លោក វន់ ពៅ៖ ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បង់​ថ្លៃ​ទឹក-ភ្លើងចំ​ពេល​បិទ​ខ្ទប់ ជា​ការ​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត

កម្ពុជា-សង្គម
01/05/2021 – 06:49
ដោយ៖ អ៊ឹង ប៊ុនថន
RFI

អគ្គិសនី​កម្ពុជា
អគ្គិសនី​កម្ពុជា @EDC Facebook

អ្នក​ធ្វើ​ការងារ​ខាង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​​ និង​ពលរដ្ឋ​ជាច្រើន បាន​សំដែង​ការ​មិន​សប្បាយ​ចិត្ត​ បន្ទាប់​ពី​អគ្គីសនី​កម្ពុជា​ចេញ​លិខិត​ជូនដំណឹង​រំឭក​ឲ្យ​ពលរដ្ឋ​ទៅ​បង់​ថ្លៃ​អគ្គិសនី​ តាម​រយៈ​មធ្យោបាយ​ផ្សេងៗ រួម​ទាំង​តំបន់​បិទ​ខ្ទប់​ផង​ដែរ​។ សម្រាប់​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​បិទ​ខ្ទប់ ការ​រំឭក​របស់​អគ្គិសនី​កម្ពុជា​បែប​នេះ​គឺ​ជាការ​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​មួយ​កម្រិត​ថែម​ទៀត ពី​លើ​ផល​វិបាក​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ​ក្នុង​គ្រា​បិទ​ខ្ទប់​នេះ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​តំណាង​សង្គម​ស៊ីវិល​។

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហៅ​កាត់​ថា IDEA បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រញាប់​ទៅ​បង់​ថ្លៃ​ទឹក-ភ្លើង ឲ្យ​ទាន់​ពេល​វេលា ចំពេល​ដែល​អាជ្ញាធរ​បិទ​ខ្ទប់​តំបន់​ជា​ច្រើន ដោយ​សារ​តែ​កូវីដ​១៩​នេះ គឺ​ជា​ការ​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​បន្ថែម​មួយ​កម្រិត​ទៀត​។ សម្ពាធ​ផ្លូវ​ចិត្ត ​ដែល​បើ​តាម ​លោក វន់ ពៅ ពលរដ្ឋ​ដែល​ជាប់​ឃុំឃាំង​ក្នុង​តំបន់​បិទ​ខ្ទប់​គឺ​មិន​ត្រឹម​តែ​មិន​អាច​ចេញ​ទៅ​រក​ប្រាក់​ចំណូល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រយៈ​ពេល​ជិត​១​ខែ​មក​នេះ ពួក​គេ​មួយ​ចំនួន ពិសេស​កម្មករ​រោងចក្រ​ស្ទើ​តែ​រក​អ្វី​បរិភោគ​មិន​បាន​ផង​។

ការ​ថ្លែង​របស់​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​រូប​នេះ ធ្វើ​ឡើង​តាម​រយៈ​សន្និសីទ​កាសែត​មួយ​ស្តីពី «សិទ្ធិ​ការងារ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​លើក​កម្ពស់​កិច្ច​គាំពារ​សង្គម​និង​ធានា​ដល់​សិទ្ធិ​រស់​រាន​មាន​ជីវិត»។ ជា​សន្និសីទ​ដែល​ប្រព្រឹត្ត​ធ្វើ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​រំឭក​ខួប​១​ឧសភា ទិវា​ពលកម្ម​អន្តរជាតិ ដែល​សម្រប​សម្រួល​ដោយ​អង្គការ​សង់ត្រាល់។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី២៩​មេសា អគ្គិសនី​កម្ពុជា បាន​អះអាង​ថា ការ​ដែល​ខ្លួន​តម្រូវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អគ្គិសនី​បង់​ថ្លៃ​ភ្លើង​ឲ្យ​បាន​ទាន់​ពេល គឺ​ដោយ​សារ​អគ្គិសនី​កម្ពុជា​ត្រូវយក​លុយ​ទាំង​នោះ ទៅ​ទូទាត់​ឲ្យ​អ្នក​ផលិត​អគ្គិសនី ក៏​ដូច​ជា​ទូទាត់​ជូន​ប្រទេស​ជិត​ខាង​មួយ​ចំនួន ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​ថាមពល​អគ្គិសនី​មក​បង្គ្រប់​ការ​ប្រើប្រាស់។

បើ​ទោះ​បី​ជា​តំបន់​ជា​ច្រើន​នៅ​ភ្នំពេញ​ត្រូវ​បាន​បិទ​ខ្ទប់ តែ​នេះ​មិនមែន​ជា​ឧបសគ្គ​ដែល​មិន​អាច​បង់​ថ្លៃ​អគ្គិសនី​បាន​នោះ​ទេ ពោល​គឺ​អ្នក​ប្រើ​ប្រាស់​អាច​ទូទាត់​ថ្លៃ​ភ្លើង​តាម​រយៈ​ធនាគារ ឬ​ធ្វើ​ដំណើរ​ទៅ​ទូទាត់​នៅទីតាំង​ដែល​នៅ​ជិត​បំផុត។ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​អគ្គិសនី​កម្ពុជា។

ជុំ​វិញ​បញ្ហា​អគ្គិសនី​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​១០​មេសា ប្រមុខ​រដ្ឋាភិបាល បាន​ប្រកាស​ថា គ្រួសារ​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ​១៩ រដ្ឋ​នឹង​បង់​ជំនួស​ថ្លៃ​ទឹក និង​ថ្លៃ​អគ្គិសនី ក្នុង​រយៈ​ពេល​៥​ខែ ខណៈ​គ្រួសារ​ដែល​មាន​សមាជិក​កើត​ជំងឺ​កូវីដ​១៩ រដ្ឋ​នឹង​ជួយ​បង់​ថ្លៃ​ទឹក និង​អគ្គិសនី រយៈ​ពេល​៣​ខែ ចាប់​ពី​ថ្ងៃ​ឆ្លង​ជំងឺ​កូវីដ​១៩។ បន្ថែម​ពីនេះ លោក ហ៊ុន សែន បាន​ថ្លែង​ថា គ្រួសារ​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ក្នុង​តំបន់​ត្រូវ​បិទ​ខ្ទប់ នោះ​រដ្ឋ​នឹង​បង់​ជំនួស​ថ្លៃ​ទឹក និង​អគ្គិសនី​រយៈ​ពេល​២​ខែ​៕

What Next?

Recent Articles

One Response to "លោក វន់ ពៅ៖ ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បង់​ថ្លៃ​ទឹក-ភ្លើងចំ​ពេល​បិទ​ខ្ទប់ ជា​ការ​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត"

  1. @ វន​់​ ពៅ..​ Are you blinded or are you playing stupid? ខណៈ​នេះ​ទៅ​ហើយ​លោក​ឯង​នោចេញ​មកអោយ​ប្រជាជន​តម្រូវ​ទៅ​បង់​ថ្លៃ​ទៀត? ម៉េច​មិន​ទៅ​សុំ​ រដ្ឋាភិបាល​អោយ​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ផង​ ព្រោះ​រដ្ឋាភិបាល​ជា​បិត​ហាមឃាត់​មិន​ឲ្យ​ប្រជាជន​ចេញ​ពី​តំបន់​ដែលហាាម​ឃាត់​។ បច្ចុប្បន្ន​នេះ​ពូក​គាត់​ កំពុង​តែ​ខ្វះ​ខាត​គ្រប់​បែបយ៉ាង​ ឥឡូវ​លោក​ចេញ​មក​ដាក់​សម្ពាធ​មួយថែម​ទៀត​ដល់​ពួក​គាត់​ តេី​ពូកគាត់​អាច​មាន​លទ្ធភាព​បង់​ថ្លៃ​ភ្លើង​អគ្គិសនី​នេះបាន​ទេ? គួរ​ណាស់​តែ​មាន​ការ​យោគយល់​ដល់​ពួក​គាត់​ផង​ កុំ​ឃើញ​ពួក​គាត់​ដែល​ដួល​ហើយ​យក​ជេីង​ទៅ​ជាន់​ ក​គាត់​ទៀត​។

Leave a Reply

Submit Comment