កូន​​ប្រុស​​​សកម្មជន​បក្ស​​ប្រឆាំង​​ម្នាក់​​​ត្រូវ​​​ជន​​មិន​​ស្គាល់​​មុខ​​គប់​នឹង​​ដុំ​ថ្ម​​បណ្ដា​ល​​ឱ្យ​​​របួស​​ធ្ងន់​​

ដោយ សុជីវី
2021-04-28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កូន​​ប្រុស​​​សកម្មជន​បក្ស​​ប្រឆាំង​​ម្នាក់​​​ត្រូវ​​​ជន​​មិន​​ស្គាល់​​មុខ​​គប់​នឹង​​ដុំ​ថ្ម​​បណ្ដា​ល​​ឱ្យ​​​របួស​​ធ្ងន់​​

កុមារ​​រង​​គ្រោះ​​​ឈ្មោះ​ កាក់ សុវណ្ណឆៃ​ អាយុ​ ១៦ ​ឆ្នាំ​ ត្រូវ​បាន​​ជន​​ល្មើស​លួច​គប់​នឹង​ដុំ​ថ្ម​​ពីក្រោយ​ខ្នង ដែលបណ្តាលឱ្យរងរបួសក្បាលធ្ងន់ធ្ងរ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុក ស្រឡាញ់គ្រួសារ។


កុមារ​​រង​​គ្រោះ​​​ឈ្មោះ​ កាក់ សុវណ្ណឆៃ​ អាយុ​ ១៦ ​ឆ្នាំ​ ត្រូវ​បាន​​ជន​​ល្មើស​លួច​គប់​នឹង​ដុំ​ថ្ម​​ពីក្រោយ​ខ្នង​ក្នុង​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ជា​មួយ​ម្ដាយ​របស់​គាត់​នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​ទី២​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា​។

​ម្ដាយ​ជនរងគ្រោះ​លោក​ស្រី​ ព្រុំ ចាន់ថា ប្រាប់​អាស៊ី​សេរី​​​ក្រោយ​ពេល​បញ្ជូន​កូន​ទៅ​ព្យាបាល​ថា ​ជនល្មើស​មាន​គ្នា ​២ នាក់​ ជិះ​ម៉ូតូ​ពាក់​អាវ​ស បាន​យក​ដុំ​ថ្ម​គប់​កូន​គាត់​​​ចំ​ក្បាល​ចំហៀង​ខាង​ឆ្វេង ​បណ្ដាល​ឱ្យ​បែក​ចេញ​ឈាម​។ ​ស្ត្រី​វ័យ​ ៤៩ ​ឆ្នាំ​រូប​នេះ​ បន្ថែម​ថា ​ភ្លាម​ៗ​នោះ​ជនល្មើស​បាន​បើក​ម៉ូតូ​យ៉ាង​លឿន​រត់​គេច​ ហើយ​លោក​ស្រី​ក៏​​បាន​បញ្ជូន​ទៅ​ព្យាបាល​របួស​​គ្លីនិក​ឯកជន​​ក្នុង​រាជធានី​ភ្នំពេញ​។ ​​​លោក​ស្រី​និង​កុមារ​កាក់​សុវណ្ណឆៃ បាន​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​ ក្រោយ​ពេល​​​គ្រូពេទ្យ​បាន​ដេរ​​របួស​ក្បាល​​ជនរងគ្រោះ​ចំនួន​ ២០ ​ធ្នេរ។ លោក​ស្រី​ ចាត់​រឿង​នេះ​ថា ជា​ការ​ប៉ុនប៉ង​សម្លាប់​លោក​ស្រី​ ក៏​ប៉ុន្តែ​ជនល្មើស​បាន​​គប់​ដុំ​ថ្ម​ប្លាត​មក​ត្រូវ​កូន​របស់​គាត់​វិញ​ ​ដោយសារ​តែ​លោក​ស្រី​បន្ត​ស្វែង​រក​យុត្តិធម៌​​ឱ្យ​ប្ដី​៖ «ប៉ុន្តែ​គេ​ឱ្យ​ទុក​តាម​ដាន​មើល​ ៣ ថ្ងៃ​សិន​ បើ​សិន​ជា​កូន​ខ្ញុំ​មាន​ក្ដៅ​ខ្លួន​ឬ​ក៏​ឈឺក្បាល​ខ្លាំង​និង​ក្អួត​ គេ​ឱ្យ​គាត់​ទៅ​ស្កែន​មើល​។ ខ្ញុំ​គិត​ថា បើ​ប្រទេស​មាន​ច្បាប់​ពិតមែន ​បើ​រដ្ឋ​ដឹក​នាំ​ល្អ​ពិតមែន ​សូម​ចាត់​វិធាន​ការ​ កុំ​ធ្វើ​ទង្វើ​អមនុស្សធម៌​ កុំ​ធ្វើ​ទង្វើ​គុំគួន​គេ​អីចឹង​ទៀត​។​ ឱ្យ​គេ​ចុះ​ចូល​គេ​មិន​ចុះ​ចូល​ ឱ្យ​គេ​រណប​គេ​មិន​ធ្វើ​តាម​ ពេល​គេ​បញ្ចេញ​មតិ​​ធ្វើ​បាប​គេ​ អីចឹង​សួរ​ថា ដឹក​នាំ​យ៉ាង​ម៉េច​បាន​ធ្វើ​ទង្វើ​មក​លើ​ ក្រុម​គ្រួសារ​អ្នក​នយោបាយ​បែប​ហ្នឹង​ ហើយ​វា​អមនុស្សធម៌​បំផុត​ហើយ​។​ អីចឹង​សូម​ថ្នាក់​ក្រោម ​ថ្នាក់​លើ​ហ្នឹង​ សូម​ជួយ​មើល​ផង​អ្នក​ដែល​ដឹក​នាំ​ហ្នឹង​»

​ភ្លាមៗ​ក្រោយ​​ពេល​ព្យាបាល​របួស​រួច​ លោកស្រី​បាន​ទៅ​ប្ដឹង​ប៉ូលិស​នៅ​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​បឹង​ទំពុន​ទី​២​​ ដើម្បី​ឱ្យ​​ស្រាវជ្រាវ​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ ប៉ុន្តែ​ប៉ូលិស​បាន​ប្រាប់​លោក​ស្រី​ថា ​គ្មាន​​កងកម្លាំង​ដើម្បី​ធ្វើ​ការងារ​នេះ​ទេ។

ទាក់​ទង​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញលោក សាន សុខ​សីហា ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​ទាន់​ទទួល​ដំណឹង​ជុំ​វិញ​ពី​ការ​ប្រើ​ហិង្សា​នេះ​ទេ។​ មេ​ប៉ូលិស​ស័ក្ដិ​៥​រូប​នេះ​ លើក​ទឹក​ចិត្ត​ឱ្យ​ជនរងគ្រោះ​ប្ដឹង​​សារ​ជា​ថ្មី​​ដើម្បី​ឱ្យ​​​ស្រាវជ្រាវ​លើ​រឿង​នេះ។ ​ទោះ​ជា​បែប​នេះ​​ក្ដី លោក​​មិន​ជឿ​ថា រឿង​នេះ​ជា​ការ​ប៉ុនប៉ង​សម្លាប់​ដោយសារ​​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​​នោះ​ឡើយ៖ «នៅ​ខណៈ​ណា​មិន​ទាន់​មាន​ភស្តុតាង​មិន​មាន​ការ​ស្រាវជ្រាវ​ពី​សមត្ថកិច្ច​ច្បាស់​លាស់​យើង​មិន​ទាន់​អាច​ចោទ​ប្រកាន់​អី​បាន​ទេ​។ មិន​មែន​ថា​ឱ្យ​តែ​ករណី​អី​បន្តិច​ ករណី​នោះ​បន្តិច​ចោទ​ប្រកាន់​មក​ថា​ ប៉ុនប៉ង​សម្លាប់​ ឬ​ក៏​ប៉ុនប៉ង​នេះ​អី​ទេ​។​ អីចឹង​បញ្ហា​សំខាន់​ យើង​ត្រូវ​ដាក់​ពាក្យ​បណ្ដឹង​ឱ្យ​ស្រួល​បួល​ យើង​មាន​ការ​ស្រាវជ្រាវ​ឱ្យ​ច្បាស់​លាស់​ ថា​តើ​ប្រភព​​ហ្នឹង​វា​ម៉េច​ខ្លះ​ មិន​មែន​ខ្លះ​ណា​គាត់​ជា​មនុស្ស​ខូច​មាន​បញ្ហា​ជម្លោះ​អី​ជា​មួយ​គេ​មួយ​ឯង​ ហើយ​ដល់​ពេល​អីចឹង​គាត់​បង្កើត​ជា​បញ្ហា​​មក​ឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​ស្ថានភាព​សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម​វិញ​​»

កុមារា កាក់ សុវណ្ណឆៃ អាយុ ១៦ ឆ្នាំ​ រៀន​ថ្នាក់​ទី៩ ជា​កូន​ប្រុស​សមាជិក​ក្រុមប្រឹក្សា​ជាប់​ឆ្នោត​រាជធានី​ភ្នំពេញ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កាក់ កុម្ភារ ដែល​តុលាការ​ចាប់​ខ្លួន​កាល​ថ្ងៃ​ទី៣១ ខែឧសភា ឆ្នាំ២០២០ ហើយ​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។ តុលាការ​ចោទ​ប្រកាន់​លោក​ពី​បទ​ញុះញង់ និង​រួម​គំនិត​ក្បត់ ដែល​ជា​សំណុំ​រឿង​ចាស់​កាល​ពី​ឆ្នាំ២០១៩។  កន្លង​មក​កុមារ​អាយុ​ ១៦​ ឆ្នាំ ​រូប​នេះ​ ត្រូវ​បាន​ប៉ូលិស​ចាប់​ឃុំ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ ​ម្ដង​រួច​មក​ហើយ​ ពាក់ព័ន្ធ​នឹង​រឿង​ដែល​លោក​លប​ចូល​ទៅ​យក​ទង់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នេះ​។ ក្នុង​ពេល​ចាប់​ខ្លួន​នោះ​ប៉ូលិស​បាន​ប្រើ​ហិង្សា​និង​ដាក់​ខ្នោះ​ដៃ​កុមារ​កាក់ សុវណ្ណឆៃ​ រយៈ​ពេល​១យប់​​ទៀត​ផង​។

​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​អាដហុក ​(Adhoc)​ លោក​ នី សុខា​ យល់​ថា ​ការ​ដែល​​ជនល្មើស​លប​គប់​កុមារ​កាក់ សុវណ្ណឆៃ ​​បណ្ដាល​ឱ្យ​បែក​ក្បាល​នេះ​ ប៉ូលិស​គួរតែ​​ចុះ​ស្រាវជ្រាវ​​តាម​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ​ដោយ​មិន​​ចាំ​បាច់​ជនរងគ្រោះ​ដាក់​ពាក្យ​ប្ដឹង​នោះ​ទេ។ លោក​​បញ្ជាក់​ទៀត​ថា​ ករណី​នេះ​ប្រសិន​បើ​ប៉ូលិស​មិន​ស្រាវជ្រាវ​ចាប់​ជន​​បង្ក​​​ដាក់​ទោស​ទេ​នោះ​ គឺ​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​២ ហើយ​​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​​​អស់​ជំនឿ​ទៅ​លើ​សមត្ថកិច្ច​​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ពួកគាត់​៖ «អាហ្នឹង​ហើយ​ដែល​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​បាត់​បង់​ជំនឿ រហូត​មាន​អ្នក​ខ្លះ​គេ​អត់​ចង់​ប្ដឹង​ទៅ​សមត្ថកិច្ច​ហ្នឹង​ទៅ​ទៀត ដោយសារ​តែ​ភាព​នៃ​ការ​បាត់បង់​ជំនឿ​ហ្នឹង​ហើយ​។ ដូច្នេះ​យើង​មាន​តែទទូច​ឱ្យ​សមត្ថកិច្ច​ហ្នឹង​ត្រូវ​តែ​ពង្រឹង​ការ​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ម៉ឺងម៉ាត់​ឱ្យ​បាន​ត្រឹមត្រូវ​កុំ​ឱ្យ​មាន​ការ​រើសអើង កុំ​ឱ្យ​មាន​ការ​បែងចែក​ ហើយ​ខិតខំ​ស្វះស្វែង​វែកមុខ​រក​ជនល្មើស​មក​ផ្ដន្ទាទោស​ដើម្បី​ធ្វើ​ឱ្យ​មាន​ជំនឿ​ចិត្ត​ពី​ប្រជាជន​ពី​មហាជន​​ទៅ​លើ​អាជ្ញាធរ​ហ្នឹង​ឡើង​វិញ​»

​គិត​មក​ដល់​ពេល​នេះ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​​ប្រហែល ​៣០​ នាក់​ហើយ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​​លប​វាយ​ឲ្យ​របួស ហើយ​​ភាគច្រើន​កើត​ឡើង​នៅ​ភ្នំពេញ។ ​រហូត​មក​ដល់​ពេល​នេះ​ មាន​តែ​ជនល្មើស​ ២ នាក់ ​ប៉ុណ្ណោះ​នៅ​ខេត្ត​កំពង់ឆ្នាំង​ ដែល​អាជ្ញាធរ​ចាប់​ជន​ល្មើស​ផ្ដន្ទាទោស​ ក្រៅ​​ពី​នោះ​គ្មាន​ជន​ប្រព្រឹត្ត​ណា​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ ឬក៏​ចាប់ខ្លួន​ឲ្យ​មក​ទទួល​ទោស​នោះ​ទេ​។

ករណី​អំពើ​ហិង្សា​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ច្រើន​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា គឺ​ជន​ដៃដល់​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព លួច​វាយ​ជនរងគ្រោះ​ពី​ក្រោយ​ខ្នង ហើយ​ប្រើ​ដំបង​ដែក​វាយ​សំដៅ​ក្បាល​របស់​ជនរងគ្រោះ​។ ​កន្លង​ទៅ​ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​ចាត់ទុក​ថា អំពើ​ហិង្សា​កើតឡើង​ញឹកញាប់​នេះ ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជឿ​ថា សកម្មជន​បក្ស​ប្រឆាំង​ទាំងនេះ​ បាន​ក្លាយ​ជា​គោលដៅ​នៃ​ការវាយប្រហារ​ដោយសារ​តែ​ទស្សនៈ​នយោបាយ​របស់​ពួកគេ​។​

​​​​កន្លង​មក​លោក​ស្រី ព្រុំ ចាន់ថា បាន​​ចូល​រួម​ជាមួយ​ក្រុម​ស្ត្រី​​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​​ដែល​ប្ដី​ជាប់​ពន្ធនាគារ​​តវ៉ា​ទាមទារ​ឱ្យ​​មាន​យុត្តិធម៌​សង្គម​​ជា​បន្ត​បន្ទាប់។​​​ អំឡុង​ពេល​​​ផ្ទុះ​ជំងឺ​កូវីដ​១៩​កើត​ឡើង​ខ្លាំង​នៅ​ក្រុង​ភ្នំពេញ​នេះ​ លោក​ស្រី​​តែងតែ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​(Face book)​​ បង្ហាញ​ពី​ការ​ឈឺ​ចាប់​ដែល​អាជ្ញាធរ​ចាប់​​ប្ដី​គាត់​និង​សកម្មជន​ដទៃ​ទៀត​ដាក់​ពន្ធនាគារ​។ ​បើ​ទោះ​ជា​ជន​មិន​ស្គាល់​មុខ​​គប់​ដុំ​ថ្ម​​បែក​ក្បាល​កូន​របស់​លោក​ស្រី​បែប​នេះ​ក្ដី​ ក៏​លោក​ស្រី​នៅ​តែ​ប្រកាន់​ជំហរ​បន្ត​ទាម​ទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម​ដដែល ហើយ​​ធ្វើ​សកម្មជន​តស៊ូ​​មតិ​រហូត​អាជ្ញាធរ​ដោះលែង​ប្ដី​ និង​សកម្មជន​ទាំង​អស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​៕​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "កូន​​ប្រុស​​​សកម្មជន​បក្ស​​ប្រឆាំង​​ម្នាក់​​​ត្រូវ​​​ជន​​មិន​​ស្គាល់​​មុខ​​គប់​នឹង​​ដុំ​ថ្ម​​បណ្ដា​ល​​ឱ្យ​​​របួស​​ធ្ងន់​​"

  1. Anonymous says:

    under SAMDACH EY >>HUN SEN you will never find out who did that . the question is why?? the killing regime continuous from 1975 up to this day. SDACH PEAL will destroy this nation till the end if Cambodian not aware of .

Leave a Reply

Submit Comment