ដោយ មាន ឫទ្ធិ
2021-02-27
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ក្នុងពិធីមួយនាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ ប្រភព៖ AFP
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងអ្នកវិភាគមើលឃើញថា ឥទ្ធិពលរបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងត្រូវបានពង្រីកយ៉ាងលឿនរហ័សទាំងនៅក្នុងជួរកងទ័ព រដ្ឋាភិបាល និងគណបក្ស។
ការយល់ឃើញបែបនេះ គឺបន្ទាប់ពីក្រសួងសុខាភិបាលបង្កើតអនុគណៈកម្មការថ្មីមួយហៅថា អនុគណៈកម្មការគ្រប់គ្រងសន្តិសុខនិងសណ្តាប់ធ្នាប់នៅតាមគោលដៅនិងតំបន់ចត្តាឡីស័កដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ អនុគណៈកម្មាការនេះមានលោក ហ៊ុន ម៉ាណែត ជាប្រធាន ហើយមានមន្ត្រីយោធា នគរបាល និងមន្រ្តីស៊ីវិលជាន់ខ្ពស់ចំនួន ១៣នាក់ ជាអនុប្រធាន និងសមាជិក។ ចំណុចសំខាន់នោះ គឺមន្ត្រីខ្លះមានឋានន្តរស័ក្តិផ្កាយ៤ខ្ពស់ជាងលោក ហ៊ុន ម៉ាណែត ដែលពាក់ផ្កាយ៣ទៅទៀត ប៉ុន្តែមន្ត្រីទាំងនោះបែរជាត្រូវធ្វើការក្រោមបង្គាប់របស់លោក ហ៊ុន ម៉ាណែត ទៅវិញ។
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើងថា ការតែងតាំងរបៀបនេះជាការបំពានឋានានុក្រមរបស់មន្ត្រី។ លោកថា ករណីនេះស្តែងកាន់តែច្បាស់អំពីការពង្រឹងអំណាចលោក ហ៊ុន ម៉ាណែត និងក្រុមគ្រួសារត្រកូលហ៊ុន ក្នុងទិសដៅឱ្យលោក ហ៊ុន ម៉ាណែត ស្នងតំណែងពីលោក ហ៊ុន សែន នៅថ្ងៃមុខ៖ «ក្នុងឋាននុក្រមផ្កាយ៣ មិនអាចគ្រប់គ្រងទៅលើផ្កាយ៤បានទេ។ នេះបានន័យថា លោក ហ៊ុន សែន គាត់តក់ក្រហល់ដើម្បីឡង់សេកូនគាត់ឱ្យមានឥទ្ធិពលនៅក្នុងបក្ស នៅក្នុងរដ្ឋាភិបាល នៅក្នុងគណៈកម្មការប្រយុទ្ធប្រឆាំងនឹងកូវីដ–១៩ ដើម្បីឱ្យមានឥទ្ធិពលទៅលើមន្ត្រីទាំងអស់ហ្នឹង ប៉ុន្តែភ្លេចគិតពីឋានានុក្រម»។
ចំណែកអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបណ្ឌិត មាស នី វិញ លោកមើលឃើញថា ការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់រឿងកូវីដ-១៩ នេះ គឺជាកាតព្វកិច្ចរបស់អាជ្ញាធរស៊ីវិល និងនគរបាល មិនគួរមានការតែងតាំងមេទ័ពឱ្យដឹកនាំការងារនេះទេ។ លោកយល់ថា ករណីនេះបង្ហាញថា អ្នកនយោបាយកំពុងមានឥទ្ធិពលទៅលើស្ថាប័នជំនាញ៖ «វាហាក់ដូចជា ឋានៈហ្នឹងខ្ពស់ពេកដែលត្រូវយកមកកាន់កាប់រឿងកូវីដនេះ។ បើឱ្យអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានពង្រឹងតែការអនុវត្តច្បាប់ទៅ ខ្ញុំគិតថា គាត់អាចធ្វើបានហើយ។ មិនបាច់ចាំទៅអំពល់ទុក្ខទៅយកមន្ត្រីជាន់ខ្ពស់កងទ័ពយកមកប្រើក្នុងស្ថានភាពបែបនេះទេ»។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជានកម្ពុជាលោក សុខ ឥសាន បកស្រាយថា ការតែងតាំងមន្រ្តីរាជការ គឺជាសិទ្ធិសម្រេចរបស់រដ្ឋាភិបាល។ លោកចាត់ទុកមតិរិះគន់ទាំងឡាយអំពីការតែងតាំងលោក ហ៊ុន ម៉ាណែត នេះ គឺជារឿងមិនត្រឹមត្រូវនិងមានចេតនាវាយប្រហារលើថ្នាក់ដឹកនាំរដ្ឋាភិបាល៖ «អាហ្នឹង គេចោទតាំងពីដើមមកតើ ដើម្បីវ៉ៃប្រហារមកលើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺគេធ្វើឯកជនភាវូបនីយកម្មគ្រួសារ ហ៊ុន សែន។ អាហ្នឹងវារឿងអ៊ីចឹង។ អាហ្នឹងហើយដែលជាក្បួនឬល្បិចកលក្នុងការលាបពណ៌មកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា»។
ទោះជាមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចបកស្រាយបែបនេះក្តី ក៏លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានប្រកាសរួចហើយថា លោកកំពុងជួយជ្រោមជ្រែងលោក ហ៊ុន ម៉ាណែត ឱ្យក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលយ៉ាងហោចណាស់ ១០ឆ្នាំ ទៀត។
ដោយសារតែការជួយជ្រោមជ្រែងនេះពីឪពុក លោក ហ៊ុន ម៉ាណែត បានឡើងរាសីខ្ពស់ត្រដែតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងវ័យ ៤៣ឆ្នាំ លោក ហ៊ុន ម៉ាណែត គឺជាឧត្តមសេនីយ៍ផ្កាយ៣ មានតួនាទីជាអគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្សលោក ហ៊ុន សែន។ ចំណែកនៅក្នុងគណបក្សប្រជាជនកម្ពុជាវិញ លោកគឺជាសមាជិកគណៈ អចិន្ត្រៃយ៍ ស្ថិតក្នុងចំណោមមនុស្ស ៣៤នាក់ ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស។ ក្រៅពីនេះ លោកជាប្រធានចលនាយុវជនដឹកនាំសមាជិកជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា ដែលភាគច្រើនជាកូនចៅរបស់មន្ត្រីជំនាន់មុន។
ទោះជាយ៉ាងណា ក្រុមអ្នកសង្កេតការណ៍យល់ឃើញស្របគ្នាថា ប្រសិនបើលោក ហ៊ុន សែន ចង់ផ្ទេរអំណាចឱ្យកូនដោយកិត្តិយស និងមានការទទួលស្គាល់នោះ លោកត្រូវតែរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ដោយអនុញ្ញាតឱ្យគ្រប់គណបក្សអាចចូលរួមប្រកួតប្រជែងបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សប្រឆាំង និងអ្នកឃ្លាំមើលថា លោក ហ៊ុន សែន កំពុងប្រើវិបត្តិកូវីដ-១៩ ដើម្បីលើកស្ទួយកូនប្រុសច្បង
- យុវជនខ្លះជឿថា លោក ហ៊ុន ម៉ាណែត នឹងដើរតាមគន្លងផ្ដាច់ការរបស់ឪពុក
- លោក ហ៊ុន ម៉ាណែត ថា ការទិញរថយន្តយោធាជិត៣០០គ្រឿងពីចិន គឺដើម្បីបម្រើជាតិ និងប្រជាជន
- លោក ហ៊ុន ម៉ាណែត ប្ដេជ្ញាថែរក្សាសមិទ្ធផលបក្សប្រជាជន ក្រោយក្លាយជាប្រធានយុវជនបក្ស
- លោក ហ៊ុន ម៉ាណែត វាយប្រហារបក្សប្រឆាំងថា គ្មានគុណធម៌ និងបំផ្លាញឆ្នាំងបាយពលរដ្ឋខ្មែរ
- អ្នកវិភាគ៖ វត្តមានលោក ហ៊ុន ម៉ាណែត ក្នុងពិធីបើកសមយុទ្ធហនុមានមាសបង្ហាញពីអំណាច
- លោក ហ៊ុន សែន ថាការតែងតាំងកូនៗរបស់លោកឱ្យកាន់ការធំដោយសារពួកគេមានសញ្ញាប័ត្រខ្ពស់
- លោក ហ៊ុន ម៉ាណែត បដិសេធសារបែកធ្លាយតាមហ្វេសប៊ុកជាលើកទី២
- លោក ហ៊ុន ម៉ាណែត នឹងត្រូវដំឡើងឋានន្តរសក្ដិផ្កាយមាស៤ ខណៈអ្នកវិភាគថាផ្ទៃក្នុងបក្សនឹងរំជើបរំជួល
- “លោក ហ៊ុន ម៉ាណែត កំពុងដើរតួនាទីជំនួសឪពុកដឹកនាំប្រទេសជាបណ្ដើរៗ”
all CAMBODIAN wonder if the father KBOTH CHEATH can his son take powers from him . I’m laughing my ass off the powers is not a subject no one can holding it it is not every one can take from any one like what AH.. SDACH PEAL said