ពលរដ្ឋ​​ជាង​​​១​០​​គ្រួសារ​​នៅ​​ខេត្ត​ព្រះវិហារ​​​បារម្ភ​​ខ្វះ​ស្បៀង​​​ក្រោយ​​ក្រុមហ៊ុន​​រ៉ែ​មាស​​ហាម​​មិន​​ឱ្យ​​ធ្វើស្រែ​​

ដោយ ហេង រស្មី
2021-04-27
RFA

ពលរដ្ឋ​​ជាង​​​១​០​​គ្រួសារ​​នៅ​​ខេត្ត​ព្រះវិហារ​​​បារម្ភ​​ខ្វះ​ស្បៀង​​​ក្រោយ​​ក្រុមហ៊ុន​​រ៉ែ​មាស​​ហាម​​មិន​​ឱ្យ​​ធ្វើស្រែ​​

ប្រជាពលរដ្ឋមានជម្លោះដីធ្លីលើកបដារតវ៉ាទាមទារឱ្យមានការដោះលែងតំណាងរបស់ខ្លួន។ រូប៖ គេ​ផ្ដល់​ឱ្យ


​ជនជាតិ​​ដើម​ភាគ​តិច​​កួយ​ ​១​៣ ​គ្រួសារ​ ​រស់នៅ​ភូមិ​ចំនួន​​ ​៣​ ​គឺ​​ភូមិ​ស្វាយ​ដំណាក់​​ ​ភូមិ​រំដេង​​ ​និង​ ​ភូមិ​ត្រពាំង​ទទឹម​​ ​ឃុំ​រមទម​​ ​ស្រុក​រវៀង​ ​ទទូច​​ជា​​ថ្មីទៀត​​ ​ស្នើ​​ឱ្យ​​អាជ្ញាធរ​​ខេត្ត​​ព្រះវិហារ​ ​ពន្លឿន​​ដោះស្រាយ​​ផល​ប៉ះពាល់​​ដីស្រែ​​ចម្ការ​​ជាក់ស្តែង​ ​ដើម្បី​ឱ្យ​​អ្នកភូមិ​មាន​លទ្ធភាព​ ​ចូល​ទៅ​​ធ្វើស្រែ​​ចម្កា​រ​​លើ​ដី​​របស់​​ខ្លួន​​នៅ​​រដូវ​វស្សា​​ឆ្នាំនេះ​​។​ ​អ្ន​កភូ​មិ​ចោទ​​ថា​ ​ក្រុមហ៊ុន​ ឌែ​ល​ខម​ ខេ​ម​បូ​ឌា (​D​e​l​co​m​ ​Cam​bo​d​i​a​) ​បាន​ពង្រាយ​​កម្លាំង​​យោធា​​យាមល្បាត​ ​ដើម្បី​គំរាម​កំហែង​ ​និង​ហាម​មិន​​ឱ្យ​​ពលរដ្ឋ​​អាស្រ័យ​ផល​​លើ​​ដី​កេរ​​ឪពុក​​ម្តាយ​​របស់​​ពួកគាត់​​នោះ​ទេ​។​

តំណាង​ពលរដ្ឋ​លោ​ក​ ពុ​យ​ ​ឆេង​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​​២​៧​ ខែ​មេសា ​ថា​ ​ក្រុមហ៊ុន​បាន​​រំលោភ​​ដីស្រែ​​ចម្ការ​របស់​​ជនជាតិ​ដើម​ភាគតិ​ច​​ជា​ច្រើន​​គ្រួសារ​ ​ស្ទើ​រ​​ទាំង​ស្រុង​​ ​ដើម្បី​​ពង្រីក​​អាជីវកម្ម​រ៉ែ​មាស​របស់​ខ្លួន​។​ ​លោក​​អះអាង​ថា​ ​ពលរដ្ឋ​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយបញ្ហា​នេះ​ជាច្រើន​សារ​មក​ហើយ​ ​នៅតែ​គ្មាន​ប្រសិទ្ធ​ភាព​។​ ​លោក​ត្អូញ​ត្អែ​ថា​ ​ជនជាតិ​ដើម​ភាគតិច​កួយ​ ​កំពុង​ជួប​វិបត្តិ​ខ្វះ​ដី​ធ្វើស្រែ​នៅ​ឆ្នាំនេះ​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ពួកគេ​ ​ប្រឈម​ខ្វះខាត​ស្បៀងអាហារ​ចិញ្ចឹមជីវិត៖ «កន្លែង​គាត់​ធ្លាប់​អាស្រ័យផល​ ​ដល់ពេល​ហាមឃាត់​មិន​ឱ្យ​ពួកគាត់​ធ្វើ​ ​វា​ទៅជា​មិនបាន​ផល​។​ ​ម្យ៉ាងទៀត​ ​ការ​ធ្វើ​នេះ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ទៀត​ ​ព្រោះ​កន្លែង​នេះ​ ​សុទ្ធតែ​ជា​ជនជាតិ​កួយ​ ​ប្រពៃណី​របស់​គាត់​ ​តែង​ធ្វើ​ចម្ការ​វិល​ជុំ​ ​របស់​ពួកគាត់​ ​»​។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​​ម្នាក់​ ​រស់នៅ​ភូមិ​ភូមិ​ត្រពាំង​ទទឹម​​​លោកស្រី​​  ​យឹម​ ​ផា​ត​ ​ថ្លែង​ថា​  ​គ្រួសារ​លោកស្រី​​មាន​ដី​​កសិកម្ម​​ ​៨ ​ហិកតារ​ ​ត្រូវ​បាន​ក្រុមហ៊ុន​​ឈូស​​ឆាយ​​រំលោភ​​យក​​ទាំង​អស់​។​  ​លោកស្រី​ថា​ ​មកទល់​ពេលនេះ​ ​មន្ត្រី​យោធា​បាន​កាង​ការពារ​ក្រុមហ៊ុន​ ​ហាម​មិន​ឱ្យ​គ្រួសារ​លោកស្រី​ ​ធ្វើ​កសិកម្ម​ ​លើ​ដី​ដែល​កំពុង​មាន​ជម្លោះ​នោះ​ទេ​។​ ​លោកស្រី​បារម្ភ​ថា​ ​ជីវភាពរស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ ​នឹង​កាន់តែ​វេទនា​ទាំង​ផ្លូវ​កាយ​ ​និង​ចិត្ត​ ​ព្រោះ​គ្មាន​ដី​ធ្វើស្រែ​ចម្ការ​ឆ្នាំនេះ​៖ «បើ​គ្នា​អត់​ហូប​ចុង​ ​គ្នា​រស់​ហ្នឹង​ស្រែ​ចម្ការ​ ​បើ​មិន​ឱ្យ​គ្នា​ធ្វើស្រែ​ចម្ការ​ ​មិន​ឱ្យ​បើក​ឱ្យ​គ្នា​ ​ហើយ​ភូមិ​ឃុំ​អាជ្ញាធរ​ ​ក៏​មិនដែល​មើលឃើញ​គ្នា​ ​ទទេសោះ​។​ ​ទុក​គ្នា​ចោល​ ​ដូច​សំរាម​ ​ដូច​ជ្រូក​ ​មាន់ទា​»​។​

អាស៊ី​សេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ ​ពី​អភិបាលស្រុក​រវៀង​លោក​ ​ហោ​ ​ប៊ុន​ហួរ​ ​និង​ ​មេការ​ក្រុមហ៊ុន​លោក​ ​សរ​ ​សិរី​វិចិត្រ​ ​បាន​នៅឡើយ​ទេ​ ​នៅ​ថ្ងៃ​ទី​២​៧​ ខែមេសា​ ​ព្រោះ​ទូរសព្ទ​ហៅ​ចូល​ ​តែ​គ្មាន​អ្នកលើ​ក​។​

ប៉ុន្តែ​មេឃុំ​រមទម​ ​លោក​ ​សោម​ ​មុត​  ​បដិសេធ​ថា​ ​ពុំ​មាន​ពលរដ្ឋ​ប្រឈម​ខ្វះខាត​ដី​សម្រាប់​ធ្វើ​កសិកម្ម​នោះ​ទេ​ ​ហើយ​ដី​ដែល​ក្រុមហ៊ុន​រំលោភ​យក​កន្លងទៅ​ ​អាជ្ញាធរ​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​ហើយ​។​ ​លោក​បញ្ជាក់​ថា​ ​ក្រោយ​ពី​អាជ្ញាធរ​ឃុំ​ ​និង​ស្រុក​ ​សម្របសម្រួល​ដោះស្រាយ​រួចរាល់​ ​ក្រុមហ៊ុន​បាន​ឯកភាព​ប្រគល់​ដីស្រែ​ ឱ្យ​អ្នកភូមិ​អាស្រ័យផល​វិញ​។​ ​ក៏ប៉ុន្តែ​លោក​មិន​បញ្ជាក់​លម្អិត​ពី​ទិន្នន័យ​ពលរដ្ឋ​ដែល​ទទួល​បាន​ដំណោះស្រាយ​នោះ​ទេ​៖ «ធ្វើស្រែ​អី​ ​ក្រុមហ៊ុន​ ឱ្យ​ក្រុមប្រឹក្សា​ ​ប៉ុស្តិ៍​ ​និង​អភិបាល​រង​ទៅ​ថា​ ​ក្រុមហ៊ុន​ធ្វើ​ហ្នឹង​ខុស​ហើយ​ ​អត់​ត្រឹមត្រូវ​ទេ​ ​ឥលូវ​ក្រុមហ៊ុន​ត្រូវតែ​ប្រគល់​ដី​ឱ្យ​ពលរដ្ឋ​វិញ​ ​ដូច្នោះ​គេ​សម្របសម្រួល​គ្នា​ចប់​សព្វគ្រប់​អស់ហើយ​តើ​ ​»​។​

ជុំវិញ​រឿង​នេះ​ ​មន្ត្រី​សង្គម​ស៊ីវិល​ ​សង្កេតឃើញ​ថា​ ​អាជ្ញាធរ​មូលដ្ឋាន​តែងតែ​អះអាង​ថា​ ​ខ្លួន​បាន​ដោះស្រាយ​វិបត្តិ​ដីធ្លី​ចប់​សព្វគ្រប់​ ​ក៏ប៉ុន្តែ​ធាតុ​ពិត​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ ​និង​ក្រុមហ៊ុន​ ​នៅតែ​ជា​ជំងឺ​មហារីក​មិនទាន់​ដោះស្រាយ​រួចរាល់​នៅឡើយ​ទេ​។​

មន្ត្រី​សម្របសម្រួល​សមាគម​អា​ដ​ហុ​ក​ខេត្ត​ព្រះវិហារ​ ​លោក​ ​ឡោ​ ​ចាន់​  ​ពន្យល់​ថា​ ​ក្រុមហ៊ុន​ហាមឃាត់​ពលរដ្ឋ​មិន​ឱ្យ​ធ្វើស្រែ​លើ​ដី​របស់​ខ្លួន​ ​ជា​ទង្វើ​រំលោភ​សិទ្ធិ​កាន់កាប់​ដីធ្លី​ដោយ​ស្រប​ច្បាប់​របស់​ពលរដ្ឋ​។​ ​លោក​អំពាវនាវ​ជា​ថ្មីទៀត​ ​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​ ​ពន្លឿន​ចុះ​ដោះស្រាយ​ករណី​នេះ​ ​ដោយ​យុត្តិធម៌​ ​ដើម្បី​សម្រាល​ការលំបាក​វេទនា​របស់​ពលរដ្ឋ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ពលរដ្ឋ​​ជាង​​​១​០​​គ្រួសារ​​នៅ​​ខេត្ត​ព្រះវិហារ​​​បារម្ភ​​ខ្វះ​ស្បៀង​​​ក្រោយ​​ក្រុមហ៊ុន​​រ៉ែ​មាស​​ហាម​​មិន​​ឱ្យ​​ធ្វើស្រែ​​"

  1. Anonymous says:

    I tell you what?? if there is any fire start HUN SEN dictatorship will be on fire . this is on AH CHESSTU leading the nation . dump like a poor dog acting to be smart ass of all

Leave a Reply

Submit Comment