កូន​​​ប្រុស​សកម្មជន​បក្ស​ប្រឆាំង​មិន​ទាន់​ធូរស្រាល​ពី​របួស​នៅ​ឡើយ ក្រោយ​ជន​ល្មើស​លប​គប់​​​បណ្ដាល​ឱ្យ​របួស​ធ្ងន់​

ដោយ ហេង រស្មី
2021-04-28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កូន​​​ប្រុស​សកម្មជន​បក្ស​ប្រឆាំង​មិន​ទាន់​ធូរស្រាល​ពី​របួស​នៅ​ឡើយ ក្រោយ​ជន​ល្មើស​លប​គប់​​​បណ្ដាល​ឱ្យ​របួស​ធ្ងន់​

លោកស្រី ព្រុំ ចាន់ថា និងកូនប្រុស កាក់ សុវណ្ណឆៃ ដែលរងការលួចគប់ដុំថ្មបណ្តាលឱ្យរងរបួសក្បាលធ្ងន់ធ្ងរ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុក ស្រឡាញ់គ្រួសារ។


កូន​ប្រុស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជន​មិន​ស្គាល់​មុខ​លប​គប់ដុំ​ថ្ម​​បណ្ដាល​ឱ្យ​របួស​ធ្ងន់​​កាល​ពី​ថ្ងៃ​ទី​២៧​មេសា​នោះ​ មិន​ទាន់​បាន​ធូរស្រាល​​ពី​របួស​នៅ​ឡើយ​ទេ​ ក្រោយ​ពេល​ទៅ​​ព្យាបាល​អស់​មួយ​យប់​។ ម្ដាយ​ជនរងគ្រោះ​ព្រួយបារម្ភ​ខ្លាច​​របួស​កូន​​កាន់តែ​ដុនដាប​​ធ្វើ​ឱ្យ​គ្មាន​​លទ្ធភាព​​ព្យាបាល​ជំងឺ​នៅ​ពេល​ខាង​មុខ​។

ម្ដាយ​យុវជន​​​រងគ្រោះ កាក់ សុវណ្ណឆៃ គឺ​​លោក​ស្រី ព្រុំ ចាន់ថា ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមេសា​ថា ​កូន​របស់​​គាត់​​ត្អូញត្អែរ​ថា​ ឈឺ​ក្បាល​និង​វិលមុខ​​ខុស​ប្រក្រតី​ពេញ​មួយ​​យប់​​ក្រោយ​ពេល​ចេញ​ពី​មន្ទីរ​ពេទ្យ​​មក​សម្រាក​នៅ​ផ្ទះ​។ ស្ត្រី​វ័យ ​៤៩ ​ឆ្នាំ​រូប​នេះ ​ព្រួយបារម្ភ​​ខ្លាច​​ស្ថានភាព​ជំងឺ​របស់​​កូន​គាត់​កាន់​តែ​ធ្ងន់ធ្ងរ​ ​​ធ្វើ​ឱ្យ​ក្លាយ​ទៅ​បន្ទុក​នៅ​ក្នុង​គ្រួសារ​បន្ថែម​ទៀត​។ ​លោក​ស្រី​ត្រៀម​លក់​ម៉ូតូ​មួយ​គ្រឿង​ដែល​កំពុង​ប្រើប្រាស់​រាល់​ថ្ងៃ​ ដើម្បី​យក​ប្រាក់​ព្យាបាល​របួសឱ្យ​​កូន​ ពីព្រោះ​នៅ​ពេល​នេះ​លោក​ស្រី​គ្មាន​ប្រាក់​នោះ​ទេ ដោយសារ​ចាប់​តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ​១៩​ខ្លាំង​នៅ​រាជធានី​​ភ្នំពេញ​មក លោក​ស្រី​មិន​បាន​ធ្វើ​ការ​អ្វី​ឡើយ​៖ «គប់​អីចឹង​បើ​បើ​សិន​ជា​តែ​ម្ដង​មិន​អី​ទេ​ខ្លាច​លោក​វា​នៅ​រ៉ាំរ៉ៃ​ឬ​ក៏​នៅ​​មើល​អី​ទៀត​ បញ្ចូល​ឈាម​អី​ទៀត​ ព្រោះ​ម្សិល​គាត់​បាត់បង់​ឈាម​ច្រើន​ណាស់​ ។ពេទ្យ​​ថា ដែរ​បើ​សិន​ជា​វា​បាត់បង់​ឈាម​ច្រើន​អីចឹង​អាច​នឹង​បញ្ចូល​ឈាម​អាច​នឹង​អី​​ ហើយ​គេ​អត់​មាន​ឈាម​ទេ​ទាល់​តែ​ពេទ្យ​ធំៗ​។​ខ្ញុំ​មិន​ដឹង​គិត​យ៉ាង​ណា​ទេ​ឥឡូវ​នេះ​ ចាំ​មើល​ស្ថានភាព​គាត់​តិច​សិន​ ខ្ញុំ​អាច​នឹង​លក់​អស់​ទៀត​ហើយ​ ព្រោះ​ខ្ញុំ​មាន​ភារៈ​ច្រើន​ណាស់​ ណា​មួយ​ប្ដី​ខ្ញុំ​ផង​ ម្ដាយ​ខ្ញុំ​ផង​ ជរា​ឈឺ​ចាំ​តែ​ហូប​ចាំ​តែ​ចាក់​ថ្នាំ​ ព្រោះ​គាត់​ទឹក​នោម​ផ្អែម​ ហើយ​រាល់​ថ្ងៃ​បង្គោល​គ្រួសារ​តែ​ខ្ញុំ​ម្នាក់​គត់​ »

លោក​ស្រី ​ព្រុំ ចាន់ថា ក៏​ត្រៀម​ប្ដឹង​រឿង​ហិង្សា​លើ​កូន​លោកស្រី​​នេះ​ទៅ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​ឱ្យ​ជួយ​​អន្តរាគមន៍​ដល់​គាត់​​ក្នុង​ពេល​ឆាប់ៗ នេះ​ដែរ។

​ យុវជន​​ កាក់ សុវណ្ណឆៃ​ អាយុ​ ១៦ ​ឆ្នាំ​ គឺជា​កូន​របស់​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កាក់ កម្ភារ​ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។​ យុវជន​រូបនេះត្រូវ​បាន​ជន​​ល្មើស​មាន​គ្នា ​២ នាក់​ជិះ​ម៉ូតូ​លប​គប់​នឹង​ដុំ​ថ្ម​​ពីក្រោយ​ខ្នង ​បណ្ដាល​ឱ្យ​បែក​ក្បាល​ខាង​ឆ្វេង​ដេរ ២០ ថ្នេរ​ ក្នុង​ពេល​​ដែល​​រូបគេ​កំពុង​ធ្វើ​ដំណើរ​ជា​មួយ​ម្ដាយ​​នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​ទី២​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា​។

​​លោក​ស្រី ​ព្រុំ ចាន់ថា​ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ប៉ូលិស​សង្កាត់​បឹង​ទំពុន​ទី​១​​ហើយ ​​កាល​ពី​រសៀល​​ថ្ងៃ​ទី​២៧​ ខែមេសា​​ ដើម្បីឱ្យ​​សមត្ថកិច្ច​តាម​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់​។​ លោក​ស្រី​ប្រាប់​ថា រហូត​មក​ដល់​ពេល​នេះ ​ប៉ូលិស​មិន​ទាន់​​​​​ផ្ដល់​ដំណឹង​ពី​ការ​ស្រាវជ្រាវ​ចាប់​ជនល្មើស​​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ។

​ទាក់​ទង​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញលោក សាន សុខ​សីហា ប្រាប់​អាស៊ី​សេរី​ថា ​​​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​​​​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ ដើម្បី​រក​មុខសញ្ញា​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ហើយ៖ «ករណី​វា​មិន​បាន​ដូច​អ្វី​ដែល​យើង​ចង់​បាន​ទេ​ ក្នុង​ដែន​សមត្ថកិច្ច​ធ្វើ​ការ​ គឺ​យើង​ធ្វើ​ការ​ តាម​ជាក់​ស្ដែង​យើង​ស្រាវជ្រាវ​យើង​មាន​នីតិវិធី​បោះ​យើង​ស្រាវ​។ អីចឹង​​យើង​មិន​អាច​ចង់​បាន​ថា​ដាក់​មួយ​ថ្ងៃ​បាន​ភ្លាម​នោះ​ទេ​ ពេល​ខ្លះ​ក៏​វា​លឿន​ទៅ​ពេល​ខ្លះ​ក៏​វា​យឺត​ទៅ​អាហ្នឹង​មិន​មែន​តែ​ស្រុក​យើង​ទេ​។ ​ករណី​ជា​ទូទៅ​ដូច​នៅ​ប្រទេស​មួយ​ចំនួន​ក៏​ដូច​គ្នា​ដែរ​ មិន​មែន​ករណី​ទាំង​អស់​សុទ្ធតែ​ចាប់​បាន​លឿន​ ហើយ​មិន​មែន​តែ​ករណី​ទាំង​អស់​សុទ្ធតែ​រក​ឃើញ​ទេ​»

CNRP_supporter_Attacked_PP_27_04_2021.jpg
លោកស្រី ព្រុំ ចាន់ថា និងភរិយាសកម្មជនគណបក្សប្រឆាំងដែលតវ៉ាឱ្យមានការដោះលែងស្វាមីរបស់ពួកគេនាពេលកន្លងមក។

ទោះ​ជា​យ៉ាង​ណា​ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​អាដហុក ​(Adhoc)​ លោក​ នី សុខា​ យល់​ថា ​​​សមត្ថកិច្ច​គួរតែ​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​ឱ្យ​បាន​ឆាប់​ ដើម្បី​កុំឱ្យ​ជន​បង្ក​​ ចេះ​តែ​ដើរ​​វាយ​ធ្វើ​បាប​គេ​តាម​អំពើ​ចិត្ត​ទៀត​។​​ លោក​ជឿថា អាជ្ញាធរ​​អាច​ចាប់​ជនល្មើស​បាន​យ៉ាង​ងាយ​ស្រួល​ ប្រសិន​បើ​សមត្ថកិច្ច​មាន​ចេតនា​ស្រាវជ្រាវ​​​​ពិតប្រាកដ​ ពី​ព្រោះ​នៅ​ទីតាំង​កើត​ហេតុ​មាន​កាមេរ៉ា​សុវត្ថិភាព​​ជា​ច្រើន​កន្លែង​​បង្ហាញ​មុខ​របស់​ជន​បង្ក​៖ «បើ​តាម​ខ្ញុំ​មើល​សមត្ថកិច្ច​ស្រុក​ខ្មែរ​ក៏​មាន​សមត្ថភាព​គ្រាន់​បើ​ដែរ​ ប៉ុន្តែ​សមត្ថភាព​គាត់​ហ្នឹង​វា​ដោយ​រឿង​អានេះ​ហើយ​ធ្វើ​ឱ្យ​មហា​ជន​ដាក់​ការ​សង្ស័យ​ថា​មក​ពី​មាន​ការ​រើស​អើង​មក​ពី​​មាន​ការ​គិត​ថា​ក្រុម​នេះ​ក្រុម​នោះ​ហើយ​តាម​មើល​។ ​អីចឹង​ហើយ​បាន​ជា​ខ្ញុំ​ចង់​បញ្ជាក់​ថា ​បើ​សិន​សមត្ថកិច្ច​ដើម្បី​ជម្រះ​កុំ​មាន​ការ​សង្ស័យ សមត្ថកិច្ច​ត្រូវ​តែ​ខិតខំ​ធ្វើ​ម៉េច​រក​ឱ្យ​ឃើញ​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​ទៅ​អាហ្នឹង​គេ​លែង​សង្ស័យ​ហើយ​»

យុវជន កាក់ សុវណ្ណឆៃ ធ្លាប់​ត្រូវ​បាន​ប៉ូលិស​ចាប់​ឃុំ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ ​ម្ដង​រួច​មក​ហើយ​ ដោយអាជ្ញាធរ​ចោទ​ថា រូបគេ​លប​ចូល​ទៅ​យក​ទង់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នេះ​ដែល​អាជ្ញាធរហាម​ឃាត់។ ក្នុង​ពេល​ចាប់​ខ្លួន​នោះ ​ប៉ូលិស​បាន​ប្រើ​ហិង្សា​ និង​ដាក់​ខ្នោះ​ដៃ​យុវជន​រូប​នេះ​ទៀត​ផង។ ​ទង្វើ​បែបនេះ​របស់​អាជ្ញាធរ​​ត្រូវ​បាន​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រិះគន់​ថា​ជា អំពើ​ទារុណកម្ម និង​ជា​ការ​រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

​ចាប់​តាំង​ពី​ឆ្នាំ​២០២០ ​រហូត​មក​ដល់​ពេល​នេះ​ មាន​សកម្មជន និង​សាច់​ញាតិ​សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ​​​ប្រហែល​ ៣០​ នាក់​ហើយ ដែលត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​​លប​វាយ​ឲ្យ​របួស ហើយករណីទាំងនេះ​​ភាគច្រើន​កើត​ឡើង​នៅ​ភ្នំពេញ។​ រហូត​មក​ដល់​ពេល​នេះ ​មាន​តែ​ជនល្មើស ​២ នាក់​ ប៉ុណ្ណោះ​នៅ​ខេត្ត​កំពង់ឆ្នាំង​ ដែល​អាជ្ញាធរ​ចាប់ខ្លួនបាន ​​ ហើយ ករណីក្រៅ​​ពីនេះ​គ្មាន​ជន​ប្រព្រឹត្ត​ណា​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ ឬក៏​ចាប់ខ្លួន​ឲ្យយក​​មក​ទទួល​ទោស​នោះ​ទេ។​ សកម្មជន និង​មន្ត្រីជាន់ខ្ពស់គណបក្ស​សង្គ្រោះជាតិ បាន​ចាត់​ទុកករណី​ទាំងនេះថា ជា​អំពើហិង្សា​ខាង​នយោបាយ​ក្នុង​បំណង​គំរាម​កំហែង​ដល់​សកម្មជន​បក្ស​ប្រឆាំង​ឱ្យ​បញ្ឈប់​សកម្មភាព​នយោបាយ​របស់​ពួក​គេ​តទៅទៀត​​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment