មន្ត្រី​រដ្ឋាភិបាល​ថា មិន​ទាន់​មាន​ពលរដ្ឋ​ណា​ម្នាក់​នៅ​តំបន់​បិទ​ខ្ទប់​ស្លាប់ ឬ​រង​ទុក្ខវេទនា​ដោយសារ​អត់​បាយ​ឡើយ

ដោយ មាន ឫទ្ធិ
2021-05-01
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​រដ្ឋាភិបាល​ថា មិន​ទាន់​មាន​ពលរដ្ឋ​ណា​ម្នាក់​នៅ​តំបន់​បិទ​ខ្ទប់​ស្លាប់ ឬ​រង​ទុក្ខវេទនា​ដោយសារ​អត់​បាយ​ឡើយ

ប្រជាពលរដ្ឋប្រមាណ ១០០នាក់ ស្ថិតនៅភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ នាំគ្នា​ស្រែក​ដង្ហោយ​រក​ជំនួយ​ស្បៀង​អាហារ​​ពី​សប្បុរសជន និង​រដ្ឋាភិបាល កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដោយ​​សារ​​ដាច់ស្បៀងសម្រាប់​​បរិភោគ​។​។ រូបភាពពីពលរដ្ឋ


មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ថា រដ្ឋាភិបាល​មិន​បាន​រារាំង​ដល់​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​ដោយសារ​ជំងឺ​កូវីដ​១៩​នោះ​ទេ។ មន្ត្រី​រូប​នោះ​អះអាង​ថា គិត​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ពលរដ្ឋ​ណា​ម្នាក់​នៅ​តំបន់​បិទ​ខ្ទប់ ស្លាប់ ឬ​រងទុក្ខ​វេទនា​ដោយសារ​អត់​បាយ​ឡើយ​។ ការ​លើកឡើង​នេះ ក្រោយ​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ជំរុញ​ឱ្យ​រដ្ឋាភិបាល ចាត់វិធានការ​បន្ទាន់​ដើម្បី​បញ្ចៀស​វិបត្តិ​មនុស្សធម៌ និង​វិបត្តិ​សិទ្ធិមនុស្ស ដោយសារ​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​កំពុង​ប្រឈម​នឹង​ការ​ដាច់​បាយ។

បើទោះបី​ជា​មាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​តំបន់​បិទ​ខ្ទប់ ជាពិសេស​ក្នុង «​តំបន់​ក្រហម​» បាន​លើកគ្នា​ជា​បន្តបន្ទាប់​ចេញ​មក​តវ៉ា​ផ្ទាល់ ឬ​តាម​បណ្ដាញ​សង្គម​ដើម្បី​ដង្ហោយ​សុំ​ស្បៀង​អាហារ​ពី​រដ្ឋាភិបាល ខណៈ​ពួកគេ​កំពុង​ប្រឈម​នឹង​ការ​ដាច់​ស្បៀង​យ៉ាង​ណា​ក្តី មន្ត្រី​រដ្ឋាភិបាល​នៅតែ​អះអាង​ថា មិន​ទាន់​មាន​ពលរដ្ឋ​ណា​ម្នាក់​ក្នុង​តំបន់​បិទ​ខ្ទប់ ស្លាប់ ឬ​រង​ទុក្ខ​វេទនា​ដោយសារ​អត់បាយ​ឡើយ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន បញ្ជាក់​ប្រាប់ អាស៊ីសេរី យ៉ាង​ដូច្នេះ កាល​ពី​យប់​ថ្ងៃទី​៣០ ខែមេសា​។ លោក​អះអាង​ថា អាជ្ញាធរ​រដ្ឋាភិបាល​ក៏​មិនបាន​បដិសេធ ឬ​រារាំង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​នោះ​ដែរ៖ «រដ្ឋាភិបាល​កម្ពុជា​យើង ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ពាក់ព័ន្ធ គឺ​ថា យើង​ស្វាគមន៍​រាល់​ជំនួយ​មនុស្សធម៌​ផ្សេងៗ​ពី​អង្គការ​សង្គម​ស៊ីវិល ពី​បណ្តា​ប្រទេស​ផ្សេងៗ ក៏ដូចជា​សប្បុរសជន​ផ្សេងៗ​តាំងពី​យូរ​តាំងពី​ដើមទី​មក​ម្ល៉េះ​។ យើង​ពុំ​មាន​ការ​មិន​ទទួល​អំណោយ ឬ​ការរារាំង​ដូច​ការ​លើក​ឡើង​ទេ។ ទី​ពីរ មក​ដល់​ពេល​នេះ នៅក្នុង​តំបន់​ក្រហម​ក្តី គឺថា មិនទាន់​មាន​នរណា​ម្នាក់​ស្លាប់​ដោយសារ​អត់បាយ ឬមួយ​ក៏​រង​ទុក្ខវេទនា​ដោយសារ​អត់​អាហារ​នោះ​ទេ​។ អាជ្ញាធរ​កំពុងតែ​ដុតដៃដុតជើង​នៅក្នុង​ការ​ផ្តល់​ស្បៀងអាហារ​ជូន​ប្រជាពលរដ្ឋ»។

ផ្ទុយ​ពី​ការ​អះអាង​នេះ ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ​ជាង​១០០​នាក់ ស្ថិត​ក្នុង​តំបន់​ក្រហម នៅ​ភូមិ​ព្នៀត សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ដែល​បាន​នាំគ្នា​ស្រែក​ទាមទារ​សុំ​ជំនួយ​ស្បៀងអាហារ​ពី​រដ្ឋាភិបាល​កាលពី​ថ្ងៃទី​៣០ មេសា លោកស្រី មួង សម្ភស្ស ឱ្យ​ដឹង​ថា គ្រួសារ​លោកស្រី​ដែល​មាន​សមាជិក​៨​នាក់ កំពុង​ប្រឈម​ការ​ខ្វះ​ស្បៀង​។ លោកស្រី​ព្រួយបារម្ភ​ថា បើ​ការ​បិទ​ខ្ទប់​នៅ​បន្ត​អូស​បន្លាយ​រយៈពេល​យូរ​ថែមទាំង​ទៀត នោះ​គ្រួសារ​លោកស្រី​អាច​ស្លាប់​ដោយសារ​ដាច់​បាយ​មុន​ស្លាប់​ដោយ​ជំងឺ​កូវីដ​១៩៖ «​អត់​មានអី​ហូប​អ៊ីចឹ​ង​មានតែ​ដាច់ខ្យល់​មុន​កូរ៉ូណា​ដដែល​បើ​ធ្វើ​អ៊ីចឹង​មិន​ដល់​មួយ​អាទិត្យ​ហើយ​មួយ​អាទិត្យ ខ្ញុំ​ព្រួយបារម្ភ​ពី​កូន​ខ្ញុំ​ដែរ»។

កាលពី​ថ្ងៃទី​៣០ មេសា អង្គការ​លើកលែងទោស​អន្តរជាតិ​ថា អង្គការ​នេះ​បាន​ទទួល​សេចក្តី​រាយការណ៍​នានា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​ថា សូម្បីតែ​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​មនុស្សធម៌ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​រារាំង​មិន​ឱ្យ​ចែក​ស្បៀងអាហារ និង​ផ្តល់​ជំនួយ​ចាំបាច់​ផ្សេងទៀត​ដល់​ពលរដ្ឋ​នៅក្នុង​តំបន់​ក្រហម បើ​ទោះ​បី​ជា​ពួកគេ​ត្រូវការ​ជំនួយ​ជា​បន្ទាន់​យ៉ាង​ណា​ក្តី។

នាយិកា​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​លើកលែងទោស​អន្តរជាតិ អ្នកស្រី យ៉ាមីនី មីស្រា (Yamini Mishra) ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​ផ្សាយ​នៅ​ថ្ងៃទី​៣០ មេសា ថា ការ​ចាត់ចែង​ខុស​យ៉ាង​ធ្ងន់ធ្ងរ​របស់​រដ្ឋាភិបាល​ក្នុង​តំបន់​បិទ​ខ្ទប់ កំពុង​បង្កើត​នូវ​ទុក្ខវេទនា និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ទូទាំង​ប្រទេស​។ អ្នកស្រី​បន្ត​ថា ឥឡូវនេះ ពលរដ្ឋ​ក្នុង «​តំបន់​ក្រហម​» និង​នៅ​តាម​កន្លែង​ដទៃទៀត​នៅ​កម្ពុជា​កំពុងតែ​ដាច់​បាយ ដោយសារតែ​គោលនយោបាយ​មិន​សម​ហេតុផល​របស់​រដ្ឋាភិបាល​។ អ្នកស្រី​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ចាំបាច់​ត្រូវ​កែប្រែ​របៀបរបប​ចាត់ចែង​ការ​បិទ​ខ្ទប់​នេះ ដោយ​ធ្វើការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ ដើម្បី​ជួយ​សម្រួល​លទ្ធភាព​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ក្រហម​។ អ្នកស្រី​ថា ពលរដ្ឋ​គ្រប់រូប​ក្នុង​តំបន់​បិទ​ខ្ទប់ ត្រូវតែ​ទទួល​បាន​នូវ​ស្បៀងអាហារ​ហូបចុក ទឹក សេវា​ថែទាំ​សុខភាព និង​តម្រូវ​ការចាំបាច់​នានា​ដទៃ​ទៀត។

បើ​តាម​អង្គការ​អន្តរជាតិ​មួយ​នេះ នៅ​ភ្នំពេញ​មាន​ពលរដ្ឋ​ប្រមាណ​ជាង ៨​ម៉ឺន ៧​ពាន់​គ្រួសារ (៨៧.៣៤៩​គ្រួសារ​) ស្មើនឹង​ជិត ៣​សែន​នាក់ (២៩៣.៧៩១​នាក់​) កំពុង​ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់​។ រីឯ នៅ​ខេត្ត​ព្រះសីហនុ​ឯណោះ​វិញ មាន​ពលរដ្ឋ​ជិត ៥​ពាន់​គ្រួសារ (៤.៨៨៦​គ្រួសារ​) ស្មើ​នឹង​ប្រមាណ ២​ម៉ឺន​៣​ពាន់​នាក់ (២៣.៨៥៤​នាក់)។

លោក កត្តា អ៊ន អះអាង​ថា បញ្ហា​តម្រូវការ​ស្បៀងអាហារ​ពុំ​ទាន់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដូច​ការ​លើកឡើង​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​នោះ​ទេ​៖ «ខ្ញុំ​មិន​ដឹង​ថា Amnesty International មាន​ភ្នែក​ទិព្វ​ពី​ណា​មក​មើល​ទេ ប៉ុន្តែ​យើង​ឃើញថា យើង​ឃើញ​មាន​បងប្អូន​មួយ​ចំនួន​នៅ​កម្ពុជា​យើង​សព្វថ្ងៃ​នេះ ការ​ចែក​អំណោយ​ស្ម័គ្រចិត្ត​នៃ​ការចែក​អំណោយ​ផ្សេងៗ អ្នក​មាន​មួយចំនួន​គេ​បរិច្ចាគ​អំណោយ ចែក​អំណោយ​នៅមុខ​ផ្ទះ ឬ​បរិច្ចាគ​នៅ​តាម​តំបន់​ផ្សេងៗ​ជា​ហូរហែ។ ជួនកាល​អ្វី​ដែល Amnesty International លើកឡើង​នេះ ខ្ញុំ​ជឿ​ថា ព័ត៌មាន​ដែល​បញ្ជូន​ទៅ​ឱ្យ​នេះ​ជា​ព័ត៌មាន​បំផ្លើស​ដែល​ធ្វើ​ឱ្យ​អង្គការ​នេះ​យល់​ច្រឡំ​មក​លើ​កម្ពុជា»។

ផ្ទុយ​ពី​ការ​អះអាង​នេះ អង្គការ​លើកលែងទោស​អន្តរជាតិ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​ជំនួយ​ស្បៀងអាហារ​ធ្វើឡើង​ដោយ​គ្មាន​ផែនការ​ច្បាស់លាស់ ឬ​ច្របូកច្របល់ មិន​គ្រប់គ្រាន់ ហើយ​រើសអើង​លើ​ពលរដ្ឋ​ដែល​គេ​ដឹង​ថា ជា​អ្នក​រិះគន់​គណបក្ស​កាន់អំណាច​។ រីឯ ផែនការ​ចែក​លុយ​ដល់​ក្រុម​ពលរដ្ឋ​ក្រីក្រ​ទៀតសោត ក៏​ត្រូវ​រដ្ឋាភិបាល​លុបចោល​ភ្លាមៗ​។ ចំណែក ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ដាក់​លក់ទំនិញ​ដល់​ពលរដ្ឋ​ក្នុង​តំបន់​ក្រហម​វិញ មាន​ការ​បញ្ចុះតម្លៃ​តិចតួច ហើយ​ផលិតផល​ភាគច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​អាជីវកម្ម​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា។

ទន្ទឹម​នឹង​នេះ អង្គការ​អន្តរជាតិ​នេះ ព្រួយបារម្ភ​ថា ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​ដែល​បាន​ចេញ​មុខ​តវ៉ា​ជា​សាធារណៈ និង​លើកឡើង​ពី​ការ​ដាច់​ស្បៀង អាច​នឹង​ត្រូវ​ប្រឈម​នឹង​ការ​សង​សឹក ឬ​គំរាមកំហែង​ណាមួយ​ពី​អាជ្ញាធរ​រដ្ឋាភិបាល​។ អង្គការ​នេះ​គូស​បញ្ជាក់​ថា ផ្អែក​តាម​អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក លីកាដូ (LICADHO) យ៉ាងហោចណាស់​មាន​មនុស្ស ២៥៨​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ក្រោម​ច្បាប់​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​២៥ មេសា​។ ក្នុង​នោះ ពលរដ្ឋ ៨៣​នាក់​ត្រូវ​បាន​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​គុក​។ ពលរដ្ឋ​ក្រៅ​ពី​នេះ បាន​រង​នូវ​ការ​ផាកពិន័យ និង​បញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័ក។

នាយិកា​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​លើកលែងទោស​អន្តរជាតិ អ្នកស្រី យ៉ាមីនី មីស្រា គូសបញ្ជាក់​បន្ថែម​ថា ពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ បាន​រងគ្រោះ​រួច​ស្រាប់​ទៅ​ហើយ​ដោយសារ​ភាព​លំបាក​លំបិន​ផ្នែក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ អស់​រយៈពេល​ពេញ​មួយឆ្នាំ​ដោយសារ​ជំងឺ​រាតត្បាត​សាកល​កូវីដ​១៩​។ អ្នកស្រី​សង្កត់ធ្ងន់​ថា សម្រាប់​មនុស្ស​ភាគច្រើន ការ​បិទ​ខ្ទប់​ដែល​រដ្ឋាភិបាល​គ្រប់គ្រង​មិន​បាន​ត្រឹមត្រូវ​បែប​នេះ បាន​នាំ​ឱ្យ​កម្ពុជា​ធ្លាក់​ចូលក្នុង​វិបត្តិ​មនុស្សធម៌។ អ្នកស្រី​ថា ពលរដ្ឋ​ដែល​អត់​ស្បៀង​មិន​អាច​ស្នាក់នៅ​ក្នុងផ្ទះ​ជា​រៀង​រហូត​បាន​នោះ​ទេ ដូច្នេះហើយ រដ្ឋាភិបាល​ត្រូវ​បង្កើន​ការ​ដាក់​ចេញ​វិធានការ​គាំពារ​សង្គម និង​ជំនួយ​មនុស្សធម៌​ឱ្យ​បាន​ជា​ចាំបាច់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment