ពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ទៅ​តំណាង​រាស្ត្រ​ចុះជួប​ពលរដ្ឋ​អំឡុង​ពេល​បិទ​ខ្ទប់​និង​ពាំនាំ​ទុក្ខ​ពលរដ្ឋយក​ទៅ​ដោះស្រាយ

ដោយ មួង ណារ៉េត
2021-05-02
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ទៅ​តំណាង​រាស្ត្រ​ចុះជួប​ពលរដ្ឋ​អំឡុង​ពេល​បិទ​ខ្ទប់​និង​ពាំនាំ​ទុក្ខ​ពលរដ្ឋយក​ទៅ​ដោះស្រាយ

ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលភ្នំពេញ ដែលរងការរិះគន់ថា មិនបានជួយអន្តរាគមន៍ពលរដ្ឋក្នុងគ្រាមានអាសន្ន។ រូប៖ RFA


ពលរដ្ឋ​រស់​នៅ​តំបន់​បិទខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ លើក​ឡើង​ស្រដៀង​គ្នា​ថា ប្រសិន​បើពេល​នេះ មាន​វត្តមាន​តំណាង​រាស្ត្រ​របស់​ពួកគាត់​ នោះ​បញ្ហា​របស់​ពលរដ្ឋ​អាច​នឹង​ត្រូវ​សមាជិក​សភា​ទាំង​នោះ ដាក់​ជូន​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះ​ស្រាយ។ ពួកគាត់​លើក​ឡើង​ថា ពេល​នេះ​ មាន​បញ្ហា​រាប់​រយ​ជុំពួក ដែល​ពលរដ្ឋ​ជួប​ប្រទះ ប៉ុន្តែ​ដំណោះ​ស្រាយ​ដែល​រដ្ឋាភិបាល​ដោះ​ស្រាយ​ឲ្យ​ គឺ​មិន​ទាន់​ឆ្លើយតប​គ្រន់គ្រាន់ ទៅ​នឹង​តម្រូវ​ការ​របស់​ពលរដ្ឋ​នៅ​ឡើយ​ទេ។​

ពលរដ្ឋ​រស់នៅ​តំបន់​ក្រហម សង្កាត់​ស្ទឹង​មានជ័យទី២​ ខណ្ឌមានជ័យ​ លោក ឃួប សារ៉ាក់ ប្រាប់​ថា ​រយៈពេល​ជិត​ពីរ​ខែ​មក​នេះ លោក​មិន​ដែល​ឃើញ​តំណាង​រាស្ត្រ​ណា​ម្នាក់​ ចុះមក​សួរ​សុខ​ទុក្ខ​ ពាំនាំ​ការ​លំបាក ឬ​ចែកអំណោយ​ដល់​លោក​និង​ពលរដ្ឋ​ក្នុង​តំបន់​នេះ​ទេ។ ​ពលរដ្ឋ​ដែល​ប្រឈម​ការ​ដាច់​ស្បៀង​រូប​នេះ ស្នើទៅ​តំណាង​រាស្ត្រ ដែលលោក​បាន​បោះឆ្នោត​ជូន​ មកជួប​ពលរដ្ឋ​ដើម្បី​បាន​ឃើញ​បញ្ហា​ដោយ​ផ្ទាល់ និង​ដើម្បី​លើក​សំណើ​របស់​ពលរដ្ឋ ទៅដោះ​ស្រាយ​បន្ត​ជា​មួយ​ស្ថាប័ន​ពាក់ព័ន្ធ៖ «បើសិន​ខាង​តំណាង​រាស្ត្រ​ឬ​បងប្អូន​សប្បុរសជន​ដែល​ចិត្ត​សប្បុរស​ដែល​បាន​ចុះមក​ជួយ​ក៏​ត្រេកអរ​ជាខ្លាំង​ដែរ​ណា​ព្រោះ​អី​ពិបាក​មែន»

មន្ត្រីសង្គមស៊ីវិល​ឃ្លាំមើល​ការ​បោះឆ្នោត​ ក៏មើល​នូវភាព​ឆកល្វែង​នៃ​ការ​បំពេញ​ភារកិច្ច​ ឲ្យ​ស្រប​តាម​ឆន្ទៈរាស្រ្ត​ម្ចាស់​ឆ្នោត​នេះ​ដែរ។

មន្រ្តី​សម្របសម្រួល​ផ្នែក​អង្កេត​របស់​គណៈកម្មាធិការ​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល​ លោក កន សាវាង្ស លើក​ឡើង​ថា​ នៅក្នុង​ប្រទេស​ដែល​គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ តំណាង​រាស្រ្តជា​មនុស្ស​សំខាន់ សម្រាប់​ប្រជាពលរដ្ឋ។​ តំណារាស្រ្ត​មាន​តួនាទី​មិន​ត្រឹមតែ​ជា​អ្នក​អនុម័ត​ច្បាប់ ឬកែ​ប្រែ​ច្បាប់​ប៉ុណ្ណោះទេ​ តែក៏​ជាអ្នក​ដែល​តាម​ដានកា​រ​អនុវត្ត​ច្បាប់​លើ​ស្ថាប័ន​នីតិប្រតិបត្តិ​ផងដែរ.​

លោក​បន្ត​ថា មិនមែន​ត្រឹម​តែ​តំណាង​រាស្ត្រ​១២រូប​នៅ​មណ្ឌល​ភ្នំពេញ​ប៉ុណ្ណោះ​ទេ​ គឺ​តំណាង​រាស្ត្រ​ទាំង​អស់​ក្នុង​សភា​សុទ្ធតែ​មាន​ភារៈកិច្ចជួយ​ប្រជាពលរដ្ឋ​ឱ្យ​មាន​សំឡេង និង​ពាំនាំ​នូវការ​ព្រួយ​បារម្ភ ​ព្រម​ទាំង​ការ​លំបាក​របស់​ពលរដ្ឋ៖ «កាលណា​មាន​បញ្ហា​ហ្នឹង​ប្រជាពលរដ្ឋ​សម្ដែង​មាន​ការ​ស្នើ​សុំ​ទៅ​ឱ្យ​តំណាងរាស្ត្រ​ខ្លួនឯង​ពាំនាំ​ដល់​សភា​ដើម្បី​ឱ្យសភា​ធ្វើការ​ពិចារណា​ឡើង​វិញ​នូវ​អ្វី​ដែល​ជា​ទុក្ខ​កង្វល់​របស់ខ្លួន​ឯង​ហើយ​ម៉្យាង​ទៀត​សភាក៏​មាន​តួនាទី​មួយ​ធ្វើការ​ត្រួត​ពិនិត្យ​លើ​មន្ត្រី​ឬ​ក៏​ស្ថាប័ន​នីតិប្រតិបត្តិ​ដែរ»

People_in_red_zone_New.jpeg
ប្រជាពលរដ្ឋដាច់ស្បៀងនៅក្នុងតំបន់ក្រហមក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញចេញមកតវ៉ាដើម្បីសុំការឧបត្ថម្ភស្បៀងពីអាជ្ញាធររដ្ឋាភិបាលកាលពីយប់ថ្ងៃទី២៨ ខែមេសា។

ស្រដៀង​គ្នា​នេះ​ដែរ ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក យ៉ង សាំងកុមារ​ សរសេរ​លើ​ហ្វេសប៊ុក​លោក​ថា រាស្រ្ត​ត្រូវការ​តំណាង​រាស្រ្ត​ជួយ។ លោកបន្ត​ថា ពេល​ប្រទេស​កំពុង​ជួប​វិបត្តិកូវីដ-១៩ តំណាង​រាស្ត្រ​ទាំង​អស់ ជា​ពិសេស​តំណាង​រាស្រ្ត​មណ្ឌល​ភ្នំពេញ​ ខេត្ត​កណ្តាល​ និង​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​រាជធានី​ផងដែរ គួរ​តែ​ជួប​ជុំគ្នា​ដើម្បី​ជំរុញ​ និង​ជួយ​តំរង់​ទិស​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ទប់ទល់ និង​ដោះស្រាយ​បញ្ហា​កូវីដ-១៩​ ជាពិសេស​វិធាន​ការ​ដោះ​ស្រាយ​ផល​ប៉ះពាល់​ខាង​ជីវភាព​និង​សេដ្ឋកិច្ច។

ទាក់ទង​ការ​លើកឡើ​ង​នេះ ​អាស៊ីសេរី​បាន​ព្យាយាម​សុំការ​បំភ្លឺ​ពី​សមាជិក​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​តំណាង​រាស្ត្រ​នៅ​មណ្ឌល​ភ្នំពេញ​ ក្នុង​នោះ​មាន​ដូចជា លោក កែប ជុតិមា អ្នកស្រី​ ឡោក ខេង អ្នកស្រី ម៉ាណា ណាវី និងលោក ជៀប ស៊ីវន ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។ ​ចំណែក​តំណាង​រាស្ត្រ​ពីរ​រូប​ដែល​បាន​លើក​ទូរស័ព្ទ​គឺ​លោក ហ៊ូ ស្រ៊ី និង​លោក លី ឆេង  បន្ទាប់ពី​លឺ​សំណួរ​អាស៊ីសេរី សួរពាក់ព័ន្ធ​បញ្ហា​ទុក្ខ​លំបាក​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់ អ្នក​ទាំងពីរ​ប្រាប់​ថា កំពុង​ជាប់​រវល់៖ «សុំទោស​ខ្ញុំ​ជាប់​រវល់​បន្តិច​ណា​ចាំពេល​ក្រោយ​ខ្ញុំជាប់​កម្មវិធី​បាទ»។​

ប៉ុន្តែ ​តំណាង​រដ្ឋសភា​ឯក​បក្ស​ឯ​ណោះ ថា​តំ​ណាងរាស្រ្ត មិន​បាន​ចុះទៅ​ជួប​រាស្រ្តមែន​ តែ​រាស្រ្ត​ទទួល​បាន​ការ​យក​ចិត្តទុក​ដាក់​ពី​សំណាក់​រដ្ឋាភិបាល​ដែរ។​

អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា​ លោក ឡេង ប៉េងឡុង លោកឱ្យ​អាស៊ីសេរី​ដឹង​ថា​ អំឡុង​ពេល​បិទ​ខ្ទប់​នេះ គឺ​រដ្ឋសភា​សង្កេត​ឃើញ​វិធានការ​និង​ការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​ គឺ​ត្រឹមត្រូវ​និង​គ្រប់​គ្រាន់​ហើយ។ ទោះយ៉ាងណា លោកអះអាង​ថា ក៏​មាន​តំណាង​រាស្ត្រ​មួយ​ចំនួន​ បាន​ស្នើ​ទៅ​ប្រធាន​រដ្ឋ​សភា ដើម្បី​ចុះជួប​ពលរដ្ឋដែរ ប៉ុន្តែ​អង្គសភា​មិន​ទាន់​អនុញ្ញាត​នៅ​ឡើយ៖ «អ្វីដែល​យើង​ត្រូវ​ធ្វើ​គឺ​គោរព​វិធានការ​របស់​រដ្ឋាភិបាល​ហើយ​យើង​ទៅ​គគ្រឹក​គគ្រេង​នាំឱ្យ​រំខាន​ដល់​រដ្ឋាភិបាល​ផង​នាំ​ឱ្យ​ហានិភ័យ​ផង​»។​

ទោះជា​យ៉ាង​នេះ​ក្ដី មន្រ្តី​ឃ្លាំមើល​ការ​បោះឆ្នោត​ថា​ គ្រា​មាន​អាសន្នបែប​នេះ ​គឺជា​ពេល​វេលា​សម​ស្រប និង​សំខាន់​បំផុត ដែល​តំណាង​រាស្រ្ត ត្រូវ​ចេញ​មុខ​ជួយ​ដោះស្រាយ​បញ្ហា​របស់​រាស្រ្ត។​

លោក កន សាវាង្ស យល់ថា ក្នុង​ស្ថានភាព​បែប​នេះ ​ពលរដ្ឋ​ត្រូវ​ការ​ចាំបាច់​គឹភាព​កក់​ក្ដៅ​នៃ​តំណាង​រាស្ត្រ​ខ្លួន៖ «គឺមានន័យថា ត្រូវការការជជែក ការ​នៅ​ក្បែរ​គ្នាការ​សួរសុខទុក្ខ​ហើយ​ទាក់ទង​បញ្ហា​ផ្សេង​ជាមួយ​តំណាង​រាស្ត្រ​ហើយ​តំណាង​រាស្ត្រ​ពាំនាំទៅ»។​

Lockdown_pp_15_04_2021.jpg
រដ្ឋាភិបាលកម្ពុជាបានសម្រេចពន្យារពេលវិធានការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្តាលចាប់ពីយប់ថ្ងៃទី២៩ មេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

រដ្ឋាភិបាល​លោក ហ៊ុន សែន បានបន្តបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅនៃ​ខេត្តកណ្ដាល​ ចូល​ដល់​សប្តាហ៍​ទីបី។ ការ​បន្ថែម​បម្រាម​មួយ​សប្តាហ៍​ទៀត​នេះ ត្រូវ​អនុវត្ត​រហូត​ដល់​ថ្ងៃទី៥ ខែឧសភា​ ប៉ុន្តែ​រដ្ឋាភិបាលបាន​ព្រមាន​រួច​ទៅ​ហើយ ថា​ការ​បិទខ្ទប់​នេះ អាច​បន្ត​ថែម​យូរ​ថ្ងៃទៀត​ បើ​ស្ថានភាព​ចម្លង​ជំងឺកូវីដ-១៩ ក្នុង​សហគមន៍ មិន​ថមថយ។ ប៉ុន្តែ ក្នុងការ​បិទ​ខ្ទប់​សប្តាហ៍ទី​បីនោះ​ រដ្ឋាភិបាល​បែង​ចែក​តំបន់​ក្នុង​ក្រុង​ទៅ​ជា​ «តំបន់ក្រហម» ​«តំបន់លឿងទុំ» និង ​«តំបន់លឿង» ទៅ​តាម​កម្រិត​ឆ្លង​ធ្ងន់ មធ្យម និង​ស្រាល​ផងដែរ។

ការ​បិទខ្ទប់​នេះក៏​នៅតំបន់​មួយ​ចំនួន​តាម​ខេត្តដែរ​ដូចជា​នៅ​ខេត្ត​សៀមរាប​ និង​ខេត្តព្រះសីហនុ​ជា​ដើម។​

ទន្ទឹ​ម​គ្នា​នេះដែរ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​រួម​ទាំង​មេដឹកនាំ​បក្ស​ប្រឆាំង​ផង​ បាន​រិះគន់​វិធាន​នេះ ថាអាជ្ញាធរ​រឹតត្បិត​ហួសហេតុ និង​មិន​បាន​ឆ្លើយតប​តាម​តម្រូវ​ការ​ថវិកា​ ស្បៀង​អាហារ​បាន​គ្រប់​គ្រាន់ និង​ទាន់​ពេល​វេលា។

ជាងនេះទៅ​ទៀត នៅ​រយៈពេល​ចុង​ក្រោយ​នេះ ពេល​ពលរដ្ឋភាគ​ច្រើន​បាត់បង់​ប្រាក់​ចំណូល​ និង​កំពុង​ខ្វះខាត​ស្បៀង​អាហារ អគ្គិសនី​កម្ពុជា​មិន​បាន​បន្ធូរបន្ថ​យ​បន្ទុក​នេះ​ទេ តែ​បែរ​ជា​ចេញ​លិខិត​ ឱ្យ​ពលរដ្ឋ​ឆាប់បង់​លុយ​ថ្លៃភ្លើង​ ឱ្យ​ទៀង​ពេល​ថែម​ទៀត​ផង។ រហូត​មក​ទល់​ពេល​នេះ​ នៅមិន​ទាន់​ឃើញ​តំណាង​រាស្រ្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រូប​ណា ​ថ្លែងសារ​ជួយ​អន្តរាគមន៍​រឿង​នេះ​ នៅ​ឡើយ​នោះ​ដែរ។

អ្នក​ឃ្លាំមើល​សង្គម និង​មន្រ្តី​អង្គការសង្គម​ស៊ីវិល ជំរុញ​តំណាង​រាស្រ្ត​ទាំងនោះ​គួរ​តែ​ចុះសួរ​សុខ​ទុក្ខ​ និង​ពិនិត្យ​មើល​លើ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ ការ​ដោះ​ស្រាយ​របស់​អាជ្ញាធរ ជា​ពិសេស​ទាក់ទង​លើច្បាប់​ស្ដីពី​ការ​បង្ការជំ​ងឺ​កូវីដ-១៩ ​ព្រម​ទាំងការ​ដោះ​ស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ ក្នុង​គ្រា​ដ៏​លំបាក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment