សាច់ញាតិ​បុរស​ដែល​ស្លាប់​ពេល​ប៉ូលិស​ឃុំខ្លួន​ស្នើ​ក្រសួង​មហាផ្ទៃ​ស៊ើបអង្កេត​និង​បង្ហាញ​លទ្ធផល​ដោយ​ឯករាជ្យ

ដោយ ទីន ហ្សាការីយ៉ា
2021-04-11
RFA

សាច់ញាតិ​បុរស​ដែល​ស្លាប់​ពេល​ប៉ូលិស​ឃុំខ្លួន​ស្នើ​ក្រសួង​មហាផ្ទៃ​ស៊ើបអង្កេត​និង​បង្ហាញ​លទ្ធផល​ដោយ​ឯករាជ្យ

​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។ Photo: RFA


សាច់ញាតិ​របស់​បុរស​ដែល​ស្លាប់​ពេល​ប៉ូលិស​ឃុំខ្លួន​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ស្នើសុំ​ឱ្យ​សមត្ថកិច្ច​ជំនាញ​របស់​ក្រសួង​មហាផ្ទៃ ស៊ើបអង្កេត និង​បង្ហាញ​លទ្ធផល​ដោយ​ឯករាជ្យ​។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បាន​ចុះ​ស៊ើប​សង្កេត​ផ្ទាល់​ករណី​ចោទ​ប្រកាន់​ថា ប៉ូលិស​នៅ​ខេត្ត​បាត់ដំបង ធ្វើ​ទារុណកម្ម​លើ​ជនសង្ស័យ​ម្នាក់​រហូត​ដល់​ស្លាប់ ហើយ​បង្វែរ​ថា ស្លាប់​ដោយសារ​គាំងបេះដូង។

សាច់ញាតិ​របស់​បុរស​ដែល​ស្លាប់​ក្នុង​ពេល​ប៉ូលិស​ឃុំខ្លួន​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ខេត្ត​បាត់ដំបង សង្ឃឹម​ថា គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​នៃ​ក្រសួងមហាផ្ទៃ នឹង​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ ព្រោះ​ពួកគាត់​ជឿ​ថា ការ​ស្លាប់​នេះ ដោយសារ​ការ​ធ្វើ​ទារុណកម្ម មិនមែន​ស្លាប់​ដោយសារ​គាំងបេះដូង​នោះ​ទេ។

បងប្រុស​បង្កើត​របស់​ជនរងគ្រោះ​លោក ពេជ្រ ធារ៉ា ថ្លែង​ថា លោក​ត្រេកអរ​ដែល​ទទួល​ដំណឹង​ថា សមត្ថកិច្ច​ជំនាញ​របស់​ក្រសួង​មហាផ្ទៃ ចុះ​ស៊ើបអង្កេត​ដោយ​ផ្ទាល់​ករណី​ស្លាប់​ប្អូនប្រុស​របស់​លោក ឈ្មោះ ពេជ្រ ធារ៉េត ។ លោក​សង្ឃឹម​ថា គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម នឹង​បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​ដោយ​ឯករាជ្យ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ប្អូនប្រុស​របស់​លោក៖ «អំពាវនាវ​ឱ្យ​ខាង​ក្រសួង​មហាផ្ទៃ ធ្វើ​ម៉េច​រក​យុត្តិធម៌​ឱ្យ​សព​ប្អូន​ខ្ញុំ ឱ្យ​សម​នឹង​ទង្វើ​ដែល​ពួកគាត់​បាន​ធ្វើ​មក​លើ​ប្អូន​ខ្ញុំ​ដែល​មាន​រូបភាព ជាក់ស្តែង​យើង​បាន​ឃើញ​ទាំងអស់គ្នា»។

បងប្រុស​របស់​ជន​រងគ្រោះ​រូប​នេះ បន្ត​ថា ករណី​ស្លាប់​ប្អូន​របស់​លោក​នេះ គឺ​ប្រាកដ​ជា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ​របស់​ប៉ូលិស។ លោក​អះអាង​ថា មាន​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​បាត់ដំបង បាន​ទាក់ទង​ទៅ​លោក ដោយ​ប្រាប់​ថា ប៉ូលិស​នៅ​ខេត្តបាត់ដំបង ចង់​ជួប​ជាមួយ​លោក​ដើម្បី​សម្របសម្រួល​ដោះស្រាយ​បញ្ចប់រឿង​ដោយ​ស្ងាត់ៗ បន្ទាប់ពី​លោក​ដាក់​បណ្តឹង​ទៅ​ក្រសួង​មហាផ្ទៃ។ ទោះជា​យ៉ាងណា លោក បញ្ជាក់​ជំហរ​ថា នឹង​មិន​ជួប​ចរចា​ដោះស្រាយ​បញ្ចប់រឿង​ក្រៅ​ប្រព័ន្ធ​តុលាការ​នោះ​ទេ​។ លោក​ចង់​ឱ្យ​តុលាការ ផ្ដន្ទាទោស​ជន​ប្រព្រឹត្ត​អំពើ​ទារុណកម្ម​លើ​ប្អូន​របស់​លោក​ទៅ​តាម​ផ្លូវច្បាប់៖ «គាត់ (អ្នកសារព័ត៌មានឆាត​មក​ថា អូន តើ​អាច​ទម្លាក់​លេខ​ឱ្យ​បង​បាន​អត់​ខាង​ប៉ូលិស គេ​ចង់​សុំ​លេខ​អូន​ឯង ដើម្បី​ចង់​ចរចា​គ្នា​ហើយ​គាត់​ថា​រឿង​ចរចា​នេះ រឿង​របស់​អូន​ឯង​ទេ តែបើ​ម៉េចៗ​ទុក​លុយ​ឱ្យ​បង​ចាយ​ផង។ តាម​ខ្ញុំ​មើល​ករណីនេះ គឺជា​ការ​ធ្វើ​ទារុណកម្ម​ឱ្យ​ស្លាប់​មិនមែន​ដោយ​គាំងបេះដូង​ទេ។ ខ្ញុំ​គិត​ថា អយុត្តិធម៌​បំផុត ហើយ​មានការ​លាក់បាំង និង​លាក់លៀម​និង​ឃុបឃិត​គ្នា​ដែរ»។

បុរស​ឈ្មោះ ពេជ្រ ធារ៉េត អាយុ ៣១​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ជា ច័ន្ទរចនា អាយុ ៣០​ឆ្នាំ បាន​ស្លាប់​ក្នុង​ថ្ងៃ​ជាមួយ​គ្នា គឺ​នៅ​ថ្ងៃទី​៣​ខែមេសា ហើយ​បាន​បន្សល់ទុក​កូនស្រី​តូចៗ​ចំនួន ២​នាក់​។ ពួកគេ​រស់នៅ​ភូមិ​បោះពោធិ៍ ឃុំ​អូរដំបង១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។ លោក ពេជ្រ ធារ៉េត បាន​ស្លាប់​ក្នុង​ពេល​ប៉ូលិស​ចាប់​ឃុំ​ខ្លួន​សួរ​ចម្លើយ​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ អស់​រយៈពេល​ជាង​៣​ម៉ោង​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា គាត់​រាយ​ខ្សែភ្លើង​អគ្គិសនី​ដើម្បី​ឆក់​សម្លាប់​ប្រពន្ធ​នៅក្នុង​ផ្ទះ​ដោយសារ​ភ្លើង​ប្រច័ណ្ឌ ប៉ុន្តែ​ក្នុង​ពេល​កើតហេតុ លោក​មិនបាន​នៅផ្ទះ​ឡើយ។

ប៉ូលិស អះអាង​ថា លោក ពេជ្រ ធារ៉េត ស្លាប់​ដោយ សារ​គាំងបេះដូង ព្រោះ​ប្រើ​ថ្នាំញៀន​ហួស​កម្រិត​។ ប៉ុន្តែ​នៅ​ពេល​សាច់ញាតិ ពិនិត្យ​សាកសព ឃើញ​មាន​ស្នាមរបួស និង​ជាំ​ជាច្រើន​កន្លែង ចាប់​តាំង​ពី​ជើង​រហូត​ដល់​ក្បាល និង​មាន​ហូរឈាម​តាម​ច្រមុះ​និង​ត្រចៀក ព្រមទាំង​ស្នាម​ខូង​នៅ​កន្លែង​ដាក់​ខ្នះ​ទៀត​ផង។ អ្នក​ជំនាញ និង​គ្រួសារ​ជនរងគ្រោះ សន្និដ្ឋាន​ថា ស្នាម​ជាំ​និង​របួស​នៅ​លើ​ដងខ្លួន​សាកសព​ទំនងជា​ការ​ធ្វើ​ទារុណកម្ម​ដោយ​ការ​វាយដំ និង​ឆក់​ជាដើម ព្រោះ​ក្នុងករណី​ស្លាប់​ដោយ​គាំងបេះដូង​មិនអាច​មាន​ស្នាម​ជាំ​នោះ​ទេ​។ សាច់ញាតិ​របស់​លោក ពេជ្រ ធារ៉េត បាន​ដាក់​បណ្តឹង​ស្វែងរក​យុត្តិធម៌​ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៧ ខែមេសា។

ទាក់ទង​ករណី​នេះ ប្រធាន​ផ្នែក​នីតិកម្ម និង​ជំនួយ​ផ្នែក​ច្បាប់​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម លោក តុប សំភី ប្រាប់​អាស៊ីសេរី​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ពាក្យ​បណ្តឹង​របស់​គ្រួសារ​ជនរងគ្រោះ​នោះ ខាង​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​រួចហើយ។ ប៉ុន្តែ​លោក​ថា មិន​ទាន់​អាច​បង្ហាញ​លទ្ធផល​បាន​នៅឡើយ​ទេ ព្រោះ​ថ្នាក់ដឹកនាំ​មិន​ទាន់​អនុញ្ញាត​។ លោក បញ្ជាក់​ថា របាយការណ៍​សំណុំ​រឿង​នេះ អាច​នឹង​បញ្ចប់​នៅ​ថ្ងៃ​ច័ន្ទ ឬ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ៖ «ក្រុមការងារ​ដែល​មាន​ការចាត់តាំង​ដោយ​ឯកឧត្តម នុត សាអាន ឱ្យ​ចុះ​មក​នេះ យើង​បាន​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ នៅក្នុង​សាច់រឿង​នេះ ទាំង​ព្រះរាជអាជ្ញា និយាយ​ចំ​ទៅ​គឺ​គណៈកម្មការ​កោសល្យ​វិនិច្ឆ័យ​លើ​សព​ជនរងគ្រោះ ហើយ​នឹង​ស្នងការ​រដ្ឋា​នគរបាល អធិការដ្ឋាន​នគរបាល និង​ខាង​គ្រួសារ​ជនរងគ្រោះ​ផង​ដែរ ។ ខ្ញុំ​សូម​អធ្យាស្រ័យ​ផង​ដែរ សម្រាប់​លទ្ធផល​នៃ​របាយការណ៍ ដោយសារតែ​ខ្ញុំ​ទើបតែ​រាយការណ៍​បឋម​ជូន​ថ្នាក់ដឹកនាំ ដូច្នេះ ខ្ញុំ​នឹង​សុំ​ការអនុញ្ញាត​ពី​គាត់​តើ​គួរ​អាច​ផ្តល់​បាន​កម្រិត​ណា»។

លោក តុប សំភី បន្ត​ថា លោក​នៅ​មិនទាន់​ដឹង​អំពី​ករណី​ប៉ូលិស​ក្នុង​ខេត្ត​បាត់ដំបង ចង់​សម្របសម្រួល​ជាមួយ​គ្រួសារ​ជនរងគ្រោះ​នោះ​ទេ ប៉ុន្តែ​លោក​នឹង​ជួប​ជាមួយ​បងស្រី​របស់​ជនរងគ្រោះ​នៅ​ភ្នំពេញ បន្ត​ទៀត ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម។

អាស៊ីសេរី​មិនអាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក សាត គឹមសាន និង​អធិការ​នគរបាល​ស្រុក​សង្កែ លោក ស៊ុន សុវណ្ណ បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង​ពុំ​មាន​អ្នក​ទទួល។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ថ្លែង​ថា ការ​ចុះ​ស្រាវជ្រាវ​របស់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​ដោយ​ផ្ទាល់​នេះ គឺ​ជា​ការ​វិវឌ្ឍ​ដ៏​ល្អ​មួយ ព្រោះ​ការ​ស្លាប់​របស់​មនុស្ស​ម្នាក់​មិន​អាច​បញ្ចប់​ទៅ​ជាមួយ​មន្ទិល​សង្ស័យ​បានទេ​។ លោក សង្ឃឹម​ថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ នឹង​រក​ឃើញ​ការ​ពិត ហើយ​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សាច់ញាតិ​បុរស​ដែល​ស្លាប់​ពេល​ប៉ូលិស​ឃុំខ្លួន​ស្នើ​ក្រសួង​មហាផ្ទៃ​ស៊ើបអង្កេត​និង​បង្ហាញ​លទ្ធផល​ដោយ​ឯករាជ្យ"

  1. Anonymous says:

    let see if SOR KHENG can do his job as a leader

Leave a Reply

Submit Comment