មន្ត្រី​រាជការ​មួយ​ចំនួន​រិះគន់ លោក ហ៊ុន សែន ចំពោះ​សារ​បង្ខិតបង្ខំ​ឱ្យ​ចាក់​វ៉ាក់សាំង​ចិន

ដោយ ម៉ៅ សុធានី
2021-04-10
RFA

មន្ត្រី​រាជការ​មួយ​ចំនួន​រិះគន់ លោក ហ៊ុន សែន ចំពោះ​សារ​បង្ខិតបង្ខំ​ឱ្យ​ចាក់​វ៉ាក់សាំង​ចិន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១។ រូប​ពី​ហ្វេសប៊ុក


មន្ត្រី​រាជការ​មួយ​ចំនួន​រិះគន់ លោក ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់​ប៉ូលិស​ដែល​បង្ខិត​បង្ខំ​ឱ្យ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ របស់​ចិន ដែល​ផ្ទុយ​ពី​គោលការណ៍​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង និង​រំលោភសិទ្ធិ​សម្រេច​ចិត្ត​ពួក​គាត់។ មន្ត្រី​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរតែ​បង្កើន​ការ​ផ្សព្វផ្សាយ ហើយ​ពន្យល់​ប្រាប់​មន្ត្រីរាជការ និង​ពលរដ្ឋ ពី​គុណភាព​វ៉ាក់សាំង ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​ទុកចិត្ត ជាជាង​ការ​គំរាមកំហែង។

មន្ត្រីរាជការ​មួយ​ចំនួន​ទាមទារ​ឲ្យ​រដ្ឋាភិបាល គោរព​សិទ្ធិ​មន្ត្រីរាជការ ដោយ​អនុវត្ត​គោលការណ៍​ស្ម័គ្រចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ។ សំណើ​នេះ ធ្វើឡើង​ដោយសារតែ រដ្ឋាភិបាល កំណត់​គោលដៅ​ចាក់​វ៉ាក់សាំង ឲ្យ​បាន​មួយ​លាន​នាក់ ក្នុង​មួយ​ខែ តាមរយៈ​ការ​សំឡុត​បំភ័យ​មន្ត្រីរាជការ។

គ្រូបង្រៀន​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​អាស៊ីសេរី​ថា លោក​មិន​អាច​ទទួល​យក​បាន​ទេ ចំពោះ​សារ​ព្រមាន​របស់​ថ្នាក់ដឹកនាំ ព្រោះ​សារ​ព្រមាន​នេះ​រំលោភសិទ្ធិ​លើ​ការសម្រេចចិត្ត​ពួកគាត់​។ លោក​បន្ត​ទៀត​ថា មន្ត្រីរាជការ​ទំនង​ជៀស​មិន​ផុត​ពី​ការ​បង្ខិតបង្ខំ​ចាក់​វ៉ាក់សាំង​ចិន​នេះ​ទេ​។ មន្ត្រីរាជការ​រូប​នេះ​ថា ការងារ​ដែល​លោក​កំពុង​បំពេញ​រាល់ថ្ងៃ​កើត​ចេញ​ពី​ប្រឡង​ជាប់​ដោយ​សមត្ថភាព ហើយ​ប្រសិន​បើ​រដ្ឋាភិបាល​ដកចេញ​គឺជា​រឿង​អយុត្តិធម៌​សម្រាប់​មន្ត្រីរាជការ​។ លោក​យល់​ឃើញ​ថា​វ៉ាក់សាំង​ស៊ីណូវ៉ាក់​នេះ ធ្វើ​ឱ្យ​មន្ត្រីរាជការ​មួយ​ចំនួន​រារែក​ចិត្ត ដោយសារ​វ៉ាក់សាំង​នេះ​មិន​ទាន់​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក៖ «គាត់​ចេញ​សារ​អ៊ីចឹង​មន្ត្រី​ខាងក្រោម​គេ​ចាំតែ​ប្រតិបត្តិ​ទេ ប្រសិនបើ​គាត់​មិន​ប្រតិបត្តិ​ទេ គាត់​ត្រូវ​ទទួល​ទោស​ពី​លើ​ដែរ ខ្ញុំ​គិត​ថា អត់​ត្រឹមត្រូវ​អត់​ទទួល​យក​បាន​ម៉ង់ យើង​ប្រជាធិបតេយ្យ​ស្អី​ចេញ​សារ​អ៊ីចឹង ឱ្យ​ប្រជាពលរដ្ឋ​មានការ​សម្ដែង​សិទ្ធិ​យើង​ពេញ​ចិត្ត​ចាំ​ចាក់ យើង​មិន​ពេញចិត្ត​មិនបាច់​ចាក់​ទេ បើ​យល់​ថា មិនល្អ មិន​បាច់​ចាក់​ទេ ដល់​ឥឡូវ​យើង​អត់​ចាក់ចេញ​សារ​គំរាម»។

មន្ត្រីរាជការ​ម្នាក់ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ ប្រាប់​ថា សារ​ព្រមាន​ថ្នាក់ដឹកនាំ​នេះ បាន​ប៉ះពាល់​ដល់​អារម្មណ៍​របស់​មន្ត្រីរាជកា​រ ជាពិសេស​មន្ត្រីរាជការ​បារម្ភ​ពី​ការ​បាត់បង់​តួនាទី និង​មុខតំណែង ហើយ​មន្ត្រីរាជការ​ទាំង​នោះ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ទៅ​ចាក់​វ៉ាក់សាំង​ដើម្បី​រក្សា​ក្របខណ្ឌ និង​តួនាទី​នោះ​ទេ​។ លោក​ស្នើ​រដ្ឋា​បាល​គួរ​សិក្សា​ឱ្យ​ស៊ីជម្រៅ និង​បង្ហាញ​ទិន្នន័យ ព័ត៌មាន និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​មន្ទិល​ជូន​ប្រជាពលរដ្ឋ​។ លោក​បញ្ជាក់​ថា នៅ​តាម​ស្ថាប័ន​មួយចំនួន​ចាប់ផ្តើម​ស្រង់​ឈ្មោះ​មន្ត្រីរាជការ ដែល​មិនទាន់​ចាក់​វ៉ាក់សាំង បន្ទាប់ពី​ទទួល​បាន​សារ​ព្រមាន​របស់​លោក ហ៊ុន សែន ទៅកាន់​មន្ត្រីរាជការ​។ លោក​យល់​ថា សារ​ព្រមាន​របស់​លោក ហ៊ុន សែន ជា​សារ​គំរាមកំហែង​ដែល​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល​ធ្លាប់​អះអាង​កន្លង​មក៖ «មន្ត្រីរាជការ​ប្រឈម​នឹង​ការរើសអើង​នៅ​ក្នុង​ស្ថាប័ន​ហ្នឹង ការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​បច្ចុប្បន្ន​គាត់​មានការ​យល់ដឹង​ច្រើន អំពី​វ៉ាក់សាំង​ប្រទេស​ណា​ល្អ ប្រទេស​ណា​មិនល្អ​អ៊ីចឹង​ទៅ គាត់​ចង់​សិក្សា​មើល​ឱ្យ​ច្បាស់​អំពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ហ្នឹង យើង​មិន​រើសអើង​ទេ គ្រាន់តែ​យើង​ត្រូវការ​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​បាទ»។

លោក ហ៊ុន សែន កាលពី​យប់​ថ្ងៃទី​០៦ មេសា​បាន​បង្គាប់​ឲ្យ​រដ្ឋមន្ត្រី ប្រធាន​ស្ថាប័ន មេបញ្ជាការ​កងកម្លាំង​ប្រដាប់​អាវុធ និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ស្រង់​បញ្ជី​ឈ្មោះ មន្ត្រីរាជការ ដែល​មិន​ព្រម​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​បណ្ដេញ​ចេញពី​កន្លែង​ធ្វើការ និង​បញ្ឈប់​ក្របខណ្ឌ​រដ្ឋ ដោយ​រើស​អ្នក​ថ្មី​មក​ជំនួស។

ក្រៅ​ពី​នេះ លោក​ក៏​ព្រមាន​ឲ្យ​អ្នក​ដាក់​ពាក្យសុំ​ធ្វើការ​ក្នុង​ក្របខណ្ឌ​រដ្ឋ និង​មន្ត្រី​ជាប់កិច្ចសន្យា ដែល​ត្រូវ​ជ្រើសរើស​ថ្មី​ទាំងអស់ ត្រូវតែ​ចាក់​វ៉ាក់សាំង​ជាមុន​សិន ទើប​អនុញ្ញាត​ឲ្យ​ជ្រើសរើស ឬ​ឲ្យ​ប្រឡង​ចូល​ក្របខ័ណ្ឌ​រដ្ឋ​បាន​។ សារ​ប្រកាស​បណ្ដេញ​ចេញពី​ការងារ​នេះ ត្រូវ​បាន​តំណាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រកាស​មុន លោក ហ៊ុន សែន ទៅទៀត​។ កាលពី​ថ្ងៃ​ទី​០៥ មេសា លោក ហេង សួរ អះអាង​ថា ក្រុម​អធិការកិច្ច​របស់​ក្រសួង នឹង​ដាក់​ពិន័យ​ម្ចាស់​រោងចក្រ​ណា ដែល​បរាជ័យ​ចាក់​វ៉ាក់សាំង​ឲ្យ​កម្មករ តិច​ជាង​៧០​ភាគរយ​។ លោក ហេង សួរ ក៏បាន​បើកដៃ​ឲ្យ​ថៅកែ​បញ្ឈប់​កម្មករ បើ​មិន​ព្រម​ចាក់​វ៉ាក់សាំង។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាង​ថា យោង​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល រដ្ឋាភិបាល​មាន​សិទ្ធិ​បញ្ឈប់​មន្ត្រីរាជការ​ណា​ដែល​មិន​ធ្វើ​តាម​ការណែនាំ ដោយ​មន្ត្រីរាជការ​នោះ​មិន​គោរព​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​អ្នកដទៃ។ លោក​បញ្ជាក់​ថា សភាពការណ៍​បច្ចុប្បន្ន​លែង​គិត​អំពី​គោលការណ៍​ស្ម័គ្រចិត្ត​ហើយ នេះ​គឺជា​កាតព្វកិច្ច ដោយសារ​មាន​អ្នក​ឆ្លង និង​ស្លាប់​ច្រើន​។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ បើ​ប្រសិន​ជីវិត ប្រជា​ពលរដ្ឋ​ត្រូវ​ទទួលរង​ហានិភ័យ​រដ្ឋាភិបាល​នឹង​ចាត់វិធានការ៖ «ប្រទេស​មួយ​ចំនួន​ក៏​គេ​ប្រើប្រាស់ ហើយ​ប្រទេស​ចិន​ក៏​គេ​ប្រើប្រាស់​ដែរ មិនមែន​យក​សិទ្ធិ​សេរីភាព​មក​ឆ្លើយ​ជាមួយនឹង​ព្រឹត្តិការណ៍​សព្វថ្ងៃនេះ​ទេ កម្ពុជា​មិនមែន​សហរដ្ឋអាមេរិក សហរដ្ឋអាមេរិក​គេ​មាន​ប្រជាពលរដ្ឋ​ច្រើន​គេ​មាន​ធនធាន​ច្រើន ងាប់​គរ​ជើង​លើ​គ្នា​ក៏​គេ​អត់​ឈឺក្បាល ប៉ុន្តែ​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​មិន​អនុញ្ញាត​អ្នក​ស្លាប់​ដោយ​គ្មាន​កិច្ច​ការពារ​នោះ​ទេ​បាទ»។

ជុំវិញ​ការ​បង្ខំ​មន្ត្រីរាជការ ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ថា ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល រដ្ឋាភិបាល​មិន​មាន​សិទ្ធិ​បង្ខិតបង្ខំ ឬ​ដកហូត​មន្ត្រី​រាជការ​តាម​អំពើ​ចិត្ត​នោះ​ទេ ព្រោះ​មន្ត្រីរាជការ​មុន​ត្រូវ​ឆ្លងកាត់​ការ​ប្រឡង​ចូល​បម្រើ​ការងារ​ត្រឹមត្រូវ​តាមច្បាប់​។ អ្នកស្រី​បញ្ជាក់​ថា ការ​ដក​មន្ត្រីរាជការ​ត្រូវ​ធ្វើ​ឡើង​ច្រើន​ដំណាក់កាល​ទើប​មាន​សិទ្ធិ​ដក​។ លោកស្រី​ថា​យល់ថា​ការ​ចេញ​សារ​គំរាមកំហែង​ដក​មន្ត្រីរាជការ​នេះ គឺជា​សារ​បំភិតបំភ័យ​ពួកគាត់៖ «សង្គម​ស៊ីវិល អង្គការ​សង្គម​ស៊ីវិល​គ្រប់បែបយ៉ាង​ចូលរួម គឺ​ចូលរួម​ផ្សព្វផ្សាយ​នូវ​អ្វី​ដែល​ជា​ការ​ចាក់​ឬ​មិន​ចាក់ គឺ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ​អ៊ីចឹង​បើ​ម៉ែឪ​ចេះតែ​គំរាម​កូន​ធ្វើ​បាប​កូន សួរ​ថា​កូនចៅ​គោរព​ទេ»។

បច្ចុប្បន្ន រដ្ឋាភិបាល កំពុង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ឲ្យ​មន្ត្រី​រាជការ កម្មករ និង​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។ វ៉ាក់សាំង ដែល​ចាក់​ឲ្យ​មន្ត្រីរាជការ កម្មករ និង​ពលរដ្ឋ ភាគច្រើន​លើសលុប គឺជា​វ៉ាក់សាំង​របស់​ចិន​។ ឯ​វ៉ាក់សាំង ផ្លូវការ​របស់​អង់គ្លេស (Astra Zenaca) ដែល​បាន​មក​ពី​ជំនួស​មនុស្សធម៌ (COVAX) ភាគច្រើន គឺ​ចាត់ចែង​សម្រាប់​ចាក់​ឲ្យ​មន្ត្រីជាន់ខ្ពស់ និង​ក្រុម​គ្រួសារ​នៃ​មន្ត្រី​របប​ក្រុង​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "មន្ត្រី​រាជការ​មួយ​ចំនួន​រិះគន់ លោក ហ៊ុន សែន ចំពោះ​សារ​បង្ខិតបង្ខំ​ឱ្យ​ចាក់​វ៉ាក់សាំង​ចិន"

  1. Anonymous says:

    words came from brain we can tell if the person intelligent or dump according the meaning of speak . I do not think HUN SEN have any thing that I can say he is a smart leader at all

  2. so socheath says:

    ឧបាយកលសម្លាប់ប្រជាជនកម្ពុជា របស់អាក្បត់ជាតិ
    សមរង្ស៊ី ពិតជាសាហាវជាងប៉ុលពតរាប់រយដង !
    ***
    អាពូជក្បត់ជាតិ អាកំណេីតឆ្កែសមរង្សុី ពេលនេះកំពុងតែ
    ឆ្លេឆ្លារ រត់ជាន់ចានជ្រក់ ដោយសារឃេីញប្រជាពលរដ្ឋ
    កម្ពុជា មិនអនុវត្តទៅតាមការអំពាវនាវបស់វាកន្លងមក
    កុំឲ្យប្រជាជនទៅចាក់វ៉ាក់សាំងចិន តាមការបោកប្រាសថាបណ្តាលឲ្យស្លាប់នោះ ពេលនេះបានបង្ហាញ
    ឲ្យឃេីញ នឹងប្រាប់អាក្បត់ជាតិសមរង្សុីកាន់តែច្បាស់ថា នយោបាយភូតភរបោកប្រាស ញុះញង់អុចអាល លាបពណ៌របស់វាដេីម្បីបោកបញ្ឆោតប្រជាជនកម្ពុជា លែងមាន
    ប្រសិទ្ធិភាពហេីយ ។
    ដោយទទួលនូវភាពបរាជ័យបែបនេះ ឥឡូវនេះអាក្បត់ជាតិ
    សមរង្ស៊ី បានប្តូរយុទ្ធសាស្ត្រ តាមរយះធ្វេីការអំពាវនាវ ឲ្យ
    ប្រជាពលរដ្ឋ នាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងចិន ឲ្យបានឆាប់រហ័សដេីម្បីការពារសុខភាពផ្ទាល់ខ្លួន ដោយមិនត្រូវទុកឲ្យវ៉ាក់សាំងនេះ ចាក់ឲ្យតែចំពោះមន្ត្រីរាជការ នឹងពួកប៉ូលីស
    ទាហាននោះទេ ដែលចំណុចនេះ អាក្បត់ជាតិសមរង្ស៊ី ចង់
    បង្កេីតឲ្យមានចលាចល នៃការប្រជ្រៀត ប្រជែង ដណ្តេីម
    ចាក់វ៉ាក់សាំងពីប្រជាពលរដ្ឋ សំដៅឲ្យបាត់សណ្តាប់ធ្នាប់
    សាធារណ: បង្កេីននូវការរីកសាយភាយជម្ងឺកូវីដ១៩ ពេញ
    ក្នុងសង្គមពេលដែលប្រជាជន បោះបង់ចោលវិធានសុវត្តិភាព
    តាមរយះការមិនរក្សាគម្លាតសុវត្ថិភាព ដេីម្បីបង្ការការឆ្លង
    រីករាលដាលជម្ងឺកូវីដ ១៩ ពិសេសជម្ងឺកូវី១៩ ដែលបំប្លែងខ្លួនថ្មី ហេីយដែលមានភាពសាហាវសម្លាប់មនុស្សយ៉ាងឆាប់រហ័ស ជាង កូវីដ១៩ដែលកេីតនាពេលមុន ។
    ពិតណាស់មធ្យោបាយដេីម្បីសម្លាប់ប្រជាជនកម្មជា ដែល
    អាក្បត់ជាតិសមរង្ស៊ី ប្រេីប្រាស់ក្នុងព្រឹត្តិការណ៍ឆ្លងរាលដាល
    នៃជម្ងឺកូវីដ១៩ ពិតជាសាហាវព្រៃផ្សៃជាងរបបប្រល័យពូជសាសន៍ប៉ុលពតទៅទៀត ប្រសិនបេីនយោបាយញុះញង់
    បង្កេីតចលាចល សំដៅបានដល់ការចម្លងជម្ងឺកូវីដ១៩ របស់
    វាបានជោគជ័យ ហេីយដែលនាំដល់ក្តីអន្តាយអាយុជិវិត
    ប្រជាជនកម្ពុជា រាប់លាននាក់ ក្នុងពេលអ្នកដែលមាន
    សមត្ថភាពបម្រេីឲ្យការព្យាបាលនៅកម្ពុជា មានចំនួនតិចតួច
    ហេីយដែលឧបករណ៍បម្រេីឲ្យការងារវិជ្ជសាស្ត្រទៀតសោតនៅមានកម្រឹត នៅឡេីយ។

Leave a Reply

Submit Comment