បក្ស​ក្រៅ​រដ្ឋា​ភិបាល​និង​សង្គម​ស៊ីវិល​ចង់​ឃើញ​សកម្ម​ភាព​តំណាង​រាស្ត្រ​​ជួយ​ពលរដ្ឋ​ក្នុង​ពេល​​វិបត្តិ​កូវីដ-១៩ ​

កូវីដ-១៩ | នយោបាយ | បោះឆ្នោត | ព័ត៌មានជាតិ
លោក ណាត សុភាព | ០២ ឧសភា ២០២១ |ម៉ោង ១៨:៣៣
VOD

តំបន់មួយកន្លែងត្រូវបានដាក់ជាតំបន់បិទខ្ទប់និងហាមធ្វើចរាចរណ៍ចេញចូល ដើម្បីទប់ស្កាត់ការរាលកូវីដ-១៩ ក្នុងសហគមន៍ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

តំបន់មួយកន្លែងត្រូវបានដាក់ជាតំបន់បិទខ្ទប់និងហាមធ្វើចរាចរណ៍ចេញចូល ដើម្បីទប់ស្កាត់ការរាលកូវីដ-១៩ ក្នុងសហគមន៍ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)


មន្ត្រីគណបក្សនយោបាយក្រៅរដ្ឋាភិបាល និងមន្ត្រីសង្គមស៊ីវិលមួយចំនួន លើកឡើងថា សមាជិករដ្ឋសភាឬតំណាងរាស្ត្រ គប្បីចូលរួមធ្វើសកម្មភាព​ជួយពលរដ្ឋឱ្យបានកាន់តែសកម្មបន្ថែមទៀតអំឡុងវិបត្តិកូវីដ-១៩ ដូចជាត្រូវ​កោះហៅតំណាងរាជរដ្ឋាភិបាលដែលខ្លួនជ្រើសតាំងមកសួរនាំ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់រាស្ត្រដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន។

អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា នៅពេលរាស្រ្តមានទុក្ខ តំណាងរាស្រ្តត្រូវចេញមុខ។

លោកបន្តថា កិច្ចការចម្បងរបស់តំណាងរាស្ត្រ ត្រូវកោះហៅតំណាងរដ្ឋាភិបាលដែលខ្លួនជ្រើសតាំង មកបង្ហាញនិងស្រាយបំភ្លឺផែនការឆ្លើយតបជួយរាស្ត្រជាម្ចាស់ឆ្នោត និងពិភាក្សាផ្តល់យោបល់បន្ថែមលើផែនការនោះឱ្យបានល្អសមស្របនិងមានប្រសិទ្ធភាព នាអំឡុងពេលឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោកសរសេរថា៖ «ការងារសំខាន់មួយរបស់តំណាងរាស្ត្រ គឺការតាមដានត្រួតពិនិត្យការងាររបស់រាជរដ្ឋាភិបាល ដើម្បីធានាប្រសិទ្ធភាពខ្ពស់ និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលក្នុងការបំពេញការងារបម្រើរាស្ត្រ»។

បន្ថែមលើអ្វីដែលបណ្ឌិត សាម អ៊ីន លើកឡើង ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃអាទិត្យនេះ ដោយលោកសង្កេតឃើញថា ជាង១ឆ្នាំក្រោយពីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លោកមិនឃើញមានតំណាងរាស្ត្រចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់នោះទេ។

លោក យ៉ង សាំងកុមារ បន្តថា ពលរដ្ឋ​មានសិទ្ធិក្នុងការស្នើទៅតំណាងរាស្ត្រនៅតំបន់របស់គាត់រស់នៅ ដើម្បីឱ្យជួយផ្តល់សេវាសាធារណៈជូនពួកគេដែលកំពុងជួបបញ្ហាប្រឈមនានា ជាពិសេសអំឡុងពេលជួបវិបត្តិកូវីដ-១៩។ ប៉ុន្តែបើតំណាងរាស្ត្រមិនជួយទេ នៅពេលតំណាងរាស្ត្រនោះចុះទៅឃោសនារកសំឡេងឆ្នោតនាពេលក្រោយ ពលរដ្ឋមានសិទ្ធិសម្រេចចិត្តជ្រើសរើសតំណាងរាស្ត្រនោះឬរើសអ្នកផ្សេងវិញ​បាន។

លោកមានប្រសាសន៍ថា៖ «តំណាងរាស្ត្រត្រូវចូលរួមចំណែកធ្វើការជាមួយរដ្ឋាភិបាល ជួយតម្រង់ទិសក្នុងការដោះស្រាយបញ្ហារដ្ឋាភិបាល និងពលរដ្ឋខ្លួនឯងត្រូវជួយជំរុញតំណាងរាស្ត្រដែរ។ គាត់ត្រូវមានភាពក្លាហានក្នុងការទំនាក់ទំនងជាមួយតំណាង​នៅទីតាំងគាត់រស់នៅ។ បើតំណាងមិនបានគិតគូរជួយទេ នៅពេលបោះឆ្នោត គាត់ច្បាស់ជាចុះទៅសុំសន្លឹកឆ្នោតរាស្ត្រហើយ។ អញ្ចឹងប្រជាពលរដ្ឋគាត់នឹងមានឱកាសសួរតំណាងរាស្ត្រពីការងារកន្លងមក និងការងារទៅថ្ងៃមុខ។ ធ្វើម៉េចទាំងពលរដ្ឋនិងតំណាងរាស្ត្រឱ្យមានភាពសកម្ម ដើម្បីទទួលបានរដ្ឋាភិបាលសកម្មល្អ»។

នាយកប្រតិបត្តិអង្គការនិចហ្វិច លោក សំ គន្ធាមី សង្កេតឃើញថា កន្លងមកលោកមិនឃើញរដ្ឋសភាកោះហៅតំណាងរាជរដ្ឋាភិបាលឬតំណាងរាស្ត្រមកសួរនាំ ពាក់ព័ន្ធការជួយដល់ពលរដ្ឋដែលកំពុងរងគ្រោះក្នុងវិបត្តិកូវីដ-១៩ នៅតាមរាជធានីនិងបណ្តាខេត្តនានានោះទេ។

លោក សំ គន្ធាមី បន្តថា ដើមចមដែលនាំឱ្យតំណាងរាស្ត្រមិនសូវយកចិត្តទុកដាក់ចេញមុខដោះស្រាយនិងចុះជួបពលរដ្ឋដែលស្ថិតនៅតំបន់បិទខ្ទប់ អាចដោយសារនៅរដ្ឋសភាបច្ចុប្បន្នមានតែតំណាងរាស្ត្របក្សកាន់អំណាចទាំងអស់ ហើយមិនមានដៃគូប្រកួតប្រជែងនយោបាយប្រកៀកប្រកិតដូចអតីតបក្សសង្គ្រោះជាតិពីមុន ទើបការផ្តល់សេវាជូនពលរដ្ឋហាក់មានភាពមិនល្អបែបនេះ។

លោកសង្កេតឃើញដូច្នេះថា៖ «វាជាបញ្ហាប្រឈមដែរដែលសភាមានតែឯកបក្ស ហើយរដ្ឋសភាមិនមាន Check and Balance ទៀត។ ពីមុនមានអតីតបក្សសង្គ្រោះជាតិនៅប្រកួតប្រជែងជាមួយបក្សកាន់អំណាច តំណាងរាស្ត្រតែងតែចុះជួបសួរសុខទុក្ខពលរដ្ឋ ​ដើម្បីយកឥទ្ធិពល​និងប្រជាប្រិយភាពរៀងៗខ្លួន»។

មន្ដ្រីជាន់ខ្ពស់​ផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ប្រហាក់ប្រហែលនឹងលោក សំ គន្ធាមី ដែរ ប៉ុន្តែលោកថា ប្រសិនបើតំណាងរាស្ត្រមិនចេញមុខជួយដោះស្រាយបញ្ហាប្រឈមនានាជូនពលរដ្ឋដែលកំពុងរងគ្រោះដោយវិបត្តិកូវីដ-១៩ ឱ្យទាន់ពេលពេល នឹងធ្វើឱ្យម្ចាស់ឆ្នោតអស់ជំនឿ​​ ហើយអាណត្តិក្រោយអាចបាត់បង់ការគាំទ្រពីពលរដ្ឋម្ចាស់ឆ្នោតទៀតផង។

លោកមានប្រសាសន៍ថា៖ «បើសិនជាសេវានៃការជួយសម្របសម្រួលដោះស្រាយបញ្ហាជូនពលរដ្ឋដែលរងគ្រោះមិនបានទេ មានន័យថា ពលរដ្ឋគាត់នឹងពិចារណាក្នុងការដោះដូរទៅលើអ្នកដែលបម្រើសេវាហ្នឹងហើយ។ បើសិនជា [តំណាងរាស្ត្រ] ចង់បានតែការគាំទ្រ ហើយមិនមានដំណោះស្រាយជូនម្ចាស់ឆ្នោតទេ ប្រជាប្រិយភាពរបស់គាត់នឹងបាត់បង់»។

អគ្គលេខាធិការ​ដ្ឋាន និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា បច្ចុប្បន្ននេះ រដ្ឋសភាមិនទាន់បានកោះហៅតំណាងរដ្ឋាភិបាលនិងតំណាងរាស្ត្រមកសួរនាំពាក់ព័ន្ធរឿងជួយដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងពេលមានវិបត្តិកូវីដ-១៩ នៅឡើយ។

លោកបន្តថា មូលហេតុដែលមិនទាន់កោះហៅនោះ ដោយសារតែរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយផ្គត់ផ្គង់ស្បៀងជូនពលរដ្ឋដែលស្ថិតនៅតំបន់បិទខ្ទប់។

លោក ប៉េងឡុង បន្ថែមថា បច្ចុប្បន្ននេះ តំណាងរាស្ត្រមួយចំនួននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ក៏បានដាក់ពាក្យស្នើសុំចុះជួបនិងសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមតំបន់ដែលរដ្ឋាភិបាលបិទខ្ទប់ផងដែរ ប៉ុន្តែដោយសារតែស្ថានភាពពិបាក ហើយច្បាប់មិនតម្រូវឱ្យមានការជួបជុំគ្នាច្រើននោះ រដ្ឋសភា​សម្រេចមិនទាន់ឱ្យតំណាងរាស្ត្រទាំងនោះចុះទៅជួបពលរដ្ឋ​ឡើយ។

លោកមានប្រសាសន៍ថា៖ «តំណាងរាស្ត្រមួយចំនួនក៏បានស្នើមករដ្ឋសភាថា ពួកគេមានបំណងចុះទៅជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារបញ្ហាវិបត្តិកូវីដ-១៩ដែរ ប៉ុន្តែដោយសារមានបញ្ហាលំបាកស្ថិតនៅក្នុងផែនការរាំងខ្ទប់នៅឡើយ។ ដូច្នេះចាំមើលឱកាសល្អបន្តិចសិន បានអនុញ្ញាតឱ្យចុះទៅជួយពលរដ្ឋទាំងនោះ»។

ក្រោយការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣ ​ក្នុងចំណោមអាសនៈនៅរដ្ឋសភាចំនួន១២៣ គឺគណបក្សសង្រ្គោះជាតិទទួលបាន៥៥អាសនៈ ហើយគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ។ ​ពេលនោះរដ្ឋសភាត្រូវបានគេមើលឃើញថា មានសកម្មភាព​កាន់តែសកម្ម​ ដោយខាងតំណាងរាស្ត្រអតីត​គណបក្សសង្រ្គោះជាតិតែងបានកោះហៅរដ្ឋមន្ត្រីមួយចំនួន​ទៅឆ្លើយបំភ្លឺពាក់ព័ន្ធបញ្ហាផ្សេងៗ ដូចជា បញ្ហា​ពុករលួយ បញ្ហាយុត្តិធម៌សង្គម បញ្ហាប្រព័ន្ធសុខាភិបាល វិស័យអប់រំ និង​វប្បធម៌ ជាដើម។

យ៉ាងណា អតីតគណបក្សសង្រ្គោះជាតិ ក៏ត្រូវបានតុលាការកំពូលសម្រេចរំលាយកាលពីចុងឆ្នាំ២០១៧ ហើយតំណែងតំណាងរាស្ត្របក្សនេះក៏ត្រូវបានដកហូត​អស់ទាំងស្រុង ដោយយកទៅបែងចែកឱ្យបក្សផ្សេង។

​ដោយឡែក ការបោះឆ្នោតតំណាងរាស្រ្តអាណត្តិទី៦ កាលពីឆ្នាំ២០១៨ លទ្ធផលបង្ហាញថា គណបក្សប្រជាជនកម្ពុជាឈ្នះទាំងស្រុង បន្ទាប់ពីគ្មានវត្តមានបក្សប្រឆាំងធំចូលរួម ដោយបក្សកាន់អំណាចបានគ្រប់គ្រងអាសនៈទាំង១២៥​របស់រដ្ឋសភាតែម្តង ​។

កាលពីខែឧសភា ឆ្នាំ២០២០ គណៈកម្មាធិការដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ (Comfrel) បានចេញ​របាយការណ៍​សង្ខេបមួយ​ដោយបង្ហាញថា ប្រសិទ្ធភាព​សភា​ដែល​មាន​គណបក្ស​តែ​១ ​ក្នុង​ឆ្នាំ​ទី​១ អាណត្តិ​ទី​៦ ​នេះ​បាន​ធ្លាក់ចុះ បើ​ធៀប​នឹង​រដ្ឋសភា​ដែល​ធ្លាប់មាន​ពហុបក្ស។

ខុមហ្វ្រែល បញ្ជាក់ទៀតថា ការធ្លាក់ចុះនៃប្រសិទ្ធភាពនេះ ដោយសារមិនឃើញ​មាន​តំណាងរាស្ត្រ​និយាយ​ពី​ភាព​អសកម្ម​ក្នុង​ការដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ ក៏ដូចជាការសួរដេញដោល​លើ​ការអនុវត្ត​ច្បាប់​ដូចគ្រាមានពហុបក្ស។ ប៉ុន្តែការរកឃើញនេះត្រូវបានខាងរដ្ឋសភាច្រានចោល៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment