ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ភ្នំពេញ​ស្នើ​រដ្ឋាភិបាល​ទប់ស្កាត់​ទំនិញ​ឡើងថ្លៃ​ពេល​រីក​រាលដាល​ជំងឺ​កូវីដ-១៩

ដោយ សេក បណ្ឌិត
2021-04-11
RFA

ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ភ្នំពេញ​ស្នើ​រដ្ឋាភិបាល​ទប់ស្កាត់​ទំនិញ​ឡើងថ្លៃ​ពេល​រីក​រាលដាល​ជំងឺ​កូវីដ-១៩

តូប​លក់​អីវ៉ាន់​នៅ​ផ្សារ​ដើមគ។ រូប​ថ្ងៃ​ទី១១ ខែ​មេសា ឆ្នាំ​២០២១។ រូប​ពី​ហ្វេសប៊ុក


ប្រជា​ពលរដ្ឋ​មួយចំនួន​រស់នៅ​រាជធានី​ភ្នំពេញ ស្នើ​រដ្ឋាភិបាល​ទប់ស្កាត់​ទំនិញ​ឡើងថ្លៃ​អំឡុង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់​ទំនិញ​ឡើងថ្លៃ ដើម្បី​ស្ដារ និង​ជួយ​កាត់បន្ថយ​បន្ទុក​របស់​ប្រជាពលរដ្ឋ ដែល​ពួកគាត់​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ១៩។

ពលរដ្ឋ​មួយចំនួន​រស់នៅ​រាជធានី​ភ្នំពេញ​ត្អូញត្អែរ​អំពី​ទុក្ខ​លំបាក​របស់​ពួកគាត់ ដែល​ពុំ​មាន​លទ្ធភាព​ទិញ​ស្បៀងអាហារ​បំរុង​សម្រាប់​ស្នាក់​នៅផ្ទះ ខណៈ​អាជ្ញាធរ​ដាក់ចេញ​នូវ​វិធានការ​រឹត​បន្តឹង​បិទ​ខ្ទប់​តំបន់​ពួកគាត់។

ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ លោក ម៉ៅ ឆន ប្រាប់​អាស៊ីសេរី​ថា ពួកគាត់ កំពុង​ជួប​ទុក្ខ​លំបាក និង​រងគ្រោះ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​១៩ ហើយ​បែរជា​ទំនិញ​លើ​ទីផ្សារ​សម្រុក​ឡើងថ្លៃ​។ លោក​បញ្ជាក់​ថា សាច់​ជ្រូក​តម្លៃ​ធម្មតា​២​ម៉ឺន ៥​ពាន់​រៀល ឡើង​ដល់​៣ម៉ឺន ៥​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម ចំណែក​សាច់គោ​តម្លៃ​ធម្មតា ៣​ម៉ឺន ៥​ពាន់​រៀល ឡើង​ដល់ ៤​ម៉ឺន ៥​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម រីឯ​អង្ករ​តម្លៃ​ធម្មតា ១២​ម៉ឺន​រៀល ឡើង​ដល់​១៤​ម៉ឺន​រៀល​ក្នុង​មួយ​បេ ឬ​(៥០​គីឡូក្រាម​) និង​មុខទំនិញ​ផ្សេង​ទៀត ក៏​ឡើងថ្លៃ​ដូចគ្នា​ដែរ​។ បុរស​រូប​នេះ​ទទូច​ឱ្យ​រដ្ឋាភិបាល​គួរ​អន្តរាគមន៍​ទៅ​ភាគី​ពាក់ព័ន្ធ ដើម្បី​ជួយ​សម្រួល​បញ្ចុះតម្លៃ​ទំនិញ​ចាំបាច់​ទាំងនេះ ខណៈ​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​។ លោក​ព្រួយ​បា​ម្ភ​ថា ប្រសិនបើ​អាជ្ញាធរ​បង្កើន​ការ​រឹត​បន្តឹង​បិទ​ខ្ទប់​ជាង​នេះ​ទៀត នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ខ្លាំង​។ លោក​ស្នើ​រដ្ឋាភិបាល​ជួយឧបត្ថម្ភ​ស្បៀងអាហារ​ដល់​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​ដែល​កំពុង​ស្នាក់​នៅ​តាម​ផ្ទះ៖ «ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ គឺ​ខ្ញុំ​សំណូមពរ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​មិច​ជួយ​សម្រួល​ទំនិញ​លើ​ទីផ្សារ​ហ្នឹង កុំឱ្យ​មានការ​ឡើងថ្លៃ អាច​គាត់​ធ្វើជា​សេចក្តី​អំពាវនាវ​មួយ​ទៅ​ដើម្បី​ឱ្យ​ខាង​អាជីវករ ក៏ដូចជា​ម្ចាស់​ផ្សារ​មួយចំនួន ពិសេស​វិនិយោគ​នៅ​លើ​ទីផ្សារ​មួយចំនួន​ដែល​គេ​អាច​នាំមក​លក់​ហ្នឹង​កុំឱ្យ​ឡើងថ្លៃ ឬ​អាច​បញ្ចុះ​ថ្លៃ​ជាង​ហ្នឹង​ទៅ សូម្បី​សាំង​ក៏ដោយ​នៅពេល​ហ្នឹង​អត់​មានការ​ចុះថ្លៃ​នៅ​ថ្លៃ​ដដែល វា​ជា​បញ្ហា​សម្រាប់​ប្រជាពលរដ្ឋ​មែនទែន ពេលនេះ​រក​ចំណូល​អត់​បាន​ផង​ហ្នឹង»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​រាជធានី​ភ្នំពេញ លោកស្រី រស់ ចន្ធី រៀបរាប់​ថា ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ធូរធារ​សម្រុក​ស្បៀងអាហារ​ទុក ធ្វើ​ឱ្យ​ទំនិញ​លើ​ទីផ្សារ​ចាប់ផ្តើម​ឡើងថ្លៃ​។ លោកស្រី​បន្ត​ថា ប្រជាពលរដ្ឋ​ភាគច្រើន​សម្រុក​ទិញ​សាច់​ជ្រូក សាច់គោ មី ត្រីខ និង​ម្ហូប​អាហារ ដែល​ទុក​បាន​យូរ ព្រោះ​ពួកគាត់​ព្រួយបារម្ភ​ថា អាជ្ញាធរ​នឹង​ចេញ​វិធាន​ការ​បិទ​ខ្ទប់​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​។ ស្ត្រី​រូប​នេះ​បន្ត​ទៀត​ថា គ្រួសារ​លោកស្រី​មិន​បាន​ទៅ​ទិញ​ស្បៀងអាហារ​ស្តុក​ទុក​ទេ ព្រោះ​លោកស្រី​ត្រូវ​ដោះស្រាយ​បន្ទុកគ្រួសារ​ជាច្រើន​ដូចជា​បង់​ធនាគារ បង់​ផ្ទះ​ជួល បង់​ទឹក​ភ្លើង​ជាដើម​។ ការ​ផ្ទុះ​ជំងឺ​កូវីដ​នេះ​រុញច្រាន​គ្រួសារ​លោកស្រី​បាត់បង់​ចំណូល​មិនអាច​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​បានទេ៖ «ប្រាកដ​ជា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​គ្នា​អត់​លុយ យើង​អត់​លុយ ទីមួយ​បញ្ហា​ឡើងថ្លៃ ទី​ពីរ​មិន​ឡើងថ្លៃ​ហ្នឹង​ប្រជាពលរដ្ឋ​អត់​អី​ទិញ​ដោយសារ​កូវីដ​អ៊ីចឹង គេ​បិទ​គ្រប់​ច្រកល្ហក យើង​រក​អ្វី​ក៏​អត់​បាន លក់​អ្វី​ក៏​អត់​ដាច់​អីវ៉ាន់​ឡើងថ្លៃ​ទៀត​អាហ្នឹង​មិនមែន​ងាប់​ដោយ​កូវីដ​ទេ តិច​ទៀត​ងាប់​ដោយសារ​ដាច់​បាយ»។

ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​នេះ បន្ទាប់​ពី​រដ្ឋាភិបាល មិន​បាន​ចេញ​វិធាន​ការ​ជួយ​ទប់ស្កាត់​ទំនិញ​ឡើងថ្លៃ​លើ​ទីផ្សារ ស្របពេល​អាជ្ញាធរ​ប្រកាស​បិទ​ខ្ទប់​តំបន់​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១០ មេសា ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា រដ្ឋាភិបាល​នឹង​ជួយ​បង់​ទឹក​ភ្លើង ផ្តល់​ថវិកា​មួយចំនួន ផ្តល់​ជំនួយ​ឧបត្ថម្ភ​ផ្សេងទៀត ព្រមទាំង​ជួយ​សម្រួល​បញ្ហា​កម្ចី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ដល់​គ្រួសារ​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ អ្នក​ឆ្លង​ជំងឺ​កូ​វីដ និង​អ្នកធ្វើ​ចត្តាឡីស័ក។

ជុំវិញ​សំណើ​របស់​ប្រជា​ពលរដ្ឋ​នេះ​ដែរ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន អះអាង​ថា ក្រុមការងារ​របស់​លោក​ពិនិត្យ​រក​មិន​ឃើញ​ទំនិញ​ឡើងថ្លៃ ដូច​ការ​លើកឡើង​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ​។ លោក​ថា ស្ថានភាព​នេះ​អ្នកណា​ក៏​ជួប​ទុក្ខ​លំបាក​ដែរ មិន​ថា​អ្នកមាន ឬ​ក្រ​នោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ចាត់វិធានការ​គ្រប់​ជ្រុង​ទាំងអស់ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​។ លោក​ជំរុញ​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ខ្វះខាត ត្រូវ​ទាក់ទង​អាជ្ញាធរ​មូលដ្ឋាន​ស្នើសុំ​ប័ណ្ណ​ក្រីក្រ ដើម្បី​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋ៖ «អត់​ទាន់​ឃើញ​ឡើងថ្លៃ ហើយ​ក្នុង ឱកាស​នេះ​សូម​សំណូមពរ​ដល់​អ្នកលក់ យើង​ដឹង​តើ​ប្រជាជាតិ​យើង​កំពុង​ជួប​បញ្ហា សូមអ្នក​ទាំងអស់គ្នា​ចូលរួម​កុំ​បង្កើត​បញ្ហា​បន្ថែម ហេតុដូច្នេះ​ហើយ​សូម​បងប្អូន​ជា​ពាណិជ្ជករ​ហ្នឹង​សូមកុំ​ឱ្យ​បង្កើត​បញ្ហា​ច្របូកច្របល់​នៅក្នុង​សង្គម ហើយ​វិធានការ​នៅ​មាន​ទៀត បើសិន​មាន​ក្រុម​ណា​ធ្វើ​វិទ្ធំសនា​ទៅលើ​សេដ្ឋកិច្ច​កំពុង​ស្ថានភាព​យើង​ពិបាក​នេះ​យើង​នឹង​ចាត់វិធានការ»។

ជុំវិញ​រឿង​នេះ​អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា កន្លង​ទៅ​រដ្ឋាភិបាល​បាន​ប្រើប្រាស់​យន្តការ​សុខាភិបាល ច្បាប់ និង​សេដ្ឋកិច្ច ដើម្បី​ឆ្លើយតប​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។ លោក​មើល​ឃើញ​ថា យន្តការ​សេដ្ឋកិច្ច​ហាក់​មាន​ប្រសិទ្ធភាព​តិចតួច ដោយសារតែ​រដ្ឋាភិបាល មិនទាន់​ជួយ​ស្ដារ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​គ្រប់​ជ្រុងជ្រោយ ចំពោះ​ផល​​ប៉ះពាល់​នានា​។ លោក​បន្ត​ទៀត​ថា អ្នកជំនួញ​ឱកាសនិយម​មួយចំនួន​កំពុង​ឆ្លៀត​ដំឡើង​តម្លៃ​ទំនិញ ហើយ​ការទប់ស្កាត់​ទំនិញ​ឡើងថ្លៃ​នេះ គឺជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ត្រូវ​ធានា​ចំពោះ​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ អំឡុង​វិបត្តិ​កូវីដ១៩ នេះ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ទំនិញ​ឡើងថ្លៃ ដើម្បី​ស្តារ និង​ជួយ​កាត់បន្ថយ​បន្ទុក​របស់​ប្រជាពលរដ្ឋ ដែល​ពួកគាត់​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ១៩៖ «តម្លៃ​ទំនិញ​នៅក្នុង​កាលៈទេសៈ​ដែល​លំបាក​នេះ ព្រោះ​នេះ​មិនមែន​ជា​ការ​ប្រកួតប្រជែង​ទីផ្សារសេរី​ទេ ការ​ដំឡើង​តម្លៃ​ទំនិញ​អំឡុង ពេល​យើង​មាន​វិបត្តិ​នេះ​គឺ​វា​ជា​ឥរិយាបថ​បែប​ឱកាសនិយម សម្រាប់​ខ្ញុំ​សង្កេត​ឃើញ​ថា វា​មាន​ប្រសិទ្ធភាព​តិចតួច​មែនទែន ដោយសារ​កន្លង​មក​រដ្ឋាភិបាល​មិនសូវ​ជាមាន​លទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ទៅលើ​ជន​ឱកាសនិយម មិនមែន​តែ​អំឡុង​សម័យ​កំពុង​ជួប​កូ​វីដ​ទេ សូម្បី​ពិធីបុណ្យ​ចូលឆ្នាំ​កន្លងមក​ក៏​សំបុត្រ​ឡានក្រុង​ឡើងថ្លៃ»។

ក្រសួងសុខាភិបាល បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​១៥៧ នាក់ និង​ស្លាប់​ចំនួន​៣​នាក់​ទៀត នៅ​ថ្ងៃទី​១១ មេសា​។ កម្ពុជា មាន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ ជាង​៤​ពាន់ នាក់ (៤.២៣៨) ក្នុង​នោះ អ្នកជា​សះស្បើយ​មាន​ជាង ២​ពាន់​នាក់ (២.១៥២) ហើយ​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ជាង ២ ពាន់​នាក់ (២.០៥២)​។ អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ កើន​ដល់​២៩ នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment