រដ្ឋាភិបាល​នឹង​​ចាត់​​វិធានការ​​ច្បាប់​ចំពោះ​​ពលរដ្ឋ​ដែល​​ហ៊ាន​​​ល្មើស​​បម្រាម​​​បិទ​​ខ្ទប់​​តាម​​ការ​​អំពាវនាវ​របស់​លោក សម រង្ស៊ី​​​

ដោយ សន ចាន់រដ្ឋា
2021-04-25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋាភិបាល​នឹង​​ចាត់​​វិធានការ​​ច្បាប់​ចំពោះ​​ពលរដ្ឋ​ដែល​​ហ៊ាន​​​ល្មើស​​បម្រាម​​​បិទ​​ខ្ទប់​​តាម​​ការ​​អំពាវនាវ​របស់​លោក សម រង្ស៊ី​​​

លោក សម រង្ស៊ី ​ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងកម្មករដែលជាប់បម្រាមបិទខ្ទប់របស់អាជ្ញាធរក្រុងភ្នំពេញអំពាវនាវឱ្យរដ្ឋាភិបាលចែកស្បៀងកន្លងមក។ រូប៖ គេ​ផ្ដល់​ឱ្យ


​រដ្ឋាភិបាល​ព្រមាន​​ថា នឹង​​ចាត់​វិធានការ​​ច្បាប់​ចំពោះ​​ពលរដ្ឋ​ដែល​​ហ៊ាន​​​ល្មើស​​​បម្រាម​​បិទ​​ខ្ទប់​ តាម​ការ​​អំពាវនាវ​របស់​​ប្រធាន​​ស្ដីទី​​គណបក្ស​សង្គ្រោះ​ជាតិ​​លោក សម រង្ស៊ី។ ​ការ​​ព្រមាន​​នេះ ក្រោយ​ពេល​​លោក សម រង្ស៊ី ​អំពាវនាវឲ្យ​ពលរដ្ឋ​ឈប់​​​គោរព​​​បម្រាម​​បិទ​ខ្ទប់ ហើយ​ណាត់​គ្នា​​ចេញ​​ពី​​ផ្ទះ​​ទាំង​អស់​​គ្នាដើម្បី​​ប្រកប​​មុខ​​របរ​​ឡើង​​វិញ​។

ការ​អំពាវ​នាវ​​ឲ្យ​ពលរដ្ឋរស់​នៅ​​​ក្នុង​​តំបន់​​បិទ​ខ្ទប់​​ចេញ​​ក្រៅ​ផ្ទះ​ប្រកប​មុខ​របរ​​ដូ​ច​​ធម្មតា​ឡើងវិញ​​នេះ ដោយ​សារលោក សម រង្ស៊ី សង្កេត​ឃើញ​​ថា វិធាន​ការ​​បិទ​​ខ្ទប់​នេះ ​​​មិន​មាន​​ប្រយោជន៍ តែ​​ជា​​វិធានការ​​កេង​ចំណេញ​​លើ​​ពលរដ្ឋ និង​​​បណ្ដាល​​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​​កាន់​​តែ​​ធ្ងន់ធ្ងរ។

​​​ថ្លែង​​តាម​​បណ្ដាញ​សង្គម ​(facebook) ​​នៅ​ថ្ងៃ​ទី​២៤ ខែមេសា លោក សម​ រង្ស៊ី ​ពន្យល់​ថា វិធានការ​​​​ទប់​ស្កាត់​​ជំងឺ​កូវីដ​១៩ ដែល​មាន​​ប្រសិទ្ធភាព​ គឺ​​ការ​​ខណ្ឌ​ ​ពលរដ្ឋ​ម្នាក់ៗ​ នៅ​ឆ្ងាយ​ពី​​គ្នា ទាំង​ការ​​ធ្វើ​ដំណើរ និង​​ស្នាក់​នៅ។ លោកអះអាង​ថា​ វិធានការ​​របប​ក្រុង​​ភ្នំពេញ ដែល​ដើរ​​​វាយ​​​បង្ក្រាប​​តាម​​ផ្ទះ​​ បិទ​ខ្ទប់​​មិន​​ឲ្យ​​ពលរដ្ឋ​​មាន​​ស្បៀង​​អាហារ​​បរិភោគ​​​​ និង​​ការ​​​ខ្ទប់​ឲ្យ​ពលរដ្ឋ​ប្រមូល​ផ្ដុំ​​នៅ​ជុំ​គ្នា​តាម​បន្ទប់​ជួល​​នានា នឹង​នាំ​ឲ្យ​មាន​ការ​​ឆ្លង​ជំងឺ​កូវីដ​​១៩ កាន់​តែ​ខ្លាំង​ជាង​​មុន​ទៅ​ទៀត។

ជាង​នេះ​​ទៅ​ទៀត មេ​ដឹក​នាំ​បក្ស​ប្រឆាំង​​រូប​នេះ​បាន​​រិះគន់ ​ចំពោះ​វិធានការ​​​​បិទ​ផ្សារ​ ហើយ​​ប្ដូរ​មក​ជា​​ការ​​​លក់​​​ដូរ​​ទំនិញ​របស់​​ក្រសួង​​​​ពាណិជ្ជកម្ម។ លោក សម រង្ស៊ី ចាត់​ទុក​​ថា វិធាន​ការ​​នេះ​ ជា​ការ​​​ចាប់​​បង្ខំ​​ពលរដ្ឋ។ លោកនៅ​តែ​​ទាមទារ​​ឲ្យ​​របប​​ក្រុង​ភ្នំពេញ អន្តរាគមន៍​​ឲ្យ​​​ធនាគារ​​ផ្អាក​​ការ​ទារ​​បំណុល​ពលរដ្ឋ ព្រោះ​ម្នាក់ៗ​ ​មិន​អាច​​ចេញ​​ក្រៅ​​ផ្ទះ​​រក​​លុយ​​បាន​ទេ​៖ «បើ​អត់​​មាន​អ្វី​បន្ធូរ​បន្ថយ បើក​ផ្លូវ​ឲ្យ​​យើង​​ដើរ​​វិញ បើក​ទ្វារ​ឲ្យ​យើង​​ចេញ​​ពី​ផ្ទះ​វិញ ហើយ​ឈប់​​គំរាម ឈប់​ចាប់ ឈប់​យក​ដំបង ឈប់​យក​​រំពាត់​មក​​ដេញ​វាយ​​យើង។ យើង​មិន​មែន​​ជា​កូន​​ក្មេង។ យើង​មិន​មែន​​សត្វ​ទេ។ ធ្វើ​ដូច​ជា​​យើង​​ហ្នឹង សត្វ​អ៊ីចឹង​។ ប្រជាពលរដ្ឋ​​មិន​ព្រម​​ទេ។ មិន​ព្រម​​ ឲ្យ​គេ​​ចាត់​​ទុក​ជា​សត្វ​ទេ។ ប្រជាពលរដ្ឋ ជា​មនុស្ស​ថ្លៃថ្នូរ​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី។ អ៊ីចឹង មាន​តែ​​ងើប​ឈរ ឈប់​ស្ដាប់​ហើយ អត់​មាន​មក​ឃុំ​ទេ។ ចេញ​ហើយ​ចេញ​​ទាំង​​អស់​គ្នា​​ទៅ​​បង​ប្អូន​ ចេញ​​ទាំង​អស់​គ្នា​​ទៅ។ ថ្ងៃ​ណា​យើង​កំណត់​ បួនដប់​ថ្ងៃ​ទៀត បើ​អត់​​បន្ធូរ​បន្ថយ​ទេ​ ចេញ​​ទាំង​​អស់​គ្នា​ទៅ​​​ធ្វើ​សកម្មភាព​​ធម្មតា​ទៅ ទៅ​​រក​ទទួល​​ទាន​​ធម្មតា​​ទៅ​ដើម្បី​រស់​។ បើ​យើង​នៅ​ក្នុង​ផ្ទះ​​ស្លាប់​ដដែល ចេញ​ទៅចេញ​ទាំង​អស់​គ្នា​ទៅ»។

A_Woman_wearing_mask_Walking_on_Street_Seim_Reap_20_03_2021_01.jpg
ប្រជាពលរដ្ឋដែលជាប់ក្នុងបម្រាមហាមឃាត់របស់អាជ្ញាធរក្នុងពេលអនុវត្តវិធានការបិទខ្ទប់ទីក្រុងភ្នំពេញ។

ការ​លើក​​ឡើង​​នេះ​ ក្រោយ​ពេល​​ពលរដ្ឋ​រស់​នៅ​​ក្រុង​​ភ្នំពេញ​និង​​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល​ ត្រូវ​បាន​​បិទ​​​​ខ្ទប់​មិន​​ឲ្យ​ចេញ​​ពី​​ផ្ទះ ២ សប្ដាហ៍​មក​ហើយ ហើយ​​​​ពលរដ្ឋ​ជា​​ច្រើន​អះអាង​​ថា មិន​ទាន់​ទទួ​ល​​បាន​​ស្បៀង​អាហារ និង​ការ​ឧបត្ថម្ភ​​​​​ពី​​អាជ្ញាធរ​ទេ។ ជាមួយ​គ្នា ​អាជ្ញាធរ​​រាជធានី​​ភ្នំពេញ​ បាន​បង្ហើប​​ពី​​គម្រោង​​ពន្យារ​​ពេល​​​បិទ​​ខ្ទប់​ បន្ត​​ទៀត រហូត​ដល់​​ស្ថានភាព​​ការ​​ឆ្លង​ជំងឺ​​កូវីដ​១៩ វិល​មក​​រក​​ភាព​​ធូរ​ស្រាល​វិញ។

អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ប្រាប់​សារព័ត៌មាន​​ក្នុង​ស្រុក (VOD) ថា ​បើ​ពលរដ្ឋ​មិន​សហការ​​ជាមួយ​​អាជ្ញាធរ​ទេ ការ​ឆ្លង​​រា​ល​ដាល នៅតែមា​ន​​ ​ដូច្នេះ​ត្រូវ​តែ​​ពន្យារ​​ពេល​​បិទ​ខ្ទប់​​បន្ត​​ទៀត។ ចំណែក ការ​​​ធ្វើ​ដំណើរ​​ឆ្លង​ខេត្ត ត្រូវ​បាន​​បើក​ឲ្យ​ធ្វើ​ដំណើរ​​ឡើងវិញ​​ហើយ​​ នៅ​ថ្ងៃ​ទី​២៥ ខែមេសា​។ តែ​​មិន​​អាច​​​ធ្វើ​ដំណើរ​​ចូល​ ឬ​​ចេញ ឬ​ឆ្លង​កាត់​ ក្នុង​ភូមិ​​សាស្ត្រ​រាជធានី​ភ្នំពេញ និង​​ក្រុង​តាខ្មៅ​បាន​ទេ។

ជុំវិញ​ការ​​ទាមទារ​ឲ្យ​បើក​តំបន់​​បិទ​ខ្ទប់​នេះ​​ឡើង​វិញ មិន​ទទួល​បាន​ការ​​ស្វាគមន៍​ពី​​​រដ្ឋ​អំណាច​​​ទេ។ ​​អ្នក​​នាំ​​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន យល់​ថា ​ការ​អំពាវនាវ​​​នេះ ​​ក្នុង​បំណង​​ឲ្យ​​មាន​ការ​​ឆ្លង​ជំងឺ​កូវីដ​១៩ ​កាន់​​តែ​​ខ្លាំង និង​​ជំរុញ​​ឲ្យ​ពលរដ្ឋ​​ល្មើស​បម្រាម។​ តំណាង​​រដ្ឋាភិបាល​រូ​ប​​នេះ​បញ្ជាក់​​ថា អាជ្ញាធរ​នឹង​​ចាត់​​វិធានការ​​តាម​​ច្បាប់​ប្រសិន​​បើ​​ពលរដ្ឋ​​ល្មើស​​​បម្រាម​តាម​ការ​​អំពាវនាវ​​នេះ៖ «យើង​មាន​ច្បាប់ យើង​អាច​ផាក​ពិន័យ ​មាន​ការ​ដាក់​​ពន្ធនាគារ ធ្វើ​តាម​ច្បាប់​។ អ្វី​ដែល​ សម រង្ស៊ី ចង់​បាន​ គឺ​ចង់​បាន​អ៊ីចឹង ចង់​ឲ្យ​ប្រជាពលរដ្ឋ​​ជាប់​គុក​ជាប់​ច្រវ៉ាក់​បន្ថែម​ពី​លើ​​កូវីដ​១៩​​នេះ​ឯង»។

Worker_Siclo_02.jpg
កម្មករអូសបន្លែនៅផ្សារនាគមាសក្នុងក្រុងភ្នំពេញត្រូវបាត់បង់ការងារដោយសារតែវិធានការបិទផ្សាររបស់អាជ្ញាធរក្រុងភ្នំពេញកាលពីថ្ងៃទី២១ មេសា ឆ្នាំ២០២១។

ទោះ​ជា​​យ៉ាង​​ណា ​អ្នក​ជំនាញ​​វេជ្ជ​សាស្ត្រ​យល់​ស្រប​ចំពោះ​​​សំណើ​​ដក​បម្រាម​បិទ​ខ្ទប់​ ​និងជំរុញ​ឲ្យ​​រដ្ឋាភិបាល​បង្កើន​​ការ​​ផ្សព្វផ្សាយ​ណែនាំ​​ពលរដ្ឋ ឲ្យ​បង្ការ​ខ្លួន​ជាជាង​​ការ​​បិទ​​ខ្ទប់​បន្ត។

ប្រធាន​​សមាគម​គ្រូ​ពេទ្យ​​គុណ​ធម៌​​កម្ពុជាលោក​វេជ្ជ​បណ្ឌិត អ៊ូច វុឌ្ឍី បារម្ភ​​ថា ​​​ការ​បិទ​ខ្ទប់​​កាន់​តែ​​យូរ នឹង​​បណ្ដាល​​ឲ្យ​អ្ន​ក​​ក្រីក្រ​ប្រឈម​ស្ថានភាព​​ធ្ងន់ធ្ងរ​​ខ្លាំង​ទាំង​​ផ្នែក​​ជីវភាព​ និង​ផ្លូវ​ចិត្ត​។ លោកយល់​ថា ឆ្លង​កាត់​បទ​ពិសោធន៍​​​ការ​បិទ​​ខ្ទប់​​នេះ ពលរដ្ឋ​ខ្លះ អាច​​នឹង​​យល់​ដឹង​​ពី​វិធី​ការពារ​​ខ្លួនបាន​ល្អ​ប្រសើរ។ លោកជំរុញ​ឲ្យ​​រដ្ឋាភិបាល បន្ថែម​វិធានការ​​ផ្សព្វ​ផ្សាយ​​អប់រំ និង​​វិធានការ​​អនាម័យ ដើម្បី​​អនុញ្ញាត​​ឲ្យ​ពលរដ្ឋ​​ប្រកប​​អាជីវកម្ម​​ឡើង​វិញ​៖ «បើ​បិទ​​យូរ​ទៅ​ វា​អាច​​នឹង​​គ្រោះ​ថ្នាក់​​ដល់​ប្រជាពលរដ្ឋ​យើង​​ក្រីក្រ​។ បើ​អ្នក​មាន​មិន​​អ្វី​ទេ ដូច​ខ្ញុំ​ដូច​អ្វី គ្រាន់​បាន​​មធ្យម​​មិន​​អ្វី​ទេ។ អាណិត​តែ​គ្នា​​ជួល​ផ្ទះ​គេ​នៅ ហើយ​ខ្វះ​លុយ ​ធនាគារ​​ទៀត ហើយ​អត់​​មាន​ថវិកា​អ្វី​ ហើយ​វេទនា​ ឥឡូវ​ឃើញ​​តាម​ហ្វេសប៊ុក អ្នក​ខ្លះ​​ឈឺ​ពោះ​​កើត​​កូន​​អ្វី អត់​បាន​​ទៅ​រក​ពេទ្យ​ជួយ ហើយ​​កើត​នៅ​ផ្ទះ នៅ​តាម​​ផ្លូវ​អ្វី យើង​​អាណោចអាធ័ម​​ណាស់។ ​អ៊ីចឹង​ទេ ខ្ញុំ​សំណូម​ពរ​​ គួរ​ណាខាង​សុខាភិបាល​ហ្នឹង ក៏​ដូច​ជា​​ប្រមុខ​រដ្ឋាភិបាល​ហ្នឹង មេត្តា​ផ្ដោត​​ទៅ​លើ​អ្នក​ក្រីក្រ​ហ្នឹងឲ្យ​ខ្លាំង ព្រោះ​ថា សព្វថ្ងៃ​នេះ យើង​ឃើញ​​ថា អ្នក​ក្រីក្រ​ច្រើន ស្រុក​ខ្មែរ​យើង»។

Worker_Siclo.jpg
កម្មករធាក់ស៊ីក្លូនៅផ្សារកណ្តាល ទីក្រុងភ្នំពេញ បាត់ម៉ូយទាំងអស់ ក្រោយពីវិធានការបិទក្រុងភ្នំពេញ។

គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែមេសា ​​​អាជ្ញាធរ​​រាជធានី​ភ្នំពេញ​បាន​​ចាប់​​​អ្នក​ល្មើស​​​បម្រាម​បិទ​ខ្ទប់ជិត​ពីរ​រយ (១៧៩)​នាក់។ ក្នុង​នោះ សមត្ថកិច្ច​បញ្ជូន​​ទៅ​​តុលាការ ចំនួន​១១​ នាក់។ ឯ​អ្នក​ផ្សេង​ទៀត តម្រូវ​ឲ្យ​ធ្វើ​កិច្ច​សន្យា​ និង​ផាក​ពិន័យ​ តាម​​សេចក្ដី​សម្រេច​អន្តរកាល​​។

ក្រៅពី​នេះ នគរបាល​​ និង​ក្រុម​​សន្តិសុខ​រាជធានី​ភ្នំពេញបាន​​​បើក​យុទ្ធនាការ​ធ្វើ​សកម្មភាព​​​​បំពាន​ច្បាប់ដោយ​នាំ​គ្នាយក​ដំបង​ ចុះ​ដេញ​​​វាយ​​បង្ក្រាប​​​​​ពលរដ្ឋ ​ដើម្បី​​​បង្ខំ ​និង​​គំរាម​​ ​​កុំ​ឲ្យ​ចេញ​ក្រៅ​ផ្ទះ។

ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​ឃ្លាំមើល រិះគន់​​វិធានការ​បិទ​ខ្ទប់​របស់​រដ្ឋាភិបាល ​ថា គ្មាន​ផែន​ការ​​ច្បាស់​លាស់​ និង មិន​បាន​គិតគូរ​ ពី​តម្រូវ​ការ​​មូលដ្ឋាន​ចាំបាច់​របស់​ពលរដ្ឋ ទើប​បណ្ដាល​ឲ្យ​ពលរដ្ឋ​ក្រីក្រ​​រងគ្រោះ​ធ្ងន់ធ្ងរ​ ពី​ការ​បិទ​ខ្ទប់​នេះ៕ (សូមទស្សនាការអំពាវនាវរបស់លោកសមរង្ស៊ីដោយផ្ទាល់)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles