បទ​ល្មើស​ព្រៃឈើ​ជាង​១០០​ករណី​ទៀត​ត្រូវ​បាន​រក​ឃើញ​​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរការ

បរិស្ថាន | ព័ត៌មានជាតិ
លោក ពក ខឺយ |២៧ មេសា ២០២១ |ម៉ោង ១៦:៣១
VOD

បុរសម្នាក់វាស់ប្រវែងមុខកាត់ដើមឈើមួយដើមដែលត្រូវបានជនខិលខូចលួចកាប់ អំឡុងពីថ្ងៃទី២៩ ដល់ទី៣០ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Cambodian Youth Network - CYN)

បុរសម្នាក់វាស់ប្រវែងមុខកាត់ដើមឈើមួយដើមដែលត្រូវបានជនខិលខូចលួចកាប់ អំឡុងពីថ្ងៃទី២៩ ដល់ទី៣០ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Cambodian Youth Network – CYN)


ក្រុមសកម្មជននៃគម្រោងរបស់សមាគមបណ្តាញយុវជនកម្ពុជា (CYN) បាន​រក​ឃើញ​បទ​ល្មើស​កាប់បំផ្លាញ​ព្រៃឈើចំនួន១១៣ករណីបន្ថែមទៀត​​ នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ។

សមាគមបណ្ដាញយុវជនកម្ពុជា (CYN) បាន​ឱ្យ​ដឹងពី របាយការណ៍នៅលើទំព័រហ្វេស​ប៊ុករបស់​ខ្លួន នៅ​ថ្ងៃអង្គារនេះថា កាលពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក្រុមការងារប្រមូល​ទិន្នន័យ​បទល្មើស​ព្រៃឈើនៃគម្រោង​អ្នកការពារ​ព្រៃឈើ បាន​រកឃើញបទល្មើស​​កាប់​បំផ្លាញព្រៃឈើចំនួន១១៣ករណីបន្ថែមទៀត ក្នុងដែនជម្រកសត្វព្រៃព្រះរការ នៃភូមិសាស្ត្រស្រុកឆែប​។

សមាគមនេះបន្តថា ​​ប្រភេទឈើដែលជនល្មើសបានកាប់បំផ្លាញភាគច្រើនជាប្រភេទឈើកម្រ ដូចជា ​​​ស្ទៀង សុក្រំ ឈើទាល ដួងចែម ពពេល ផ្តៀក ត្រាច ត្រសេក និង កកោះ ជាដើម ដែលមាន​ទំហំធំៗ​មាន​មុខ​​កាត់​​ចាប់​​ពី៤៣សង់​ទីម៉ែត្រ ដល់២០០សង់​ទី​ម៉ែត្រ។

កាលពីចន្លោះថ្ងៃទី​១៩ ដល់ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២១ ក្រុមការងារសមាគម CYN ក៏បាន​​រក​ឃើញ​បទល្មើសព្រៃឈើ​​ចំនួន១០០​ករណីម្តងរួចមកហើយ ក្នុងនោះបានរកឃើញប្រភេទឈើដែលមាន​មុខ​កាត់​ចាប់​ពី៤៥​សង់ទីម៉ែត្រ ដល់១,៣៥​ម៉ែត្រ ស្ថិតនៅក្នុង​តំបន់​ព្រៃស្រោង និងពាក់កណ្តាលស្រោងនៃដែនជម្រក​សត្វ​ព្រៃព្រះរការនេះ។

សមាគមនេះបញ្ជាក់​ថា៖ «តាមរយៈ​ដំណើរចុះប្រមូលទិន្នន័យទាំងពីរលើកនេះ បានធ្វើឱ្យចំនួន​បទល្មើសសរុបនៅក្នុង​ដែនជម្រកសត្វព្រៃព្រះរការ នៅក្នុងខែមីនា កើត​ឡើងចំ​នួន២១៣​ករណី ឬស្មើ​នឹងការ​បាត់​បង់​នូវ​ដើម​ឈើដ៏​មាន​តម្លៃ​ប្រមាណ២១៣​ដើម ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​គំរាម​កំហែង​យ៉ាងធ្ងន់​ធ្ងរ​ដល់​គម្រប​ព្រៃឈើ​នៃ​តំប​ន់ដែន​ជម្រក​សត្វ​ព្រៃ​មួយ​នេះ»។

សមាគមនេះក៏បានស្នើជាថ្មីដល់ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ គួរពិនិត្យនិងពិចារណាបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាព ព្រមទាំងបើកចំហសម្រាប់សហគមន៍មូលដ្ឋាន សកម្មជនព្រៃឈើ សមាគម អង្គការសង្គមស៊ីវិល និងសាធារណជន អាចចូលរួម​ធ្វើកិច្ចការល្បាត ការពារ និងអភិរក្សព្រៃឈើ ស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីចូលរួមការពារព្រៃឈើឱ្យបានគង់វង្ស។

មន្រ្តីជាន់ខ្ពស់ផ្នែកតស៊ូមតិ​នៃ​សមាគមបណ្ដាញ​យុវជ​នកម្ពុជា លោក សាន់ ម៉ាឡា បាន​លើកឡើង​បន្ថែម​លើ​របាយការណ៍នោះថា ស្របពេលរកឃើញបទល្មើសព្រៃឈើទាំងនេះ សមាគម រួមទាំងរូបលោកមានក្តី​​បារម្ភ​ពីការបាត់បង់ព្រៃឈើ​និង​​ការ​ផុត​ពូជ​ប្រភេទ​ឈើ​កម្រ ក៏​ដូច​ជា​​​ផល​ប៉ះ​ពាល់ដល់​​ជម្រក​​សត្វ​​ព្រៃ ដោយសារ​តែការកាប់បំផ្លាញ​ព្រៃឈើ​​ខុសច្បាប់នៅតែបន្តកើតមាន។

លោកថា៖ «ដូចដែលយើងបានបង្ហាញនៅក្នុងការចេញផ្សាយរបស់យើងអ៊ីចឹង ឃើញថា នៅក្នុងខែមីនានេះមានបទល្មើសសរុបរហូតទៅដល់២១៣ករណីហើយ សុទ្ធតែជាដើមឈើធំៗ ហើយមានតម្លៃទៀត។ ដូច្នេះគឺពួកយើងព្រួយបារម្ភខ្លាំងមែនទែន ហើយជាការបង្ហាញឆ្លុះបង្ហាញមួយថា ក្រសួងបរិស្ថានហាក់ធ្វើការងារមិនបានល្អទាល់តែសោះ […] បើសិនជាការកាប់បំផ្លាញនៅតែបន្តកើតមានបែបនេះ អនា​គត​ទៅ​យើង​ប្រហែលជាបាត់បង់ដែនជម្រកសត្វព្រៃព្រះរការ»។

រដ្ឋលេខាធិការ និងជា​អ្នកនាំពាក្យក្រសួងបរិស្ថា​ន លោក នេត្រ ភក្រ្តា មានប្រសាសន៍​ថា ក្រសួង​មិន​ឆ្លើយ​ឆ្លង​ទៅនឹងរបាយការណ៍ទាំង​នេះ​ទេ។ លោកថា ការមិនឆ្លើយតបនេះ ដោយសារ​​មាន​​​អង្គការមួយចំនួនកំពុង​ប្រើប្រាស់​​ពលរដ្ឋក្នុងសហគមន៍ឱ្យ​​ដើ​រ​រាប់​​គល់​ឈើចាស់ៗ​ដែល​នៅស​ល់​​ពីមុន ឬជាគល់ឈើដែលសមត្ថកិច្ចមានវិធានការទៅលើជនល្មើសរួចទៅហើយ​ និងគល់​​ដើម​ជ័រច្បោះ​ដែលពលរដ្ឋ​​បាន​ស្នើសុំដកហូត​​ស្រប​​ច្បាប់ ដើម្បីយកទៅ​ធ្វើរបាយការណ៍ស្វែងរកប្រាក់ជំនួយនិង​បំពេញចិត្តម្ចាស់ជំនួយប៉ុណ្ណោះ។

លោក​បានថ្លែងថា៖ «សម្រាប់ក្រសួងបរិស្ថាន យើងអត់ទៅឆ្លើយឆ្លងជាមួយនឹងភាគីទី៣ដែល​មិន​មានកិច្ច​ការសហប្រតិបត្តិស្របច្បាប់ជាមួយក្រសួងបរិស្ថានទេ។ សម្រាប់​ក្រសួងបរិស្ថានយើងបន្តបេសកកម្មរបស់យើង តួនាទីភារកិច្ចក្នុងការការពារនិងអភិរក្សធនធានធម្មជាតិរបស់យើង ហើយអ្វីដែលបានធ្វើនិងកំពុងតែធ្វើ​ក្នុងទិសដៅមួយ ការពារឱ្យបាននូវធនធានរបស់យើងដែលមាន»។

ទោះជាយ៉ាងណា អ្នកនាំពាក្យ​រូបនេះបញ្ជាក់ថា ក្រសួងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារនិងអភិរក្សព្រៃឈើនិងធនធានធម្មជាតិ ព្រមទាំងការបង្កើត​មុខរបរ​ចិញ្ចឹម​ជីវិ​តជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ការពារទាំងនោះ​ ដើម្បីកុំឱ្យ​ពួកគាត់​ទៅកាប់បំផ្លាញព្រៃឈើ និងចូលរួមថែរក្សានិងអភិរក្សព្រៃឈើ​ទាំងអស់គ្នា។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "បទ​ល្មើស​ព្រៃឈើ​ជាង​១០០​ករណី​ទៀត​ត្រូវ​បាន​រក​ឃើញ​​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរការ"

  1. Anonymous says:

    YES… one of my friend spoke only a bite Cambodia say . this is my time to make money no one can do any thing to me

Leave a Reply

Submit Comment