រដ្ឋបាលរាជធានីភ្នំពេញនឹងមិនអនុញ្ញាតឲ្យអ្នកដែលកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ចេញមកប្រកបការងារក្រៅភូមិសាស្រ្តឡើយ

កម្ពុជា-សង្គម
10/04/2021 – 08:16
ដោយ៖ ជួប នរក្សា
RFI

សកម្មភាពសមត្ថកិច្ចចុះបិទខ្ទប់ភូមិសាស្រ្តចំនួនក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី០៩មេសា
សកម្មភាពសមត្ថកិច្ចចុះបិទខ្ទប់ភូមិសាស្រ្តចំនួនក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី០៩មេសា © ស្នងការរាជធានីភ្នំពេញ

រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដែល​កំពុង​រស់នៅ​ក្នុង​ភូមិ​សាស្រ្ត​បិទ​ខ្ទប់​ចាកចេញ​មក​បំពេញ​ការងារ​នៅ​ខាងក្រៅ​ភូមិសាស្រ្ត​នោះ​ជា​ដាច់​ខាត​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ​ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​។ តាម​លោក​ឃួង ស្រេង ​អ្នក​កំពុង​ស្ថិត​ក្នុង​ភូមិសាស្រ្ត​បិទ​ខ្ទប់​មិន​អាច​ចល័ត​ចេញ​មក​ក្រៅ​បាន​ឡើយ​ ទោះ​បី​ជា​មាន​លិខិត​បំពេញ​បេសកកម្ម​ក៏​ដោយ​។ ការ​ថ្លែង​ដូច្នេះ ​ធ្វើឡើង​បន្ទាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ នៅ​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​ បាន​សម្រេច​បិទ​ខ្ទប់​ទីតាំង​មួយ​ចំនួន​ក្នុង​ខណ្ឌ​ចំនួន​៣​នៅ​រាជធានី​ភ្នំពេញ​។

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាតំបន់បិទខ្ទប់បណ្តោះអាសន្នក្នុងភូមិសាស្រ្តមួយចំនួនក្នុងរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឲ្យមានអ្នកណាដែលរស់នៅក្នុងតំបន់ទាំងនោះចល័តចេញមកខាងក្រៅ ដើម្បីបំពេញការងារនោះឡើយ ទោះបីជាបុគ្គលនោះមានលិខិតបញ្ជាក់បេសកកម្មការងារខ្លួន។ ក៏ប៉ុន្តែ លោក ឃួង ស្រេង បានអះអាងដែលថា ទោះជាមិនអាចចេញទៅបំពេញការងារបាន តែបុគ្គលទាំងនោះក៏នឹងត្រូវបានធានាពីក្រសួងការងារផ្ទាល់ ពីមូលហេតុអវត្តមានពីកន្លែងការងារ ដោយសារពួកគេកំពុងស្ថិតក្នុងតំបន់បិទខ្ទប់។

រីឯអ្នកដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ និងមានទីតាំងបំពេញការងារក្នុងតំបន់នោះ លោក ឃួង ស្រេង បានបញ្ជាក់ថា ពួកគេអាចទៅបំពេញការងារបានជាធម្មតាដោយមានលិខិតបំពេញបេសកកម្មការងារជាប់នឹងខ្លួន។

គួរជ្រាបថា ការថ្លែងរបស់អភិបាលរាជធានីភ្នំពេញប្រាប់វិទ្យុបារាំងអន្តរជាតិនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចធ្វើការបិទខ្ទប់ទីតាំងផ្នែកខ្លះនៃរាជធានីភ្នំពេញ រួមមានភូមិចំនួន៧នៅក្នុងខណ្ឌពោធិ៍សែនជ័យ ភូមិទ្រុងមាន់នៅខណ្ឌសែនសុខ រួមនិងសង្កាត់មានជ័យ១ និងសង្កាត់មានជ័យ២ក្នុងខណ្ឌមានជ័យ កាលពីយប់ថ្ងៃសុក្រទី០៩មេសាម្សិលមិញ។

តាមសេចក្តីសម្រេច ទីតាំងទាំងនោះនឹងត្រូវបិទខ្ទប់រយៈពេលពីរសប្តាហ៍ពីថ្ងៃ១០រហូតដល់ថ្ងៃទី២៣មេសា មិនឲ្យមានការចេញចូល លើកលែងតែករណីមួយចំនួន ដូចជា ការធ្វើដំណើរទៅទិញម្ហូបអាហារ ការធ្វើដំណើរទៅមន្ទីរពេទ្យ ការចុះយកសំណាករបស់មន្រ្តីសុខាភិបាល និងការងារចាំបាច់មួយចំនួនរបស់អាជ្ញាធរមូលដ្ឋានជាដើម។ លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមដែរថា ការបិទខ្ទប់នេះគឺដើម្បីធានាប្រសិទ្ធិភាពក្នុងការគ្រប់គ្រងស្ថានការណ៍ឆ្លងនៅតំបន់ទាំងនោះ ព្រោះថាតំបន់ទាំងនោះជាតំបន់ហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ក្រោយមានការផ្ទុះជាលក្ខណៈទ្រង់ទ្រាយធំលើកម្មករធ្វើការនៅរោងចក្រឌីនហាន។

យ៉ាងណាមិញ តាមការបញ្ជាក់បន្ថែម  ការបិទខ្ទប់ក្នុងតំបន់ទាំងនោះនឹងមិនមែនជាការបិទខ្ទប់ដើម្បីព្យាបាលអ្នកដែលមានវិជ្ជមានកូវីដ១៩នៅតាមផ្ទះនោះទេ ហើយក្នុងករណីអ្នករស់នៅក្នុងតំបន់នោះរកឃើញថាមានវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់ ពួកគេក៏នឹងត្រូវបញ្ជូនទៅព្យាបាលតាមមន្ទីរពេទ្យដែរ៕

What Next?

Recent Articles

Leave a Reply

Submit Comment