សកម្មជន​បរិស្ថាន​ថា ក្រុមហ៊ុន​ចំនួន២ សម្រុក​កាប់​ឈើ​ខ្នាត​ធំ​ក្នុង​ព្រៃ​ឡង់​ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ១៩

ដោយ ហេង រស្មី
2021-04-20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​បរិស្ថាន​ថា ក្រុមហ៊ុន​ចំនួន២ សម្រុក​កាប់​ឈើ​ខ្នាត​ធំ​ក្នុង​ព្រៃ​ឡង់​ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ១៩

ឈើ​ដែល​កម្មករ​ក្រុមហ៊ុន ភីអិនធី (PNT) កាប់ ក្នុង​ដែន​ជម្រក​សត្វ ព្រៃ​ឡង់ ដែល​សហគមន៍​ថត​ថ្ងៃ​ទី១៦ ខែមេសា ឆ្នាំ២០២១។ រូប៖ សហគមន៍ព្រៃឡង់


ប្រជា​សហគមន៍​ព្រៃ​ឡង់​អះអាង​ថា ក្រុមហ៊ុន​ចំនួន២ គឺ​ក្រុមហ៊ុន ធី ង៉ា (Thy Nga Co., Ltd. Development and Investment) និង​ក្រុមហ៊ុន ភីអ៊ីនធី (PNT Co., Ltd.) របស់​វៀតណាម​នៅ​តែ​បន្ត​ប្រមូល​ឈើ​ខ្នាត​ធំ​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ឡង់ និង​ជាយ​ព្រៃ​ឡង់​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ប្រយុទ្ធ​ប្រឆាំង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ (COVID-19)។ ប៉ុន្តែ​គណៈកម្មការ​ជំនាញ​អះអាង​ថា អាជ្ញាធរ​កំពុង​ចុះ​ស៊ើប​អង្កេត​ក្រុមហ៊ុន​ទាំង​នេះ។

ប្រជា​សហគមន៍​ព្រៃ​ឡង់​រក​ឃើញ គល់​ឈើ​ជាង ១០០ដើម ឋិត​នៅ​ចំណុច​ជាំ​អាចម៍​ដែក​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់ ត្រូវ​បាន​កម្មករ​របស់​ក្រុមហ៊ុន ភីអិនធី កាប់​ផ្ដួល​យក​ដើម​ធ្វើអាជីវកម្ម​នៅ​រយៈ​ពេល ៣សប្តាហ៍​ចុងក្រោយ​នេះ។ គល់​ឈើ​ទាំង​នោះ​ភាគ​ច្រើន គឺ​ដើម​ឈើ​ទាល ដែល​អ្នក​ស្រុក​ដុត​យក​ជ័រទឹក​លក់ ត្រូវ​គេ​អារ​ច្រៀក​ក្នុង​ព្រៃ​រួច​ដឹក​ចូល​ការដ្ឋាន​ក្រុមហ៊ុន ភីអ៊ិនធី ឋិត​ក្នុង​ស្រុក​រវៀង​ ​ជាប់​តំបន់​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​ពួកគេ​បាន​ល្បាត​ព្រៃ​ឡង់​ដោយ​លួច​លាក់ ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដើម្បី​ស៊ើប​អង្កេត​ពី​បទ​ល្មើស​ព្រៃ​ឈើ។

អ្នក​សម្របសម្រួល​សហគមន៍​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ លោក ស្រី ថី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៩ មេសា​ថា ពួក​លោក​បង្ខំ​ចិត្ត​ចុះ​ល្បាត​ព្រៃ​ឡង់​ទាំង​ភ័យ​ខ្លាច និង​គេច​ពី​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ដើម្បី​ស៊ើប​អង្កេត​ពី​បទ​ល្មើស​ព្រៃ​ឈើ​ខ្នាត​ធំ​ក្នុង​តំបន់​អភិរក្ស ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី។ លោក​ថា គ្រាន់តែ​ផ្លូវ​មួយ​ច្រក​ពួក​លោក​រក​ឃើញ​គល់​ឈើ​ជាង ១រយ​គល់ ដែល​គេ​កាប់​ធ្វើ​អាជីវកម្ម។ លើស​ពី​នេះ មាន​កម្ម​ករ​ជាច្រើន​ក្រុម​បាន​បោះ​តង់​ស្នាក់​នៅ​ក្នុង​ព្រៃ​ឡង់​មិន​ក្រោម ១០កន្លែង​នោះ​ទេ ដើម្បី​សម្ងំ​កាប់​ឈើ​លក់​ឱ្យ​ក្រុមហ៊ុន។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​មា​នរណា​យន្ត​ជា​ច្រើន​គ្រឿង​សម្រាប់​ជួល​ឱ្យ​អ្នក​ភូមិ​ខ្ចី​កាប់​ឈើ​លក់​ឱ្យ​ខ្លួន៖ «ថ្ងៃ​ខ្ញុំ​ចូល​ទៅ​នោះ វា​គ្រាន់​តែ​ចេញ​មក​ចូល​ឆ្នាំ​តែ​បន្តិច​ទេ។ កម្មករ​គេ​ច្រើន​ណាស់​កន្លែង​គេ​ដេក​ដប់​កន្លែង​នោះ តែ​ខ្ញុំ​ជួប​គោយន្ត ៣គ្រឿង​ដឹក​ណែនៗ គោយន្ត។ ច្រៀក ៣កង់ ទៅ ៤កង់ មួយ​ដើម​មាន ៥កំណាត់​អី​នោះ។ យើង​បាន​ឃើញ​ជាក់​ស្ដែង ១រយ​គល់​មុខ​កាត់​ជាង​មួយ​ម៉ែត្រ ក៏​មាន​កន្លែង​នោះ​មុខ ៦០ ឡើង​ទៅ»។

ប្រជា​សហគមន៍​ព្រៃ​ឡង់​រូប​នេះ បន្ថែម​ថា ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី (PNT Co., Ltd.) បាន​បញ្ជូន​កម្មករ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ទ្រង់ទ្រាយ​ធំ​ប្រមាណ ១ខែ​មក​ហើយ។ រីឯ​ជាមួយ​គ្នា​នេះ លោក​ក៏​រក​ឃើញ​ថា ក្រុមហ៊ុន ធីង៉ា (Thy Nga Co., Ltd. Develope and Investment) ក៏​បាន​ពង្រាយ​កម្មករ​ជាច្រើន​នាក់​កាប់​ឈើ​ឈ្លីច និង​ត្បែង នៅ​ជាយ​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ​ធ្វើ​អាជីវកម្ម​រយៈ​ពេល​ជាង ១សប្តាហ៍​មក​ហើយ​ដែរ៖ «ក្រុមហ៊ុន​ធី​ង៉ា​កំពុង​ប្រមូល​ដើម​ឈ្លីច កាត់​ជា​ផែ​បួន​ជ្រុងៗ គេ​ឱ្យ​អ្នក​ស្រុក​ចូល​កាប់ តែ​គេ​អ្នក​ទទួល​ទិញ។ ខ្ញុំ​ដើរ​បាន​តែ​មួយ​ជ្រុង​ទេ មិន​ដើរ​សព​អស់​មួយ​ព្រៃ​ទេ នៅ​ឡើយ​ទេ។ បើ​ដើរ​អស់​មួយ​ព្រៃ​អាច​ឃើញ​ច្រើន។ គេ​ដាក់​ព្រៃ​អភិ​រក្ស​ហើយ តែ​នរណា​ចូល​មិន​បាន តែ​បទល្មើស​ចូល​បាន ហើយ​ក្រុម​អ្នក​ស្រឡាញ់​ធនធាន​ធម្ម​ម​ជាតិ​ពិត​ប្រាកដ​លះបង់​ពេល​វេលា និង​កម្លាំង​កាយ​ចិត្ត​ផង​ទៅជា​បាន​ហាមឃាត់»។

កាល​ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី១៦ ខែ​មេសា ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ ៤នាក់ បាន​ជិះ​ម៉ូតូ​ល្បាត​ព្រៃ នៅ​ចំណុច​ជាំ​អាចម៍​ដែក ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់ ប្រទះ​ឃើញ​ដើម​ឈើ​ធំៗ ប្រភេទ​ឈើ​ទាល ត្បែង ផ្លុង ផ្ដៀក និង​ផ្ចឹក ត្រូវ​គេ​អារ​ច្រៀក​ជា​ជ្រុង​ក្នុង​ព្រៃ ដឹក​ទៅ​បាត់។ លើស​ពី​នេះ មាន​តំបន់​ខ្លះ​ទៀត ក៏​សំបូរ​ដោយ​បទល្មើស​ព្រៃ​ឈើ​ដែរ រួម​មាននៅ​ចំណុច​ក្បាល​ដំរី​អណ្ដូង​ពណ៌​អូរ​ធ្នង់ និង​ចំណុច​ជាំ​ប្រទាល​មាន​កម្លាំង​កម្មករ​រាប់​សិប​នាក់​បាន​សង់​ជំរំ​ក្នុង​ព្រៃ ដើម្បី​កាប់​ឈើ​លក់​ឱ្យ​ក្រុមហ៊ុន។

ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ​ជិត ៨ពាន់​៧.៩០០ហិកតារ នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ឆ្នាំ២០១០ ក្រោម​កិច្ចសន្យា​រយៈ​ពេល ៧០ឆ្នាំ។ រីឯ​ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ (Thy Nga Co., Lld. Development and Investment) ទទួល​សិទ្ធិ​វិនិយោគ​ដីសម្បទាន​សេដ្ឋកិច្ច​ជាង ៦ពាន់​ហិកតារ (៦០៦០) ឋិតនៅ​ឃុំ​រៀបរយ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ឆ្នាំ២០០៨។ ក្រុមហ៊ុន​ទាំង​នេះ វិនិយោគ​ដំណាំ​អាកាស្យា និង​ដំណាំ​កសិ-ឧស្សាហកម្ម​ផ្សេង​ទៀត ប៉ុន្តែ​រហូត​ដល់​មក​ពេល​នេះ សហគមន៍​ព្រៃ​ឡង់​រក​ឃើញ​ថា​ ​ក្រុម​ទាំង​ពីរ​មិន​ឃើញ​អភិវឌ្ឍន៍ និង​ដាំ​ដំណាំ​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ គឺ​ផ្ដោត​លើ​ការ​កាប់​ឈើ​ធ្វើអាជីវកម្ម​ជា​បន្ត​បន្ទាប់​ជា​ច្រើន​ឆ្មាំ​មក​ហើយ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ក្រុមហ៊ុន ភីអ៊ិនធី តាម​រយៈ​លេខ​ទូរស័ព្ទ​ក្នុង​គេហទំព័រ​សាជីវកម្ម តែ​អ្នក​លើក​ទូរស័ព្ទ​និយាយ​ថា គាត់​ជា​ជនជាតិ​តៃវ៉ាន់ (Taiwan) មិន​បកស្រាយ​ចំពោះ​ការចោទប្រកាន់​នេះ​ទេ ដោយ​លោក​រុញ​ឱ្យ​សួរ​តំណាង​ក្រុមហ៊ុន​វិញ។ ចំណែក​ក្រុមហ៊ុន ធីង៉ា ក៏​អាស៊ី​សេរី​មិន​អាច​ទាក់ទង​បាន​ដែរ។ ប៉ុន្តែ​កន្លង​ទៅ​តំណាង​ក្រុមហ៊ុន​នេះ​គឺ​លោក​មេធាវី ហេង សុទ្ធារ៉ា បដិសេធ​ថា ក្រុមហ៊ុន​របស់​លោក ពុំ​បាន​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​លក់​ខុសច្បាប់​ឋិត​ក្នុង​ខេត្ត​ព្រះវិហារ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​លោក អេង ហ៊ី មាន​ប្រសាសន៍​ថា គណៈកម្មការ​ជំនាញ​ថ្នាក់​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ កំពុង​ចុះ​ពិនិត្យ និង​ស៊ើប​អង្កេត​ក្រុមហ៊ុន​ទាំង​នេះ ក៏​ប៉ុន្តែ​លោក​បដិសេធ​បង្ហាញ​លទ្ធផល​នៃ​ការ​បង្ក្រាប។ លោក​ថា គណៈកម្មការ​ជំនាញ​នៅ​តែ​បន្ត​យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា ក្រុមហ៊ុន​ណា​មួយ​មាន​ពាក់ព័ន្ធ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នឹង​ប្រឈម​ការ​អនុវត្ត​ច្បាប់​ជា​ធរមាន៖ «គ្រប់​បុគ្គល​គ្រប់​ក្រុមហ៊ុន​ឱ្យ​តែ​មាន​បទ​ល្មើស​បង្ក្រាប​ទាំង​អស់ បង្ក្រាប​ទាំង​អស់​ឱ្យ​តែ​ខុស​ច្បាប់ ហើយ​ជំងឺ​កូវីដ​ជា​រឿង​កូវីដ បទ​ល្មើស​នៅ​តែ​ជា​បទ​ល្មើស។ ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ ដោយសារ​អាជ្ញាធរ​គេ​កំពុង​ធ្វើ​ការ»។

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ផ្កាំ​ឱ្យ​សហគមន៍​ព្រៃ​ឡង់ ត្រូវ​ក្លាហាន​ដាក់​ពាក្យ​ប្ដឹង​អាជ្ញាធរ​ណា ដែល​មិន​អើពើ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ទៅ​តុលាការ ដើម្បី​អនុវត្ត​ច្បាប់។ លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ក្ដី​កង្វល់​របស់​ពលរដ្ឋ និង​សេចក្ដី​រាយ​ការណ៍​ទាំង​ឡាយ​របស់​សហគមន៍​នោះ​ទេ។ ប្រការ​នេះ​លោក​ថា ការ​ចោទ​ប្រកាន់​រឿង​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តែ​កើត​មាន​គ្មាន​ទី​បញ្ចប់៖ «រួមគ្នា​ដាក់​បណ្ដឹង​ទៅ​បរិហារ​ឱ្យ​បាន​ច្រើន ដើម្បី​ធ្វើ​ម៉េច? ជំរុញ​ផ្លូវ​ច្បាប់​ក្នុង​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក​ថា នឹង​ធ្វើ​ការ​កែ​ទម្រង់។ អ៊ីចឹង​វា នៅ​ខ្វះ​មួយ​អ្នក​រុញ អ្នក​រុញ​ឱ្យ​បណ្ដឹង​ឱ្យ​បាន​ច្រើន ដើម្បី​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក​ប្រើ​កែ​ទម្រង់​ឱ្យ​មាន​ប្រសិទ្ធភាព ឱ្យ​ស្អាតស្អំ ហើយ​យុត្តិធម៌»។

ប្រជា​សហគមន៍​ព្រៃ​ឡង់​រក​ឃើញ​ថា ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន ភីអ៊ិនធី និង​ក្រុមហ៊ុន ធីង៉ា ពុំ​មាន​ឈើ​ធំៗ សម្រាប់​ធ្វើ​អាជីវកម្ម​ទៀត​ទេ មាន​តែ​ឈើ​ដែល​ដឹក​ចេញ​ពី​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ។ ក្រុមហ៊ុន​ទាំង​នេះ មាន​ម្ចាស់​ភាគ​ហ៊ុន​ជា​ជនជាតិ​វៀតណាម។

កាលពី​ចុង​ឆ្នាំ២០២០ ប្រជា​សហគមន៍​ព្រៃ​ឡង់​ប្រទះ​ឃើញ​ឈើ​មូល​ធំៗ ជាង ៥០០ដើម ត្រូវ​គេ​កាប់​ចេញពី​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​ដឹកជញ្ជូន​ចូល​ក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន ភីអ៊ិនធី ជា​បន្ត​បន្ទាប់ ដើម្បី​អារ​ច្រៀក​ធ្វើ​អាជីវកម្ម។ ប្រជា​សហគមន៍ និង​ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​មាន​ម៉ាស៊ីន​អារ​ច្រៀក​ឈើ​ខ្នាត​ធំ ៤គ្រឿង និង​មាន​រថយន្ត​កែច្នៃ​ជិត ១០គ្រឿង សម្រាប់​ដឹក​ឈើ​ធ្វើ​អាជីវកម្ម។

អង្គការ​ជាតិ និង​អន្តរជាតិ​បាន​រក​ឃើញ​ថា ក្នុង​រយៈ​ពេល ២០ឆ្នាំ​ចុង​ក្រោយ​នេះ ទំហំ​ព្រៃ​ឡង់​ជាង ១សែន (១០២.៤៣៦) ហិកតារ ឬ​ស្មើ​នឹង ២៤% ត្រូវ​បាន​បាត់បង់​ក្លាយ​ជា​វាល​រហោឋាន។ បន្ថែម​ពី​នេះ​ទៀត គិត​ត្រឹម​ឆ្នាំ២០១៩ ព្រៃ​ឡង់​ទំហំ​ជិត ៦ម៉ឺន (៥៨.១៣៨) ហិកតារ ត្រូវ​បាន​បំប្លែង​ទៅ​ជា​ដី​ចម្ការ​ដំណាំ ហើយ​មាន​ផ្ទៃ​ដី​តែ​ជាង ១ពាន់ (១.១១១) ហិកតារ​ប៉ុណ្ណោះ ត្រូវ​បាន​ដាំ​ដុះ​កូន​ឈើ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

Leave a Reply

Submit Comment