តុលាការ​បង្គាប់​ឱ្យ​​ចាប់​ខ្លួន​​លោក សម​ រង្ស៊ី​ ពី​បទ​រារាំង​​វិធាន​ការ​រដ្ឋបាល​និង​ញុះញង់​

កូវីដ-១៩ | តុលាការ និងច្បាប់ | នយោបាយ | ព័ត៌មានជាតិ
លោក សេង ថៃ |២៨ មេសា ២០២១ |ម៉ោង ១៦:៣៧
VOD

ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី

លោក សម រង្ស៊ី កាលពីពេលកន្លង


សាលាដំបូងរាជធានីភ្នំពេញ បាន​ចេញដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួនលោក សម រង្ស៊ី ប្រធាន​អតីតគណបក្សសង្គ្រោះជាតិ ពីបទ «រារាំងវិធានការរដ្ឋបាល និងញុះញង់បង្កអសន្តិសុខសង្គម»

ការបង្គាប់ឱ្យចាប់ខ្លួននេះ​ធ្វើឡើង​ក្រោយ​ពីលោក សម រង្ស៊ី បាន​អំពាវ​នាវនៅក្នុងទំព័រហ្វេស​​ប៊ុក​របស់​លោក​ កាល​ពី​ថ្ងៃ​ទី​​២៤ ខែមេសា ​ឱ្យ​​ប្រជាពលរដ្ឋ​ឈ​ប់​​​គោរព​​​បម្រាម​​បិទ​ខ្ទប់របស់អាជ្ញាធររដ្ឋាភិបាលកម្ពុជា ហើយ​ណាត់​គ្នា​​ចេញ​​ពី​​ផ្ទះ​​ទាំង​អស់​​គ្នា ដើម្បី​​ប្រកប​​មុខ​​របរ​​ឡើង​​វិញ​។ តាមរយៈវីដេអូឃ្លីបបង្ហោះលើបណ្តាញសង្គម​នោះ លោក សម រង្ស៊ី បានចាត់ទុកវិធាន​ការ​​បិទ​​ខ្ទប់របស់រដ្ឋាភិបាល​ថាមិន​មាន​​ប្រយោជន៍ តែ​​ជា​​វិធានការ​​កេង​ចំណេញ​​លើ​​ពលរដ្ឋ និង​​​បណ្ដាល​​ឱ្យ​​​ពលរដ្ឋ​រង​គ្រោះ​​កាន់​​តែ​​ធ្ងន់ធ្ងរ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានថ្លែងនៅពេលបិទបញ្ចប់សន្និសីទកាសែតមួយស្តីពី «ការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល» នៅទីស្តីការក្រសួងយុត្តិធម៌ នៅថ្ងៃពុធ​នេះ​ថា អយ្យការ​អម​តុលាការសាលាដំបូង​រាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សម រង្ស៊ី ជាផ្លូវការហើយ ហើយ​​តុលាការក៏បានចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី យក​មកផ្តន្ទាទោសតាមច្បាប់ផងដែរ។

លោកមានប្រសាសន៍ថា៖ «អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់​វិធាន​ការដោយ​ធ្វើការចោទប្រកាន់ឧក្រិដ្ឋជន សម រង្ស៊ី នេះ​កាលពីម្សិលមិញ ក្នុងបទ រារាំងវិធានការរដ្ឋបាល និងញុះញង់បង្កឱ្យមាន​អសន្តិសុខក្នុងសង្គម។ ហើយម្តងនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏មានដីកាចាប់ខ្លួនឧក្រិដ្ឋជននេះផងដែរ។ ដូច្នេះហើយសូមអំពាវនាវដល់បងប្អូនទាំងអស់មេត្តាចូលរួមជាមួយរដ្ឋាភិបាល កុំជឿតាមការញុះញង់របស់ឧក្រិដ្ឋជនដែលជាទណ្ឌិត ដែលជាអ្នកញៀនក្នុងការប្រព្រឹត្តបទល្មើស គ្មានខ្លាចរអាចំពោះបទល្មើសទាំងអស់កន្លងមកនេះ»។

យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ កាលពីថ្ងៃទី២៦ ខែមេសា បានចោទប្រកាន់លោក សម រង្ស៊ី ពីបទ «រារាំង​ដល់ការអនុវត្តវិធានការ» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលត្រូវផ្តន្ទាទោសតាមមាត្រា​១១ នៃច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» និងតាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

វីអូឌី នៅមិនទាន់ទទួលបានប្រតិកម្មឆ្លើយតបពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅឡើយទេ។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មើលឃើញថា បច្ចុប្បន្ននេះ បញ្ហាជំងឺកូវីដ-១៩ ហាក់បានក្លាយជារឿងនយោបាយមួយផ្នែកទៅហើយ។

យ៉ាងណាក្តី លោកបានអំពាវនាវឱ្យអ្នកនយោបាយខ្មែរទាំងបក្សកាន់អំណាច និងអតីត​បក្សប្រឆាំង​ ឈប់ផ្លោងពាក្យសម្ដីដាក់​គ្នា ហើយវិលមករួបរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋប្រសើរជាង។

លោកអំពាវនាវយ៉ាងដូច្នេះថា៖ «អង្គការសុខភាពពិភពលោកថា កម្ពុជាកំពុងស្ថិតនៅមានជ្រោះនៃមរណៈហ្នឹង អ្នកដឹកនាំគ្រប់និន្នាការនយោបាយទាំងអស់មិនគួរណាលាយឡំឬកេង​ចំណេញ​នយោបាយដោយសារកូវីដនេះទេ។ អ្វីដែលយើងត្រូវរួមគ្នាដោះស្រាយនៅពេលបច្ចុប្បន្ននេះ គឺ​ត្រូវតែ​មើល​ឃើញ​ថា បញ្ហា​កូវីដ​នេះគឺជា​បញ្ហាស្លាប់រស់របស់​ជាតិ​យើង ជាពិសេស​សម្រាប់ប្រជាជននៅក្នុងរាជធានីភ្នំពេញដែលជាបេះដូងនៃជាតិយើងនេះ»។

គិតត្រឹមខែមីនា ឆ្នាំ២០២១ លោក សម រង្ស៊ី ត្រូវបានតុលាការកម្ពុជាកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤៧ឆ្នាំ នៅក្នុងសំណុំរឿងយ៉ាងតិចចំនួន៨ ដែលក្នុងនោះរួមមាន សំណុំរឿងឧបឃាតប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល សំណុំរឿងប្រមាថអង្គព្រះមហាក្សត្រ និងសំណុំរឿងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាដើម៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment