យុទ្ធនាការ​បំបាត់​អំពើ​និទ្ទណ្ឌភាព​មាន​អ្នក​ចូលរួម​បាន​ជិត ៧​ម៉ឺន ៧​ពាន់​នាក់

ដោយ ខែ សុណង
2021-05-02
RFA

យុទ្ធនាការ​បំបាត់​អំពើ​និទ្ទណ្ឌភាព​មាន​អ្នក​ចូលរួម​បាន​ជិត ៧​ម៉ឺន ៧​ពាន់​នាក់

យុទ្ធនាការ​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​នៃ​គណបក្ស​សង្គ្រោះជាតិ ដែល​រៀបចំ​តាមអនឡាញ សម្រាប់​សាធារណជន​គាំទ្រ។ Screenshot


អ្នក​ចូលរួម​យុទ្ធនាការ​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​នៃ​គណបក្ស​សង្គ្រោះជាតិ ​បាន​ចុះ​ហត្ថលេខា​គាំទ្រ​យុទ្ធនាការ​នេះ បាន​ជិត​៧ម៉ឺន ៧ពាន់​នាក់ (76,900) គិត​មក​ត្រឹម​យប់​ថ្ងៃទី១ ខែឧសភា។

ប្រជា​ពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បន្ត​ចុះ​ហត្ថលេខា​គាំទ្រ​យុទ្ធនាការ​បញ្ចប់​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ដល់​ជនល្មើស​នៅ​កម្ពុជា​នេះ ដោយ​គ្រោង​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ប្រមាណ​កន្លះ​លាន​នាក់ ដើម្បី​ដាក់​ញត្តិ​ទៅ​តុលាការ​អន្តរជាតិ​នានា ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ក្រុម​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ដោយ​អយុត្តិធម៌ ក្រោម​របប​គ្រប់​គ្រង​របស់​លោក ហ៊ុន សែន។

សំណុំ​រឿង​ធំៗដែល​កំពុង​ចងក្រង​នោះ​រួមមាន ព្រឹត្តិការណ៍​បោក​គ្រាប់​បែក​ចូល​ហ្វូង​បាតុករ​ដឹកនាំ​ដោយ លោក សម រង្ស៊ី ក្នុង​ពេល​តវ៉ា​ទាមទារ​រក​យុត្តិធម៌​សង្គម និង​ទាមទារ​ឱ្យ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ កាលពី​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​១៩៩៧ សំណុំរឿង​លោក ជា វិជ្ជា សំណុំ​រឿង​បាញ់​សម្លាប់​អ្នកវិភាគ​ឥត​សំចៃ​មាត់​លោក​បណ្ឌិត កែម ឡី សកម្មជន​ព្រៃឈើ លោក ឈុត វុទ្ធី ព្រះតេជព្រះគុណ សំ ប៊ុនធឿន ករណី​សម្លាប់​អ្នកកាសែត សិល្បករ និង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧ រួម​ទាំង​ករណី បាញ់​សម្លាប់​មនុស្ស មួយ​ចំនួន​ទៀត។

គណៈកម្មការ​ស្រាវជ្រាវ​សៀវភៅ​សថា ការ​ចងក្រង​សៀវភៅ​ស នេះ​មាន​ជា​ទិសដៅ ដើម្បី​បង្ហាញ​ការ​ពិតនៃ​រឿងរ៉ាវ​ឃាតកម្ម​ជាប់ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ដែល​អ្នក​ជាប់​ពាក់ព័ន្ធ​មិន​ហ៊ាន​លាត​ត្រដាង ជា​ឯកសារ​ភស្ដុតាង​ដ៏រឹងមាំ​មួយ ដើម្បី​ឈាន​ទៅ​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ ឬ​ហត្ថលេខា​គាំទ្រ​នេះ ធ្វើតាម​បណ្ដាញ​អ៊ិនធើណិត តាម​គេហទំព័រ CHANGE.ORG


What Next?

Recent Articles

Leave a Reply

Submit Comment