សមាគម​​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ​នឹង​​បន្ថយ​​អត្រា​ការ​​​ប្រាក់​និង​​ពន្យារ​​ពេល​​សង​​​​ត្រឡប់​តាម​​សំណើ​រដ្ឋាភិបាល​​

ដោយ សុជីវី
2021-04-11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាគម​​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ​នឹង​​បន្ថយ​​អត្រា​ការ​​​ប្រាក់​និង​​ពន្យារ​​ពេល​​សង​​​​ត្រឡប់​តាម​​សំណើ​រដ្ឋាភិបាល​​

សមាគម​​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ​នឹង​​បន្ថយ​​អត្រា​ការ​​​ប្រាក់​និង​​ពន្យារ​​ពេល​​សង​​​​ត្រឡប់​តាម​​សំណើ​រដ្ឋាភិបាល​​។ រូប៖ pressocm


សមាគម​​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ​កំពុង​​ប្រជុំ​ជាមួយ​​តំណាង​​​សមាជិក​របស់​​ខ្លួនដែល​​មាន​​ជាង​​មួយ​រយ​ (១១៤) គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ដើម្បី​​រក​​នីតិវិធី​​ជួយ​​សម្រួល​​ដល់​​ពលរដ្ឋតាម​សំណើ​រដ្ឋាភិបាល​។

អ្នក​នាំ​​ពាក្យ​​សមាគម​​គ្រឹះ​ស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុលោក កាំង តុងងី មិន​​ទាន់​​អាច​​វាយ​​តម្លៃ​​បាន​​ថា ខាង​​គ្រឹះស្ថាន​​​មីក្រូ​ហិរញ្ញ​វត្ថុ​នីមួយៗ​នឹង​​អាច​​ជួយ​​បញ្ចុះ​​ការ​​ប្រាក់​​បាន​​កម្រិត​​ណា​ឬ​​ក៏​​ជួយ​​ពន្យារ​ពេល​សង​ប្រាក់​​ត្រឡប់​​បាន​​ប៉ុន្មាន​ខែ​ទេ។ តែ​លោក​​​ឲ្យ​ដឹង​​ថា​ ​នៅ​​សប្ដាហ៍​ក្រោយ​ខាង​​សមាគម​នឹង​​ចេញ​​ប្រកាស​​អំពី​​នីតិវិធី​​ក្នុង​​ការ​​ជួយ​​សម្រួល​​​នេះ។ លោក​បន្ត​ថា ​សមាគម​​​នឹង​​​ស្ដាប់​​តាម​​ការ​​ណែនាំ​​របស់​​រដ្ឋាភិបាល​​ហើយ​​ខិតខំ​​​រក​​នីតិ​វិធី​​ដើម្បី​​ឈាន​​ដល់​​ការ​​ជួយ​​សម្រួល​​​ពលរដ្ឋ​ក្នុង​​ស្ថាន​​ភាព​​នេះ​៖ «យើង​ពិនិត្យ​មើល​ក្នុង​​ទិដ្ឋភាព​​ផ្លូវ​ច្បាប់​ក្នុង​​ទិដ្ឋភាព​​ប្រតិបត្តិ​ការ​​វា​យ៉ាង​​ម្ដេច? ​អ៊ីចឹង​ណា។ អ៊ីចឹង​យើង​​កំពុង​​តែ​​ជជែក​​​ជាមួយ​​អ្នក​​ពាក់ព័ន្ធ​នៅ​​ក្នុង​​វិស័យ​​ហ្នឹង​ ដើម្បី​​ដឹង​​ថា ឥឡូវ​​​យើង​​ត្រូវ​​ចេញ​​របៀប​ម្ដេចយើង​​អ្វី​មាន​​លក្ខខណ្ឌ​គ្រប់គ្រាន់​​បច្ចេកទេស​​អ្វី​គ្រប់គ្រាន់​។ ប៉ុន្តែ​​ជា​​គោលការណ៍​រួម​​ គឺ​​​សមាគម​​មីក្រូ​ហិរញ្ញ​វត្ថុ​​យើង​​ហ្នឹង​​គោរព​​តាម​​ការ​​ស្នើសុំ​ការ​​អំពាវនាវ​របស់​​​​រដ្ឋាភិបាល​​ក្នុង​​ការ​​ជួយ​​ដល់​​អតិថិជន​​របស់​​យើងក្នុង​​ពេល​​រង​​ផល​​ប៉ះពាល់​»។

សមាគម​​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ​និង​​សមាគម​​ធនាគារ​នៅ​​​កម្ពុជា​បាន​​ចេញ​​សេចក្ដី​ថ្លែង​ការណ៍​​រួម​គ្នា​កាល​​ពី​​ថ្ងៃ​ទី​០៧ ខែមេសា ​ដាក់​​ចេញ​​ផែន​ការ​ ៦ ​ចំណុច​​ដើម្បី​​គាំពារ​ និង​​ជួយ​សម្រួល​ដល់​​ការ​​សង​ត្រឡប់​​របស់​​អតិថិជន​ក្នុង​​​ពេល​​កំពុង​​រីក​រាល​ដាល​​ជំងឺ​កូវីដ​១៩ ធ្ងន់ធ្ងរ​ដោយ​​ផ្ដោត​​សំខាន់​លើ​​​កូន​​បំណុល​ដែល​កើត​​ជំងឺ​​កូវីដ​ ​១៩ ​និង​​កូន​​បំណុល​​ជាប់​​កាតព្វកិច្ច​​ចត្តាឡីស័ក។​

បន្ថែម​ពី​​លើ​ផែនការ​​ទាំង ​៦ ​ចំណុច​​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ទី​១០ ខែមេសា បាន​​ស្នើសុំ​បន្ថែ​ម​ទៀត​ឲ្យ​​ខាង​ធនាគារ និង​​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ​​​លើក​លែង​​​និង​ពន្យារពេល​ការ​​បង់​សង​ប្រាក់​​ទាំង​ស្រុង ទាំង​ប្រាក់​ដើមនិង​ការ​ប្រាក់ឲ្យ​បាន​ពីរខែ​​​ព្រមទាំង​​​លើក​លែង​​ការ​​ផាក​ពិន័យ​​និង​​លើក​លែង​​ការ​​រឹប​អូស​​ទាំង​​ស្រុង​ក្នុង​​អំឡុង​​ពេល​​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ។ លើសពីនេះ លោកបាន​ស្នើឲ្យការអនុវត្តនេះ​មានវិសាលភាព​ដល់​កម្មករកម្មការិនីដែល​បាន​បាត់បង់​ការងារ​ធ្វើ ពាក់​ព័ន្ធ​ជាមួយ​នឹង​​ជំងឺ​កូវីដ១៩ផងដែរ។

លោក ហ៊ុន សែន ក៏​​ស្នើសុំ​ឲ្យ​​ធនាគារ​និង​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​គិតគូរ​​ជួយ​បន្ថែម​​ដល់​​អតិថិជន​ដែល​​ជាប់​​កាតព្វកិច្ច​ចត្តាឡីស័ក ​​ការ​បញ្ចេញ​​ឥណទាន​​សង្គ្រោះ​បន្ទាន់​ ឬបន្ថែម និង​ការ​បន្ថយ​អត្រា​ការ​ប្រាក់​​ជាដើម​។​

ពលរដ្ឋ​​ជំពាក់​បំណុល​​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ​​​មួយ​កន្លែង​នៅ​​រាជធានី​ភ្នំពេញ​​លោក សុខ ហេង ត្រេកអរ​​ចំពោះ​​​ការ​​ជួយ​សម្រួល​​​ក្នុង​ការ​បង់​ប្រាក់​​សង​​ត្រឡប់​ ប៉ុន្តែ​ លោកយល់​ថា វិធានការ​នេះនៅ​​មិន​ទាន់​​គ្រប់គ្រាន់​ទេ ដោយសារ​ពលរដ្ឋ​​​ជួប​​វិបត្តិ​​កូវីដ​១៩ លើក​នេះ​ធ្ងន់ធ្ងរ​​ខ្លាំង​ពេក​រហូត​​ដល់​​ថ្នាក់គ្មាន​​ប្រាក់​​ចំណូល​សោះ។ លោក សុខ ហេង ចង់​​ឲ្យ​​រដ្ឋាភិបាលនិង​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ជួយ​ពន្យារ​​ការ​បង់​ប្រាក់​​ទាំង​​ស្រុង​​សម្រាប់​​ពលរដ្ឋ​​ទូទៅ​ដែល​​បាត់​បង់​​ចំណូល​ទាំង​ស្រុង​រហូត​​ដល់​​អាច​​មាន​​លទ្ធភាព​​អាច​ចេញ​​រក​​ប្រាក់​​បាន​​​ឡើង​វិញ៖ «សារ៉ូ ហ្មង និយាយ​ឲ្យ​ចំ សារ៉ូ​តែ​ម្ដង​។ ​ប្រហែល​ជា​មិន​អាច (​​មាន​លទ្ធភាព​បង់​លុយ)ត​ទៅ​ទៀត​ទេ​​បង​​អើយ។ សល់​​របស់​ប៉ុន្មាន​​លក់​ចង់​​អស់​​ហើយ ចេះ​តែ​​ទប់​ទល់។ ប្រហែល​ជា​​ទប់ទល់​​លែង​បាន​។ ឥឡូវ​ចប់​​ហើយ​​បង​​អើយព្រោះ​អស់​​លទ្ធភាព​​ហើយ។ មួយ​ថ្ងៃ​គ្មាន​​បាន​​ចំណូល​ទេ​​បង។ គេ​បិទ​​ផ្លូវ​វេងស្រេង ពី​យើង​​ទៅ​​ស្ទឹង​មានជ័យ​ ដល់​ផ្លូវ​​ដែល​​ត្រូវ​​ដឹក​​ហ្នឹង មាន​អ្វី​ទៀតដល់​គេ​​បិទ​ផ្លូវ​ទៅហើយ​​គេ​ក៏​ខ្លាច (កូវីដយើង​ក៏​ខ្លាច (កូវីដដល់​អ៊ីចឹង​ទៅ ​ពិបាក​ណាស់​បង»។

ពាក់ព័ន្ធ​​នឹង​​ស្ថានភាព​​បំណុល​​ធនាគារ និង​​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ​នេះ​អង្គការ​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​ក៏​បាន​​ជំរុញ​​ឲ្យ​​គ្រឹះស្ថាន​​ផ្ដល់​​ប្រាក់​​កម្ចី​​​រក​​មធ្យោបាយ​​ថែម​​ទៀត ដើម្បី​​ជួយ​​បន្ថយ​​ការ​​លំបាក​​ពលរដ្ឋ​ក្នុង​​ស្ថានភាព​​នេះ។ អង្គការ​​លីកាដូ និង​​អង្គការ​​ជា​​ដៃគូ​បាន​​​ចេញ​​​ផ្សាយ​​​វីដេអូ​​មួយ​កាល​​ពី​​​​ថ្ងៃ​ទី​០៩ ខែមេសា ​​បង្ហាញ​​ថា​ បុគ្គលិក​​ឥណទាន​​មួយ​​ចំនួន​ក្នុង​​វិស័យ​​មីក្រូ​ហិរញ្ញវត្ថុ និង​​ស្ថាប័ន​​ផ្ដល់​​ប្រាក់​​កម្ចី​ខ្នាត​​តូច​បាន​​រំលោភ​​បំពាន​​សិទ្ធិ​កូន​​បំណុល​​នៅ​​ពេល​​​ពួកគាត់គ្មា​ន​​លុយ​​សង​​ស្ថាប័ន​​ទាំង​​នេះតាម​កាល​​កំណត់។

នាយក​​រង​​អង្គការ​លីកាដូ ទទួល​​បន្ទុក​ផ្នែក​​សិទ្ធិ​មនុស្ស​​លោក​ អំ សំអាត ស្វាគមន៍​​ការ​​​ជួយ​​សម្រួល​​​ការ​​លំបាក​​របស់​​ពលរដ្ឋ​បន្ថែម​​ទៀត​ដោយ​​ស្ថាប័ន​​ផ្ដល់​​ប្រាក់​​កម្ចី ​យល់​​ព្រម​​លើក​លែង​​ការ​​សង​​ត្រឡប់​វិ​ញ​​ទាំង​ស្រុង។ ទោះ​យ៉ាង​ណា​លោកថា ខាង​សង្គម​ស៊ីវិល​​ចង់​ឃើញ​​ស្ថាប័ន​ផ្ដល់​ប្រាក់​​កម្ចី​ជួយ​​សម្រួល​​ដល់​​អតិថិជន​​​ទូទៅ​ទាំង​​កើត​​ជំងឺ​​កូវីដ​​១៩​ និង​​មិន​​កើត​​ជំងឺ ព្រោះ​​ពលរដ្ឋ​​សុទ្ធ​តែ​​កំពុង​​រង​ផល​ប៉ះពាល់​​ពី​​វិបត្តិ​នេះ​​ទាំង​អស់​៖ «ខាង​​មីក្រូ​ហិរញ្ញ​វត្ថុ​ហ្នឹង​ក៏​គួរ​​តែ​ពិចារណា​​ឲ្យ​បាន​​ល្អិត​ល្អន់​ណា ​ដើម្បី​​ជួយ​​សម្រួល​​ដល់​ពលរដ្ឋ​​​ដែល​​ជួប​លំបាក​ ហើយ​មួយ​ទៀត យើង​​ឃើញ​​ហើយ​​ថា ​ក្នុង​កាលៈទេសៈ​នេះ រ​ដ្ឋាភិបាល​​ក៏​​មាន​​កញ្ចប់​​ថវិកា​​​សម្រាប់​​ជួយ​​ទៅ​​ដល់​​ប្រជាពលរដ្ឋ​ក្រីក្រ ​នៅ​ក្នុង​​កាលៈទេសៈ​​នៃ​ការ​​រីក​រាល​ដាល​​កូវីដ​​១៩​នេះ​​ដែរ។ អ៊ីចឹង ​គ្រាន់​តែ​ទទូច​ថា ​សុំរដ្ឋាភិបាល លោក​​ពិនិត្យ​បន្ថែម​​ទៀត​ណា ​នៅ​ក្នុង​​លទ្ធភាព​នៃ​ការ​ជួយ»។

សង្គម​ស៊ីវិល និង​សហគមន៍​​​ក្រីក្រ​​ជាង១០០​ស្ថាប័ន កាល​ពី​ដើម​ខែ (០៦) ​មេសា​​បាន​​ចេញ​​សេចក្ដីថ្លែង​ការណ៍​រួម​​គ្នា​ស្នើ​ឱ្យ​ផ្អាក​​បង់​លុយ​​សង​​ត្រឡប់​ទាំង​​ការ​​ទាំង​​ដើម​​រយៈ​ពេល ៣ខែ ដើម្បី​​ឱ្យ​ប្រជាពលរដ្ឋបាន​​ស្នាក់​​នៅផ្ទះ​ការពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ​១៩ និង​​ជា​ការ​​ផ្ដល់​​​លទ្ធភាព​ឱ្យ​​ពលរដ្ឋ​​រក​​ប្រាក់​​សង​បំណុល​​​នៅ​ពេល​​ក្រោយ​។

លោក កាំង តុងងី ឲ្យ​ដឹង​ថា ចាប់​តាំង​​ពី​​ផ្ទុះ​ព្រឹត្តិការណ៍​​ឆ្លង​​ជំងឺ​កូវីដ​១៩​ ក្នុង​​សហគមន៍​លើក​ទី៣​នេះ​ ខាង​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ មិន​​ទាន់​​​ទទួល​​បាន​​​របាយ​ការណ៍​​​​រួម​​​របស់​​​អតិថិជន​ដែល​​ស្នើសុំ​រៀប​ចំ​​ឥណទាន​ឡើងវិញ​​​ទេ​។ តែគិត​​ត្រឹម​​​ចុង​​ខែ​កុម្ភៈ ឆ្នាំ​២០២១ មាន​អតិថិជន​​​ជាង​​បី​សែន (៣៤០.០០០)​ នាក់ ​បាន​​ការ​​រៀប​ចំ​​ឥណទាន​ឡើងវិញ​ ក្នុង​ទំហំ​ឥណទាន​​ប្រមាណ​​បួន​ប៊ីលាន​ (៤​ប៊ី​លាន) ​ដុល្លារ​អាមេរិក។ ​​ លោក កាំង តុងងី​ ឲ្យដឹង​ថា តាម​បទ​ពិសោធន៍​​ក្នុង​​ព្រឹត្តិការណ៍​ផ្ទុះ​​ជំងឺ​​កូវីដ​១៩ កាល​ពី​ឆ្នាំ​មុន ក្នុង​​មួយ​​សប្ដាហ៍​​មាន​​ពលរដ្ឋ​ខ្ទង់​​ពីរ​​ម៉ឺន​ (២០.០០០) ​នាក់​​ស្នើសុំ​រៀបចំ​​ឥណទាន​​ឡើងវិញ៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment