ប្រជាពលរដ្ឋ​នៅ​​ក្នុង​​ទីក្រុង​​ភ្នំពេញ​​ផ្ទុះ​ការ​​តវ៉ា​​ដោយ​​សារ​​គ្មាន​​អាហារ​​សម្រាប់​​បរិភោគ​​

ដោយ ហេង រស្មី
2021-04-29
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រជាពលរដ្ឋ​នៅ​​ក្នុង​​ទីក្រុង​​ភ្នំពេញ​​ផ្ទុះ​ការ​​តវ៉ា​​ដោយ​​សារ​​គ្មាន​​អាហារ​​សម្រាប់​​បរិភោគ​​

ប្រជាពលរដ្ឋប្រមាណជា ៥០ នាក់ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ផ្ទុះការតវ៉ាកាលពីយប់ថ្ងៃទី២៩ ខែមេសា ដោយ​​សារ​​គ្មាន​​អាហារ​​សម្រាប់​​បរិភោគ​​។ រូប៖ គេ​ផ្ដល់​ឱ្យ


ប្រជាពលរដ្ឋ​ប្រមាណ​ជាង​​ ១០០​ នាក់​ រស់​នៅ​សង្កាត់​ស្ទឹង​មានជ័យ​ ក្រុង​ភ្នំពេញ​ បាន​នាំ​គ្នា​ចេញ​មក​តវ៉ា​ជា​លើក​ដំបូង ក្រោយ​រដ្ឋាភិបាល​បន្ត​រាំង​ខ្ទប់​មិន​ឱ្យ​ពលរដ្ឋ​ចេញ​ក្រៅ​ផ្ទះ​ ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​ ចូល​ក្នុង​សហគមន៍​។​ ពលរដ្ឋ​ភាគ​ច្រើន​បាន​កាន់​បដា​ ដែល​សរសេរ​ថា​ « ភូមិ​ខ្ញុំ​ដាច់​បាយ​ហើយ»​ បាន​នាំ​គ្នា​ឈរ​ស្រែក​ទាម​ទារ​ដើម្បី​ឱ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ដោះស្រាយ​ស្បៀងអាហារ​ដល់​ពួក​គេ​។​ ប៉ុន្តែ​ការ​តវ៉ា​នោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​រារាំង​ មិន​ឱ្យ​ធ្វើ​ដំណើរ​ចេញ​ពី​របាំង​ដែក​ដែល​សមត្ថកិច្ច​ហាមឃាត់​នោះ​ទេ​។​

ពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​លោក​ស្រី​ មឿន សាម៉ន​ ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​២៩​ ខែមេសា​ ថា​សព្វ​ថ្ងៃ​នេះ​លោក​ស្រី​នៅ​សល់​អង្ករ​តែ​ ៥​ កំប៉ុង​តែ​ប៉ុណ្ណោះ​ មិន​អាច​ផ្គត់ផ្គង់​ សមាជិក​ក្នុង​ក្រុម​គ្រួសារ​ចំនួន​ ៦​ នាក់ ​ឱ្យ​បន្ត​រស់​នៅ​បាន​ទៀត​ទេ​ បើ​អាជ្ញាធរ​នៅ​តែ​បន្ត​រាំង​ខ្ទប់​មិន​ឱ្យ​ចេញ​ក្រៅ​ទៀត​នោះ​។​

លោក​ស្រី​ថា​ លោក​ស្រី​បាត់​បង់​ការងារ​ធ្វើ​ជា​កម្មករ​រោង​ចក្រ​ក្រោយ​រដ្ឋាភិបាល​បាន​ដាក់​បម្រាម​មក។​ លោក​ស្រី​និយាយ​ទៀត​ថា​ ឥឡូវ​នេះ​ជំងឺ​កូវីដ១៩​ អ្នក​ស្រី​លែង​ខ្លាច​ហើយ​ៗ​​​​ អ្វី​ដែល​អ្នក​ស្រី​ខ្លាច ​គឺ​​សមាជិក​នៅ​ក្នុង​ក្រុម​គ្រួសារ​​ស្លាប់​ដោយ​សារ​ដាច់​បាយ​ ហេតុ​ដូច្នេះ​ទើប​អ្នក​ស្រី​ចេញ​មក​តវ៉ា​ដើម្បី​ឱ្យ​អាជ្ញាធរ​ផ្ដល់​ស្បៀង​អាហារ​សម្រាប់​បរិភោគ​៖ «ធម្មតា​កូវីដ​ខ្លាច​ដែរ​ ដល់ពេល​យើង​ដាច់​ខ្លាំង​ទៅ​លែង​ខ្លាច​កូវីដ​ ងាប់​អី​ក៏​ងាប់​ទៅ​។​ អា​ដាច់​បាយ​ហ្នឹង​ខ្លាំង​ជា​កូវីដ​ទៀត​អូន​ បាន​ផ្ទុះ​ការ​តវ៉ា​ហ្នឹង​។​ ពី​ព្រោះ​អី​នៅ​ក្នុង​ភូមិ​ហ្នឹង​អត់​ស្គាល់​ប្រធាន​ភូមិ​ អត់​ស្គាល់​ប្រធាន​ក្រុម​យ៉ាង​ម៉េច​?​ អត់​មាន​មក​សួរ​សុខ​ទុក្ខ​ប្រជាជន​យ៉ាង​ម៉េច​នៅ​ក្នុង​តំបន់​ក្រហម​ហ្នឹង​ដែរ»។

People_Lockdown_protest_29_04_2021_01.jpg
ពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញលើកបដាតវ៉ា (ភូមិខ្ញុំដាច់បាយហើយ) កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

រដ្ឋាភិបាល​បាន​ចេញ​បម្រាម​បិទ​ខ្ទប់​ទី​ក្រុង​ភ្នំពេញ​ និង​ទី​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល ​រយៈ​ពេល​មួយ​​សប្ដាហ៍​ទៀត​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​ ចូល​នៅ​ក្នុង​សហគមន៍។​ ការ​បិទ​ខ្ទប់​នេះ​អាជ្ញាធរ​មិន​ឱ្យ​ពលរដ្ឋ​ចេញ​ខាង​ក្រៅ​ផ្ទះ​ជា​ដាច់​ខាត​សូម្បី​តែ​ទៅ​ផ្សារ​ដើម្បី​ទិញ​ម្ហូប​យក​មក​ទទួល​ទាន។​ លើក​លែង​តែ​មាន​ករណី​ចាំ​បាច់​ ដូច​ជា​អ្នក​ជំងឺ​ត្រូវ​យក​ទៅ​មន្ទីរ​ពេទ្យ​ប៉ុណ្ណោះ។​

​កម្មការិនី​ម្នាក់​នៅ​រោងចក្រ​ចុងហាង​ ដែល​បាន​ជួល​បន្ទប់​ស្នាក់​នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ គឺ​លោក​ស្រី​ ឆេង ស៊ន​ បញ្ជាក់​ថា​ លោក​ស្រី​នៅ​សល់​អង្ករ​តែ​ ៣​ កំប៉ុង​ប៉ុណ្ណោះ​ អង្ករ​នេះ​មិន​អាច​ផ្គត់ផ្គង់​សមាជិក​ក្រុម​គ្រួសារ​ចំនួន​ ៣​ នាក់​ តទៅ​មុខ​ទៀត​បាន​ទេ​ ហើយ​បើ​ពេល​នេះ​មិន​ចេញ​មក​តវ៉ា​​ប្រាកដ​ជា​ដាច់​បាយ​ស្លាប់​ជា​មិន​ខាន។​

លោក​ស្រី​ថា​​ លោក​ស្រី​គ្មាន​ប្រាក់​សម្រាប់​ទិញ​អង្ករ​ និង​ម្ហូប​អាហារ​ដើម្បី​ស្ដុក​ទុក​ដូច​អ្នក​ផ្សេង​ទេ​ ដោយ​សារ​តែ​លោក​ស្រី​ជា​កម្មករ​រោង​ចក្រ​​​ធ្វើការ​មួយ​ខែ​ សឹង​តែ​ចំណាយ​សម្រាប់​មួយ​ខែ​មិន​គ្រប់គ្រាន់​ផង ហើយ​ណា​មួយ​ជំពាក់​ប្រាក់​ធនាគារ​ទៀត​ផង​​៖ «ចាំ​គេ​បើក​អំណោយ​ចាំៗ​ រហូត​ គេ​ក៏​ហៅ​ទៅ​កត់​ឈ្មោះ​ដែរ​ កត់​ឈ្មោះ​ពីរ​ដង​។ ល្ងាច​មិញ​ប្រហែល​ម៉ោង​បី​ពួក​ខ្ញុំ​ទៅ​សួរ​គេៗ​ថា ចែក​បាន​តែ​មួយ​គ្រួសារ​សិន​ទេ​។ អី​ចឹង​ពួក​ខ្ញុំ​ជាប់​ទៀត​ហ្នឹង​ធ្វើ​យ៉ាង​ម៉េច​​ ពី​ព្រោះ​ពួក​ខ្ញុំ​ក៏​អស់​អង្ករ​ ហើយ​តូប​គេ​លក់​ អង្ករ​អី​គេ​ បិទ​អស់​ហើយ។​ គេ​ថា​ចាំ​សិន​ទៅ​។ ពួក​ខ្ញុំ​មាន​ពាក្យ​អី​ មាន​តែ​ពាក្យ​ស្នើសុំ​ទៅ​សម្ដេច​ជួយ​ បើ​ពួក​ខ្ញុំ​គ្រប់គ្នា​ អត់​អង្ករ​ហើយ​»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់​ទង​អភិបាល​ក្រុង​ភ្នំពេញ​លោក​ ឃួង ស្រេង​ លោក​បាន​ទទួល​ទូរស័ព្ទ​ហើយ​នៅ​ពេល​ដែល​ឮ​ថា​ ទូរស័ព្ទ​ហៅ​ពី​វិទ្យុ​អាស៊ីសេរី​លោក​ បាន​ផ្ដាច់​ការ​សន្ទនា​តាម​ទូរស័ព្ទ។​

ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​និយាយ​ថា​ អាជ្ញាធរ​មូលដ្ឋាន​បាន​មក​កត់​ឈ្មោះ​ និង​ចំនួន​ប្រជាពលរដ្ឋ​ រួច​រាល់ហើយ​ ដោយ​សន្យា​ថា​ នៅ​ថ្ងៃ​ទី​៣០​ ខែមេសា​នេះ​អាជ្ញាធរ​​សន្យា​ថា​ និង​ចែក​ស្បៀង​អាហារ​ជូន​ពលរដ្ឋ។​

People_Lockdown_protest_29_04_2021.jpg
ពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញផ្ទុះការតវ៉ាពីការដាច់ស្បៀង ក្រោមវិធានការបិទខ្ទប់របស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ កាលពីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

ការផ្ទុះឡើងការតវ៉ានេះក្រោយ​ពី​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី​ បាន​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ចេញ​មក​ក្រៅ​ផ្ទះ​ ​ដើម្បី​ប្រកប​មុខរបរ​ទទួល​ទាន​ឡើង​វិញ​ ក្នុង​អំឡុង​ពេល​ដែល​រដ្ឋាភិបាល​បន្ត​រាំង​ខ្ទប់​មិន​ឱ្យ​ពលរដ្ឋ​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ១៩​ ចូល​ក្នុង​សហគមន៍​។​ ក្រោយការអំពាវនាវរបស់លោក សម រង្ស៊ី តុលាការក្រុងភ្នំពេញបានចេញដីកាតាមចាប់លោក សម រង្ស៊ី ពីបទញុះញង់ប៉ះពាល់​ដល់សន្តិសុខជាតិ។

ស្រប​ពេល​នឹង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ផ្ទុះ​ការ​តវ៉ា​ ដោយ​សារ​គ្មាន​ម្ហូបអាហារ​ទទួល​ទាន ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​រៃ​អង្គាស​ថវិកា​មួយ​ចំនួន​ដើម្បី​ទិញ​ស្បៀង​អាហារ​សម្រាប់​ចែក​ជូន​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​មុខ​នឹង​កង្វះ​ស្បៀង​អាហារ។​

ឧបាសក​ ឆាយ អ៊ីវសៀង​ និង​ ឧបាសិកា​ ហុង គឹមសែ រស់​នៅ​រដ្ឋ​ម៉ារីលែន៏ ​( Maryland) បញ្ជាក់​ថា​ ដោយ​សារការ​ផ្សព្វផ្សាយ​ថា មាន​ពលរដ្ឋ​មួយ​ចំនួន​កំពុង​ប្រឈម​​អត់បាយ ទើប​លោក​ស្រី​មាន​គំនិត​រៃអង្គាស​​ថវិកា​​​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ នៅ​ស្រុក​ខ្មែរ​ដែល​កំពុង​លំបាក​។ លោកស្រី​ថា​ លោក​ស្រី​ធ្លាប់​អត់ឃ្លាន​ពេល​ដែល​មក​រស់​នៅ​ក្នុង​ជំរំ​ជា​ជនភៀសខ្លួន​​ ដូច្នេះ​លោកស្រី​ដឹង​ពី​ទំហំ​នៃ​ភាព​អត់ឃ្លាន​នេះ​ថា​ តើ​មាន​ការ​លំបាក​ប៉ុណ្ណា?​។

​លោក​ស្រី​ប្រមូល​ថវិកា​​សរុប​ចំនួន​ជាង​១​ម៉ឺន​ដុល្លា​រ (១០៥០០ដុល្លារ)​ សម្រាប់​ចែក​ជូន​ពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​ប្រឈម​ នឹង​ការ​ដាច់​ស្បៀង​ នៅ​សង្កាត់​បឹង​សាឡាង​ ក្រុង​ភ្នំពេញ។​ នៅ​ថ្ងៃ​ទី​៣០​ ខែមេសា​ នេះ​ពលរដ្ឋ​​ចំនួន​ ៣០០​ គ្រួសារ​ ម្នាក់ៗ​នឹង​ទទួល​បាន ​អង្ករ​ ២៥​ គីឡូក្រាម ទឹកត្រី​១យួរ ទឹកស៊ីអ៊ីវ១​យួរ ត្រីខ​១យួរ ​និង​ លុយ​ ១០ ​ដុល្លា​រ ក្នុង​ម្នាក់ៗ​៖ «កាល​ណា​យើង​ទុក​យូរ​ពេល​គ្នា​អត់​បាយ​នៅ​ទី​នោះ​។ ខ្ញុំ​អត់​មាន​បន្ទោស​រដ្ឋាភិបាល​អី​ទេ​ ខ្ញុំ​ធ្វើ​នេះ​ដោយ​សុទ្ធចិត្ត​ខ្ញុំ​ ដោយ​ខ្ញុំ​ស្តាប់​អាស៊ីសេរី​ទៅ​ខ្ញុំ ឮ​ថា​ អត់​បាយ​អី​ទៅ​ ខ្ញុំ​ក៏​មាន​គំនិត​ចង់​ជួយ​តែ​ប៉ុណ្ណឹង​ទេ​។​ អត់​មាន​ទាក់​ទង​នយោបាយ​អី​ទេ»។

គិត​ត្រឹម​ថ្ងៃ​ទី២៩​ ខែមេសា​នេះ​រដ្ឋាភិបាល​មិន​ទាន់​បង្ហាញ​របាយការណ៍​ជាក់​លាក់​ណា​មួយ​ថា​ មាន​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​កំពុង​ប្រឈម​មុខ​នឹង​ កង្វះ​ស្បៀងអាហារ​នោះ​នៅឡើយ​​ ក្រៅ​ពី​វិធានការចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ ​ចំពោះ​អ្នក​ដែល​ហ៊ាន​រិះ​គន់​​វិធានការ​រដ្ឋាភិបាល​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ​ ១៩​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment