ពលរដ្ឋ​មួយ​ក្រុម​ទៀត​នៅ​តំបន់​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ​តវ៉ា​ស្នើសុំ​ជំនួយ​ស្បៀង​អាហារ​ពី​អាជ្ញាធរ

ដោយ មាន ឫទ្ធិ
2021-04-30
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​មួយ​ក្រុម​ទៀត​នៅ​តំបន់​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ​តវ៉ា​ស្នើសុំ​ជំនួយ​ស្បៀង​អាហារ​ពី​អាជ្ញាធរ

ពលរដ្ឋភូមិព្នៀត សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ នាំគ្នា​ស្រែក​ទាមទារ​សុំ​ជំនួយ​ស្បៀងអាហារ និង​ប្រាប់​ទៅ​រដ្ឋាភិបាល​ នៅ​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​២០២១។ Photo Provided


ពលរដ្ឋ​មួយ​ក្រុម​ទៀត​ស្ថិត​ក្នុង​តំបន់​ក្រហម​នៅ​រាជធានី​ភ្នំពេញ​នាំគ្នា​ប្រមូលផ្ដុំ​នៅ​មុខ​រនាំង​ដែក​របស់​សមត្ថកិច្ច នៅ​ព្រឹក​ថ្ងៃទី​៣០ មេសា នេះ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ស្បៀងអាហារ​ដល់​ពួកគេ​។ ឆ្លើយតប​ករណីនេះ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​អះអាង​ថា អាជ្ញាធរ​និង​អ្នក​ពាក់ព័ន្ធ​កំពុង​រៀបចំ​ឱ្យ​ពលរដ្ឋ​ជា​បន្តបន្ទាប់​ហើយ ហើយ​លោក​ស្នើ​ឱ្យ​ពលរដ្ឋ​អត់ធ្មត់​បន្តិច​សិន។

ពលរដ្ឋ​មួយ​ក្រុម​ទៀត​ស្ថិត​ក្នុង​តំបន់​ក្រហម នៅ​ភូមិព្នៀត សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ជាង​១០០​នាក់ បាន​នាំគ្នា​ស្រែក​ទាមទារ​សុំ​ជំនួយ​ស្បៀងអាហារ និង​បាន​ប្រាប់​ទៅ​រដ្ឋាភិបាល​ថា ពួកគាត់​ដាច់​បាយ​ហើយ​។ ពលរដ្ឋ​ទាំងនោះ​ថា ពួកគាត់​លែង​ខ្លាច​កូវីដ​១៩​ស៊ី​សួត​ហើយ ប៉ុន្តែ​ខ្លាច​ក្រៀម​ក្រពះ​ជាង។

ពលរដ្ឋ​រស់នៅ​តំបន់​ក្រហម​ម្នាក់ លោកស្រី អៀម រដ្ឋាវី អាយុ​៥៦​ឆ្នាំ​ធ្វើការ​ផ្នែក​អនាម័យ ឱ្យ​អាស៊ីសេរី​ដឹង​ថា មូល​ហេតុ​​ដែល​លោកស្រី​ចេញទៅ​ស្នើ​ស្បៀងអាហារ ព្រោះ​ពេល​នេះ​ផ្ទះ​លោកស្រី​ដែល​មាន​សមាជិក​៧​នាក់ ជិត​អស់​អង្ករ​ច្រក​ឆ្នាំង​ហើយ​។ លោកស្រី​បន្ត​ថា ការ​ចេញ​ក្រៅ​ស្នើសុំ​ស្បៀង​នេះ​លោកស្រី​មានការ​ព្រួយបារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​ដែរ ប៉ុន្តែ​លោកស្រី​មិន​អាច​ស៊ូទ្រាំ​រស់នៅ​ក្នុង​បន្ទប់​ដែល​គ្មាន​អាហារ​ហូបចុក​នោះ​ទេ​។ លោកស្រី​រៀបរាប់​ទៀត​ថា ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូវីដ​ក្នុង​សហគមន៍​មក កន្លែង​ការងារ​លោកស្រី​ត្រូវ​បាន​បិទ បណ្ដាល​ឱ្យ​លោកស្រី​បាត់​ចំណូល និង​ត្រូវ​ជំពាក់​គេ​ថ្លៃ​បន្ទប់​ជួល​ថែម​ទៀត​ផង៖ «សុំ​ឱ្យ​លោក​ជួយ​ឱ្យ​បាន​ហូប​គ្រប់គ្រាន់​ក្នុង​ការ​ខ្វះខាត​ឥឡូវនេះ​ចង់​ដាច់​ស្បៀង​មិនដឹង​ទៅ​រក​ឯណា​ទេ»។

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​ម្នាក់ទៀត​លោកស្រី មួង សម្ភស្ស ឱ្យ​ដឹង​ថា គ្រួសារ​លោកស្រី​ដែល​មាន​សមាជិក​៨​នាក់ ក៏​កំពុង​ប្រឈម​ការ​ខ្វះ​ស្បៀង​ដែរ​។ លោកស្រី​ព្រួយបារម្ភ​ថា បើ​ការ​បិទ​ខ្ទប់​នៅ​បន្ត​អូស​បន្លាយ​រយៈពេល​យូរ​ថែមទាំង​ទៀត គ្រួសារ​លោកស្រី​អាច​ស្លាប់​ដោយសារ​ដាច់​បាយ​មុន​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩៖ «អត់​មានអី​ហូប​អ៊ីចឹង​មានតែ​ដាច់ខ្យល់​មុន​កូរ៉ូណា​ដដែល បើ​ធ្វើ​អ៊ីចឹង​មិន​ដល់​ថ្ងៃ​មួយ​អាទិត្យ​ហើយ​មួយ​អាទិត្យ ខ្ញុំ​ព្រួយបារម្ភ​ពី​កូន​ខ្ញុំ​ដែរ»។

រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បន្ត​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​រយៈពេល​៧ ថ្ងៃ​ថែមទៀត​ចាប់​ពី​ថ្ងៃទី​២៩ ដល់ទី​០៥ ឧសភា ព្រមទាំង​មានការ​បែងចែក​ជា «​តំបន់​ក្រហម​» «​តំបន់​លឿងទុំ​» និង​ «​តំបន់​លឿង​» ទៅ​តាម​កម្រិត​ឆ្លង​ធ្ងន់ មធ្យម និង​ស្រាល​ផង​ដែរ​។ ការ​បិទ​ខ្ទប់​នេះ ក៏​មាន​នៅ​តំបន់​មួយចំនួន​តាម​ខេត្ត​ដែរ ដូចជា នៅ​សៀមរាប និង​ខេត្ត​ព្រះសីហនុ ជាដើម​។ ពេល​បិទ​ខ្ទប់​នេះ​ដែរ នៅ​កន្លែង​ខ្លះ អាជ្ញាធរ បាន​បង្កើន​វិធានការ​មិន​ឱ្យ​ពលរដ្ឋ​ចេញ​ក្រៅ​ទ្វេដង ដូចជា​ដាក់​ដុំថ្ម ឬ​លូ​ធំៗ​បាំង​ផ្លូវ​ចេញ​ចូល​នៅក្នុង​តំបន់ហាមឃាត់​នោះ​ទៀត​ផង។

ទាក់ទង​បញ្ហា​នេះ អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បកស្រាយ​ពី​អភិបាល​សាលា​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​៣០ មេសា ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

ទោះ​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា ការ​ទាមទារ​ជំនួយ​ស្បៀងអាហារ​របស់​ពលរដ្ឋ​ពេលនេះ ជា​សិទ្ធិ​សេរីភាព និង​ជា​មធ្យោបាយ​របស់​ពលរដ្ឋ​ក្នុង​ការ​ផ្ដល់​ដំណឹង​ទៅ​អាជ្ញាធរ ឬ​អ្នក​ពាក់ព័ន្ធ​ឱ្យ​បាន​ដឹង។ លោក​ជឿ​ថា ក្រោយ​ដឹង​ការ​ទាមទារ​របស់​ពល​រដ្ឋ​បែបនេះ អាជ្ញាធរ​មូលដ្ឋាន​និង​អ្នក​ពាក់ព័ន្ធ កំពុង​រៀបចំ​ស្បៀងអាហារ​បញ្ជូន​ទៅ​ឱ្យ​ពលរដ្ឋ​ហើយ​៖ «យើង​ដឹង​ហើយ​ថា មនុស្ស​រាប់ពាន់​រាប់​ម៉ឺន​នាក់​មិនមែន​ដោះស្រាយ​ភ្លាមៗ​ហើយ​ដំណាលគ្នា​បាន​ទេ​មាន​មុន​មាន​ក្រោយ​មាន​ឆាប់ មាន​យឺត អ៊ីចឹង​ទេ តាម​សំណូមពរ​បងប្អូន​រដ្ឋាភិបាល​ដោះស្រាយ​ជូន​បងប្អូន​ហើយ»។

ជុំវិញ​រឿង​នេះ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​ហ្វេសប៊ុក (Facebook) ដោយ​អ្នកស្រី​ចោទ​ជា​សំណួរថា តើ​ហេតុអ្វី​បាន ទាល់តែ​ពលរដ្ឋ​ចេញ​តវ៉ា ទើប​អាជ្ញាធរ​សន្យា​ដោះស្រាយ​។ អ្នកស្រី​បន្ត​ថា អាជ្ញាធរ​គួរ​មានការ​ជជែក​ពី​បញ្ហា​នេះ​ដើម្បី​រក​ឱ្យ​ឃើញ​ថា​អ្វី​ជា​ឧបសគ្គ និង​ត្រូវ ដាក់ចេញ​ជា​ដំណោះស្រាយ​ឱ្យ​បាន​ចំ​គោលដៅ និង​ឆ្លើយតប​ការ​ប្រឈម​របស់​ពលរដ្ឋ។

រីឯ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ឯណោះ​វិញ លោក​សរសេរ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​៣០ ខែមេសា ដោយ​ណែនាំ​ឱ្យ​ពលរដ្ឋ​ដែល​ដាច់​ស្បៀងអាហារ​នៅ​ភ្នំពេញ សរសេរ​សំណើ​ដោយ​ផ្ទាល់​ទៅ​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (World Food Programme)​។ លោក​បន្ត​ថា អង្គការ​នេះ​គ្រប់គ្រង​ដោយ​អង្គការសហប្រជាជាតិ (United Nations) ហើយ​ដែល​មាន​តួនាទី​ផ្ដល់​ស្បៀងអាហារ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក​ដែល​កំពុង​ខ្វះ​ស្បៀងអាហារ​រហូតដល់​ប្រឈម​ទុរ្ភិក្ស។

លោក សម រង្ស៊ី បាន​ផ្តល់​ជា​គំរូ​នៃ​សំណើ​នេះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​។ លោក​ឱ្យ​ដឹង​ទៀត​ថា​ពលរដ្ឋ​អាច​សរសេរ​សំណើ​នេះ​ជា​ភាសា​ខ្មែរ ឫ​ភាសា​អង់គ្លេស​ក៏បាន​ដោយ​ផ្ញើ​សារ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក Facebook របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (https://www.facebook.com/WorldFoodProgramme/)​ និង​ប្រាប់​ពី​ស្ថានភាព​ដែល​ពួកគាត់​ជួបប្រទះ រួម​ទាំង ឈ្មោះ អាសយដ្ឋាន និង​លេខ​ទូរស័ព្ទ ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment