កូវីដ-១៩ | តុលាការ និងច្បាប់ | ព័ត៌មានជាតិ
លោក ណាត សុភាព | ០៤ មីនា ២០២១ |ម៉ោង ១៨:៣៣
VOD
អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធខេត្តបន្ទាយមានជ័យ ចុះទៅពិនិត្យមើលមណ្ឌលធ្វើចត្តាឡីស័កពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ នៅទីតាំងធ្វើចត្តាឡីស័កមួយកន្លែងនៅក្នុងខេត្តបន្ទាយមានជ័យ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)
រដ្ឋសភានឹងប្រជុំពេញអង្គលើសេចក្តីព្រាងច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» នាព្រឹកស្អែកនេះ។
កាលពីថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់មួយ ដោយបានអនុម័តសេចក្ដីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងបានដាក់ជូនរដ្ឋសភាពិនិត្យភ្លាមនៅថ្ងៃបន្ទាប់។ ក្រោយពីបានទទួលសេចក្តីព្រាងច្បាប់នោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់នោះ ដោយបានប្រគល់ឱ្យគណៈកម្មការជំនាញចំនួន២ពិនិត្យនិងសិក្សា។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រោយការពិនិត្យនិងសិក្សាពីគណៈកម្មការជំនាញរួច រដ្ឋសភានឹងប្រជុំពេញអង្គ ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់នេះ នៅម៉ោង៨ព្រឹកស្អែកនេះ ដោយគ្រោងមានសមាជិកសភាចូលរួមប្រជុំប្រហែលជា៧០រូបប៉ុណ្ណោះ ក្នុងចំណោមសមាជិកសភា១២៥រូប ដើម្បីត្រូវរក្សាគម្លាតសុវត្ថិភាព។
លោកបន្តថា កន្លងមក រដ្ឋាភិបាលបានចេញអនុក្រឹត្យ ដើម្បីពង្រឹងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ដែរ ប៉ុន្តែមិនមានចែងការដាក់ទោសទណ្ឌលើអ្នកដែលមានចេតនាចម្លងជំងឺកូវីដទៅអ្នកដទៃនោះទេ។ ករណីនេះ រដ្ឋាភិបាលសម្រេចបង្កើតសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីពង្រឹងការទប់ស្កាត់បញ្ហាជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវផ្សេងៗទៀតជាដើម។
លោកមានប្រសាសន៍ថា៖ «ធ្វើច្បាប់ឬលិខិតគតិយុត្តិដែលខ្ពស់ជាងគេ ហើយដែលអាចដាក់ពន្ធនាគារបាន ហើយអនុវត្តលើវិន័យនៅក្នុងការទប់ស្កាត់ជំងឺកូវីដនិងជំងឺកាចសាហាវផ្សេងៗទៀត»។
នៅលើគេហទំព័ររបស់រដ្ឋសភា បានឱ្យដឹងកាលពីថ្ងៃពុធម្សិលមិញថា សេចក្ដីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បង្កើតឡើងដើម្បីបានជាមូលដ្ឋានគតិយុត្តិក្នុងការបង្កើនភាពម្ចាស់ការ ត្រៀមលក្ខណ:ទុកជាមុនក្នុងការប្រយុទ្ធទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត នូវការឆ្លងរាលដាលនៃជំងឺផ្សេងៗ ដែលមានកម្រិតសាហាវ គ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងសុខភាពសាធារណៈ ដែលកើតមានឡើងជាយថាហេតុ។
រដ្ឋសភាបន្តថា សេចក្តីព្រាងច្បាប់ដែលមាន ៦ជំពូក និង ១៨មាត្រា នេះ ក៏មានចែងពីការដាក់ពិន័យនិងទោសទណ្ឌកម្រិតធ្ងន់ មិនចំពោះតែតែជនណាដែលគេចវេះពីការធ្វើចត្តាឡីស័កឬគេចចេញពីកន្លែងធ្វើចត្តាឡីស័កនោះទេ គឺជនណាគេចវេះពីការព្យាបាលឬគេចចេញពីកន្លែងព្យាបាល ឬចម្លងជំងឺកូវីដ-១៩ដោយចេតនាដល់អ្នកដទៃ ក៏ត្រូវទទួលពិន័យនិងទោសទណ្ឌជាដើម។
មាត្រា៩ នៃច្បាប់នេះចែងថា អំពើចម្លងដោយចេតនានូវជំងឺកូវីដ-១៩ដល់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំដល់២០ឆ្នាំ កាលបើអំពើខាងលើត្រូវបានធ្វើឡើងដោយមានការរៀបចំជាក្រុមឬអង្គការចាត់តាំង។
វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពីប្រធានគណៈកម្មាធិការទី៨នៃរដ្ឋសភា លោកស្រី ឡោក ខេង បានទេនៅថ្ងៃនេះ។
ក្នុងសន្និសីទសារព័ត៌មាន ក្រោយការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នាព្រឹកថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ដើមចមដែលនាំឱ្យរដ្ឋាភិបាលបង្កើតសេចក្តីព្រាងច្បាប់នេះឡើង ដោយសារកន្លងមកមានការត្រូវរ៉ូវគ្នារវាងស្ត្រីជនជាតិចិន២នាក់ ជាមួយសន្តិសុខយាមនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដើម្បីលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក។
ករណីនេះ លោកនាយករដ្ឋមន្ត្រី អះអាងថា រដ្ឋាភិបាលសម្រេចបង្កើតសេចក្តីព្រាងច្បាប់នេះ ដើម្បីទប់ស្កាត់លើបញ្ហាប្រឈមនានាឱ្យបានប្រសិទ្ធភាពខ្ពស់។
លោកថ្លែងដូច្នេះថា៖ «ម្ខាងយើងប្រើវិធានការអប់រំ ម្ខាងយើងប្រើវិធានការរដ្ឋបាល និងម្ខាងទៀត យើងក៏ត្រូវប្រើច្បាប់ ដើម្បីនឹងធ្វើការគ្រប់គ្រងទៅលើជំងឺទាំងនេះផងដែរ»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា លោកមានការភ្ញាក់ផ្អើលនៅពេលដែលគណៈរដ្ឋមន្ត្រីបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅរដ្ឋសភាធ្វើការអនុម័តនាព្រឹកថ្ងៃស្អែកនេះ ដោយមិនមានការចូលរួមយោបល់ពីអ្នកជំនាញផ្នែកវេជ្ជសាស្ត្រឯករាជ្យ ជាដើម។ លោកបង្ហាញក្តីព្រួយបារម្ភថា ពលរដ្ឋអាចមិនសូវយល់ដឹងពីច្បាប់នេះ ព្រោះត្រូវបានបង្កើតនិងប្រកាសប្រើភ្លាមៗ។
លោកលើកឡើងថា៖ «យើងមានច្បាប់ច្រើន ប៉ុន្តែប្រជាពលរដ្ឋមិនសូវយល់ដឹងពីបញ្ហាច្បាប់ គឺកង្វះខាតការផ្សព្វផ្សាយ ហើយច្បាប់នេះប្រកាសប្រញាប់ អនុវត្តជាប្រញាប់ ហើយស្ថានភាពដែលកំពុងរីករាលដាលជំងឺកូវីដ១៩ទៀត អញ្ចឹងបើសិនជាប្រជាពលរដ្ឋគាត់ក្រីក្រ ហើយគាត់មិនបានដឹងពីច្បាប់ថ្មី ហើយស្រាប់តែគាត់អនុវត្តខុស ទីមួយប្រឈមមុខនឹងទោសធ្ងន់ធ្ងរ ទីពីរ ការផាកពិន័យក៏ធ្ងន់ធ្ងរដែរសម្រាប់ពួកគាត់»។
កាលពីខែកុម្ភៈកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យចំនួន២រួចទៅហើយ ដើម្បីចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ អនុក្រឹត្យទាំង២នេះ រួមមាន អនុក្រឹត្យស្តីពី វិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និង អនុក្រឹត្យស្ដីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺឆ្លងទូទៅតាមច្រកចេញចូលព្រំដែន។
អនុក្រឹត្យទាំង២នេះ ចែងអំពីកាតព្វកិច្ច ការដាក់ទោសទណ្ឌ និងការផាកពិន័យលើជនដែលអនុវត្តផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាលនិងបទបញ្ជារបស់រដ្ឋាភិបាល។ អនុក្រឹត្យទាំង២ចែងពីប្រាក់ពិន័យមានចាប់ពី ១ ០០០ ០០០ រៀល រហូតដល់ ៥០ ០០០ ០០០ រៀលទៅតាមកម្រិតនៃបទល្មើស៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។