អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (RSF) ជំរុញ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​អនុក្រឹត្យ​បង្កើត​ច្រក​ទ្វារ​អ៊ិនធឹណិត​ជាតិ

ដោយ មាន ឫទ្ធិ
2021-02-26
RFA

អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (RSF) ជំរុញ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​អនុក្រឹត្យ​បង្កើត​ច្រក​ទ្វារ​អ៊ិនធឹណិត​ជាតិ

អ្នកប្រើទូរស័ព្ទដៃ និង​កុំព្យូទ័រ​ទាំង​នេះ កំពុង​ស្វែង​រក​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឹណិត (Internet) រូប៖ RFA


អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Border) ថ្កោលទោស​រដ្ឋាភិបាល​ដែល​បាន​ចេញ​អនុក្រឹត្យ​បង្កើត​ច្រក​ទ្វារ​អ៊ិនធឹណិត​ជាតិ។ អង្គការ​នេះ​ថា អនុក្រឹត្យ​នេះ នឹង​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​រដ្ឋ​អាច​រាំង​ខ្ទប់ ឬ​ប្លុក​ការ​ត​ភ្ជាប់​អ៊ិនធឹណិត និង​ព័ត៌មាន​អនឡាញ (online) បាន​តាម​ទំនើង​ចិត្ត។ អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​លុប​ចោល​អនុក្រឹត្យ​នេះ ដោយសារ​តែ​អនុក្រឹត្យ​នេះ​នឹង​ដាក់​អ៊ិនធឹណិត​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ ហើយ​បង្កើត​បាន​នូវ​ប្រព័ន្ធ​នៃ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​មិន​ហ៊ាន​បញ្ចេញ​មតិ​ខ្លួន​ឯង។

អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន ហៅ​អនុក្រឹត្យ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី១៦ កុម្ភៈ​កន្លង​ទៅ​ថា នឹង​ផ្តល់​នូវ​កម្រិត​នៃ​ការគ្រប់គ្រង​ព័ត៌មាន និង​ដំណឹង​ដែល​មិន​ធ្លាប់​ឃើញ​មាន​នៅ​កម្ពុជា​ចាប់​តាំងពី​របប​ខ្មែរក្រហម​មក។ អង្គការ​ដដែល​នេះ​ពន្យល់​ថា អនុក្រឹត្យ​នេះ នឹង​ក្លាយ​ជា​អាវុធ​ផ្លូវច្បាប់​មួយ ដែល​នឹង​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​ព័ត៌មាន​អនឡាញ ដោយសារ​តែ​ច្រក​ចេញ​ចូល​តែ​មួយ​នេះ នឹង​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​អាច​ទាញ​យក​មកវិញ​នូវ​ទិន្នន័យ​ឯកជន​របស់​អ្នកប្រើប្រាស់ ហើយ​អាច​ប្លុក​ខ្លឹមសារ​នៃ​អ៊ិនធឹណិត​បាន​ទាំង​ស្រុង ឬ​ដោយ​ផ្នែក។

អង្គការ​អន្តរជាតិ​ដដែល​នេះ បន្តថា ក្រៅ​ពី​នេះ អាជ្ញាធរ​ក៏​អាច​ឈ្លប​យក​ការណ៍​លើ​សកម្មភាព​អ្នកប្រើប្រាស់​នៅ​តាម​ប្រព័ន្ធ​អ៊ិនធឹណិត​ផង​ដែរ។ នាយក​កិច្ចការ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន លោក ដានីញ៉ែល បាស្តាត (Daniel Bastard) ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​ផ្សាយ​នៅ​ថ្ងៃទី២៥ កុម្ភៈ​ថា ការ​បង្កើត​អនុក្រឹត្យ​នេះ គឺ​ជា​ការ​យក​គំរូ​តាម​ទាំង​ស្រុង​ពី​ប្រព័ន្ធ Great Firewall បង្កើត​ឡើង​ដោយ​អាជ្ញាធរ​ចិន ដែល​ជំនាញ​ខាង​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ឈ្លប​យក​ការណ៍​កម្រិត​អន្តរជាតិ។ លោក​ជំរុញ​ឲ្យ​មេ​ដឹក​នាំ​កម្ពុជា​លុប​ចោល​គម្រោង​ការ​នៃ​ការ​បង្កើត​ច្រក​ទ្វារ​អ៊ិនធឹណិត​ជាតិ​នេះ។

ជុំវិញ​ការរិះគន់​ក្រោយ​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​នេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ធ្លាប់​បក​ស្រាយ​ថា គោល​បំណង​នៃ​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​នេះ គ្មាន​គោលដៅ​រឹតត្បិត​សិទ្ធិ​សេរី​ភាព​បញ្ចេញមតិ​ដោយ​យក​តាម​គំរូ​របស់​ប្រទេស​ចិន​នោះ​ទេ។ ក្រសួង​ពន្យល់​ថា ផ្ទុយទៅវិញ​​ ការ​បង្កើត​ច្រក​ទ្វារ​អ៊ិនធឹណិត​ជាតិ​នេះ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រមូល​ចំណូល​ជាតិ​ដោយ​ផ្អែក​លើ​គោល​ការណ៍​ប្រកួត​ប្រជែង​ស្មើភាព ស្មោះត្រង់ និង​តម្លាភាព​រវាង​រដ្ឋ និង​ប្រតិបត្តិករ ​ព្រម​ទាំង​ជួយ​ស្កាត់​ការ​លួច​ត​ភ្ជាប់​បណ្ដាញ​ឆ្លង​ដែន​ខុស​ច្បាប់ ល្បែង​ស៊ី​សង​អនឡាញ​ខុស​ច្បាប់ ​ការ​គំរាម​កំហែង​តាម​អ៊ីនធឺណិត រូប​ភាព​អាសអាភាស ​និង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles