មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​ស៊ូ​លះបង់​ងារ​ជា​ឯកឧត្តម​មក​ធ្វើ​ការ​សំណង់​ព្រោះ​មិន​ក្បត់​ឆន្ទៈ​រាស្ត្រ

ដោយ សេក បណ្ឌិត
2021-04-09
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​ស៊ូ​លះបង់​ងារ​ជា​ឯកឧត្តម​មក​ធ្វើ​ការ​សំណង់​ព្រោះ​មិន​ក្បត់​ឆន្ទៈ​រាស្ត្រ

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ដួង ចន្ត្រា ពេល​កំពុង​ធ្វើ​ការ​ងារ​សំណង់​នៅ​ប្រទេស​ថៃ។ RFA


មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ស៊ូ​លះបង់​ងារ​ជា​ឯកឧត្តម​សុខចិត្ត​មក​ធ្វើការ​សំណង់​ហូប​បាយ​ច្រក​ថង់ ផឹកទឹក​ទុយោ​ព្រោះ​មិន​ក្បត់​ឆន្ទៈ​អ្នក​គាំទ្រ។ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​នេះ​លោក ដួង ចន្ត្រា ថា ទោះ​លោក​លំបាក​បន្តិច តែ​សប្បាយ​ចិត្តនឹង​ផ្លូវ​ដែល​លោក​ជ្រើសរើស​នេះ។ អ្នកវិភាគ​នយោបាយ​ថា នេះ​ជា​វីរភាព​របស់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដែល​ទ្រាំ​លំបាក តស៊ូ​ធ្វើ​ក្នុង​ការ​ធ្វើ​នយោបាយ។

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ដួង ចន្ត្រា ក៏​មិន​ខុសពី​ជនភៀសខ្លួន​ផ្សេងទៀត​ដែរ គឺ​ត្រូវ​ស្វះ​ស្វែងរក​ការងារ​ធ្វើ​ទាំង​ខ្លួន​គ្មាន​សិទ្ធិ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដើម្បី​ចិញ្ចឹម​គ្រួសារ។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ប្តូរ​ពី​អ្នក​ធ្វើការ ងារ​ក្នុង​ការិយាល័យ​មាន​ងារ​ជា​ឯកឧត្តម​ស្លៀកពាក់​ស្អាត​មក​ជា​អ្នកធ្វើការ​សំណង់​ហូបបាយ​ច្រក​ថង់​និង​ផឹកទឹក​ទុយោ។ «»

ព្រលឹម​ស្រាងៗ​ម៉ោងជាង​៦​ព្រឹក​ប្រពន្ធ​លោក ដួង ចន្ត្រា បាន​រៀបចំ​បាយ​ម្ហូប​ឱ្យ​ប្ដី​ត្រៀម​ទៅ​ធ្វើ សំណង់ និង​កូន​ទទួលទាន​មុន​ទៅ​សាលា។ ពងមាន់​ស្ងោរ ត្រី​ចៀន​ជា​អាហារ​ពេលព្រឹក​យ៉ាង​ឆ្ងាញ់​ពិសា​សម្រាប់​គ្រួសារ​ជនភៀសខ្លួន​មួយ​នេះ។ បាយ​ម្ហូប​ទាំងនេះ​ក្រៅពី​នៅផ្ទះ​ប្រពន្ធ​លោក ដួង ចន្ត្រា ក៏​រៀបចំ​ខ្ទប់​ដាក់​ក្នុង​ប្រអប់​ទុក​ឱ្យ​ប្ដី​ពិសា​នៅ​កន្លែង​ធ្វើ​ការងារ។ «»

លោក ដួង ចន្ត្រា និយាយ​ថា ចាប់តាំងពី​មាន​វិបត្តិ​ជំងឺ​កូវីដ​មក​ប្រភព​ជំនួយ​នានា​ត្រូវ​កាត់ផ្ដាច់ ដូច្នេះ​លោក​ត្រូវ​ប្រឹងប្រែង​ធ្វើ​សំណង់​ដើម្បី​ទ្រទ្រង់​ការ​រស់នៅ​ប្រចាំថ្ងៃ នៅ​ប្រទេស​ថៃ​នេះ​។ បុរស​វ័យ​៥២​ឆ្នាំ​រូប​នេះ រស់នៅ​ជា​ជនភៀសខ្លួន​ជាមួយ​ប្រពន្ធ និង​កូន​ពីរ​នាក់​។ លោក​ថា ទោះ​ការ​រស់នៅ​ទីនេះ​ជួប​ការ​លំបាក​យ៉ាងណា​ក៏​លោក​មិន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត ហើយ​លោក​រំពឹង​ថា រូបលោក​និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​អាច​វិល​ចូល​ស្រុក​និង​មាន​ដំណោះស្រាយ​ន​យោ បាយ​ឡើងវិញ៖ «តាម​ពិត​ទៅ​នៅ​ដំណាក់កាល​នេះ​គឺ​យើង​ត្រូវ​បណ្ដុះ​ស្មារតី​ជាមុន​សិន​ហើយ​ការ​បណ្ដុះ​នោះ​គឺ​យើង​ធ្វើតាម​បណ្ដាញ​សង្គម​ហ្នឹងឯង​ដើម្បី​ឱ្យ​បងប្អូន​យើង​បាន​យល់ដឹង​ទាំងអស់គ្នា ថ្ងៃ​ណាមួយ​យើង​នឹង​ធ្វើ​មាតុភូមិនិវត្តន៍​រួម​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទៅ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។

លោក ដួង ចន្ត្រា អាយុ​៥២​ឆ្នាំ ពី​អតីត​គ្រូបង្រៀន​ប្ដូរ​មក​ជា​សកម្មជន​នយោបាយ​តាំងពី​អាយុ​២៤​ឆ្នាំ​និង​បាន​ជាប់ឆ្នោត​ជា​សមាជិក​ប្រឹក្សា​ខេត្តកំពង់ឆ្នាំង​ពីរ​អាណត្តិ​ចាប់​តាំង​ពី​គណបក្ស សម រង្ស៊ី​រហូត​ដល់​គណបក្ស​សង្គ្រោះជាតិ។ ការធ្វើ​នយោបាយ​ជិត​កន្លះ​ជីវិត​នេះ​ក្រៅពី​មាន​ងារ​ជា​ឯកឧត្តម លោក​ក៏​ត្រូវ​តុលាការ​ចោទប្រកាន់​លោក​ពី​បទ​រួមគំនិត​ក្បត់​កាលពី​ឆ្នាំ​២០១៩ នៅ​ពេល​លោក​ចូលរួម​យុទ្ធនាការ​វិល​ចូល​ជាមួយ​លោក សម រង្ស៊ី។

ប្រពន្ធ​លោក ដួង ចន្ត្រា ជា​ស្ត្រី​មេផ្ទះ​ដាំបាយ​ធ្វើ​ម្ហូប​រៀបចំ​​ផ្ទះ និង​ជូន​កូន​ទៅ​សាលា​។ និយាយ​ដោយ​សម្ដី​មួយៗ​លោកស្រី ឆន សុខហេង ប្រាប់​ថា លោកស្រី​ពេញចិត្ត​ចំពោះ​ការលះបង់​របស់​ស្វាមី​។ លោកស្រី​បន្តថា ទោះ​ការរស់នៅ​ប្រទេស​ថៃ​មិនមាន​ក្ដី​សុខ​ដូច​រស់នៅ​ប្រទេស​កំណើត ប៉ុន្តែ​លោកស្រី​ព្យាយាម​ជំនះ​ឧបសគ្គ​តស៊ូ​ជាមួយ​ប្ដី៖ «យើង​នៅ​ប្រទេស​គេ​ពិបាក ណាមួយ​យើង​អត់​ចេះ​ភាសា​អ៊ីចឹង​ពេល​ទៅណា​ទៅ​ណី​អត់​ដូច​នៅ​ខ្មែរ ប៉ុន្តែ​នៅ​ខ្មែរ​ស្រួល​និយាយ​ស្ដី ប៉ុន្តែ​រាល់ថ្ងៃ​ពិបាក​ច្របូកច្របល់។ ចេះតែ​ទ្រាំ​តស៊ូ​ទៅ​គាត់ (លោក ដួង ច​ន្ត្រា​តស៊ូ យើង​ក៏​តស៊ូ​ដែរ»។

លោក ដួង ចន្ត្រា ត្រូវ​ធ្វើ​ដំណើរ​តាម​ឡានក្រុង​ពី​ផ្ទះ​ទៅ​ការដ្ឋាន​សំណង់​ក្នុង​ទីក្រុង​បាងកក​។ ក្នុង​ការដ្ឋាន​ដែល​មាន​គំនរ​ការ៉ូ ស៊ីម៉ង ដែក និង​ខ្សែភ្លើង​ខ្វាត់ខ្វែង ទីនោះ​ហើយ​ជា​កន្លែង​ដែល​លោក​បង្ហូរ​ញើស​ដើម្បី​ប្តូរ​យក​ប្រាក់​ឈ្នួល​៥០០​បាត ឬ​ប្រមាណ​១៥​ដុល្លារ​ក្នុង​មួយថ្ងៃ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​និយាយ​ថា ការងារ​ថ្មី​នេះ​ត្រូវ​ប្រើ​កម្លាំង​ច្រើន​ហត់នឿយ​គួរសម​ដែរ ប៉ុន្តែ​លោក​ថា នេះ​គ្រាន់តែ​ជា​ការងារ​ធម្មតា​សម្រាប់​ចិញ្ចឹមជីវិត​ក្នុងពេល​កំពុង​តស៊ូ​នយោបាយ​។ លោក​ចាត់ទុកជា​ភ័ព្វសំណាង​ទៅវិញ​ទេ ដែល​មាន​ការងារ​ធ្វើ​ខណៈ​មនុស្ស​ជាច្រើន​ទៀត​រក​ការងារ​ធ្វើ​មិន​បាន៖ «ធ្វើ​មន្ត្រីរាជការ​ក៏​មិនសូវ​ហត់​ធ្លាប់ធ្វើ​តែ​នៅក្នុង​បន្ទប់​មាន​ម៉ាស៊ីនត្រជាក់ ប៉ុន្តែ​នៅ​ពេល​នេះ​យើង​ធ្វើ​មាន​ម៉ោង​អី​ក្រិត​ក្រម​ណាស់ សម្រាប់​ខ្ញុំ​ធម្មតា​ទេ ថ្ងៃ​ណា​កម្លាំង​រាង​ខ្សោយ​តិច​ទៅ​បាយ​រាង​ចត់​ដែរ ប៉ុន្តែ​ណា​កម្លាំង​សមរម្យ​ទេ​បាយ​ឆ្ងាយ​ដែរ​ទៅ​បាទ»។

ការដ្ឋាន​សំណង់​គ្រប់គ្រង​ដោយ​ជនជាតិ​ថៃ និង​មាន​មេការ​ជា​ជនជាតិ​ខ្មែរ​មើល​កា​រទូទៅ​ហើយ​នៅ​ទីនេះ​ក្រៅពី​មាន​សកម្មជន​នយោបាយ​ក៏​មាន​សកម្មជន​បរិស្ថាន​ផង​ដែរ​។ មេការ​សំណង់​លោក ម៉ិច សំណាង ប្រាប់​ថា លោក​មិន​ដឹង​ថា ពី​មុន​មក​លោ ដួង ចន្ត្រា ធ្វើ​អ្វី​នោះ​ទេ ប៉ុន្តែ​ពេល​មក​ធ្វើ​សំណង់​ជាមួយ​លោក​គឺ​កម្មករ​រូប​នេះ​បំពេញ​ការងារ​បាន​ល្អ ពេល​លោក​ដាក់​ការ​ងារ​ឱ្យធ្វើ​។ មេការ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ការ​អនុញ្ញាត​ឱ្យ​សកម្មជន​នយោបាយ​និង​សកម្មជន​បរិស្ថាន​អាច​ធ្វើ​ការងារ​នៅ​កន្លែង​លោក​ទោះ​ពួកគេ​គ្មាន​ឯកសារ​ស្រប​ច្បាប់ ប៉ុន្តែ​លោក​សប្បាយចិត្ត​ដែល​បាន​ផ្ដល់​ការងារ​ឱ្យ​អ្នក​ទាំង​នោះ​ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា។ លោក​ថា លោក​គោរព​ស្រលាញ់​ការ​លះបង់​របស់​សកម្មជន​ទាំងនោះ៖ «ពីមុន​មក​ខ្ញុំ​អត់​ដឹង​ថា ពួកគាត់​ងារ​ជា​ឯកឧត្តម ឬក៏​ជា​មន្ត្រី​របស់​គណបក្ស​ទេ​ពេល​គាត់​មក​ធ្វើ​គាត់​អត់​បាន​ប្រាប់​ខ្ញុំ​ទេ​ណា តែ​ក្រោយមក​ទើប​ខ្ញុំ​ដឹង​រឿង​ពេល​ដឹង​រឿង​ក៏​ខ្ញុំ​អត់​មានអី​នេះ​ដែរ តែ​អាណិត​ស្រលាញ់​ពួកគាត់​កាន់តែ​ខ្លាំង​ព្រោះ​ដោយសារ​ពួកគាត់​តស៊ូ​ដើម្បី​ជាតិ​ហើយ​ធ្លាក់ខ្លួន​មក​ធ្វើ​កម្មករ​សំណង់ ហើយ​ខ្ញុំ​ក៏​អត់​មានអី​ទេ​ក្រៅពី​ជួយ​ពួកគាត់​ឱ្យ​មាន​ការ​ធ្វើ​តែ​ប៉ុណ្ណឹង»។

ជុំវិញ​ការ​ការ​តស៊ូ​របស់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​បែប​ចំអក​ថា បើ​សកម្មជន​ទាំងនោះ​ទៅដល់​ប្រទេស​ថៃ​មានការ​ធ្វើ​រស់នៅ​បាន​ស្រួល​ហើយ​កុំមក​ខ្មែរ​វិញ​អី​។ លោក​បន្ត​ថា ការ​តស៊ូ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​បាន​លទ្ធផល​អ្វី​នោះ​ទេ គឺ​គ្រាន់តែ​ជោគជ័យ​ក្នុង​អារម្មណ៍​ប៉ុណ្ណោះ​៖ «អ៊ីចឹង​ទេ​បើ​អ្នក​ខុសច្បាប់ ឬ​អ្នក​ត្រូវ​ច្បាប់​គាត់​ស្រួល​ហើយ​សូម​ជួយ​អបអរសាទរ​គាត់​ដែល​បាន​រស់នៅ​ស្រួល​ហើយ​ទុក​ឱ្យ​អ្នក​រស់​នៅ​ក្រោម​ដំបូល​សន្តិភាព​ឱ្យ​ពិបាក​ចុះ»។

ចាប់តាំងពី​រដ្ឋាភិបាល​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ធ្វើទុក្ខបុកម្នេញ​លើ​មន្ត្រី​និង​សកម្មជន​គណបក្ស​នេះ​ចាប់តាំងពី​ឆ្នាំ​២០១៧​មក ពេល​នេះ​យ៉ាងណា មាន​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជិត ៧០​នាក់​បាន​ភៀសខ្លួន​រស់​នៅ​ក្នុង​ប្រទេស​ថៃ។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត សេង សារី ចង់​ឃើញ​អ្នកនយោបាយ​បក្ស​ទាំងនេះ កុំ​ធ្វើខ្លួន​ជា​អ្នក​រងគ្រោះ​នយោបាយ ប៉ុន្តែ​ត្រូវ​ធ្វើ​ខ្លួន​ឱ្យ​ក្លាយជា​អ្នក​តតាំង​ក្នុង​វិស័យ​នយោបាយ​តាមរយៈ​តុលាការ ឬ​យន្តការ​អន្តរជាតិ​។ ទោះ​យ៉ាងណា លោក​ថា​ចំពោះ​ទស្សនៈ​របស់​លោក​គឺ​លោក​គោរព​និង​ផ្ដល់​តម្លៃ​ចំពោះ​ការ​លះបង់​របស់​អ្នកនយោបាយ​ដែល​សុខចិត្ត​ក្រាញ​ននៀល​នឹង​ការ​លំបាក៖ «អ្នកនយោបាយ​ស្រុក​យើង គឺ​តែង​បង្កើត​ការឈឺចាប់​ឱ្យ​គ្នា​ទៅវិញទៅមក ជាជាង​ការ​សម្របសម្រួល​ហើយ​ទុក​បញ្ហា​នយោបាយ​រហូត​ឱ្យ​ជាប់​គាំង។ ខ្ញុំ​ខ្លួនឯង​ផ្ទាល់​សូម​លើក​ចិត្ត​ដល់​ពួកគាត់​បន្ថែម​ទៀត​ឱ្យ​ពួកគាត់​បន្ត​តស៊ូ​ជីវិត​នយោបាយ​របស់​គាត់»។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រក្សា​ជំហរ​វិល​ចូល​ស្រុក​វិញ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ស្ដារ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ និង​មិន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត​ជាដើម។ ទោះ​យ៉ាងណា ទន្ទឹមគ្នា​នោះ​ដែរ​ក៏​ឃើញ​មាន​មន្ត្រី ឬ​សកម្មជន​គណបក្ស​នេះ​មួយចំនួន​តូច​បាន​ទៅ​រួមរស់​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ដួង ចន្ត្រា ជំរុញ​ទៅ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ទាំង​ក្នុង និង​ក្រៅ​ស្រុក​រក្សា​ជំហរ​ឱ្យ​បាន​រឹងមាំ​មិន​ត្រូវ​ទន់ជ្រាយ ឬ​ទ្រុឌទ្រោម​តាម​ការ​អូសទាញ ឬ​គំរាមកំហែង​របស់​បក្ស​កាន់អំណាច​នោះ​ទេ​។ លោក​ថា ពេលនេះ​ពលរដ្ឋ​ខ្មែរ​ផ្ដល់​ទំនុកចិត្ត​តែ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ប៉ុណ្ណោះ​ក្នុង​ការ​ផ្លាស់ប្ដូរ​ដោយ​វិជ្ជមាន៖ «ផ្ដាំផ្ញើ​ទៅ​ថ្នាក់ដឹកនាំ​យើង​មួយចំនួន​វក់វី​វង្វេង​ដើរ​វង្វេងផ្លូវ​ដើរ​ខុសផ្លូវ​ងាក​ទៅ​រក​ការ​សុំ​ធ្វើ​នយោបាយ​ឡើងវិញ សូម​បងប្អូន​ទាំងអស់​ពិចារណា​ឡើងវិញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​កំពុងតែ​ផ្ដល់​សេចក្ដី​ទុកចិត្ត​លើ​គណបក្ស​សង្គ្រោះ​ជាតិ​តែមួយគត់​ក្នុង​ការ​ផ្លាស់ប្ដូរ​អ៊ីចឹង​ទេ​សូម​ឱ្យ​បងប្អូន​រឹង​ជំហរ​ទាំងអស់​គ្នា រួម​កម្លាំង​គ្នា​ដើម្បី​ផ្លាស់ប្ដូរ​របប​ផ្ដាច់ការ​មក​របប​ប្រជាធិបតេយ្យ»៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment