ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​​មួយ​​​ចំនួន​​ ដង្ហោយ​ហៅ​រដ្ឋាភិបាល​​ឱ្យ​ជួយ​ដោះ​ស្រាយ​ជីវភាព​ពួកគាត់​ ពេល​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ

ដោយ យន់ សាមៀន
2021-04-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​​មួយ​​​ចំនួន​​ ដង្ហោយ​ហៅ​រដ្ឋាភិបាល​​ឱ្យ​ជួយ​ដោះ​ស្រាយ​ជីវភាព​ពួកគាត់​ ពេល​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ

ពលរដ្ឋខ្លះនៅ​តំបន់​ចត្តាឡីស័កក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ទទួល​ជំនួយ​ឧបត្ថម្ភ​ខ្លះរបស់​លោក ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី។ រូប៖ រដ្ឋបាលរាជធានី​ភ្នំពេញ


ពលរដ្ឋ​មួយ​ចំនួន​កំពុង​ធ្វើ​ចត្តាឡីស័ក ដង្ហោយ​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព បន្ទាប់​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​បិទ​ខ្ទប់​តំបន់​ពួក​គាត់​មិន​ឲ្យ​ចេញ​ឬ​ចូល។ មន្ត្រី​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរ​រក​ដំណោះស្រាយ​បញ្ហា​បន្ថែម​ទៀត​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ជន​ងាយ​រង​គ្រោះ សហគ្រាស អ្នក​លក់​ដូរ អាជីវកម្ម​តូចតាច ដោយ​កាត់​បន្ថយ​ពន្ធ សម្រួល​ថ្លៃ​សេវា​របស់​រដ្ឋ ដើម្បី​ស្ដារ​ជីវភាព​ប្រជាពលរដ្ឋ​ឡើង​វិញ។

ពលរដ្ឋ​មួយ​ចំនួន​កំពុង​បាត់​បង់​ចំណូល​ស្ទើរ​តែ​ទាំង​ស្រុង ដោយ​សារ​តែ​វិធានការ​បិទ​ខ្ទប់​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ពួក​គាត់​ជួប​ការ​លំបាក ខ្វះ​លុយ​បង់​ថ្លៃ​ទឹក​ភ្លើង និង​ប្រឈម​បញ្ហា​បំណុល​ធនាគារ ហើយ​សំណូម​ពរ​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​ជា​បន្ទាន់។

ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ចត្តាឡីស័ក នៅ​រាជធានី​ភ្នំពេញ លោក យឿង ធាយុទ្ធ ប្រាប់​អាស៊ី​សេរី​ថា ដោយសារតែ​ការ​រីក​រាល​ដាល​ជំងឺកូវីដ១៩ នេះ ហើយ​លោក​មិន​អាច​ចេញ​ទៅ​ប្រកប​មុខ​របរ​នៅ​ខាង​ក្រៅ​ផ្ទះ​បាន ធ្វើ​ឱ្យ​គ្រួសារ​របស់​លោក​បាត់បង់​ចំណូល​ស្ទើរ​ទាំង​ស្រុង ដែល​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​​គ្រួសារ​​បាន​គ្រប់គ្រាន់​​នោះ​ទេ។  ពេលនេះ​លោក​និង​សមាជិក​គ្រួសារ​ពីរ​ទៀត​កំពុង​ធ្វើ​ចត្តាឡឺស័ក​នៅផ្ទះ ដោយ​សារ​ម្ដាយ​កើតកូវីដ១៩ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ លោក​ត្អូញត្អែរ​ថា​អំឡុង​ពេលនេះ​លោក និង​គ្រួសារ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​មិន​មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់ ព្រោះ​លោក​មិន​អាច​ចេញ​ទៅ​ទិញ​ម្ហូប​ខាងក្រៅ​បានទេ។ យុវជនវ័យ ២១រូបនេះ​អះអាង​ថា អាជ្ញាធរ​មិន​អើពើ​ជួយ​ស្បៀងអាហារ និង​ជួយ​រំលែកទុក្ខ​លំបាក​គ្រួសារ​របស់​លោក ដោយ​អាជ្ញាធរ​មើល​នឹង​ភ្នែក និង​ត្រឹមតែ​អង្គុយ​ចាំ​យាម​ប៉ុណ្ណោះ៖ «និយាយ​ទៅ​អត់​សោះ​ម៉ង់ គាត់​អត់​មាន​បាន​ជួយ​អី​ក្រៅ​ពី​ឃ្លាំង​មើល​យើង​អ៊ីចឹង មិនថា​ចំណីអាហារ​ហូបចុក លុយ​កាក​អី​ទេ សូម្បី​ទឹក​អី​តិចតួច​ក៏​អត់​ដែរ គាត់​បាន​ត្រឹម​តែ​យាម​ហ្នឹង ប្រសិន​បើ​យើង​ចេញ​ទៅ​ទិញ​អី​ក្រៅ​អត់​បាន បើ​យើង​អត់​មាន​អ្នក​ជិត​ខាង​ជួយ​ឱ្យ យើង​មាន​តែ​ដាច់​ពោះ បើ​គាត់​មើល​នឹង​ភ្នែក»។

ស្រដៀង​គ្នា​នេះ​ដែរ កម្មការិនី​រោង​ចក្រ​ម្នាក់​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ លោកស្រី ស៊ុន ស្រីពៅ ប្រាប់​ថា​រយៈពេល ៤ថ្ងៃ​មក​ហើយ ដែល​លោកស្រី​មិន​ទាន់​ទទួល​លទ្ធផល​ធ្វើ​តេស្ត​សំណាក​កូវីដ១៩ ហើយ​លោកស្រី​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​បន្ទប់​ផង​ដែរ។ ស្រ្តីវ័យ ២៨ឆ្នាំរូប រស់នៅ​ទាំង​ត្រដាបត្រដួស​ដោយ​សារ​តែ​រោង​ចក្រ​ផ្អាក​ការងារ។ លោកស្រី​ទទូច​ឱ្យ​ថៅកែ​រោង​ចក្រ​ប្រញាប់​បើកប្រាក់​ខែ​ឱ្យ​កម្មករ ដើម្បី​ពួកគាត់​យក​ប្រាក់​ទៅ​ផ្គត់ផ្គង់​ជីវភាព​ស្រប​ពេល​រាតត្បាត​ជំងឺ​កូវីដ១៩៖ «បញ្ហា​អត់​លុយ​ទៅ​ណា​អត់​រួច កាល​ខ្ញុំ​ទៅ​ធ្វើតេស្ត​មក​ភ្លាម​ហ្នឹង​ខ្ញុំ​ទិញ​ត្រី​ខ​កំប៉ុង​មួយ​យួរ ហើយ​នឹង​ពង​ទា​ដប់​គ្រាប់​ហូប​ប៉ុណ្ណឹង តិចៗ ទៅ​តែ​ឥឡូវ​នៅ​ត្រី​ខ​មួយ​យួរ ហើយ​ពង​ទា​ហ្នឹង​នៅ​ប្រហែល​ប្រាំ ប្រាំមួយ​គ្រាប់ បារម្ភ​អត់​មាន​ទឹក​ដោះ​គោ​ឱ្យ​កូន​ពិបាក​ដល់​ហើយ»។

ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​នេះ គឺ​ដោយសារ​តែ​អាជ្ញាធរ​ប្រកាស​បិទ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​រាល​ដាល​ជំងឺ​កូវីដ១៩។

ជុំវិញ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​នេះ​ដែរ លោក ហ៊ុន សែន បាន​ថ្លែង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ប្រជាពលរដ្ឋ​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ រដ្ឋ​នឹង​ជួយ​គ្រួសារ​សព ដោយ​បង់​ជំនួស​ថ្លៃ​ទឹក​ភ្លើង រយៈ​ពេល​ប្រាំ​ខែ និង​ទទួល​បាន​ប្រាក់ ១០លាន​រៀល អង្ករ​មួយ​រយ​គីឡូក្រាម។ ចំណែក​ប្រជាពលរដ្ឋ​ឆ្លង​ជំងឺ​កូវីដ១៩ រដ្ឋ​នឹង​ជួយ​បង់ថ្លៃ​ទឹក​ភ្លើង​ជំនួស រយៈ​ពេល ៣ខែ។ រីឯ​គ្រួសារ​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​តំបន់​មិន​បិទ​ខ្ទប់ រដ្ឋ​នឹង​ជួយ​ថវិកា​បី​សែន​រៀល​ក្នុង​មួយ​គ្រួសារ និង​ជួយ​បង់ថ្លៃ​ទឹក​ភ្លើង រយៈ​ពេល​ពីរ​ខែ ហើយ​គ្រួសារ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ រដ្ឋ​នឹង​ឧបត្ថម្ភ​ក្នុង​មួយ​គ្រួសារ​ថវិកា ៣០ម៉ឺនរៀល ក្នុង​មួយ​គ្រួសារ និង​បង់​ថ្លៃ​ទឹក​ភ្លើង​ចំនួន ២ខែ ដោយ​បន្ថែម​អង្ករ​ក្នុង​មួយ​គ្រួសារ ២៥គីឡូ​ក្រាម មី​មួយ​កេស និង​ត្រី​ខ ២០កំប៉ុង។ លោក ហ៊ុន សែន បន្ត​ទៀត​ថា រដ្ឋ​នឹង​ជួយ​បង់​ទឹក​ភ្លើង​ឱ្យ​កម្មករ​មាន​ជំងឺ​កូវីដ-១៩ រយៈ​ពេល​បី​ខែ និង​កម្មករ​ធ្វើ​ចត្តាឡីស័ក​ជួយ​បង់ ២ខែ ព្រមទាំង​​ជំនួយ​ឧបត្ថម្ភ​ផ្សេងទៀត។

លោក ហ៊ុន សែន ប្រកាស​ថា​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​សមាគម​ធនាគារ​នៅ​កម្ពុជា នឹង​លើកលែង​ការ​បង់​ការប្រាក់ និង​ការ​ផាក​ពិន័យ​ទាំង​អស់​រយៈ​ពេល​មួយ​ខែ ព្រមទាំង​ទទួល​បាន​ការ​រៀបចំ​ឥណទាន​ឡើង​វិញ ប្រសិន​បើ​អតិថិជន​យល់​ព្រម រួម​ទាំង​ការ​ពន្យារ​ពេល​បង់​ប្រាក់​ដើម​រយៈ​បី​ខែ ចំពោះ​អតិថិជន​ឆ្លង​កូវីដ។ ចំណែក​អតិថិជន​ជាប់​ធ្វើ​ចត្តាឡីស័ក​ជួយ​រៀបចំ​ឥណទាន​ឡើង​វិញ ប្រសិន​បើ​អតិថិជន​យល់​ព្រម រួម​ទាំង​ពន្យារ​ការ​បង់​ទាំង​ប្រាក់ដើម និង​បង់​ការ​ប្រាក់​រយៈ​ពេល​មួយ​ខែ ហើយ​លើក​លែង​រាល់​ការ​ផាក​ពិន័យ​ទាំង​អស់។ ជាមួយ​គ្នា​នេះ​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​សមាគម​ធនាគារ​នៅ​កម្ពុជា​នឹង​ផ្តល់​ជូន ការ​រៀប​ចំ​ឥណទាន​ឡើង​វិញ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​អតិថិជន​រង​ផល​ប៉ះពាល់ ដោយ​ជំងឺ​កូវីដ១៩៖ «រាជ​រដ្ឋាភិបាល​អំពាវនាវ ចំ​ពោះ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា ក៏​ដូច​រដ្ឋាករ​ទឹក​ស្វយ័ត ក្រុមហ៊ុន​អគ្គិសនី​ឯកជន ក្រុមហ៊ុន​ទឹក​ឯកជន សូម​ចូល​រួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​ការ​ផ្គត់ផ្គង់​របស់​រដ្ឋ​ជូន​ចំពោះ​អ្នក​ដែល​មាន​ក្រុម​គ្រួសារ​ស្លាប់ សមាជិក​គ្រួសារ​ស្លាប់ ឬ​គ្រួសារ​ដែល​មាន​ជំងឺកូវីដ១៩ និង​អ្នក​ជាប់​ធ្វើ​ចត្តាឡីស័ក បើ​មិនបាន​មួយ​រយ​ភាគ​ទេ ក៏​បាន​បដិភាគ​មួយ​ចំនួន»។

លោក ហ៊ុន សែន ក៏​ស្នើសុំ​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​សមាគម​ធនាគារ​នៅ​កម្ពុជា ជួយ​ពន្យារ​ពេល​បន្ថែម​ទៀត​ចំពោះ​ការ​បង់​ប្រាក់​ដើម ការ​ប្រាក់ និង​ចៀស​វាង​ការ​ផាក​ពិន័យ ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​នៅ​ពេល​នេះ​ទេ។ លោក​បន្ថែម​ថា​ការ​កាត់​បន្ថយ​ការ​ប្រាក់ ដើម្បី​ជួយ​ស្ដារ​ឡើងវិញ​នូវ​សេដ្ឋកិច្ច​គ្រួសារ និង​អាជីវកម្ម​មុន និង​ក្រោយ​ពេល​មាន​វិបត្តិ។

ជុំវិញ​រឿង​នេះ​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​គាំទ្រ​នូវ​វិធានការ​ដោះស្រាយ​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​សារ​ជំងឺ​កូវីដ១៩។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​ជួយ​ឧបត្ថម្ភ​ប្រាក់​មួយ​ចំនួន​ដល់​អ្នក​ប្រកប​មុខ​របរ​ខ្នាត​តូច និង​មធ្យម ដើម្បី​ឱ្យ​ពួក​គាត់​អាច​បន្ត​មុខ​របរ និង​មាន​លទ្ធភាព​ដោះ​ស្រាយ​ផល​ប៉ះពាល់​នានា។ លោក​បន្ត​ទៀត​ថា រដ្ឋាភិបាល​គួរ​ពិភាក្សា​ឱ្យ​លម្អិត​បន្ថែម​ទៀត​រវាង​រដ្ឋាភិបាល ធនាគារ អ្នក​ជំនាញ និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​រក​ដំណោះ​ស្រាយ​បញ្ហា​បន្ថែម​ទៀត​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​ត្រៀម​ថវិកា​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ និង​សហគ្រាស អ្នក​លក់​ដូរ អាជីវកម្ម​តូចតាច ដើម្បី​ស្ដារ​ឡើង​វិញ ដោយ​កាត់​បន្ថយ​ពន្ធ សម្រួល​ថ្លៃ​សេវា​របស់​រដ្ឋ ជា​ដើម៖ «អត់​ទាន់​ដឹង​ថា កូវីដ​ហ្នឹង​បន្ត​អូស​បន្លាយ​ប៉ុណ្ណា ការ​អូស​បន្លាយ​នឹង​អាច​ប៉ះពាល់​ដល់​កម្រិត​ណា​ទៅ​ដល់​ជីវភាព​ប្រជាពលរដ្ឋ យើង​ដឹង​ហើយ អ្នក​រកស៊ី​ប្រាក់ចំណូល​មួយ​ថ្ងៃៗ គឺ​គាត់​ពិបាក​ហើយ គាត់​អត់​មាន​លុយ​សន្សំ​ដូច​គេ​ទេ គឺ​យើង​ត្រូវ​ត្រៀម​ទុក​ថវិកា ហើយ​ការ​រក​ថវិកា​ពី​ច្រក​ណា​នោះ យើង​អាច​រក​បាន​តាមរយៈ​លុយ​កម្ចី លុយ​ជំនួយ​ផ្សេងៗ អ្វី​ដែល​សំខាន់​ជាងគេ​គឺ​យើង​ប្រើ​លុយ​ដែល​យើង​មាន​តិចតួច​ហ្នឹង​ឱ្យ​ត្រូវ ត្រូវ​ចំ​គោល​ដៅ ហើយ​ត្រូវ​ចំ​ក្រុម​ដែល​យើង​គួរ​ជួយ»។

ជុំវិញ​ការ​សន្យា​របស់​លោក ហ៊ុន សែន នេះ​ដែរ ប្រជាពលរដ្ឋ​ស្នើ​រដ្ឋាភិបាល​ពន្លឿន​គួរ​គិតគូរ​បន្ថែម​ទៀត​ដល់​សុខ​ទុក្ខ​របស់​ពួក​គាត់ ដូច​ជា​ការ​ផ្តល់​ជំនួយ​ជា​ស្បៀង​អាហារ និង​ថវិកា ព្រម​ទាំង​ជួយ​សម្រួល​រឿង​បំណុល​ធនាគារ និង​បញ្ចុះ​ថ្លៃ​ទឹក​ភ្លើង ប្រសិន​បើ​ស្ថានភាព​ជំងឺ​កូវីដ១៩ ​នេះ​បន្ត​អូស​បន្លាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​​មួយ​​​ចំនួន​​ ដង្ហោយ​ហៅ​រដ្ឋាភិបាល​​ឱ្យ​ជួយ​ដោះ​ស្រាយ​ជីវភាព​ពួកគាត់​ ពេល​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ"

  1. Anonymous says:

    time for HUN SEN showing his card I just want to see how smart this highly jungle educated is