«ការ​​​គំរាម​កសិករ​​មិន​​ឱ្យ​បង្ហោះ​សារ​រឿង​​បន្លែ​​គ្មាន​ទីផ្សារ​ជា​ទង្វើខុស​ច្បាប់​និង​​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​»

ដោយ ជាតិ ចំណាន
2021-05-02
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

«ការ​​​គំរាម​កសិករ​​មិន​​ឱ្យ​បង្ហោះ​សារ​រឿង​​បន្លែ​​គ្មាន​ទីផ្សារ​ជា​ទង្វើខុស​ច្បាប់​និង​​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​»

លោក តៃ សុង កសិករដាំបន្លែនៅស្រុកស្អាង ខេត្តកណ្តាល ដែលត្រូវបានអាជ្ញាធរបង្ខំឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះសារអវិជ្ជមានលើបណ្តាញសង្គម។ រូប៖ ហ្វេសប៊ុក Tay Song


កសិករ​​ដាំបន្លែ​​នៅ​ឃុំ​​ទឹក​វិល ​ស្រុក​ស្អាង ខេត្ត​កណ្តាល សោកស្តាយ​​ចំពោះមន្រ្តី​នៃ​​មន្ទីរពាណិជ្ជកម្ម មន្ទីរកសិកម្ម និង​​អាជ្ញាធរ​មូលដ្ឋាន ដែលបាន​​ចោទ​​ប្រកាន់​​ពលរដ្ឋ​​ថា បង្ហោះសារ​​ញុះញង់ ដោយ​គ្រាន់​តែ​គាត់​​និយាយ​ការពិត​​​រឿង​បន្លែ​​គ្មាន​​ទីផ្សារ​​​លើ​បណ្តាញ​​សង្គម​​ហ្វេសប៊ុក (Facebook)។ ជាងនេះទៅទៀត​ អាជ្ញាធរ​​បាន​​​តម្រូវ​​​ឱ្យកសិករ​​សុំ​ការ​​អនុញ្ញាត​​ជាមុន​សិន បើ​ចង់​បង្ហោះរឿង​​ភ្ជួរ​បន្លែ​​ចោល ​ដោយសារ​​តែ​​គ្មាន​​ទីផ្សារ​​លក់​ចេញ។

កសិករដែល​រងការគំរាម​កំហែង​​ពី​អាជ្ញាធរលោក តៃ សុង រៀបរាប់​ថា កាល​ពីថ្ងៃទី៣០ ខែមេសា ​មន្ត្រីថ្នាក់ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​​ជិត ១០នាក់ ក្នុង​​នោះ​​មាន​​​ទាំង​​ប៉ូលិស​ផង បាន​នាំគ្នា​​ទៅ​ផ្ទះ​របស់​លោក​​ដោយ​មិន​​បាន​​ផ្តល់​ដំណឹង​​ជាមុន​ ដើម្បី​សួរ​នាំ​លោក​​​​រឿង​បង្ហោះហ្វេសប៊ុក​​អំពីការ​​​ភ្ជួរ​បន្លែ​​ចោល​។ លោក​​ថា​ នៅ​ពេល​​នោះ​លោក​ស្រឡាំងកាំង និង​មាន​​អារម្មណ៍​ភ័យ​ខ្លាច ព្រោះនៅ​សុខៗ​​ស្រាប់​តែ​ឃើញ​ក្រុម​​អាជ្ញាធរ​ទៅ​ដល់​​ផ្ទះ​របស់​​លោក​ ទាំង​ដែល​​លោក​​មិន​​បាន​​ប្រព្រឹត្ត​បទល្មើស​​អ្វី​ផង​នោះ៖ «គាត់ (មន្ត្រីពាក់ព័ន្ធ)​ថា ការ​បង្ហោះហ្វេសប៊ុក​ហ្នឹង វាអត់​ល្អ វា​អត្តនោម័ត​តែ​ខ្លួន​ឯង​។ វា​អត់​ឆ្លង​កាត់​ពី​ខាង​ក្រសួង​កសិកម្ម​ឱ្យ​ដឹង​លឺ​ជាមុន​សិន។ បង្ហោះអ៊ីចឹង​ គាត់​ថា ប៉ះពាល់​ដល់​ខាងគាត់»

​ថ្មីៗនេះលោក តៃ សុង ដែលជាកសិករនៅ​ភូមិ​ព្រែកអុងប៉ាង ឃុំ​ទឹក​វិល បាន​បង្ហោះសារលើហ្វេសប៊ុកជាបន្តបន្ទាប់​រឿង​បន្លែគ្មាន​ទីផ្សារ​ ដែល​ធ្វើ​ឱ្យ​លោក​ត្រូវ​បង្ខំ​ចិត្ត​ភ្ជួ​រ​បន្លែ​ទាំងនោះ​ចោល​វិញ។ បន្លែ​ដែល​លោក​ដាំបាន​ តែគ្មានទីផ្សារ​នោះ គឺសាឡាដ ដោយ​លោក​ភ្ជួរ​ចោល​អស់​ជិត ១ ហិកតារ​រួច​មក​ហើយ។ ប៉ុន្តែ​មុន​នឹង​ភ្ជួរ​ចោល​ លោក​បាន​ប្រកាស​តាម​ហ្វេសប៊ុក​​ឱ្យ​ពលរដ្ឋ​ណា​ដែល​ត្រូវ​ការ​សាឡាដ អាច​ទៅកាត់​យក​នៅ​ចម្ការ​របស់​លោក​បាន​ដោយ​ឥតគិត​ថ្លៃ។

Farmer_Tay Song_01.jpg
លោក តៃ សុង កសិករដាំបន្លែនៅស្រុកស្អាង ខេត្តកណ្តាល និងលិខិតដែលអាជ្ញាធរខេត្តកណ្តាលបង្ខំឱ្យលោកធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះសារជុំវិញបន្លែគ្មានទីផ្សារបន្តទៅទៀត។

ទោះជាយ៉ាងណា ការ​បង្ហោះព័ត៌មាន​​ពិត​របស់លោក តៃ សុង នេះ ស្រាប់​បានក្លាយ​ជា​រឿង​រសើប​សម្រាប់​មន្ទីរពាណិជ្ជកម្ម និង​មន្ទីរកសិកម្ម​ខេត្ត​កណ្តាល រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ទៅវិញ។

ជំនួស​ឱ្យ​ការ​ចុះជួយ​ដោះស្រាយ​បញ្ហា​​ប្រឈម​​របស់​​កសិករ ក្រុម​មន្ត្រី​ទាំងនោះ បែរ​ជា​នាំគ្នា​​ចុះ​ទៅសួរ​ដេញដោលលោក តៃ សុង និង​តម្រូវ​ឱ្យ​កសិកររូបនេះ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្ម​ភាពរបស់​ខ្លួន​ទៅវិញ។ ក្រុម​មន្ត្រី និង​អាជ្ញាធរ បាន​ចាត់​ទុក​ព័ត៌មាន​ដែល​លោក តៃ សុង បាន​​បង្ហោះនោះ​ថា ជា​ព័ត៌មាន​មិន​គ្រប់ជ្រុងជ្រោយ និង​មាន​ចរិត​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង។ ក្រុម​មន្ត្រី​បាន​តម្រូវ​ឱ្យ​កសិករ​រូបនេះ ​ផ្តល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ និង​មន្ទីរពាក់ព័ន្ធ​នានា ជៀស​​វាង​​ការ​​បង្ហោះ​ព័ត៌មាន​ដែលពួក​គេ​ចាត់ទុកថា ​ធ្វើ​ឱ្យ​សាធារណជន​​យល់ច្រឡំ​លើ​កិច្ច​ខិត​ខំ​របស់​មន្ត្រីជំនាញក្នុង​ការ​ជួយ​ដល់​កសិករ។ ជាមួយគ្នានេះ ក្រុមមន្ត្រីទាំងនោះ​បាន​ធ្វើកំណត់​ហេតុមួយ​ឱ្យ​លោក តៃ សុង ចុះហេត្ថលេខា ដោយតម្រូវ​ឱ្យ​កសិករ​រូបនេះ និង​កសិករ​ផ្សេង​ទៀត ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​មន្ទីរពាក់ព័ន្ធ​ថ្នាក់​ខេត្ត​ជាមុន​សិន បើ​ចង់​បង្ហោះរឿងបន្លែ​គ្មាន​ទីផ្សារ ឬ​បង្ហោះរឿង​ភ្ជួរ​បន្លែចោល ​នៅពេល​ខាងមុខ​ទៀត។

លោក តៃ សុង អះអាងថា លោក​មិន​បាន​ដឹង​អំពីខ្លឹមសារ​នៃ​កំណត់ហេតុ​នេះឡើយ ព្រោះ​ក្រុម​មន្ត្រីមិន​​បានអាន​​ឱ្យ​លោកស្តាប់ ហើយក៏​មិនបាន​​ឱ្យ​លោក​អាន​កំណត់​ហេតុនោះដែរ។ ក្រោយមក​ទើប​លោក​ដឹង​ថា នោះជាកំណត់​ហេតុដែល​អាជ្ញាធរ​ចោទ​ថា លោក​បាន​ប្រព្រឹត្ត​កំហុស និង​ព្រម​ទទួល​ស្គាល់​កំហុស​។ លោកថា ទង្វើ​របស់​ក្រុមមន្ត្រីនេះ មានន័យ​ស្មើនឹង​ការ​គំរាម​កសិករ​ដាំបន្លែ​ទូទាំង​ឃុំ​ទឹក​វិល​យ៉ាង​ដូច្នេះដែរ ពីព្រោះ​ពួក​គាត់​ម្នាក់ៗ​សុទ្ធ​តែ​កំពុង​ជួប​បញ្ហាបន្លែ​គ្មាន​ទីផ្សារដូច​លោក​ដែរ៖ «គាត់​ចោទប្រកាន់​ខ្ញុំ​អ៊ីចឹង របៀប​ថាខ្ញុំ​ញុះញង់​អ៊ីចឹង គឺ​ខ្ញុំ​អត់​អាច​ទទួល​យក​បាន​ទេ ដោយសារ​មាន​អារម្មណ៍​មួយ​ថា ខាង​ក្រសួង​មិន​ខំ​រក​ទីផ្សារ​ឱ្យប្រជា​កសិករ​ បែរ​ជា​ថា​ខ្ញុំ​ហ្នឹង​បង្ហោះ​ញុះញង់​ទៅវិញ។ បន្លែ​កសិករ​យើង​នៅ​ស្រុក​ស្អាង​នេះ គឺ​ប្រឈម​មុខ​នឹង​ការ​ភ្ជួរ​ចោល​ទាំងអស់គ្នា​ពិត​ប្រាកដ​មែន​ហ្នឹង វាមិនមែន​ជា​រឿង​ភូត​កុហក​ទេ។ អ៊ីចឹង​ វា​ដូច​ជា​យើង​ហ្នឹង​ខុស​ទាំង​ស្រុងបាត់​ទៅហើយ។ អ៊ីចឹង​ធ្វើ​ឱ្យ​ខ្ញុំ និង​កសិករ​ដទៃទៀត អស់​ជំនឿ​លើ​ខាង​ក្រសួង​កសិកម្ម​ដែល​គាត់​ធ្វើ​លិខិត​ណែនាំ​ខ្ញុំ​អ៊ីចឹង»

កសិករ​មួយ​រូប​ទៀត​ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យដឹងថា អ្វី​ដែល​លោក​ តៃ សុង បានបង្ហោះតាម​ហ្វេសប៊ុក​នោះ គឺ​ជា​រឿង​ពិត​ជាក់ស្តែង​របស់កសិករ​ដាំបន្លែ​​ក្នុង​ឃុំ​ទឹកវិល។ លោក​ថា កាល​ពី​ខែកុម្ភៈ លោក​ក៏​បាន​ភ្ជួរបន្លែ​ចោលប្រហែល​ ៧ តោន​ដែរ ដោយសារ​គ្មាន​ទីផ្សារ និង​មិន​មាន​ឈ្មួញ​ចុះទៅទិញ។ លោកអះអាងថា អាជ្ញាធរ​​មូលដ្ឋាន​​សុទ្ធតែ​ដឹង​លឺរឿងនេះ ព្រោះពួក​គាត់​ក៏​ជា​អ្នក​ដាំបន្លែ ឬ​មាន​សាច់ញាតិ​ជា​អ្នក​ដាំបន្លែដែរ។ លោក​ទទូច​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យជួយ​រក​ដំណោះស្រាយ​ជូន​កសិករវិញ ជាជាង​ការ​គាប​សង្កត់សិទ្ធិបញ្ចេញ​មតិ​របស់​ពួក​គាត់៖ «ដំណាំ​ធ្វើមក​​បានផល​ហើយ​ វា​លក់​អត់​ចេញ ថោក ហើយ​គ្នា​បង្ហោះ​ហ្នឹងដូច​ថា​ វាអត់​មាន​ខុស​អ្វី​ទេ ព្រោះ​វា​អ៊ីចឹង​មែន វា​ជា​រឿងពិត។ ហើយ​រដ្ឋាភិបាល​ បើ​ថា​ដឹង​អ៊ីចឹង​ហើយ យើងគួរ​តែ​រក​ទីផ្សារ​​ជួយ​កសិករអ៊ីចឹង​ទៅណា។ យើង​កុំ​មក​ដូច​ថា​ បន្ទុច​បង្អាក់។ គ្រាន់​តែ​គ្នា​ចង់​បញ្ចេញ​មតិ​បន្តិច យើង​មក​បន្ទុច​បង្អាក់អ៊ីចឹង វាអត់​ត្រូវ​ទេ ដូច​ថា បិទ​សិទ្ធគ្នា​អ៊ីចឹង»

អាស៊ីសេរីបាន​ព្យាយាម​ទាក់ទង​ប្រធាន​មន្ទីរពាណិជ្ជកម្មខេត្ត​កណ្តាលលោក អោម ប៊ុនធឿន ប្រធាន​មន្ទីរកសិកម្ម លោក ប៊ុនទួន ស៊ីមូណា និង​អភិបាល​ខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ ដើម្បី​សុំការ​បំភ្លឺរឿងនេះដែរ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង មិន​មាន​អ្នក​ទទួល ​នៅថ្ងៃទី០១ ខែឧសភា។ ប៉ុន្តែ​លោក គង់ សោភ័ណ្ឌ បាន​​ប្រាប់​អាស៊ីសេរីនៅពេល​ថ្មីៗនេះថា អំឡុង​ពេល​បិទខ្ទប់​រាជធានីភ្នំពេញ និង​ក្រុង​តាខ្មៅ អាជ្ញាធរ​មិន​អាច​ជួយ​ដោះស្រាយ​អ្វី ឬ​ទិញបន្លែ​ពីកសិករ​យក​ទៅលក់​បន្ត​បាន​នោះទេ ប៉ុន្តែកសិករ​អាច​យក​បន្លែ​ទៅលក់​នៅ​តាម​ផ្សារ​ដែល​អាជ្ញាធរ​បាន​រៀបចំ។

Farmer_Tay Song_02.jpg
បន្លែសាឡាដដែលលោក តៃ សុង បានសម្រេចចិត្តភ្ជួរចោលដោយសារតែគ្មានទីផ្សារក្នុងពេលវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល។

ជុំវិញរឿងនេះ ប្រធាន​ផ្នែ​កសិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍ថា ការ​បង្ហោះសារ​របស់​កសិករ​​រឿង​បន្លែ​គ្មាន​ទីផ្សារនោះ គឺ​ជា​សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់ពួក​គាត់​ ដែល​ធានា​យ៉ាង​ពេញលេញ​នៅក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ។ លោក​ថា ទង្វើ​របស់​អាជ្ញាធរ​ទៅលើ​កសិករនៅឃុំ​ទឹក​វិល​នោះ គឺជា​រឿង​មិន​ត្រឹម​ត្រូវ​ និង​​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ លោក​ទទូច​ដល់​អាជ្ញាធរ​គិត​គូរ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កសិករ​វិញ ទើប​ជា​រឿងប្រសើរ​៖ «យើង​អសមត្ថភាព​ខ្លួន​ឯង​នៅក្នុង​ការ​ដោះស្រាយ​បញ្ហា​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ បែរ​ជា​យើង​ទៅ​បង្ខំ​​ប្រជាពលរដ្ឋឱ្យ​​ផ្តិត​មេដៃ ឈប់​បង្ហាញ​សារ អាហ្នឹង​មិន​គួរ​ឱ្យ​កើត​មាន​ទេ រឿង​អ៊ីចឹង​នោះ។ នេះ​ជា​រឿង​រំលោភ​សេរីភាព​ធ្ងន់ណាស់ រំលោភ​ទៅលើ​សិទ្ធិ​​បញ្ចេញ​មតិ​ធ្ងន់ណាស់។ វា​គ្មាន​ការ​បង្ហោះ​ហ្នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​អ្វីឯណា​ ធ្វើ​ឱ្យ​មាន​ការ​រើស​អើង​ បង្ក​ឱ្យ​មាន​អសន្តិសុខ​អ្វី​ហ្នឹង វាអត់​មាន​ទេ។ ពីព្រោះ​នេះ​ជា​កា​តព្វកិច្ច​របស់​អាជ្ញាធរ​ដែល​ត្រូវ​ដោះស្រាយ​ក្នុង​ការរក​ទីផ្សារ​ដើម្បី​ឱ្យប្រជាកសិករ​អាចលក់​ផលិត​ផល​របស់​គាត់​បាន អាច​ចិញ្ចឹម​​ជីវភាព​របស់​ពួក​គាត់បាន»

រដ្ឋ​ធម្មនុញ្ញកម្ពុជាចែងថា​ ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ សេរីភាពខាង​សារព័ត៌មាន និង​សេរីភាពខាងការ​បោះពុម្ពផ្សាយ។ ជាមួយ​គ្នានេះ ពលរដ្ឋ​ខ្មែរ​ទាំងពីរភេទ​ មា​ន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម​កិច្ច និង​វប្បធម៌​របស់​ជាតិ។ សេចក្តីស្នើ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ​ ត្រូវ​ទទួល​បាន​ការ​ពិនិត្យ​ និង​ដោះស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ។ ផ្អែក​តាម​ច្បាប់​កំពូលរបស់​ជាតិនេះ បញ្ហា​បន្លែ​គ្មាន​ទីផ្សារ​របស់​កសិករ​នៅ​ឃុំ​ទឹក​វិល ស្រុកស្អាង ខេត្ត​កណ្តាល គួរ​តែ​​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ មិន​មែនអាជ្ញាធរ​ទៅ​គាបសង្ក់ត​សេរីភាព​បញ្ចេញមតិ​របស់​កសិករ​បែបនេះឡើយ។

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លើក​ឡើងក្នុង​សេចក្តីថ្លែងការណ៍នៅថ្ងៃទី​០១ ខែឧសភាថា ការ​រំខាន និង​ការគំរាម​កំហែង​របស់អាជ្ញាធរ​ទៅ​លើ​កសិករ មិន​មែន​ជា​ការ​ផ្តល់​ដំណោះស្រាយលើ​បញ្ហា​​​មុខ​របរ និង​ទីផ្សារសម្រាប់​​កសិករនោះទេ។ ប៉ុន្តែនេះ​ជាការ​រំលោភយ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិសេរីភាព​របស់​កសិករ​ ដែល​មាន​ចែងការពារ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា និង​សេចក្តីប្រកាស​ជាសកល​ស្តីពីសិទ្ធិកសិករ​អន្តរជាតិ។ សមាគម​ដដែល​នេះ ស្នើដល់រដ្ឋាភិបាលឱ្យ​រក​ដំណោះស្រាយ​សមស្របជួយ​ដល់​​កសិករ ដូចជា ការ​ផ្តល់​បច្ចេកទេស និង​ទុន ដល់​ពួក​គាត់។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ត្រូវ​ពង្រឹង​វិស័យ​កសិកម្ម​បន្ថែម​ទៀត តាម​រយៈការ​បង្កើន​​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​វិស័យ​នេះ ពង្រឹង​សមត្ថភាព​ផ្នែក​វេចខ្ចប់ និង​កែ​ច្នៃ ព្រម​ទាំងសម្រួល​ដល់​ការ​ដឹកជញ្ជូន​ផលិត​ផល​កសិកម្ម​ដោយ​គ្មាន​ការ​រាំងស្ទះជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Related Articles

5 Responses to "«ការ​​​គំរាម​កសិករ​​មិន​​ឱ្យ​បង្ហោះ​សារ​រឿង​​បន្លែ​​គ្មាន​ទីផ្សារ​ជា​ទង្វើខុស​ច្បាប់​និង​​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​»"

  1. so socheath says:

    រកតែសាឡាដ ច្រាសច្រំមិនបាន វាថាអត់ទីផ្សារ ?
    សាឡាដ ១គីឡូ តម្លៃក្នុងទីផ្សា ៥ពាន់រៀលអាម៉េចនោះណា ?
    ពួកអ្ហែងមិនដែលចូលផ្សាទិញសាឡាដច្រាសច្រំទេឬ បានជានិយាយភ្លើៗបែបនេះ ?

  2. so socheath says:

    អញបញ្ជាក់ម្រងទៀត ។ បើទោះវាធ្លាក់ថ្លៃ ក៏នៅរក្សាតម្លៃ ១គីឡូ ២ពាន់រៀលដែរ ។
    ដឹងអត់ពួកអាឡប់ !

  3. so socheath says:

    អញបញ្ជាក់ម្តងទៀត ។ បើទោះវាធ្លាក់ថ្លៃ ក៏នៅរក្សាតម្លៃ ១គីឡូ ២ពាន់រៀលដែរ ។
    ដឹងអត់ពួកអាឡប់ !

  4. Anonymous says:

    this is what we call ROTHAPEBAL KANCHEIR TLOUS the broken basket’s government . the economic have been control by the other nation . we knew under AH.. KBOTH CHEATH this nation was so unfortunate .

  5. Anonymous says:

    Law of communist Marrky ‘ Law of veitcong mafia dictator ‘ evry law come out from Veitcong groups ‘

Leave a Reply

Submit Comment