមួយទូរស័ព្ទរបស់លោកដែលបានបញ្ជូនកម្មវិធីសម្រាប់បញ្ចូលសំឡេងច្រៀងជាមួយភ្លេង។ អតីតអ្នកទោសនយោបាយរូបនេះ ធ្លាប់ជាប់ពន្ធនាគារក្នុងព្រឹត្តិការណ៍វិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។
លោក ទុំ ប៊ុនថន ប្រាប់ថា មុនដំបូងលោកមិនចេះតែងនិពន្ធចម្រៀងនោះទេ ប៉ុន្តែនៅពេលត្រូវជាប់ពន្ធនាគារដោយអយុត្តិធម៌ និងមើលឃើញពីបញ្ហាសង្គម ទើបធ្វើឱ្យលោកចេះសរសេរពីរឿងរ៉ាវទាំងឡាយរៀបរាប់ទៅក្នុងបទចម្រៀង។
បើស្ដាប់ចម្រៀងលោក ទុំ ប៊ុនថន ដែលបង្ហោះតាមបណ្ដាញសង្គមហាក់ដូចជាបទនេះថតក្នុងបន្ទប់ស្ទូឌីយ៉ូ ដែលមានឧបករណ៍សម្ភារៈច្រើន ប៉ុន្តែតាមពិត គឺត្រូវការតែទូរស័ព្ទ និងជើងទម្រមួយគ្រឿង ព្រមទាំងថវិកាខ្លះដើម្បីទិញកម្មវិធី ថតចម្រៀងប៉ុណ្ណោះ។ លោកយល់ថា ចម្រៀងគឺជាផ្នែកសំខាន់មួយ នៃការតស៊ូមតិដោយអហិង្សា។
ស្រដៀងគ្នានេះ សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀត គឺលោកស្រី ឡេង សុទ្ធារី ក៏កំពុងបង្ហើរសំឡេង ចេញពីបន្ទប់ រស់នៅរបស់ខ្លួន នៅប្រទេសថៃដែរ។ លោកស្រី ឡេង សុទ្ធារី សរសេរបទចម្រៀងមួយបទ សរសើរពីទឹកចិត្តអង់អាចរបស់អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ។ «»
អ្នកស្រី ឡេង សុទ្ធារី នៅតែចាត់ទុកថ្នាក់ដឹកនាំគណបក្សប្រឆាំងរូបនេះថា ជាស្ត្រីក្លាហាន បើទោះបីជាគាត់មិនអាចវិលចូលស្រុកតាមផែនការក្តី។ សកម្មជនគណបក្សសង្គ្រោះជាតិរូបនេះយល់ថា អ្នកស្រី មូរ សុខហួរ នៅតែរក្សាជំហរវិលចូលស្រុកវិញ និងកំពុងរិះរកមធ្យោបាយ ដើម្បីអាចវិលចូលស្រុកវិញ។
ការផលិតចម្រៀងរបស់ជនភៀសខ្លួននយោបាយនៃគណបក្សសង្គ្រោះជាតិនេះ មានតួអង្គសំខាន់ៗ គឺអ្នកនិពន្ធ អ្នកចម្រៀង និងអ្នកកាត់តវីដេអូ ។ មុននឹងបានចម្រៀងមួយបទៗ ពួកគេបានជួបជជែកគ្នា ដើម្បីផ្លាស់ប្ដូរគំនិតយោបល់ជាញឹកញាប់។ «»
នៅហាងកាហ្វេមួយកន្លែងក្នុងទីក្រុងបាងកក សកម្មជនគណបក្សសង្គ្រោះជាតិកំពុងជជែកគ្នាពីការសរសេរបទចម្រៀងថ្មីទាក់ទងនឹងការវិវឌ្ឍនៃស្ថានការណ៍នយោបាយនៅកម្ពុជា។ សកម្មជនគណបក្សសង្គ្រោះជាតិ លោក ខិន សាម៉ន ដែលមានជំនាញផ្នែកច្រៀង តែងនិពន្ធ កាត់ត និងបញ្ចូលរូបភាពក្នុងកុំព្យូទ័រផងនោះ កំពុងច្រៀងតិចៗពីចម្រៀងដែលលោកទើបនិពន្ធរួច។ «»
កវីរូបនេះប្រាប់អាស៊ីសេរីថា លោកធ្លាប់ប្រឡងជាប់លេខល្អក្នុងការប្រឡងតែងនិពន្ធនៅថ្នាក់ខេត្ត និងថ្នាក់ជាតិ។ លោកឱ្យដឹងថា ចាប់តាំងពីភៀសខ្លួនមកដល់ប្រទេសថៃ លោកនិពន្ធចម្រៀងបានជាង ១០បទ ដោយបទខ្លះលោកច្រៀងខ្លួនឯង និងបទខ្លះទៀតឱ្យអ្នកផ្សេងជួយច្រៀង។ លោកថា ដើម្បីសរសេរបទចម្រៀងបានមួយបទៗ លោកត្រូវការពេលវេលាដើម្បីគិត ប្រមូលព័ត៌មាន និងបញ្ចូលអារម្មណ៍។ «»
លោក ខិន សាម៉ន ឱ្យដឹងទៀតថា ការសរសេរបទចម្រៀងរបស់លោកគ្មានបំណងញុះញង់ឱ្យខ្មែរបែកបាក់គ្នានោះទេ ផ្ទុយទៅវិញលោកចង់ឃើញមានដំណោះស្រាយនយោបាយ និងការផ្សះផ្សាជាតិ ដើម្បីខ្មែរបានសុខសន្តិភាពនិងការអភិវឌ្ឍទាំងអស់គ្នា។ «»
ក្រុមសកម្មជនគណបក្សប្រឆាំងបានរត់ភៀសខ្លួនទៅក្រៅប្រទេសជាបន្តបន្ទាប់ ជាពិសេស ទៅប្រទេសថៃ ចាប់តាំងពីរបបក្រុងភ្នំពេញរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧
សព្វថ្ងៃមានសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិជិត១០០នាក់ដែលកំពុងស្នាក់នៅ ប្រទេសថៃ គេចចេញពីការធ្វើទុក្ខបុកម្នេញ និងមិនព្រមចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ ពួកគេក្រៅពីតស៊ូមតិតាមរយៈសិល្បៈចម្រៀង ក៏មានក្រុមខ្លះផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុកផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។