ពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​ក្នុង​ខេត្ត​ព្រះ​សី​ហនុ មួយ​ចំនួន កំពុង​ខ្វះ​ស្បៀង​អាហារ

ដោយ សេក បណ្ឌិត
2021-04-29
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​ក្នុង​ខេត្ត​ព្រះ​សី​ហនុ មួយ​ចំនួន កំពុង​ខ្វះ​ស្បៀង​អាហារ

ក្រុម​ការងារ​ខេត្ត​ព្រះសីហនុ ចែក​ស្បៀង​ដល់​ប្រជាពលរដ្ឋ​ចំនួន ៩.៣២៦គ្រួសារ រស់​នៅ​ក្នុង​សង្កាត់​ទាំង៤ នៃ​ក្រុង​ព្រះសីហនុ ដែល​ជា​តំបន់​បិទ​ខ្ទប់ ចាប់​ពី​ថ្ងៃ​ទី២៥, ២៦ និង ២៧ ខែ​មេសា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ


ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​នៅ​តំបន់​បិទ​ខ្ទប់​មួយ​ចំនួន​កំពុង​ជួប​បញ្ហា​ខ្វះ​ស្បៀងអាហារ។ មន្រ្តី​សង្គម​ស៊ីវិល​ជំរុញ​ទៅ​អាជ្ញាធរ​ខេត្ត និង​អ្នក​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​បញ្ហា​នេះ​ឱ្យ​ទាន់​ពេល​ព្រោះ​ពលរដ្ឋ​ដែល​ជួប​បញ្ហា​ភាគច្រើន​ជា​អ្នក​ទីទ័លក្រ​បាត់បង់​មុខរបរ​អស់ហើយ​ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​នេះ។

ពលរដ្ឋ​ខេត្ត​ព្រះ​សីហនុ ដែល​ជួប​បញ្ហា​ខ្វះខាត​ស្បៀង​ទាំង​នោះ ភាគ​ច្រើន​ជា​កម្មករ​សំណង់ កម្មករ​រោងចក្រ​ដែល​រក​ព្រឹក​ខ្វះ​ល្ងាច។ អ្នក​ទីទ័ល​ក្រ​ទាំង​នោះ អ្នក​ខ្លះ​សល់​អង្ករ​តិចតួច អ្នក​ខ្លះ​ទៀត ក៏​អស់​មី អង្ករ ត្រី​ខ និង​កំពុង​មាន​ជំងឺ​ជាប់​ខ្លួន​ថែម​ទៀត​ផង។

ពលរដ្ឋ​រស់​នៅ​តំបន់​បិទ​ខ្ទប់​ក្នុង​ភូមិ៥ សង្កាត់​លេខ៤ ក្រុង​ព្រះ​សីហនុ លោកស្រី ចាន់ សារ៉ន ដែល​ទើប​សម្រាល​កូន​កាល​ពី​ពេល​ថ្មីៗ ឱ្យ​ដឹង​ទៀត​ថា លោកស្រី​មាន​សមាជិក​ទាំង​អស់ ១០នាក់ ចំណែក​ប្ដី​ជា​កម្មករ​សំណង់។ លោកស្រី​បន្ត​ថា ចាប់​តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ១៩ មក​ប្ដី និង​កូន​លោកស្រី​មិន​អាច​ទៅ​ធ្វើ​ការងារ​រក​ប្រាក់ចំណូល​បាន​ទេ។ លោក​រៀបរាប់​ថា ពេល​នេះ​លោកស្រី​សល់​លុយ​បន្តិច​បន្ដូច ដើម្បី​ទិញ​ទឹក​ដោះ​គោ​ឱ្យ​កូន ចំណែក​អង្ករ​សម្រាប់​ដាំ​បាយ​ប្តី​លោកស្រី​ដើរ​ខ្ចី​អ្នក​ជិត​ខាង​ហើយ​ដើម្បី​បាន​ម្ហូប​ប្ដី និង​កូនៗ លោកស្រី​ដើរ​រើស​ខ្យង​នៅ​ជិតៗ ផ្ទះ ដើម្បី​ធ្វើ​ម្ហូប៖ «ត្រី​ខ ត្រី​អី ខ្ញុំ​អត់​មាន​ផង​ពូ ខ្ញុំ​ឆ្លង​ទៅ​បឹង​ក្រោយ​ដាក់​មង​បាន​ត្រី​មួយ​ពីរ ពីរ​បី ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​ដែរ​? ​ចេះតែ​ខ្ចី​គេ​ខាងៗ មាន​ចាយ​តិចតួច»

លោកស្រី​ឱ្យ​ដឹង​ទៀត​ថា នៅ​តំបន់​លោកស្រី​រស់នៅ​ត្រូវ​អាជ្ញាធរ​បិទ​ខ្ទប់​កាលពី​ថ្ងៃ​ទី២៣ ខែ​មេសា ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​លោកស្រី​ក៏​មិនដែល​ទទួល​បាន​ជំនួយ​ឬ​ស្បៀងអាហារ​ពី​អាជ្ញាធរ​នៅឡើយ​ទេ។ លោកស្រី​បន្ត​ថា ក្រោយ​សម្រាល​កូន​រួចហើយ​លោកស្រី​មាន​ជំងឺ​ប៉ុន្តែ​លោកស្រី​គ្មាន​លុយ​ទិញ​ថ្នាំ​ព្យាបាល​ទេ៖ «ខ្ញុំ​សម្រាល​កូន​ចំ​ពេល​គេ​បិទ​ផ្សារ​បិទ​អស់រលីង​ពូ​ ​ខ្ញុំ​នៅផ្ទះ​ឥឡូវ​កូនង៉ែត​ផង​ ​ខ្វះ​ខាតៗ ហើយ​មិន​ដឹង​ទៅ​ផ្លូវ​ណា​ផង»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត លោក តេង សុខា ដែល​កំពុង​រស់​នៅ​តំបន់​បិទ​ខ្ទប់​នេះ​ដែរ​ប្រាប់​ថា លោក​កំពុង​មាន​ជំងឺ​កូវីដ ហើយ​គ្រូពេទ្យ​ឱ្យ​លោក​ព្យាបាល​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង។ លោក​ឱ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ព្យាបាល​នេះ​ត្រី​ខ និង​មី​អស់​ហើយ​នៅ​សល់​តែ​អង្ករ ទឹក​ត្រី និង​ទឹក​ស៊ីអ៊ីវ​ប៉ុណ្ណោះ។ លោក​ថា ពេល​នេះ​លោក​គ្មាន​លទ្ធភាព​ទិញ​ត្រី សាច់ បន្លែ ឬ​ផ្លែឈើ​នោះ​ទេ ព្រោះ​របស់​ទាំង​នោះ​មាន​តម្លៃ​ថ្លៃ ប៉ុន្តែ​លោក និង​ប្រពន្ធ​សល់​លុយ ១០ម៉ឺន​រៀល​ទុក​ទិញ​ម្សៅ​ទឹក​ដោះ​គោ​ឱ្យ​កូន​ប៉ុណ្ណោះ។ លោក​ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត ឬ​អ្នក​ពាក់ព័ន្ធ​ជួយ​ផ្ដល់​ស្បៀង​ដល់​គ្រួសារ​លោក​ផង៖ «ខ្ញុំ​ក្រសួង​ឱ្យ​នៅ​ដាច់​ឡែក ១៤ថ្ងៃ​លោក​គ្រូ ១៤ថ្ងៃ ក្រោយ​ទៀត​បាន​យើង​ធ្វើ​សំណាក​ម្ដងទៀត​បាន​ក្រសួង​គេ​ចេញ​ក្រដាស​បញ្ជាក់​ថា យើង​បានជា​ដាច់​ស្រឡះ​អ៊ីចឹង​លោកគ្រូ។ គ្មាន​អី​ហូបចុក​អ៊ីចឹង​ពិបាក​ដែរ​លោកគ្រូ ខ្ញុំ​គ្រាន់តែ​ថា ខាង​រដ្ឋាភិបាល​អាច​ផ្ដល់​ជា​អ្វី ក៏​បាន​ឱ្យ​តែ​យើង​ហូបចុក​ត្រឹម​ផុត​កូវីដ»

អាជ្ញាធរ​ខេត្ត​ព្រះ​សី​ហ​នុ​សម្រេច​បិទ​ភូមិ​ចំនួន​៥ ​ក្នុង​ភូមិសាស្ត្រ​ ​ភូមិ​សង្កាត់​លេខ​៥​ ​ក្រុង​ព្រះ​សី​ហ​នុ​ដើម្បី​បង្ការ​ការ​រីក​រាល​នៃ​ជំងឺ​កូវីដ១៩។ របាយការណ៍​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ឱ្យ​ដឹង​ថា ត្រឹម​ល្ងាច​ទី២៩ ខែ​មេសា​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​កើន​ដល់ ១.៦៤០នាក់ ក្នុង​នោះ​អ្នក​ព្យាបាល​ជា​សះ​ស្បើយ​ជិត ៧០០នាក់។

អ្នក​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះ​សីហនុ អ្នកស្រី ជាប សុធារី សង្កេត​ឃើញ​ថា ពលរដ្ឋ​ដែល​ជួប​ប​បញ្ហា​ខ្វះ​ស្បៀង​ជា​​ពលរដ្ឋ​ប្រកប​របរ​តិចតួច និង​អ្នក​ធ្វើ​ការងារ​សំណង់ ឬ​កម្មករ​រោងចក្រ​ជា​ដើម។ អ្នកស្រី​បន្ត​ថា ក្នុង​តំបន់​បិទ​ខ្ទប់​ទាំង ​៥​ភូមិ ​ក៏​ឃើញ​មាន​ពលរដ្ឋ​ខ្លះ​ទទួល​បាន​ការឧបត្ថម្ភ​ជា​ស្បៀងអាហារ​ដល់​ពលរដ្ឋ​ដែរ។ មន្រ្តី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ទៅ​អាជ្ញាធរ​ ​ឬ​អ្នក​ពាក់ព័ន្ធ​ពន្លឿន​ការចែក​ស្បៀង​នេះ​ឱ្យ​ពលរដ្ឋ​បាន​ទាន់​ពេល៖ «អ្នក​ដែល​កាន់​ទទួលបន្ទុក​ផ្នែក​ស្រង់​ស្ថិតិ​គួរ​តែ​ប្រញាប់​ក្នុង​ការ​ផ្ដល់​ជូន ព្រោះ​អី​គិត​មើល​ថ្ងៃ​ត្រូវ​បាន​ប្រកាស​ថា ជា​តំបន់​ក្រហម​តាំង​ពី​ថ្ងៃ​ទី២៣ មក រហូត​មក​ដល់​ថ្ងៃ​នេះ​ថ្ងៃ​ទី២៩ ហើយ។ អ៊ីចឹង​ពួក​គាត់​អ្នកខ្លះ​ប្រាកដ​ជា​ដាច់​បាយ​ដោយសារ​ពួក​គាត់​អត់​បាន​ចេញ​ទៅ​រក​អី​ទេ ព្រោះ​អី​ជីវភាព​ពួក​គាត់​គឺ រក​មួយថ្ងៃ​ហូប​មួយថ្ងៃ»

Preah_Sihanouk_province_food_aid_042721_1.jpg
ក្រុម​ការងារ​ខេត្ត​ព្រះសីហនុ ចែក​ស្បៀង​ដល់​ប្រជាពលរដ្ឋ​សរុប​ចំនួន ៩.៣២៦គ្រួសារ រស់​នៅ​ទាំង​បួន​សង្កាត់​ទាំង៤ ក្នុង​ក្រុង​ព្រះសីហនុ ដែល​ជា​តំបន់​បិទ​ខ្ទប់ ចាប់​ពី​ថ្ងៃ​ទី២៥, ២៦ និង ២៧ ខែ​មេសា ឆ្នាំ២០២១។ រូប៖ រដ្ឋបាលខេត្តព្រះសីហនុ

ពាក់ព័ន្ធ​នឹង​ការ​ខ្វះ​ម្ហូប​អាហារ​នេះ​ដែរ អ្នក​ជំនាញ​ផ្នែក​ថ្នាំពេទ្យ​នៅ​ប្រទេស​អូស្ត្រាលី លោក​ឱសថការី លឹម សួរ ឱ្យ​ដឹង​ថា ការ​បរិភោគ​អាហារ​គ្រប់ មាន​ជីវជាតិ និង​វីតាមីន គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​កំពុង​ព្យាបាល​ជំងឺ​កូវីដ១៩។ លោក​ថា រដ្ឋាភិបាល​អាជ្ញាធរ​ខេត្ត និង​ពាក់ព័ន្ធ​គួរ​ផ្ដល់​ការ​ហូបចុក​ឱ្យ​ពលរដ្ឋ​បាន​គ្រប់គ្រាន់ និង​ជួយ​ការ​ព្យាបាល​ជំងឺ​នេះ​ឆាប់​ជា​សះ​ស្បើយ៖ «ម៉្លោះ​ហើយ​រដ្ឋាភិបាល​ត្រូវ​មាន​គ្រប់គ្រាន់​សព្វថ្ងៃ​នេះ បើ​រដ្ឋាភិបាល​មាន​មិន​គ្រប់គ្រាន់​ទេ​រដ្ឋាភិបាល​ត្រូវតែ​សុំ​ជំនួយ​ប្រទេស​គេ ដើម្បី​យក​មក​ជួយ​ប្រជាជន​យើង​ឱ្យ​ទាន់​ពេល​វេលា។ នេះ​យោបល់​ខ្ញុំ​ទេ​ណា»

​ជុំវិញ​បញ្ហា​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​នៅ​តំបន់​បិទ​ខ្ទប់​មួយ​ចំនួន​កំពុង​ជួប​បញ្ហា​ខ្វះ​ស្បៀង​អាហារ​នេះ អ្នក​នាំ​ពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត និង​អ្នក​ពាក់ព័ន្ធ​មាន​ស្បៀង​អាហារ​គ្រប់គ្រាន់​សម្រាប់​ចែក​ជួន​ឱ្យ​ពលរដ្ឋ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់។ លោក​បន្ត​ថា អាជ្ញាធរ​បាន​ត្រៀម​ចែក​ស្បៀងអាហារ​ឱ្យ​ពលរដ្ឋ​ជាង ១២.០០០គ្រួសារ (មួយ​ម៉ឺន​ពីរ​ពាន់) ទាំង​ក្នុង​តំបន់​ក្រហម​និង​តំបន់​បិទ​ខ្ទប់។ ទោះ​យ៉ាង​ណា​លោក​ទទួល​ស្គាល់​ថា នៅ​កន្លែង​ខ្លះ​អាជ្ញាធរ​មិន​ទាន់​បាន​ចូល​ទៅ​ផ្ដល់​ស្បៀង​នៅ​ឡើយ ប៉ុន្តែ​លោក​ស្នើ​ទៅ​ពលរដ្ឋ ដែល​ជួប​បញ្ហា​ខ្វះ​ស្បៀង​អាច​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រព័ន្ធ​ទាក់ទង​សង្គម​មក​សាលា​ខេត្ត ក៏​បាន​ដើម្បី​អាជ្ញាធរ​យក​ស្បៀង​ទៅ​ផ្ដល់​ជូន៖ «យើង​នឹង​ចាត់ចែង​បញ្ជូន​ទៅ​ភ្លាមៗ គឺ​មិន​ឱ្យ​បងប្អូន​យើង​ណា​ម្នាក់​ប្រឈម​នឹង​កា​រដាច់​ស្បៀង​ទេ»

លោក ឃាង ភារម្យ ប្រាប់​ថា ពេលនេះ​អាជ្ញាធរ​មិន​មាន​តួលេខ​រួម​នៃ​ចំនួន​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​ទាំង ៥ភូមិ​នៅ​ឡើយ​ទេ ព្រោះ​ពេល​នេះ​អាជ្ញាធរ​កំពុង​ប្រមូល​ព័ត៌មាន និង​តួលេខ។

មក​ទល់​ពេល​នេះ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍​បាន​កើន​ឡើង​ដល់​ជាង ១ម៉ឺន ២ពាន់​នាក់​នៃ​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​លើក​ទី៣ កាល​ពី​ខែកុម្ភៈ។ តំបន់​ដែល​ប្រឈម​ខ្លាំង និង​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​បិទ​ខ្ទប់​គឺ​រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ និង​ខេត្ត​ព្រះសីហនុ។ ដំណាល​គ្នា​នៃ​ការ​អនុវត្តន៍​វិធានការ​ដ៏​តឹងតែង​នេះ​ពលរដ្ឋ​ជា​ច្រើន​កំពុង​ជួប​ប្រទះ​បញ្ហា​ខ្វះ​ស្បៀង​អាហារ។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះ​ជាតិ កាលពី​ថ្មីៗ នេះ បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ជាពិសេស​កាកបាទ​ក្រហម​អន្តរជាតិ (ICRC) និង​កម្មវិធី​ចំណី​អាហារ​ពិភពលោក (WFP) ផ្តល់​ជំនួយ​បន្ទាន់​ជា​ស្បៀង​អាហារ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទី​ក្រុង​ភ្នំពេញ ក្រុង​តាខ្មៅ និង​ក្រុង​ព្រះ​សីហនុ។

លោក សម រង្ស៊ី ថា ការ​បិទ​ខ្ទប់​ទីក្រុង​ទាំង ៣នេះ មាន​សភាព​តឹងរឹង​ជ្រុល​ហួស​ជា​ហេតុ​នាំ​មក​នូវ​ទុក្ខ​លំបាក​រហូត​ដល់​មាន​ទុរ្ភិក្ស ឬ​ធ្វើ​ឱ្យ​អត់ឃ្លាន​ដោយ​ខ្វះ​អាហារ​ហូបចុក​សម្រាប់​ប្រជាពលរដ្ឋ​រង​គ្រោះ។ ក្រៅ​ពី​នេះ ក៏​មាន​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែរ​ថា មាន​ផែនការ​មិន​ច្បាស់លាស់ និង​មិន​បាន​គិតគូរ​ពី​តម្រូវ​ការ​មូលដ្ឋាន​ចាំបាច់​របស់​ពលរដ្ឋ​ក្នុង​ពេល​បិទ​ខ្ទប់​នៅ​តំបន់​ដែល​ផ្ទុះ​ជំងឺ​កូវីដ៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment