រដ្ឋាភិបាលផ្តល់ប្រាក់៣០ម៉ឺនរៀលនិងគ្រឿងហូបចុកមួយចំនួនរយៈពេល២ខែដល់គ្រួសារដែលត្រូវបិទខ្ទប់

កូវីដ-១៩ | ព័ត៌មានជាតិ
លោក ញឹម សុខន |១០ មេសា ២០២១ |ម៉ោង ១២:២១
VOD

ពលរដ្ឋមូលដ្ឋានដឹកជញ្ជូនគ្រឿងបរិភោគ ខណៈអាជ្ញាធរបិទខ្ទប់ចរាចរណ៍ចេញ-ចូលភូមិទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ (រូបភាព៖ ស្រី សុភ័ក្រ្ត)

ពលរដ្ឋមូលដ្ឋានដឹកជញ្ជូនគ្រឿងបរិភោគ ខណៈអាជ្ញាធរបិទខ្ទប់ចរាចរណ៍ចេញ-ចូលភូមិទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ (រូបភាព៖ ស្រី សុភ័ក្រ្ត)


លោកនា​យក​រដ្ឋម​ន្ត្រី ហ៊ុ​ន សែន​ នៅថ្ងៃនេះ បានប្រ​កាសពីកិច្ចអន្តរាគមន៍ជួយឧបត្ថម្ភពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដោយក្នុងនោះ អ្នកដែលរស់នៅតំបន់​ត្រូវបិទខ្ទប់​នឹង​ទ​ទួលបាន ប្រាក់៣០ម៉ឺនរៀលក្នុង១គ្រួសារ អង្ករ២៥គីឡូក្រាម​និង​គ្រឿង​បរិភោគមួយ​ចំនួន​ទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ក្នុងពិធីថ្លែងសារពិសេសនៅថ្ងៃទី១០មេសា ឆ្នាំ២០២១នេះថា ​ ពលរដ្ឋដែលរស់នៅក្នុងតំបន់ ដែលអាជ្ញាធរបិទខ្ទប់ ពួកគេនឹងទទួលបានការឧត្ថម្ភប្រាក់៣០ម៉ឺនរៀល អង្ករ២៥គីឡូ និងមីមួយកេះតូច រយៈពេល២ខែ រួមទាំងចេញថ្លៃទឹក និងភ្លើងផងដែរ។

មួយវិញទៀត គ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩ រដ្ឋនឹងជួយបង់ជំនួសថ្លៃទឹក ភ្លើង យ៉ាងតិច៥ខែបន្ថែម ចំពោះអ្នកដែលសមាជិកឆ្លងកូវីដ-១៩ និងធ្វើចត្តាឡីស័ក រដ្ឋជួយចេញថ្លៃទឹកថ្លៃភ្លើងអប្បបរមា រយៈពេល៣ខែ ។

ក្រៅពីនេះរដ្ឋាភិបាល ក៏បានសម្រេចយកយកវិទ្យាល័យមួយចំនួនទៀត ក្នុងរាជាធានីភ្នំពេញ រួមទាំងតំបន់កោះពេជ្រ សម្រាប់ធ្វើកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតក្នុងកម្រិតស្រាល និងក្រើនរំឭកមន្ត្រីអនុវត្តច្បាប់ឱ្យពង្រឹងវិធានសុខាភិបាល។

កិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពីជំងឺកូវីដ-១៩ មួយរយៈចុងក្រោយនេះ បានវាយលុកចូលទីផ្សារ និង​រោងចក្រមួយចំនួននៅរាជធានីភ្នំពេញ។​

សាលារាជធានីភ្នំពេញ កាលពីយប់មិញ ក៏បានប្រកាសពីវិធានបិទខ្ទប់ទីតាំងមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ខណៈ​រកឃើញ​ការចម្លង​មានទ្រង់ទ្រាយធំ ដែលកាល​ពីថ្ងៃទី៩ ខែមេសា ក្រសួង​រកឃើញ អ្នកឆ្លងជាង៥០០នាក់ ជាចំនួនច្រើន​មិនធ្លាប់​មាន​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ។

សង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ស្ទឹងមានជ័យ២ នៃខណ្ឌមានជ័យត្រូវបានបិទខ្ទប់ ខណៈខណ្ឌសែនសុខ បានបិទខ្ទប់ភូមិទ្រុងមាន់ នៃសង្កាត់អូរបែកក្អម។ រីឯខណ្ឌពោធិ៍សែនជ័យ បិទខ្ទប់ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅ១ ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូងជាដើម។

សាលារាជធានីឱ្យដឹងដែរថា  ក្នុងអំឡុងពេលនៃការអនុវត្តវិធានបិទខ្ទប់នេះ ត្រូវហាមឃាត់រាល់ការជួបជុំ ការធ្វើដំណើរ រួមទាំង​សកម្មភាពការងារ មុខរបរ ឬអាជីកម្មដែលមិនមែន​ជាតម្រូវការចំាបាច់ប្រចាំថ្ងៃ លើកលែង​តែករណីចាំបាច់​មួយចំនួន​ដូចជា អ្នកធ្វើការងារ​ក្នុងក្របខណ្ឌរដ្ឋ កងកម្លាំង​ប្រដាប់អាវុធ ការផ្គត់ផ្គង់​អគ្គិសនី និង​ទឹកស្អាត សេវា​ដឹកជញ្ជូន​សំរាម​ជាដើម​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment