អ្នកវិភាគ​ថា លោក ហ៊ុន សែន គួរ​​ផ្សះផ្សា​ជាតិ ជា​ជាង​ផ្ដាច់ការ​ដើម្បី​យក​ឈ្នះ​ជំងឺ​កូវីដ

ដោយ ខែ សុណង
2021-04-11
RFA

អ្នកវិភាគ​ថា លោក ហ៊ុន សែន គួរ​​ផ្សះផ្សា​ជាតិ ជា​ជាង​ផ្ដាច់ការ​ដើម្បី​យក​ឈ្នះ​ជំងឺ​កូវីដ

អ្នក​វិភាគ​នយោបាយ ​លោក គឹម សុខ។ រូបថត​ពី​ហ្វេសប៊ុក​លោក គឹម សុខ


អ្នកវិភាគ​នយោបាយ​យល់​ថា ក្នុង​ដំណាក់កាល​កម្ពុជា​កំពុង​ឈរ​នៅ​មាត់ជ្រោះ នៃ​សោកនាដកម្ម​ដែល​បង្កឡើង​ដោយ​ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរតែ​ដើរតួ​ជា​បុរស​ផ្សះផ្សា​ជាតិ ល្អ​ជាជាង​ធ្វើជា​បុរស​ផ្ដាច់ការ។

អ្នកវិភាគ​នយោបាយ​រស់​នៅ​ប្រទេស​ហ្វាំងឡង់ ដើម្បី​គេច​ចេញ​ពី​ការ​តាម​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​របប​លោក ហ៊ុន សែន គឺ​លោក គឹម សុខ យល់​ថា ប្រសិន​លោក ហ៊ុន សែន ចង់​ស្រោចស្រង់​ស្ថានការណ៍​ប្រទេស​នៅ​ពេល​នេះ គឺ​មានតែ​ការ​ផ្សះផ្សា​ជាតិ និង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​បែកបាក់​គ្នា​នោះ​ទេ ដែល​អាច​នាំ​ឱ្យ​មាន​ដំណោះស្រាយ​ដល់​វិបត្តិ​ដែល​ពលរដ្ឋ​កំពុង​រង​គ្រោះ ពី​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។

លោក គឹម សុខ យល់​ថា ស្រប​ពេល​ដែល​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន កំពុង​ជួប​វិបត្តិ​គ្មាន​លុយ​ដោះស្រាយ​បញ្ហា រឿង​ទាំង​២​នេះ​ត្រូវ​ដើរ​ទន្ទឹមគ្នា​ទើប​អាច​ដោះស្រាយ​តម្រូវការ​របស់​ពលរដ្ឋ​បាន ព្រោះតែ​វិបត្តិ​សេដ្ឋកិច្ចជាតិ​កំពុង​ដាំ​ក្បាល​ចុះ ពលរដ្ឋ​ជួប​វិបត្តិ​ខ្វះ​ស្បៀងអាហារ វិបត្តិ​បំណុល បាត់បង់​ប្រាក់ចំណូល និង​ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩៖ «​ចេញពី​កូវីដ​ទៅ​វិបត្តិ​សេដ្ឋកិច្ច ពលរដ្ឋ​ស្លាប់​ដោយសារ​កូវីដ​ផង គ្រោះថ្នាក់​ដោយសារ​កូវីដ​ផង ប្រជាពលរដ្ឋ​ត្រូវ​អត់ឃ្លាន ស្លាប់​ស្ទើរ​តែ​មិន​ហូរឈាម​ដោយសារ​អត់​សេដ្ឋកិច្ច​ផង ស្លាប់​ដោយសារ​ថប់​បារម្ភ​ពីព្រោះ​គាត់​ត្រូវ​ជំពាក់​បំណុល​គេ​ជុំ​ទិស​ផង ដូច្នេះ​ត្រូវតែ​ដោះស្រាយ​បញ្ហា​អស់ហ្នឹង គឺ​ការ​ប្រើ​លុយ ហើយ​វិធី​រកលុយ​ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង គឺ​ការ​ផ្សះផ្សា​ផ្ទៃក្នុង​ជាតិ​ឡើងវិញ ទាំង​អ្នកប្រឆាំង ទាំង​រដ្ឋាភិបាល វា​ជា​ឱកាសល្អ​ហើយ​កុំ​នៅ​ប្រកាន់​គ្នា ផ្សះផ្សា​ជាមួយគ្នា​ទៅ ហើយ​ដោះស្រាយ​ជាមួយគ្នា លុយ​អាច​រក​បានទេ នៅ​ពេល​ដែល​បញ្ហា​នានា ផ្ទៃក្នុង​ជាតិ​របស់​យើង អាច​ផ្សះផ្សា​គ្នា​បាន​។ ខ្ញុំ​គិត​ថា ជប៉ុន​ក្ដី អឺរ៉ុប​ក្ដី សហរដ្ឋអាមេរិក​ក្ដី គេ​សប្បាយចិត្ត​ហ្នឹង​ជួយ​ក្នុង​ជំនួយ​មនុស្សធម៌ គេ​សប្បាយ​ចិត្តនឹង​ផល់​ជូន​ឱ្យ​កម្ពុជា​នូវ​ទីផ្សារ​អនុគ្រោះ​បម្រុង​សេដ្ឋកិច្ច​បន្ទាប់ពី​កូវីដ​១៩ អ៊ីចឹង​ជួយ​ទាំង​សេដ្ឋកិច្ច ជួយ​ទាំង​ជីវិត​ប្រជាពលរដ្ឋ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន គេ​ក៏​នឹង​ជំរុញ​ជួយ​ករណី​វ៉ាក់សាំង​ពី​សហរដ្ឋអាមេរិក​ពី​ជប៉ុន​ជាដើម ដែល​គេ​មាន​លុយ​បើ​ទោះ​បី​ជា​គេ​មិន​ផលិត​ក្នុង​ការ​ជួយជ្រោមជ្រែង​កម្ពុជា អា​អ្វី​ដែល​នៅ​មិន​ទាន់​មាន​គឺ​សមានចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន»។

ការ​លើកឡើង​បែបនេះ ធ្វើឡើង​បន្ទាប់ពី អង្គការ​សុខភាព​ពិភពលោក (WHO) ព្រមាន​ពី​គ្រោះមហន្តរាយ​ដ៏​ធំ​ដែល​អាច​នឹង​កើតមានឡើង និង​ទទូច​ឱ្យ​ពលរដ្ឋ​ខ្មែរ​ត្រូវ​នៅផ្ទះ​រៀងៗ​ខ្លួន អំឡុង​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី ដើម្បី​ការពារ​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ​ទាំងមូល។

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​វេជ្ជបណ្ឌិត លី អេលេន (Li Ailan) មាន​ប្រសាសន៍​ក្នុង​សេចក្តី​ថ្លែងការណ៍​បន្ទាន់​មួយ នៅ​ថ្ងៃទី​១០ មេសា ថា កម្ពុជា​ឈរ​នៅ​មាត់ជ្រោះ​នៃ​សោកនាដកម្ម​ដែល​បង្កឡើង​ដោយ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩​។ អ្នកស្រី​បន្ត​ថា ទោះជា​ភាគី​ពាក់ព័ន្ធ​បាន​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​យ៉ាងណាក៏ដោយ ក៏​ការគ្រប់គ្រង​វីរុស​នេះ​នៅតែ​ប្រឈម​នឹង​ការ​លំបាក​។ អ្នកស្រី​បន្ថែម​ថា បើ​មិន​បញ្ឈប់​ការ​ផ្ទុះ​រាតត្បាត​ឥឡូវនេះ​ទេ ប្រព័ន្ធ​សុខាភិបាល​កម្ពុជា នឹង​ប្រឈម​បន្ទុក​យ៉ាងធ្ងន់ធ្ងរ ដែល​អាច​នឹង​មាន​ផលវិបាក​ជា​មហន្តរាយ​ដ៏​ធំ។

អង្គការ​សុខភាព​ពិភពលោក​ចេញ​សារ​ព្រមាន​ធ្ងន់ៗ បែបនេះ ក្រោយ​ពី​កម្ពុជា​បាន​ផ្ទុះ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ទ្រង់ទ្រាយ​ធំ ចេញ​ពី​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​។ ចំនួន​អ្នក​ឆ្លង​ក្នុង​សហគមន៍​បាន​កើន​ដល់ ៣.៥៤៩ ក្នុង​នោះ​គ្រាន់តែ​រយៈពេល​ពីរ​ថ្ងៃ​ចុង​ក្រោយនេះ ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ជាង​១ ពាន់​នាក់​។ ចំណែក​អ្នក​ស្លាប់​ដោយសារ​កូវីដ​-១៩ វិញ តួលេខ​បាន​កើន​ដល់ ២៦​នាក់​ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១០ មេសា។

វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ នៅតែ​អនុវត្ត ឯ​វិធានការ​បង្ក្រាប​អ្នក​ដែល​និយាយ​ប៉ះពាល់​រឿង​វ៉ាក់សាំង​ចិន ក៏​នៅតែ​បន្ត​ធ្វើ។

តុលាការ​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃទី​១០ ខែ​មេសា បាន​សម្រេច​ឃុំខ្លួន​យុវជន​ម្នាក់​បង្ហោះ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម តិកតុក (TikTok) ដែល​ចោទ​ថា ប្រឌិត​រឿង​ពាក់ព័ន្ធ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩។ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ លោក ថៃ គឹមនី ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា យុវជន​ឈ្មោះ ប៉ាន់ សុភី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពោធិ៍​ចំរើន ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ រង​ការ​ចោទប្រកាន់​ពី​បទ«រារាំង​ដល់​ការ​អនុវត្ត​វិធានការ និង​បទ​ញុះញង់​ឱ្យ​មានការ​រើសអើង»។

សមត្ថកិច្ច​អះអាង​ថា យុវជន​រូប​នេះ បាន​ថត​វីដេអូ​បង្ហោះ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម ប្រឌិត​ព័ត៌មាន​ថា វ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩ របស់​ចិន ដែល​កំពុង​ចាក់​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​មាន​ភាព​​មិន​ច្បាស់​លាស់​។ ការ​ប្រឌិត​ព័ត៌មាន​នេះ គឺ​មាន​ចេតនា​ញុះញង់ និង​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ​ពី​សំណាក់​ប្រជាពលរដ្ឋ។

ថ្លែង​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ទាក់ទង និង​ស្ថានភាព​រីក​រាលដាល​ជំងឺ​កូវីដ​-១៩ លោក ហ៊ុន សែន ថ្លែង​ឌឺដង​ទៅ​អ្នកធ្វើ​ការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ថា លោក​នឹង​ចាត់វិធានការ​បង្ក្រាប​អ្នក​ដែល​បំពុល​សង្គម និង​បង្ក​ឱ្យ​ប៉ះពាល់​ឱ្យ​មាន​ចលាចល​សង្គម ដើម្បី​ការពារ​ពលរដ្ឋ​១៦​លាន​នាក់ ក្នុង​ពេល​រដ្ឋាភិបាល​របស់​លោក​កំពុង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ទោះ​បើ​ចោទ​លោក​ថា គ្រប់គ្រង​បែប​ផ្ដាច់ការ​ក្ដី​៖ «ហើយ​ពួក​អ្នក​និយាយ​ពី​សិទ្ធិមនុស្ស​ខ្ញុំ​សូម​និយាយ​ថា អ្នកឯង​គិត​ពី​សិទ្ធិមនុស្ស​នៃ​មនុស្ស​ម្នាក់​ដែល​និយាយ​បំភ្លៃ ដោយ​និយាយ​ញុះញង់ តែ​ខ្ញុំ​គិត​ពី​មនុស្ស​រាប់​លាន​នាក់​ដែល​គេ​ត្រូវ​ការ​រស់ អ្នកឯង​យក​មួយ​ណា​យក​ទៅ​។ ប្ដឹង​ខ្ញុំ​ទៅ​តុលាការ​ឧក្រិដ្ឋ​ឡាអេ ក៏​ប្ដឹង​ទៅ ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក៏​ធ្វើ​ទៅ ធ្វើ​តាម​ចិត្ត ។ បើ​ខ្ញុំ​សម្រាប់​ខ្មែរ​រាប់​លាន​នាក់​រស់ ហើយ​សុខចិត្ត​ចាប់​ពួក​អា​បំពុល​ញាត់​គុក​អ្នកឯង​ថា ផ្ដាច់ការ​អូខេទទួល​បាន​ខ្ញុំ​សុខចិត្ត​មានឈ្មោះ​ជា​អ្នក​ផ្ដាច់ការ ប៉ុន្តែ​ខ្ញុំ​មាន​គុណ​សម្បត្តិ​ការពារ​ជីវិត​ប្រជាជន​ខ្ញុំ​ឱ្យ​រស់រាន​មាន​ជីវិត​។ អ្នកឯង​យក​មួយ​ណា អ្នកឯង​យក​សិទ្ធិ​សេរីភាព​បញ្ចេញមតិ រួច​ហើយ​ងាប់​ទៅ​វា​ខាន​បញ្ចេញមតិ ហើយ​បំផ្លាញ​ដល់​ប្រជាជន​រាប់​លាន​នាក់​អ្នក​ឯ​ង​យក​មួយ​ណា​សូម​ពួក​សិទ្ធិមនុស្ស ពួក​ប្រជាធិបតេយ្យ​អ្នកឯង​គិត​ឱ្យ​ច្បាស់​ទៅ»។

ក្នុង​គ្រា​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​ប្រកាន់​ជំហរ​ថា លោក​សុខចិត្ត​ដើរតួ​ជា​បុរស​ផ្ដាច់ការ លោក គឹម សុខ ផ្ដល់​យោបល់​ថា ពេលវេលា​នេះ​លោក ហ៊ុន សែន គួរ​ធ្វើជា​បុរស​ផ្សះផ្សា ជា​វីរបុរស​ឱ្យ​ទាន់​ស្ថានការណ៍​ជាក់ស្ដែង ទើប​មាន​កិត្តិយស​ឧត្ដុង្គឧត្ដម​សម្រាប់​ប្រទេសជាតិ ដើម្បី​ស្រោចស្រង់​ជាតិ​ដែល​កំពុង​ដើរ​ដល់​មាត់ជ្រោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "អ្នកវិភាគ​ថា លោក ហ៊ុន សែន គួរ​​ផ្សះផ្សា​ជាតិ ជា​ជាង​ផ្ដាច់ការ​ដើម្បី​យក​ឈ្នះ​ជំងឺ​កូវីដ"

  1. so socheath says:

    ឧបាយកលសម្លាប់ប្រជាជនកម្ពុជា របស់អាក្បត់ជាតិ
    សមរង្ស៊ី ពិតជាសាហាវជាងប៉ុលពតរាប់រយដង !
    ***
    អាពូជក្បត់ជាតិ អាកំណេីតឆ្កែសមរង្សុី ពេលនេះកំពុងតែ
    ឆ្លេឆ្លារ រត់ជាន់ចានជ្រក់ ដោយសារឃេីញប្រជាពលរដ្ឋ
    កម្ពុជា មិនអនុវត្តទៅតាមការអំពាវនាវបស់វាកន្លងមក
    កុំឲ្យប្រជាជនទៅចាក់វ៉ាក់សាំងចិន តាមការបោកប្រាសថាបណ្តាលឲ្យស្លាប់នោះ ពេលនេះបានបង្ហាញ
    ឲ្យឃេីញ នឹងប្រាប់អាក្បត់ជាតិសមរង្សុីកាន់តែច្បាស់ថា នយោបាយភូតភរបោកប្រាស ញុះញង់អុចអាល លាបពណ៌របស់វាដេីម្បីបោកបញ្ឆោតប្រជាជនកម្ពុជា លែងមាន
    ប្រសិទ្ធិភាពហេីយ ។
    ដោយទទួលនូវភាពបរាជ័យបែបនេះ ឥឡូវនេះអាក្បត់ជាតិ
    សមរង្ស៊ី បានប្តូរយុទ្ធសាស្ត្រ តាមរយះធ្វេីការអំពាវនាវ ឲ្យ
    ប្រជាពលរដ្ឋ នាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងចិន ឲ្យបានឆាប់រហ័សដេីម្បីការពារសុខភាពផ្ទាល់ខ្លួន ដោយមិនត្រូវទុកឲ្យវ៉ាក់សាំងនេះ ចាក់ឲ្យតែចំពោះមន្ត្រីរាជការ នឹងពួកប៉ូលីស
    ទាហាននោះទេ ដែលចំណុចនេះ អាក្បត់ជាតិសមរង្ស៊ី ចង់
    បង្កេីតឲ្យមានចលាចល នៃការប្រជ្រៀត ប្រជែង ដណ្តេីម
    ចាក់វ៉ាក់សាំងពីប្រជាពលរដ្ឋ សំដៅឲ្យបាត់សណ្តាប់ធ្នាប់
    សាធារណ: បង្កេីននូវការរីកសាយភាយជម្ងឺកូវីដ១៩ ពេញ
    ក្នុងសង្គមពេលដែលប្រជាជន បោះបង់ចោលវិធានសុវត្តិភាព
    តាមរយះការមិនរក្សាគម្លាតសុវត្ថិភាព ដេីម្បីបង្ការការឆ្លង
    រីករាលដាលជម្ងឺកូវីដ ១៩ ពិសេសជម្ងឺកូវី១៩ ដែលបំប្លែងខ្លួនថ្មី ហេីយដែលមានភាពសាហាវសម្លាប់មនុស្សយ៉ាងឆាប់រហ័ស ជាង កូវីដ១៩ដែលកេីតនាពេលមុន ។
    ពិតណាស់មធ្យោបាយដេីម្បីសម្លាប់ប្រជាជនកម្មជា ដែល
    អាក្បត់ជាតិសមរង្ស៊ី ប្រេីប្រាស់ក្នុងព្រឹត្តិការណ៍ឆ្លងរាលដាល
    នៃជម្ងឺកូវីដ១៩ ពិតជាសាហាវព្រៃផ្សៃជាងរបបប្រល័យពូជសាសន៍ប៉ុលពតទៅទៀត ប្រសិនបេីនយោបាយញុះញង់
    បង្កេីតចលាចល សំដៅបានដល់ការចម្លងជម្ងឺកូវីដ១៩ របស់
    វាបានជោគជ័យ ហេីយដែលនាំដល់ក្តីអន្តាយអាយុជិវិត
    ប្រជាជនកម្ពុជា រាប់លាននាក់ ក្នុងពេលអ្នកដែលមាន
    សមត្ថភាពបម្រេីឲ្យការព្យាបាលនៅកម្ពុជា មានចំនួនតិចតួច
    ហេីយដែលឧបករណ៍បម្រេីឲ្យការងារវិជ្ជសាស្ត្រទៀតសោតនៅមានកម្រឹត នៅឡេីយ។

  2. Anonymous says:

    I’m not believe to this evil man as I used to say >>HUN SEN rather die to give up his powers

Leave a Reply

Submit Comment