អង្គការ​លីកាដូ​ថា មន្ត្រី​ឥណទាន​មួយ​ចំនួន​ប្រើ​សឹង​គ្រប់​វិធី​បង្ខំ​ឱ្យ​ពលរដ្ឋ​សង​លុយ​ខ្លួន

ដោយ មាន ឫទ្ធិ
2021-04-09
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គការ​លីកាដូ​ថា មន្ត្រី​ឥណទាន​មួយ​ចំនួន​ប្រើ​សឹង​គ្រប់​វិធី​បង្ខំ​ឱ្យ​ពលរដ្ឋ​សង​លុយ​ខ្លួន

រូបគំនូរជីវចលរបស់​អង្គការ​សិទ្ធិមនុស្ស លីកាដូ និង​អង្គការ​ សមធម៌កម្ពុជា ដែល​អប់រំ​ពលរដ្ឋ​ឱ្យ​យល់ដឹង​អំពី​សិទ្ធិកូនបំណុល។ រូប៖ ហ្វេសប៊ុកអង្គការ លីកាដូ


អង្គការ​សិទ្ធិមនុស្ស​លីកាដូ​លើក​ឡើង​ថា មន្ត្រី​ឥណទាន​មួយ​ចំនួន​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ និង​កម្ចី​ខ្នាត​តូច​ប្រើ​សឹង​គ្រប់​វិធី​បង្ខំ​ឱ្យ​ពលរដ្ឋ​ទៅ​ខ្ចី​លុយ ឬ​ព្រមាន​លក់​ដី​កូនបំណុល​នៅ​ពេល​ពលរដ្ឋ​គ្មាន​លុយ​សង​ពួក​គេ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ថា ជា​គោល​ការណ៍​ស្ថាប័ន​មិន​ឱ្យ​អនុញ្ញាត​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ឱ្យ​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​ទេ។

អង្គការ​លីកាដូ​លើក​ឡើង​ថា ពលរដ្ឋ​ដែល​ជា​កូន​បំណុល​ត្រូវ​តែ​យល់​ដឹង​អំពី​សិទ្ធិ​របស់​ខ្លួន ព្រោះ​រឿង​នេះ​មាន​សារៈសំខាន់​ខ្លាំង។ អង្គការ​ដដែល​លើក​ឡើ​ថា ពលរដ្ឋ​ជា​កូនបំណុល​មិន​មែន​មាន​ន័យ​ថា ​អ្នក​ត្រូវ​ធ្វើ​តាម​គ្រប់​អ្វី​ដែល​ម្ចាស់បំណុល​បង្ខំ​ឱ្យ​ធ្វើ​នោះ​ទេ។ ប្រភព​ដដែល​បន្ត​ថា ពលរដ្ឋ​ជា​កូន​បំណុល​មាន​សិទ្ធិ​ចរចា​ជាមួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ដែល​​ពួក​គាត់​ខ្ចី​ប្រាក់ និង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា ប្រសិន​បើ​មាន​អំពើ​រំលោភ​បំពាន​ណា​មួយ ឬ​ចង់​ស្នើសុំ​ជំនួយ​លើ​ការ​ទូទាត់​សង​ប្រាក់។

ទាក់ទង​នឹង​សិទ្ធិ​របស់​កូន​បំណុល​នេះ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ និង​អង្គការ​ដៃគូ​បាន​ផលិត​វីដេអូ​អប់រំ​រយៈពេល​ជាង ​៥​នាទី​។​ វីដេអូ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ថ្ងៃ​ទី៩ ខែ​មេសា​បង្ហាញ​ថា មន្ត្រី​ឥណទាន​មួយ​ចំនួន​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ និង​កម្ចី​ខ្នាត​តូច​បាន​រំលោភ​បំពាន​សិទ្ធិ​កូន​បំណុល​នៅ​ពេល​ពលរដ្ឋ​គ្មាន​លុយ​សង​ស្ថាប័ន​ទាំង​នេះ​តាម​កាល​កំណត់។

​នាយក​រង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​នៃ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ឱ្យ​អាស៊ី​សេរី​ដឹង​បន្ថែម​ថា ការ​ចេញ​វីដេអូ​អប់រំ​នេះ​ក្រោយ​ពី​អង្គ​កា​លីកាដូ និង​អង្គការ​ដៃគូ​សង្កេតឃើញ​ថា មន្ត្រី​ឥណទាន​មួយ​ចំនួន​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​បាន​បំពាន​សិទ្ធិពលរដ្ឋ​ដែល​ជា​កូនបំណុល។ លោក​ព្រួយបារម្ភ​ថា ការប្រព្រឹត្ត​ឥរិយា​បទ​បែប​នេះ​របស់​មន្រ្តី​ឥណទាន ខណៈ​ពលរដ្ឋ​មិន​យល់​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​នោះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​អាច​នឹង​ខ្ចី​លុយ​អ្នក​ចងការ ឬ​លក់​ដី​ផ្ទះ​ដើម្បី​សង​លុយ​ស្ថាប័ន​ទាំង​នោះ៖ «ធម្មតាបើគាត់ (ពលរដ្ឋមិន​បានយល់ដឹងលើបញ្ហាហ្នឹងទាំអស់ទេ គាត់អាចមាន​ការបារម្ភ​ ​ភ័យ​ខ្លាច និងគាត់អាចលក់ (ដីឬ​ក៏ធ្វើតាមគេ (មន្ត្រីឥណទានក្លាយជារឿងខុសទាំង​អស់​គ្នា ហើយប៉ះពាល់ដល់សិទ្ធិរបស់គាត់»

Am_Sam_Ath_090916_1.jpg
លោក អំ សំអាត នាយក​រង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​នៃ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ។ រូប៖ RFA

ឆ្លើយ​តប​ការ​ព្រួយ​បារម្ភ​នេះ អ្នក​នាំ​ពាក្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​លោក កាំង តុងងី និយាយ​ថា សារ​អប់រំ​របស់​អង្គការ​លីកាដូ​ជា​សារ​ត្រឹម​ត្រូវ។ លោក​ថា គោល​ការណ៍​ស្ថាប័ន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មិន​អនុញ្ញាត​ឱ្យ​មន្ត្រី​ឥណទាន​បង្ខំ​ពលរដ្ឋ​ជា​កូនបំណុល​ទៅ​ខ្ចី​លុយ​អ្នក​ចង​ការប្រាក់​ដើម្បី​សង​លុយ​មក​ស្ថាប័ន​របស់​ខ្លួន​នោះ​ទេ។ ទោះ​យ៉ាង​ណា​ក្ដី លោក កាំង តុងងី ទទួល​ស្គាល់​ថា មាន​មន្ត្រី​ឥណទាន​មួយ​ចំនួន​អាច​នឹង​អនុវត្ត​ល្មើស​ក្រម​សីលធម៌ ព្រោះ​ក្នុង​វិស័យ​នេះ មាន​មន្ត្រី​ឥណទាន​ច្រើន​រហូត​ដល់​ជាង ៣ម៉ឺន​នាក់៖ «អ៊ីចឹងប្រហែលយើងជៀសមិនផុតទេ នៅពេលមន្ត្រីមួយចំនួនតូច ដែលគាត់មិនគោរពក្រមសីលធម៌ណា ក៏​ប៉ុន្តែបើនៅពេលយើងចាប់​បាន យើងរកឃើញថា មន្រ្តីនោះប្រព្រឹត្តកំហុសមិនមានក្រមសីលធម៌អីផ្សេងៗ យើងនឹងធ្វើការចាត់​វិធានការបែបរដ្ឋបាល ឬបញ្ឈប់មន្ត្រីហ្នឹងផ្ទាល់ពីគ្រឹះស្ថានតែ​ម្ដង»

ទោះ​ជា​យ៉ាង​ណា​ក្ដី អង្គការ​លីកាដូ​រម្លឹក​ប្រាប់​ពលរដ្ឋ​ថា គ្មាន​នរណា​ម្នាក់​អាច​បង្ខំ​ពលរដ្ឋ​ជា​កូន​បំណុល​ឱ្យ​លក់​ដី ដើម្បី​បង់​សង​បំណុល​ក្រៅ​ពី​តុលាការ​ឡើយ។ អង្គការ​សិទ្ធិមនុស្ស​ដដែល​ណែនាំ​ពលរដ្ឋ ដែល​ជួប​ករណី​នេះ​អាច​តវ៉ា ឬ​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន ដែល​ពលរដ្ឋ​ខ្ចី​ប្រាក់ ឬ​ធនាគារ​ជាតិ​នៃ​កម្ពុជា។ ពលរដ្ឋ​ក៏​អាច​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា អង្គការ​សិទ្ធិមនុស្ស​លីកាដូ និង​អង្គការ​សមធម៌​ជា​ដើម។

ជុំវិញ​បញ្ហា​បំណុល​ពលរដ្ឋ​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី៦ ខែ​មេសា សង្គម​ស៊ីវិល និង​សហគមន៍​ចំនួន​ជាង ​១០០​ស្ថាប័ន បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​រួម​ស្នើ​ឱ្យ​ផ្អាក​បង់​លុយ​សង​ត្រឡប់​ទាំង​ការ​ទាំង​ដើម ទៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ​រយៈ​ពេល ៣ខែ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ស្នាក់​នៅផ្ទះ​ការពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ ហើយ​ទុក​លទ្ធភាព​ឱ្យ​ពួកគេ​រក​ប្រាក់​សង​បំណុល​ធនាគារ​នៅ​ពេល​ក្រោយ​វិញ។

ប៉ុន្តែ​ភាគី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ឆ្លើយ​តប​ថា ពួក​គេ​មិន​អាច​ផ្ដល់​ដំណោះស្រាយ​រួម​ទៅ​គ្រប់​ករណី​ទាំង​អស់​បាន​ទេ។ នាយក​រង​អង្គការ​លីកាដូ លោក អំ សំអាត បន្ថែម​ថា ស្ថានភាព​សព្វថ្ងៃ​ដែល​កម្ពុជា​កំពុង​ជួប​វិបត្តិ​ជំងឺ​កូវីដ១៩ ធ្វើ​ឱ្យ​ពលរដ្ឋ​ជួប​ការ​លំបាក​កាន់​ខ្លាំង​ក្នុង​ការ​រក​ប្រាក់​សង​លុយ​ស្ថាប័ន​ទាំង​នោះ ដូច្នេះ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​គួរ​រក​មធ្យោបាយ​ថែម​ទៀត ដើម្បី​ជួយ​បន្ថយ​ការ​លំបាក​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment