លោក ហ៊ុន សែន ស្នើ​ជា​ថ្មី​ទៀត​ឱ្យ​អាមេរិក និង​រុស្ស៊ី​លុប​ចោលបំណុល​ដែល​កម្ពុជា​ជំពាក់

ដោយ ជាតិ ចំណាន
2021-04-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ស្នើ​ជា​ថ្មី​ទៀត​ឱ្យ​អាមេរិក និង​រុស្ស៊ី​លុប​ចោលបំណុល​ដែល​កម្ពុជា​ជំពាក់

នាយករដ្ឋមន្ត្រី ហ៊ុន សែន រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត ឱ្យ​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី​លុប​ចោល​បំណុល ឬ​បង្វែរ​បំណុល​ទាំង​នោះ មក​ជា​ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា​វិញ។ អ្នក​ឃ្លាំមើល​យល់​ថា សហរដ្ឋ​អាមេរិក​អាច​ពិចារណា​លុប​បំណុល​នេះ ប្រសិន​បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពង្រឹង​ទំនាក់​ទំ​ល្អ​ជា​មួយ​អាមេរិក​ឡើង​វិញ និង​វិល​មក​ផ្លូវ​គោរព​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ ឬ​ការ​ចរចា​នយោបាយ​ឡើង​វិញ​ជាមួយ​បក្ស​ប្រឆាំង។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​អះអាង​ថា រដ្ឋាភិបាល​លោក​មិន​ខ្វះ​លុយ​ចាយ​នោះ ពេល​នេះ​បែរ​ជា​ត្អូញត្អែរ​ពី​បញ្ហា​បំណុល​ដែល​ជំពាក់​សហរដ្ឋ​អាមេរិក​ទៅ​វិញ។ លោក​ថ្លែង​នៅ​ថ្ងៃ​ទី១០ មេសា​ថា ពេលនេះ​លុយ​កម្ពុជា​ជំពាក់​សហរដ្ឋ​អាមេរិក ការ​ប្រាក់​បាន​ឡើង​ស្មើ​ប្រាក់​ដើម​ទៅ​ហើយ។ លោក​ស្នើ​ទៅ​សហរដ្ឋ​អាមេរិក​គួរ​មាន​វិធី​ដោះ​បំណុល​នេះ​ដូច​ប្រទេស​ជប៉ុន ដែល​បាន​អនុវត្ត​លើ​កម្ពុជា គឺ​ការ​ផ្ដល់​ទំនិញ​ឱ្យ​កម្ពុជា​លក់ ហើយ​ពេល​លក់​បាន​លុយ​យក​លុយ​នោះ​មក​ជួយ​អភិវឌ្ឍន៍​កម្ពុជា​ទៀត៖ «លន់ នល់ ខ្ចី​មិន​ដឹង​យក​ទៅ​ប្រើ​នៅឯណា​?​ទិញ​គ្រាប់​ទម្លាក់​ពេញ​តែ​ស្រុកខ្មែរ​ ​ឥឡូវ​បញ្ហា​សំខាន់​របស់​យើង​គឺ​ថា យក​ពូថៅ​វាយ​យើង​ហើយ វាយ​បែក​ក្បាល​ហើយ ទាមទារ​ឱ្យ​យើង​ជូត​ពូថៅ​ដែល​ប្រឡាក់​ដោយ​ឈាម​យើង​ទៅ​ទៀត»

លោក​ឱ្យ​ដឹង​ដែរ​ថា​ ​លោក​បរាជ័យ​បី​ដង​មក​ហើយ​ក្នុង​ការចរចា​ជាមួយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា (Barack Obama) រឿង​លុប​បំណុល​នេះ​ ​ដោយ​លោក​អូ​បា​ម៉ា​ ​និយាយ​ថា​ ​លោក​ពិបាក​និយាយ​ជាមួយ​ព្រឹទ្ធសភា​និង​រដ្ឋសភា​អាមេរិក​ពី​សំណើ​លុប​បំណុល​នេះ​។​

មក​ដល់​ពេល​នេះ បំណុល​ដែល​កម្ពុជា​ជំពាក់​សហរដ្ឋអាមេរិក​នៅ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​គិត​ទាំង​ដើម​ទាំង​ចុង​គឺ​ជិត ៥០០លាន​ដុល្លារ។ អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) ធ្លាប់​អះអាង​កាល​ពី​ឆ្នាំ២០១៧ ថា សហរដ្ឋអាមេរិក​មិនដែល​បាន​ពិភាក្សា ឬ​ពិចារណា​ដល់​ការ​លុប​ចោល​បំណុល ដែល​កម្ពុជា​ជំពាក់​នោះ​ទេ។ ជា​ពិសេស ការ​លុប​ចោល​បំណុល​ដែល​កម្ពុជា​ជំពាក់​សហរដ្ឋ​អាមេរិក​នោះ​មិន​មែន​ជា​ប្រធាន​បទ ដែល​សហរដ្ឋ​អាមេរិក​ដាក់​លើ​តុ​ដើម្បី​ពិភាក្សា​នោះ​ទេ ប៉ុន្តែ​លោក​ថា សហរដ្ឋ​អាមេរិក​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចរចា ដើម្បី​ឈាន​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​បំណុល​នេះ។

ក្រៅ​ពី​ស្នើ​ទៅ​អាមេរិក​ហើយ លោក ហ៊ុន សែន ក៏​ស្នើ​ទៅ​ប្រទេស​រុស្ស៊ី​ឱ្យ​លុប​ចោលបំណុល​ដែល​កម្ពុជា​ជំពាក់​កាល​ពី​មុន​នោះ​ដែរ។ បំណុល​កម្ពុជា​ជំពាក់​រុស្ស៊ី​ទាំង​ដើម​ទាំង​ការ គឺ​ជា​ង​មួយ​ពាន់​ប្រាំ​រយ​លាន​ដុល្លារ (១.៥០០)។ មន្ត្រី​រុស្សី​ធ្លាប់​និយាយ​ថា រុស្ស៊ី​មិន​អាច​បញ្ចប់​បំណុល​នេះ​ដោយ​ងាយៗ នោះ​ទេ។

ទាក់ទង​នឹង​សំណើ​របស់​លោក ហ៊ុន សែន ឱ្យ​លុប​ចោល​បំណុល​នេះ ទាំង​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា មិនទាន់​មាន​ប្រតិកម្ម​តប​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ដដែល​នេះ។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ន័រវេ (Norway) លោក ម៉ែន ណាត យល់​ថា មាន​កក្ដា​សំខាន់ៗ ពីរ​ដែល​អាមេរិក​អាច​លុប​បំណុល​នេះ គឺ​កម្ពុជា​ត្រូវ​មាន​ទំនាក់ទំនង​ការ​ទូត​ល្អ​ជា​មួយ​អាមេរិក​ឡើង​វិញ ដោយ​ការ​កែ​លម្អ​ស្ថានភាព​យ៉ាប់យ៉ឺន​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ លោក​ពន្យល់​ថា ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ដែល​សហរដ្ឋ​អាមេរិក​ចង់​បាន​ពេល​នេះ គឺ​ការ​ចរចា​ផ្នែក​នយោបាយ និង​ការ​អនុញ្ញាត​ឱ្យ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើ​នយោបាយ​ឡើង​វិញ និង​ការ​ដោះ​លែង​សកម្មជន​នយោបាយ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន​ជា​ដើម៖ «បញ្ហា​ដែល​សហរដ្ឋ​អាមេរិក​ចង់​បាន គឺ​ដូច​ទៅ​នឹង​សហភាព​អឺរ៉ុប​ចង់​បាន​អ៊ីចឹង គឺ​សម្រួល​ស្ថានភាព​នយោបាយ​ដែល​កំពុង​មាន​វិបត្តិ​បច្ចុប្បន្ន​ឱ្យ​ប្រក្រតី​ឡើងវិញ ហើយ​បញ្ហា​សព្វថ្ងៃ​ហ្នឹង​គឺ រដ្ឋាភិបាល​កម្ពុជា​បាន​រំលាយ​ចោល​នូវ​រចនាសម័្ពន្ធ​បក្ស​ប្រឆាំង ហើយ​ចាប់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង និង​អ្នក​ទោស​មន​សិកា​ជា​ច្រើន​ទៀត អ៊ីចឹង​លក្ខខណ្ឌ​អស់​ហ្នឹង ត្រូវ​សម្រួល​ឡើងវិញ​ទាំង​អស់​ដើម្បី​អាច​ជជែក​រឿង​បំណុល​បាន»

ចំណែក​អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា វិញ លោក​សង្កេត​ឃើញ​ថា កម្ពុជា​មិន​ទាន់​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​តាម​គោល​ការណ៍​ជា​សកល​នៅ​ឡើយ​ទេ។ លោក​ថា អង្គការ​សង្គម​ស៊ីវិល​មិន​ចង់​ឃើញ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដោយ​កា​រដោះ​ដូរ​តាមរយៈ​បំណុល​នោះ​ទេ។ លោក​យល់​ថា រដ្ឋាភិបាល​គួរ​អនុវត្ត​គោល​ការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជាស​កល​ដោយ​ខ្លួន​ឯង៖ «យើង​ចង់​ឃើញ​រដ្ឋាភិបាល​ស្វែង​យល់​នូវ​អ្វី​ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ការ​អនុវត្តន៍​ការ​គោរព​តាម​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ឱ្យ​បាន​ពិត​ប្រាកដ​ត្រឹម​ត្រូវ​ហ្នឹង​ដោយ​ខ្លួន​ឯង»

ជា​ញឹកញាប់​សហរដ្ឋ​អាមេរិក​តែង​ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ ដោយ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​ប្រឆាំង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត។ អាមេរិក​ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ក្រោម​ហេតុផល​នយោបាយ ដើម្បី​យាយី​ពលរដ្ឋ​របស់​ខ្លួន​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន ស្នើ​ជា​ថ្មី​ទៀត​ឱ្យ​អាមេរិក និង​រុស្ស៊ី​លុប​ចោលបំណុល​ដែល​កម្ពុជា​ជំពាក់"

  1. Anonymous says:

    do not talking none sent Mr did the US care about those money that Cambodia own them ?? I knew if Cambodia just doing as Cambodian constitution said the US may considering about money. I knew you HUN SEN think that CHINA forgive about those money owing them but CHINA already own about half of this country treasury>> is it true every one if you think I’m right just admit that my comment is meaningful

  2. Anonymous says:

    SAMDACH EY .. or SAMDACH MAPKEAK SENA BATHDEY MOHA PENCHO HUN NAL call HUN SEN next name CHHOUP SAMLAP or Mr meet to kill . I knew you are too smart murder him then made a dump story . this is from your highly educated in jungle of KRATEI province

Leave a Reply

Submit Comment