ដោយ ខែ សុណង
2021-02-27
RFA

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំនៅកម្ពុជា លោក ផាទ្រីក ម័រហ្វី (Patrick Murphy) (ឆ្វេង) ជួបពិភាក្សាការងារជាលើកដំបូងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។ រូបពីហ៊្វេសប៊ុក លោក ហ៊ុន សែន
សហរដ្ឋអាមេរិកជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ប្រឹងប្រែងលើកស្ទួយសិទ្ធិការងារ និងអនុវត្តច្បាប់តឹងរ៉ឹងទៅលើជនល្មើសពាក់ព័ន្ធនឹងអំពើជួញដូរកម្លាំងពលកម្ម និងជួញដូរមនុស្ស។ ការលើកឡើងនេះ គឺនៅស្របពេលដែលសហរដ្ឋអាមេរិកមិនទាន់បន្តសុពលភាពប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់កម្ពុជានៅឡើយ។ សហជីពជឿថា សាររបស់សហរដ្ឋអាមេរិក អាចមានជាប់ទាក់ទងនឹងរឿងប្រព័ន្ធអនុគ្រោះពន្ធ GSP។
សហរដ្ឋអាមេរិកដាស់តឿនរដ្ឋាភិបាលកម្ពុជា ឱ្យការពារសិទ្ធិកម្មករ កាត់បន្ថយពលកម្មកុមារ និងពលកម្មដោយបង្ខំ ដែលជាលក្ខខណ្ឌជួយឱ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ផ្នែកពាណិជ្ជម្ម តាមរយៈកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ហៅកាត់ថា ជីអេសភី (GSP)។ សហរដ្ឋអាមេរិកគូសបញ្ជាក់ថា កម្ពុជាបានទាញយកប្រយោជន៍ពេញលេញពីកម្មវិធីនេះ ហើយបានបង្កើតការងាររាប់ពាន់កន្លែង និងបង្កើនឱកាសផ្នែកពាណិជ្ជកម្ម តាំងពីកម្ពុជាបំពេញបានតាមលក្ខខណ្ឌកំណត់នេះ។ សហរដ្ឋអាមេរិកជឿថា ទំនាក់ទំនងពាណិជ្ជកម្មគួរតែផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក មានតម្លាភាព ហើយគោរពតាមបទដ្ឋានខ្ពស់បំផុត ដោយរួមទាំងសិទ្ធិការងារដែលជាសិទ្ធិមូលដ្ឋានរបស់មនុស្សផងដែរ។
សហរដ្ឋអាមេរិកបញ្ចេញសារបែបនេះតាមរយៈទំព័រហ្វេសប៊ុក (Facebook) របស់ស្ថានទូតប្រចាំនៅកម្ពុជា ក្រោយពីលោកឯកអគ្គរដ្ឋទូត ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បានជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង កាលពីថ្ងៃទី២៣ កុម្ភៈ។ មន្ត្រីទាំងពីររូបបានពិភាក្សាគ្នាអំពីសារសំខាន់នៃការពង្រឹងការអនុវត្តច្បាប់ទាក់ទងនឹងការកេងប្រវ័ញ្ច និងការជួញដូរមនុស្ស ព្រមទាំងការធ្វើការជាមួយគ្នា ដើម្បីលើកកម្ពស់សេរីភាពនៃការចងក្រងជាសមាគម និងគុណតម្លៃស្នូលដទៃទៀតនៃពលកម្មនៅកម្ពុជា។
ស្ថានទូតសហរដ្ឋអាមេរិកលើកឡើងទៀតថា សហរដ្ឋអាមេរិក និងកម្ពុជា មានគោលដៅរួមគ្នា ក្នុងការកាត់បន្ថយកម្លាំងពលកម្មកុមារ និងការធ្វើពលកម្មដោយបង្ខំ ដោយរួមទាំងទម្រង់នៃទាសភាពសម័យទំនើប ដូចជា ទាសភាពបំណុល ជាដើម។ ប្រទេសមហាអំណាចមួយនេះលើកទឹកចិត្តដល់អាជ្ញាធរកម្ពុជា ឱ្យកាត់ទោសជនល្មើស និងការពារជនរងគ្រោះ ព្រមទាំងការពារកុំឱ្យមានបទល្មើសជួញដូរមនុស្ស។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីសាកសួរបន្ថែមអំពីរឿងនេះបានទេ នៅថ្ងៃទី២៦ កុម្ភៈ។
ទោះជាយ៉ាងណា ក្រសួងការងារបានទទួលស្គាល់ថា កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកបានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា បើទោះបីជាជំងឺកូវីដ-១៩ កំពុងបន្តគំរាមកំហែងក៏ដោយ។
ក្រសួងការងារឱ្យដឹងតាមហ្វេសប៊ុកនៅថ្ងៃទី២៣ កុម្ភៈថា កម្ពុជាពេញចិត្តនឹងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ដែលជួយបង្កើតការងារជូនកម្មករនិយោជិត។ ក្រសួងបញ្ជាក់ថា បើទោះជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ក៏ការនាំចេញផលិតផលពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មិនបានធ្លាក់ចុះទេ មានតែកើនឡើងថែមទៀត បើប្រៀបធៀបនឹងទីផ្សារប្រទេសដទៃ។ ក្រសួងការងារបញ្ជាក់ថា ក្រសួងឯកភាពជាមួយសហរដ្ឋអាមេរិកក្នុងការបន្តពិនិត្យចំណុចមួយចំនួននៃច្បាប់ទាំងឡាយដែលត្រូវធ្វើបច្ចុប្បន្នភាព ដើម្បីការអនុវត្តកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ការលើកឡើងរបស់ស្ថានទូតសហរដ្ឋអាមេរិកនេះ ជាសារមួយបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលកម្ពុជាត្រូវពិនិត្យមើលចំណុចខ្វះខាតទាំងឡាយពាក់ព័ន្ធវិស័យការងារ និងសិទ្ធិមនុស្ស។ លោកជំរុញឱ្យរដ្ឋាភិបាលកែលម្អទៅតាមលក្ខខណ្ឌដែលបានព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីទទួលបានការអនុគ្រោះពន្ធ GSP បន្តទៅទៀត ព្រោះកម្ពុជាបានបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ចំនួន២០% រួចទៅហើយ៖ «ជាទូទៅ គឺសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច គេតែងតែរកមធ្យោបាយដើម្បីជំរុញឱ្យមានការគោរពសិទ្ធិកម្មករ កុំឱ្យមានការកេងប្រវ័ញ្ចកម្លាំងពលកម្ម ដើម្បីផ្តល់ឱ្យនូវកូតា ឬក៏លក្ខខណ្ឌផលប្រយោជន៍មកឱ្យកម្ពុជាច្រើន។ អ៊ីចឹងខ្ញុំគិតថា វាជាពេលមួយសមរម្យដែលរដ្ឋាភិបាលគួរតែពិនិត្យឡើងវិញអំពីចំណុចខ្វះខាតកន្លងមក ដែលខ្លួនបានធ្វើទៅ វាមិនបានឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងផ្សេងៗជាមួយនឹងប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាដើម»។
ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិក បង្កើតឡើងក្នុងគោលដៅជួយអភិវឌ្ឍ និងពង្រឹងការលូតលាស់សេដ្ឋកិច្ចរបស់ប្រទេសក្រីក្រ។ សហរដ្ឋអាមេរិកផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធនេះក្រោមលក្ខខណ្ឌដែលប្រទេសទទួល ត្រូវធានាគោរពសិទ្ធិការងារ និងលុបបំបាត់រាល់ទម្រង់នៃពលកម្មកុមារ ព្រមទាំងលក្ខខណ្ឌមួយចំនួនទៀត។
កម្ពុជាចាប់ផ្ដើមទទួលបានការអនុគ្រោះពន្ធ GSP នៅឆ្នាំ ១៩៩៧ ហើយតាមរយៈកម្មវិធីនេះ កម្ពុជានាំចេញទំនិញទៅទីផ្សារសហរដ្ឋអាមេរិក គិតជាទឹកប្រាក់ជាង ១៨០លានដុល្លារ ក្នុងមួយឆ្នាំៗ។
ទោះជាយ៉ាងណា កម្មវិធីនេះបានផុតកំណត់កាលពីថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២០ ហើយគិតមកដល់ចុងខែកុម្ភៈឆ្នាំ២០២១ នេះ សហរដ្ឋអាមេរិកមិនទាន់បន្តសុពលភាពឱ្យកម្ពុជាទៀតនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
I knew they are trying hard to convincing this dump man to walk in the right pat if not he is the one will go after MYANMA military cue
ការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹតត្បិតប្រជាធិបតេយ្យ នោះទេ
2021-03-03 10:17am
ឯ/ឧ ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា លម្ហប្រជាធិបតេយ្យនៅកម្ពុជា បើកទូលាយជានិច្ចសម្រាប់អ្នកអនុវត្តសិទ្ធិ និងសេរីភាពរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់។ ខណៈការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹតត្បិតលម្ហប្រជាធិបតេយ្យនោះទេ។
ការបញ្ជាក់បែបនេះរបស់ ជិន ម៉ាលីន បានធ្វើឡើងក្រោយពី លោក ផាទ្រិក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបញ្ចេញមតិជុំវិញការកាត់ទោសទណ្ឌិត សម រង្ស៉ី មេចលនាក្រុមឧទ្ទាមក្រៅច្បាប់ និងបក្ខពួកចំនួន៨រូបទៀត ឱ្យជាប់ពន្ធនាគារពី ២០ឆ្នាំ ទៅ២៥ឆ្នាំ ពាក់ព័ន្ធនឹងបទឧបឃាត ឬការរៀបផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
លោក សម រង្ស៉ី និងបក្ខពួក៨នាក់ផ្សេងទៀត រួមមាន៖ លោក អេង ឆៃអ៊ាង, លោកស្រី មួរ សុខហួរ, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោកឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សួមួរ៉ា និង លោក នុត រំដួលកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីបទ «ឧបឃាត» ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។
ជាការឆ្លើយតបចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអាមេរិករូបនេះ ឯ/ឧ ជិន ម៉ាលីន បានឱ្យដឹងថា «ការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹតត្បិតលម្ហប្រជាធិបតេយ្យនោះទេ។ ចំណែកឯការរិះគន់លើនីតិវិធី និងការសម្រេចរបស់តុលាការ ដោយមិនផ្អែកលើមូលដ្ឋានច្បាប់ និងនីតិវិធីច្បាប់របស់កម្ពុជា ហើយដើម្បីតែការពារក្រុមជនល្មើសនោះ វាជាការិះគន់បែបអយុត្តិធម៌ និងមានស្តង់ដាពីរ»។
ជុំវិញចំណុចនេះដែរ ឯ/ឧ ជិន ម៉ាលីន ក៏បានលើកឡើងចំនួន ៣ចំណុច ជាចំណេះដឹងផ្នែកច្បាប់ អំពីព្រឹត្តិការណ៍ ៩ វិច្ឆិកា ដែលអ្នកជាប់ពាក់ព័ន្ធ និងទទួលខុសត្រូវតាមផ្លូវច្បាប់របស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួកចំនួន៨នាក់ផ្សេងទៀតរួមមាន៖
ទី១៖ ផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្សី នៅថ្ងៃ៩ វិច្ឆិកា ២០១៩ កន្លងទៅនេះ គឺជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ជាពិសេសដើម្បីទម្លាក់នាយករដ្ឋមន្រ្តីស្របច្បាប់ចេញពីដំណែង តាមរយៈយុទ្ធនាការញុះញង់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការឱ្យបះបោរតាមរូបភាពបដិវត្តហឹង្សា និងការបង្កើតមូលនិធិដើម្បីធ្វើសកម្មភាពរដ្ឋប្រហារនេះ។ សកម្មភាពទាំងនេះ គឺជាអំពើវិទ្ធង្សនា ដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខជាតិ
ទី២៖ ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ ត្រូវផ្តន្ទាទោសក្រោម បទល្មើសឧបឃាត ចំណែកអ្នកដែលចូលរួមក្នុងគម្រោងផែនការនេះ ត្រូវជាប់ទោសពីបទ រួមគំនិតក្បត់។ អំពើវិទ្ធង្សនាដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខជាតិបែបនេះ តែងតែមានការចូលរួម និងពាក់ព័ន្ធជាមួយមនុស្សជាច្រើន ហើយដែលកម្ពុជាមិនមែនជាករណីដោយឡែកនោះទេ ដូចជាករណីរដ្ឋប្រហារមិនបានសម្រេចនៅតួគីជាដើមដែលមានមនុស្សរាប់មុឺននាក់ត្រូវបានចាប់ខ្លួន និងសូម្បីតែករណីហឹង្សានៅវិមានរដ្ឋសភាកាពីតូលរបស់អាមេរិកនាពេលថ្មីៗនេះ ក៏មានអ្នកដែលត្រូវឃុំខ្លួនជាង ១០០នាក់ដែរ និងកំពុងតែស្វែងរកអ្នកពាក់ព័ន្ធដ៏ទៃទៀត។
និងទី៣៖ ជាគោលការណ៍ច្បាប់ អ្នកដែលពាក់ព័ន្ធនិងរងការចោទប្រកាន់ក្នុងព្រឹត្តិការ ៩ វិច្ឆិកា នេះ ត្រូវចូលរួមក្នុងដំណើរការនីតិវិធីតុលាការ និងប្រើប្រាស់សិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ដោយមានជំនួយពីមេធាវី ដើម្បីដោះបន្ទុកនិងតតាំងជាមួយបទចោទ។ នេះជាមធ្យោបាយតាមផ្លូវច្បាប់តែមួយគត់ដើម្បីការពារខ្លួនរួចពីបទចោទ នៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ មិនមែនត្រូវធ្វើការទាមទារដាក់សម្ពាធលើតុលាការដែលជាស្ថាប័នឯករាជ្យឱ្យដោះលែង ឬទម្លាក់ចោលបទចោទនោះទេ។