ក្រុមហ៊ុន​វៀតណាម​ឈ្មោះ PNT នៅ​ខេត្ត​ព្រះវិហារ បន្ត​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់​ទ្រង់ទ្រាយ​ធំ ក្នុង​ពេល​ផ្ទុះ​កូវីដ១៩

ដោយ ឡេង ម៉ាលី
2021-04-09
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុមហ៊ុន​វៀតណាម​ឈ្មោះ PNT នៅ​ខេត្ត​ព្រះវិហារ បន្ត​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់​ទ្រង់ទ្រាយ​ធំ ក្នុង​ពេល​ផ្ទុះ​កូវីដ១៩

រូបភាព​គំនរ​ឈើ​ច្រៀក​ដែល​សកម្មជន​ការពារ​ព្រៃ​ឈើ​ថត​បាន នៅ​ទីតាំង​របស់ PNT ចំណុច​ភូមិ​ឫស្សីស្រុក ឃុំ​រួសរាន់ ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី២១ ខែមីនា ឆ្នាំ២០២១។ រូប៖ លោក ខេម សុឃី សកម្មជន​ព្រៃ​ឡង់


ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី (PNT Co., Ltd.) ​នៅ​តែ​បន្ត​កាប់​បំផ្លាញ​ព្រៃ​ឡង់​ទ្រង់ទ្រាយ​ធំ​រយៈ​ពេល​ជិត ១ខែ​មក​ហើយ។ ប្រជា​សហគមន៍​ព្រៃ​ឡង់​អះអាង​ថា គ្មាន​អាជ្ញាធរ​ណា ចុះ​បង្ក្រាប​បទ​ល្មើស​នេះ​ទេ បើ​ទោះ​បី​ជា​ពួក​គាត់​បាន​ផ្តល់​ព័ត៌មាន និង​បង្ហាញ​ភស្តុតាង​ជា​ច្រើន​ក្តី។ ប្រជា​សហគមន៍​ព្រៃ​ឡង់​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ បាន​បញ្ជូន​កម្លាំង​កម្មករ​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់​កាន់​តែ​ខ្លាំង​ឡើង ក្រោយ​ពី​ផ្ទុះ​ជំងឺ​កូវីដ១៩ ចូល​ក្នុង​សហគមន៍​ចេញ​ពី​ព្រឹត្តិការណ៍ ២០កុម្ភៈ។

ប្រជា​សហគមន៍​ព្រៃ​ឡង់ និង​សកម្មជន​ការពារ​ព្រៃ​ឈើ​ទទូច​ជា​ថ្មី​ទៀត ឱ្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ចុះ​ស៊ើប​អង្កេត​ជា​បន្ទាន់ ពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឡង់​ខ្នាត​ធំ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី (PNT Co., Ltd.)។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​ពួក​គេ​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ បាន​បញ្ជូន​កម្លាំង​កម្មករ​រាប់​សិប​នាក់ ចូល​ព្រៃ​ឡង់​កាប់​ឈើ ហើយ​បាន​រាល​ដាល​ដល់​តំបន់​ជាំ​ក្បាល​ដំរី ដែល​ជា​កន្លែង​សំបូរ​ដើម​ឈើ​ធំៗ និង​ដើម​ឈើ​ផលិត​ជ័រ​ទឹក​ដែល​អ្នក​ស្រុក​អាស្រ័យ​ផល។

អ្នក​សម្រប​សម្រួល​សហគមន៍​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ លោក ស្រី ថី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៩ មេសា​ថា ក្រុម​កម្មករ​សម្រុក​កាប់​ឈើ​គ្រប់​ប្រភេទ​ក្នុង​តំបន់​ព្រៃ​ឡង់ ដែល​មាន​មុខ​កាត់ ១តឹកកន្លះឡើងទៅ រួច​ដឹក​ចូល​ការដ្ឋាន​ស្តុក​ឈើ​របស់​ក្រុមហ៊ុន ភីអ៊ិនធី ឋិត​ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ជាប់​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ។ លោក​ថា ក្រុម​កម្មករ​ទាំង​នោះ​បាន​ដឹក​ជញ្ជូន​ឈើ​ជ្រុង​តាម​គោយន្ត​ជា​ច្រើន​គ្រឿង​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ ចេញ​ពី​ព្រៃ​ឡង់​ឆ្ពោះ​ទៅ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ភីអ៊ិនធី រួច​ដឹក​ជញ្ជូន​បន្ត​តាម​រថយន្ត​ច្នៃ ចូល​ការដ្ឋាន​របស់​ក្រុមហ៊ុន៖ «ជោគវាសនា​ព្រៃ​ឡង់​ប្រហែល​ជា​មិន​ឋិតថេរ​ទេ បើ​គេ​បណ្ដែត​បណ្ដោយ​ឱ្យ​បទល្មើស​ចូល​យ៉ាង​នេះ។ ដូច​ដែល​ខ្ញុំ​ច្រើន​និយាយ​ថា ខ្ញុំ​សោកស្តាយ​ណាស់​ដែលគេ​ហាម​ក្រុម​បណ្តាញ​ព្រៃ​ឡង់​មិន​ឱ្យ​ការពារ​ព្រៃ ដល់​បទល្មើស​ដឹក​ឈើ​ជញ្ជូន​ចេញរាល់ថ្ងៃ​គេ​អត់​ហាម​ឃាត់​បាន​ផង។ សហគមន៍​មក​ថ្មី​គេ​យាម​តង់ យាម​តង់​យ៉ាង​ម៉េច បើ​គេ​ដឹក​ឈើ​មក​យក​លុយ​គេ​មក​រួច​គ្នា​ហើយ។ បទ​ល្មើស ឬ​ក្រុមហ៊ុន​ចូល​កាប់ អត់​មាន​តាម​ដាន​មើល​ផង»។

លោក ស្រី ថី បន្ថែម​ថា បើ​ទោះ​បី​សហគមន៍​ព្រៃ​ឡង់​បាន​បង្ហោះ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសបុក បង្ហាញ​ពី​សកម្មភាព​កាប់​ឈើ​ហ៊ុប​ធំៗ ក្នុង​ព្រៃ​ឡង់ ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ក៏​ដោយ ក៏​អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​នេះ​ដែរ។ តែ​ផ្ទុយ​ទៅ​វិញ លោក​ថា អាជ្ញាធរ​តែង​រក​លេស​ឆ្លើយ​ដោះសា​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​ដដែលៗ។ លោក​សោក​ស្ដាយ​ដើម​ឈើ​ធំៗ ប្រភេទ ផ្អុង ដួង​ចែម ផ្ដៀក និង​ឈើ​ទាល​ជា​ដើម ដែល​មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ ត្រូវ​គេ​កាប់​ផ្ដួល ដើម្បី​ធ្វើ​អាជីវកម្ម​ជិត ៤សប្តាហ៍​មកហើយ។

ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ ៧.៩០០​ហិកតារ នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាលពី​ឆ្នាំ២០១០ ក្រោម​កិច្ចសន្យា​រយៈ​ពេល ៧០ឆ្នាំ។ ក្រុមហ៊ុន​នេះ​មាន​ម្ចាស់​ជា​ជនជាតិ​វៀតណាម​ឈ្មោះ ផាន់ ហួណាម (Phan Huu Nam)។ ក្នុង​កិច្ចសន្យា​ក្រុមហ៊ុន​នេះ​វិនិយោគ​ដំណាំ​ខ្លឹម​ច័ន្ទ ចន្ទី និង​ដំណាំរួមផ្សំ​ផ្សេងៗ ទៀត ប៉ុន្តែ​ប្រជា​សហគមន៍​អះអាង​ថា ក្រុមហ៊ុន​មិនបាន​ដាំ​ដុះ​តាម​កិច្ចសន្យា​នោះ​ទេ ដោយ​ផ្ដោត​លើ​ការ​កាប់​ឈើ​ទៅ​វិញ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ក្រុមហ៊ុន ភីអ៊ិនធី តាម​រយៈ​លេខ​ទូរស័ព្ទ​ក្នុង​គេហទំព័រ​សាជីវកម្ម តែ​គ្មាន​អ្នក​លើក។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា និង​អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ លោក អេង ហ៊ី វិញ ក៏​អាស៊ី​សេរី​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ទី៩ មេសា។

ក៏​ប៉ុន្តែ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ព្រះវិហារ លោក ទី សុវិនថាល់ បដិសេធ​សេចក្ដី​រាយ​ការណ៍​របស់​ពលរដ្ឋ​ថា ពុំ​មែន​សុទ្ធ​តែ​ការ​ពិត​ទាំង​អស់​នោះ​ទេ។ លោក​ថ្លែង​ថា មាន​ពេល​ខ្លះ​ពលរដ្ឋ​រាយការណ៍​ស្នើ​ឱ្យ​តំណាង​អយ្យការ​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ តែ​ពេល​ចុះ​ដល់​ទីតាំង​ជាក់​ស្ដែង បែរ​ជា​គ្មាន​បទ​ល្មើស​ទៅ​វិញ។ លោក​ថា ស្ថាប័ន​អយ្យការ​តែង​បញ្ជូន​ព្រះរាជ​អាជ្ញា​រង ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ដល់​មូលដ្ឋាន​ជា​ហូរហែ ប្រសិន​បើ​មាន​បទ​ល្មើស​ឧក្រិដ្ឋ​ព្រៃឈើ ហើយ​នឹង​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង​ឡើយ៖ «រាយការណ៍​ភរ​ទេ ជូន​កាល​បុគ្គល​ហ្នឹង​ទារ​លុយ​គេ​អត់​បាន​ខ្ញុំ​តែ​ញយ​ហ្នឹង ព្រោះ​អី​ចាប់​ជា​បន្ត​បន្ទាប់ តើ​ចូលព្រៃ​ឡង់​កាប់​បំផ្លាញ​ចាប់​ហើយ ចាប់​យក​មក​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់។ អ្នក​កាប់​ព្រៃ​ឈើ​យើង​អត់មាន​យោគយល់​ទេ»។

ទោះ​យ៉ាងណា​ក្ដី សកម្មជន​ការពារ​ព្រៃ​ឈើ លោក ហេង ស្រស់ សង្ស័យ​ថា ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​នេះ​កើត​ឡើង​ច្រើន ដោយ​សារ​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រវៀង​ក្រុមហ៊ុន​វៀតណាម និង​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះវិហារ។ លោក​បារម្ភ​ថា អំពើពុករលួយ និង​ការ​បណ្ដែត​បណ្ដោយ​របស់​អាជ្ញាធរ​នឹង​ក្លាយ​ជា​ដើម​ចម ធ្វើ​ឱ្យ​ព្រៃ​ឡង់​វិនាស​ហិនហោច៖ «ហាក់​បី​ដូច​ជា​នៅ​ខេត្ត​ព្រះវិហារ​មាន​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ សូម្បីតែ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ហើយ​តំបន់​ព្រៃ​ឡង់ គឺ​គ្រប់គ្រង​ដោយ​មន្ត្រី​ជំនាញ​របស់​គាត់ គឺ​មន្ត្រី​បរិស្ថាន តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ​មន្ត្រី​បរិស្ថាន​ទប់​ស្កាត់ ឬក៏​រាយការណ៍​ថា ក្នុង​តំបន់​ខ្លួន​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ»។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​អាហុក​ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ យល់ថា តំណាង​អយ្យការ​គួរ​តែ​ចុះ​ទៅ​ពិនិត្យ​ជាក់​ស្ដែង​ក្នុង​ករណី​នេះ ខណៈ​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អើពើ​ដោះ​ស្រាយ​ក្តី​កង្វល់​រួម​របស់​ពលរដ្ឋ។ លោក​បារម្ភ​ថា វិបត្តិ​ព្រៃ​ឈើ​នៅ​តែ​គ្មាន​ច្រក​ចេញ បើ​តំបន់​ជាប់​ព្រៃ​ឡង់​នៅ​តែ​មាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ឈើ៖ «តាម​សេចក្ដី​រាយ​ការណ៍​របស់​ខាង​សហគមន៍​ក្នុង​តំបន់​អស់​ហ្នឹង គឺ​ក្រុមហ៊ុន​គាត់​បាន​កាប់​ឈើ ដែល​ពុំ​មែន​ឋិត​ក្នុង​កិច្ចសន្យា​រវៀង​ក្រុមហ៊ុន និង​រដ្ឋាភិបាល​បែរ​ជា​កាប់​ក្នុង​តំបន់​ព្រៃ​ឡង់ អា​ហ្នឹង​ជា​បទ​ល្មើស។ ព្រះរាជ​អាជ្ញា​គាត់​មាន​សិទ្ធិ​ឱ្យ​តែ​គាត់​ធ្វើ​ការ​តាម​ផ្លូវ​ច្បាប់ តែ​ខ្លាច​តែ​គាត់​មិន​ធ្វើ​តាម​ផ្លូវ​ច្បាប់ អា​ហ្នឹង​រឿង​ផ្សេង»។

កាលពី​ចុង​ឆ្នាំ២០២០ ប្រជា​សហគមន៍​ព្រៃ​ឡង់ ប្រទះឃើញ​ឈើ​មូល​ធំៗ ជាង ៥០០ដើម ត្រូវ​គេ​កាប់​ចេញពី​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​ដឹក​ជញ្ជូន​ចូល​ក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន ភីអ៊ិនធី ជា​បន្ត​បន្ទាប់ ដើម្បី​អារ​ច្រៀក​ធ្វើ​អាជីវកម្ម។ ប្រជា​សហគមន៍ និង​ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​មាន​ម៉ាស៊ីន​អារ​ច្រៀក​ឈើ​ខ្នាត​ធំ ៤គ្រឿង និង​មាន​រថយន្ត​កែច្នៃ​ជិត ១០គ្រឿង សម្រាប់​ដឹក​ឈើ​ធ្វើ​អាជីវកម្ម។

អង្គការ​ជាតិ និង​អន្តរជាតិ​បាន​រក​ឃើញ​ថា ក្នុង​រយៈ​ពេល ២០ឆ្នាំ​ចុង​ក្រោយ​នេះ ទំហំ​ព្រៃ​ឡង់​ជាង ១សែន (១០២.៤៣៦ហិកតារ ឬ​ស្មើ​នឹង ២៤ត្រូវ​បាន​បាត់បង់ ក្លាយ​ជា​វាល​រហោឋាន។ បន្ថែម​ពី​នេះ​ទៀត គិត​ត្រឹម​ឆ្នាំ២០១៩ ព្រៃ​ឡង់​ទំហំ​ជិត ៦ម៉ឺន (៥៨.១៣៨ហិកតារ ត្រូវ​បាន​បំប្លែង​ទៅ​ជា​ដីចម្ការ​ដំណាំ ហើយ​មាន​ផ្ទៃដី​តែ​ជាង ១ពាន់ (១.១១១ហិកតារ​ប៉ុណ្ណោះ ត្រូវ​បាន​ដាំ​ដុះ​កូនឈើ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles